អានតួអត្ថបទ
ស៊ូដង់

ហេតុអ្វី បាន​ជា​កងទ័ព​ទម្លាក់​ប្រធានាធិបតី​ស៊ូដង់ លោក អេលបាស្ហៀរ​នៅពេលនេះ?

នៅទីបំផុតទៅ ប្រមុខកងទ័ព​ស៊ូដង់​បាន​ធ្វើរដ្ឋប្រហារ ទម្លាក់​ប្រធានាធិបតី​ស៊ូដង់ លោក​អូម៉ា អេលបាស្ហៀរ ដែល​បាន​កាន់អំណាច ដឹកនាំ​ប្រទេស ស៊ូដង់ ៣០​ឆ្នាំ​មកហើយ។ នៅក្នុង​ការប្រកាស​តាមទូរទស្សន៍​ជាតិ​ស៊ូដង់ នៅថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្រ្តី​ការពារ​ជាតិ ស៊ូដង់​បាន​អះអាងថា លោក​អេលបាស្ហៀរ ត្រូវ​ចាប់ឃុំ​ខ្លួន ចំណែក​ក្រុមប្រឹក្សា​កងទ័ព​នឹង​ចូល​ដឹកនាំ​ប្រទេស នៅក្នុង​សម័យ​អន្តរកាល ២ឆ្នាំ មុន នឹង​មាន​ការរៀបចំ​បោះឆ្នោត​សាជាថ្មី។ 

ប្រមុខកងទ័ព​ស៊ូដង់ លោក Awad Mohamed Ahmed Ibn Auf ប្រកាស​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​អូម៉ា អេលបាស្ហៀរ​ចេញពី​តំណែង​ប្រធានាធិបតី​ស៊ូដង់ នៅថ្ងៃទី ១១​មេសា ២០១៩
ប្រមុខកងទ័ព​ស៊ូដង់ លោក Awad Mohamed Ahmed Ibn Auf ប្រកាស​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​អូម៉ា អេលបាស្ហៀរ​ចេញពី​តំណែង​ប្រធានាធិបតី​ស៊ូដង់ នៅថ្ងៃទី ១១​មេសា ២០១៩ ©REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ចូល​កាន់អំណាច ដោយ​ប្រើ​រដ្ឋប្រហារ ប្រធានាធិបតី​ស៊ូដង់ លោក​អូម៉ា អេលបាស្ហៀរ​ក៏​ត្រូវ​ខ្ទាត​ចេញពី​អំណាច​ដោយសារ​រដ្ឋប្រហារដែរ។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ រដ្ឋមន្រ្តី​ការពារ​ជាតិ ​លោក លោក Aouad Moahamed Ahmed Ibn Aouf បាន​ប្រកាស នៅកញ្ចក់​ទូរទស្សន៍​ជាតិ ថា កងទ័ព​បាន​ទម្លាក់​របប​លោក​អូម៉ា អេលបាស្ហៀរ ដែល​បាន​ដឹកនាំ​ប្រទេស​ស៊ូដង់ តាំង​ពី​ឆ្នាំ ១៩៨៩​មក។ សម្រាប់ រដ្ឋមន្រ្តី​ការពារ​ជាតិ ដែល​មាន​តំណែង​ជា​អនុប្រធានាធិបតី ស៊ូដង់​ផងដែរ នៅក្រោម​ការដឹកនាំ​របស់​លោក​អេលបាស្ហៀរ ប្រទេស​ស៊ូដង់​សំបូរ​កើតមាន​អំពើពុករលួយ គ្រប់គ្រង​មិន​ល្អ ហើយ​និង​ខ្វះភាពយុត្តិធម៌។

តាម​រដ្ឋមន្រ្តី​ការពារ​ជាតិ នៅពេល​លោក​អេលបាស្ហៀរ ត្រូវ​បាន​ចាប់ឃុំខ្លួន ក្រុមប្រឹក្សា​កងទ័ព ដែល​មាន​លោក​ជាប្រធាន​នឹង​ដឹកនាំ​ប្រទេស​ក្នុង​សម័យ​អន្តរកាល រយៈពេល ២​ឆ្នាំ។ ប្រមុខ​ក្រសួងការពារ​ជាតិ​ស៊ូដង់​នៅ​បាន​ប្រកាស​ផងដែរ ដាក់​ស៊ូដង់​ក្នុង​ស្ថានភាព ប្រកាស​អាសន្ន រយៈពេល ៣ខែ ហើយ​និង អនុវត្ត​បម្រាមគោចរ ចាប់ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​រហូត​ដល់​មាន​ការជូនដំណឹង​ថ្មី។

នៅក្រោយ​ការប្រកាស​ធ្វើ​រដ្ឋប្រហារ​របស់​រដ្ឋមន្រ្តីការពារ​ជាតិ មហាជន​ស៊ូដង់​ដែល​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង ប្រធានាធិបតី ស៊ូដង់ ៤ខែមកហើយ​នោះ បាន​សំដែង​ការខកចិត្ត និង​ខឹងសម្បារខ្លាំង។ ក្រុមបាតុករ​ស៊ូដង់ ដែល​ដឹកនាំ​ដោយ សមាគម​បុគ្គលិក​សេរី ដូចជា គ្រូពេទ្យ មេធាវី និង​និស្សិត មិន​ចង់​ឃើញមុខ មន្រ្តី​ដែល​ធ្លាប់ធ្វើការ​ឲ្យ​លោក​អេលបាស្ហៀរ នៅ​កាន់អំណាច​ទៀតនោះទេ។ ពួកគេ​បានអំពាវនាវ​ឲ្យ​កងទ័ព​ដើរចេញ ​ជាមួយ​លោក​អេលបាស្ហៀរ និង​ទុកកន្លែង​ឲ្យ​ប្រជាជន​ស៊ីវិល​វិញ។

ប្រតិកម្ម​ទៅ​នឹង​បម្រាម​គោរព របស់​រដ្ឋមន្រ្តីការពារ​ជាតិ ដែល​មាន​គោលដៅ​បិទ បញ្ឈប់ បាតុកម្ម នៅក្រោយ​រដ្ឋប្រហារ ក្រុមបាតុករ​អះអាង​ហើយ​ថា ពួកគេ​នឹង​នៅ​បន្ត​កាន់កាប់​ផ្លូវ និង​អង្គុយតវ៉ា ​នៅមុខ​ក្រសួង​ការពារជាតិស៊ូដង់​តទៅ រហូត​ដល់ កងទ័ព​ចុះចេញពីអំណាច។

រងការចោទប្រកាន់​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុង​រឿង​ប្រព្រឹត្តិ ឧក្រិដ្ឋកម្ម​សង្រ្គាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ហើយនិង​ប្រល័យពូជសាសន៍ នៅក្នុង​ការសម្លាប់​រង្គាល​នៅ​ដាហ្វួរ នៅ​ឆ្នាំ ២០០៣ ប្រធានាធិបតី​ផ្តាច់ការ​របស់​ស៊ូដង់ ប្រឈម​នឹង​ការតាមចាប់ខ្លួន​រហូត​ដល់​សព្វថ្ងៃ។ គេ​មិន​ប្រាកដទេ ថា ប្រមុខ​ក្រុមប្រឹក្សា​កងទ័ព​ជាតិ ស៊ូដង់ នឹង​ចាប់​បញ្ជូនលោក​អេលបាស្ហៀរ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ព្រោះថា រដ្ឋមន្រ្តីការពារ​ជាតិ ដែល​ដណ្តើម​អំណាច​ពីដៃ​លោក​ប្រធានាធិបតី​អេលបាស្ហៀរ តាមពិត​គ្មាន​អ្នកណា ក្រៅតែ​ពី​អនុប្រធានាធិបតី និង​ធ្លាប់​ចូលរួម​យ៉ាងសកម្ម នៅក្នុង​ការបង្រ្កាប​បង្ហូរឈាម នៅ​ដាហ្វួរ  ដែល​បាន​សម្លាប់មនុស្ស ៣សែននាក់ ​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ