ប្រធានាធិបតីអាល់ហ្សេរីត្រលប់ចូលប្រទេសវិញ តែសន្ទុះបាតុកម្មប្រឆាំងកាន់តែខ្លាំង
ប្រធានាធិបតីផុតអាណត្តិអាល់ហ្សេរី លោក អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា Abdelaziz Bouteflika បានត្រលប់ចូលប្រទេសវិញហើយ បន្ទាប់ពីទទួលការព្យាបាលអស់រយៈពេលពីរសប្តាហ៍នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ ប៉ុន្តែចរន្តប្រឆាំងនឹងការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាណត្តិទី៥ មិនបានចុះថយទេ។ នៅថ្ងៃអាទិត្យនេះ សិស្សនិស្សិតអាល់ហ្សេរី បានប្រកូកប្រកាសតាមប្រព័ន្ធសង្គម ចុះធ្វើបាតុកម្មនៅទូទាំងប្រទេស។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១០
ក្នុងវ័យ៨២ឆ្នាំ លោកប្រធានាធិបតីអាល់ហ្សេរី អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា មិនដែលថ្លែងជាសាធារណៈទៅកាន់ប្រជាពលរដ្ឋទេ តាំងពីលោកធ្លាក់ខ្លួនឈឺជំងឺសរសៃឈាមខួរមក នៅឆ្នាំ២០១៣មក។ មកសម្រាកព្យាបាលជំងឺនៅប្រទេសស្វ៊ីស តាំងពីថ្ងៃទី ២៤កុម្ភៈ និងបន្ទាប់ពីព័ត៌មានលេចឮថាពេទ្យស្វ៊ីសចង់ដាក់លោកឱ្យស្ថិតក្រោមអាណាព្យាបាលរបស់ជនណាម្នាក់ ព្រោះលោកប្រធានាធិបតីលែងមានសមត្ថិភាពសម្រេចគ្រប់គ្រាន់នោះ លោក អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា ត្រូវត្រលប់ទៅដល់ក្រុងអាល់ហ្សេ នៅល្ងាចថ្ងៃអាទិត្យនេះ។ ប៉ុន្តែដំណឹងស្តីអំពីការវិលត្រលប់ចូលមាតុប្រទេសវិញ មិនបានធ្វើរលកបាតុកម្មស្ងប់ស្ងាត់ឡើយ។
សម្រាប់ក្រុមបាតុករ ពួកគេស្វាគមន៍ការវិលត្រលប់របស់លោកប្រធានាធិបតី ប៉ុន្តែមិនត្រូវការលោកធ្វើជាប្រមុខដឹកនាំប្រទេសអាណត្តិថ្មីទៀតទេ ! ហើយក្នុងខណៈដែលបាតុករ ជាពលរដ្ឋទូទៅ និងជាសិស្សនិស្សិត កំពុងនាំធ្វើបាតុកម្មជាថ្មីនៅថ្ងៃអាទិត្យនេះ អគ្គមេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ Gaïd Salah បានប្រកាសថាយោធានិងប្រជាពលរដ្ឋអាល់ហ្សេរីមានទស្សនៈវិស័យសម្រាប់អនាគតប្រទេសដូចគ្នា។ ប៉ុន្តែឧត្តមសេនីយ៍រូបនេះមិនបាននិយាយចំៗថាអំពីបាតុកម្មប្រឆាំងនឹងលោក អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា ទេ។
សេចក្តីសម្រេចរបស់បក្សកាន់អំណាច យកលោក អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា ជាបេក្ខជនប្រធានាធិបតីអាណត្តិទី៥ បានបង្កបង្កើតឱ្យមានចលនាបាតុកម្ម ទ្រង់ទ្រាយធំមិនធ្លាប់មានតាំងពីសប្តាហ៍ជាប់គ្នា ឥតដាច់ គិតចាប់តាំងពីឆ្នាំ១៩៩១មក។
នៅថ្ងៃអាទិត្យនេះ ក្រៅអំពីបាតុកម្មរបស់ក្រុមសិស្សនិងនិស្សិត នៅរដ្ឋធានីអាល់ហ្សេ មានការប្រកូកប្រកាសធ្វើបាតុកម្មទូទៅទូទាំងប្រទេស។ ហាងទំនិញភាគច្រើនត្រូវបិទ មធ្យោបាយធ្វើដំណើរសាធារណៈត្រូវគាំងឈឹង សាលារៀនមហាវិទ្យាល័យត្រូវបិទខ្ទប់។ ក្បួនដង្ហែបាតុកម្មថ្មីមួយទៀតនឹងត្រូវរៀបចំឡើងនៅថ្ងៃអង្គារស្អែក។ បាតុកម្មប្រឆាំងនឹងបេក្ខភាពលោកប្រធានាធិបតីសម្រាប់អាណត្តិទី៥ ក៏មានរៀបចំធ្វើដែរនៅទីក្រុងប៉ារីស និងក្រុងម៉ាស្សីភាគខាងត្បូងប្រទេសបារាំង។ ប្រទេសបារាំងដែលមានប្រជាជនដើមកំណើតអាល់ហ្សេរីរស់នៅសរុបប្រមាណ១,៧លាននាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ