អានតួអត្ថបទ

កុងហ្គោ៖ មេរោគ​អេបូឡា ផ្តាច់ជីវិត​មនុស្ស​១០០​នាក់ ក្នុង​រវាង​៣​សប្តាហ៍​ចុងក្រោយ

មេរោគអេបូឡា កំពុងតែលិចមុខឡើង និងគម្រាមសាជាថ្មី នៅក្នុងប្រទេសសាធារណៈរដ្ឋ​ ប្រជាធិបតេយ្យ​​កុងហ្គោ។ ប្រមាណមិនដល់៣សប្តាហ៍ចុងក្រោយនេះផង មានអ្នកជំងឺស្លាប់ ចំនួន១០០នាក់ បន្ទាប់ពីបានឆ្លងមេរោគនេះ។ ហើយបើគិតពីពេលដែលប្រទេសនេះ បានប្រកាសអាសន្ន នៅខែសីហា ឆ្នាំមុន គឺអ្នកស្លាប់បានកើនឡើងដល់ចំនួន៧០០នាក់ បើទោះបីជាមាន ប្រតិបត្តិការចាក់វ៉ាក់សាំងការពារក៏ដោយ។

មន្ត្រី​កាកបាទ​ក្រហម សែង​សាកសព​ដែល​ស្លាប់​ដោយ​មេរោគអេបូឡា នៅ​ខាង​កើត​ក្រុង​ ​Butembo សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ថ្ងៃទី​២៨ ​មីនា ​២០១៩
មន្ត្រី​កាកបាទ​ក្រហម សែង​សាកសព​ដែល​ស្លាប់​ដោយ​មេរោគអេបូឡា នៅ​ខាង​កើត​ក្រុង​ ​Butembo សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ថ្ងៃទី​២៨ ​មីនា ​២០១៩ REUTERS/Baz Ratner/File Photo
ផ្សាយពាណិជ្ជកម្ម

នៅខែសីហា ឆ្នាំ២០១៨ រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រកាសអាសន្ន នៃជម្ងឺឆ្លងរាលត្បាត បណ្តាលមកពីមេរោគអេបូឡា។ មកទល់ពេលនេះ ករណីឆ្លង បានឡើងដល់១១១៧ករណី ហើយក្នុងនោះ អ្នកជំងឺ៧០២នាក់ បានស្លាប់ទៅហើយ។ ក្នុងរវាងជិត៣សប្តាហ៍ចុងក្រោយនេះ ចំនួន​អ្នកជំងឺ ដែលបានស្លាប់ បានហក់ឡើង ដល់ទៅ១០០នាក់។ តែទន្ទឹមនឹងនេះ អ្នកដែលបានជាសះស្បើយឡើងវិញ មានចំនួន ៣៣៩នាក់។ នេះបើតាមតួលេខ ផ្តល់ឲ្យដោយក្រសួងសុខាភិបាលកុងហ្គោ។

យោងតាមតួលេខក្រសួងដដែល មានករណីឆ្លង ចំនួន​២៩៥ករណី កំពុងស្ថិតក្នុងការតាមដានខ្ពស់។ ជំងឺរាតត្បាតនេះ ត្រូវបានក្រសួងសុខាភិបាលប្រទេសនេះ ប្រកាសនៅខេត្តភាគខាងជើងចំនួន២ គឺខេត្តគីវូ និងខេត្តអ៊ីទូរី។ បន្តែយ៉ាងឆាប់រហ័ស ការឆ្លងបានរីករាលដាល ពីទីជនបទ ចូលទៅកាន់ទីប្រជុំជនធំ ដូចជានៅទីក្រុង បេនី និងទីក្រុង ប៊ូតេមបូ កាតវ៉ា។ តំបន់ទាំងនេះ គឺជាតំបន់ ដែលមានមនុស្សធ្វើដំណើរទៅមកច្រើន ហើយវាគឺជាប្រភពមួយ នៃការឆ្លងរាតត្បាតនៃមេរោគ។

សូមបញ្ជាក់ថា មេរោគអេបូឡា បានលេចមុខនៅឆ្នាំ២០១៤ នៅតាមបណ្តាលប្រទេសអាហ្វ្រិកភាគខាងលិច ដូចជា សេរ៉ាឡេអូន ហ្គីណេ លីបេរីយ៉ា ជាដើម។​ ក្នុងរយៈពេលយ៉ាងលឿន មេរោគ ដែលបង្កឲ្យមានជំងឺគ្រុនក្តៅខ្លាំងរហូតដាច់សរសៃឈាមនេះ បានផ្តាច់ជីវិតមនុស្សប្រមាណ​១ម៉ឺននាក់។

សម្រាប់សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ រដ្ឋាភិបាលប្រទេសនេះ បានសហការជាមួយអង្គការសុខភាពពិភពលោក និងអង្គការUnicef ដោយបានធ្វើប្រតិបត្តិការ ចាក់វ៉ាក់សាំងសាកល្បង ដល់មនុស្សប្រមាណ​៩ម៉ឺន៥ពាន់នាក់។

តែយ៉ាងណាបញ្ហាជំនឿទុកចិត្ត លើអាជ្ញាធរ លើវិស័យសុខាភិបាល និងទៅលើវិទ្យាសាស្ត្រ នៅមានកំរិតទាបបំផុត សម្រាប់ប្រទេសអាហ្វ្រិកក្រីក្រមួយនេះ។ យោងតាមស្ថិតិមួយ បានឲ្យដឹងថា​ ក្នុងចំណោម​ប្រជាជនកុងហ្គោ រស់នៅតាមទីក្រុងធំៗ ដូចជាទីក្រុង​បេនី ឬប៊ូតេមបូ ១០០០នាក់ គឺមានតែ​១ភាគ៣ទេ ដែលអះអាងថាខ្លួនទុកចិត្តអាជ្ញាធរសុខាភិបាល។ ក្រៅពីនេះ លើសពី១ភាគ៣ គឺមិនជឿផងទេ ថាមានមេរោគ​អេបូឡាពិតមែន។ ៣៦%នៃប្រជាជន ដែលគេស៊ើបសួរ បានលើកឡើងថា អេបូឡា គឺជាការប្រឌិត ដើម្បីធ្វើឲ្យប្រទេសមានចលាចលតែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ