អានតួអត្ថបទ

នីហ្សេរីយា បក្សធំៗទម្លាក់​កំហុស​ដាក់​គ្នា រឿង​លើក​ពេល​បោះឆ្នោត

គណៈកម្មការ​ជាតិ​រៀ​បចំ​ការ​បោះឆ្នោត​​​នីហ្សេរីយ៉ា បាន​សម្រេច​ទាំង​កណ្តាលអាធ្រាត្រ ក្រោយ​ជំនួប​ប្រជុំ​បន្ទាន់ មិន​បើក​ការិយាល័យ​បោះឆ្នោត ដែល​ត្រូវ​ចាប់​ផ្តើម​នៅ​ព្រឹក​ថ្ងៃទី ១៦​កុម្ភៈ ២០១៩​នេះ​ទេ ដោយ​ហេតុ​តែ​រៀប​ចំ​មិន​ទាន់ មាន​ការ​បាត់​សន្លឹក​ឆ្នោត​និង​សន្លឹក​លទ្ធផល​ឆ្នោត។ ការ​បោះឆ្នោត​ប្រធានាធិបតី នឹង​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​២៣​កុម្ភៈ​សប្តាហ៍​ក្រោយវិញ។ សេចក្តី​ប្រកាសនេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ផង ហួស​ចិត្ត​ផង និង​កំហឹង​ផង។ ចំណែក​គណបក្ស​​នយោបាយ​ធំៗ​វិញ បាន​ច្រាន​ទំនួល​ខុស​ត្រូវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។

សមាជិកគណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​នៅ​ចំពោះ​មុខ​សម្ភារៈ​បោះឆ្នោត នៅ​រដ្ឋ​Adamawa
សមាជិកគណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​នៅ​ចំពោះ​មុខ​សម្ភារៈ​បោះឆ្នោត នៅ​រដ្ឋ​Adamawa REUTERS/Nyancho NwaNri
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ធំ​ទាំង​ពីរ​របស់​នីហ្សេរីយ៉ា ដែល​ត្រូវប្រឈម​​គ្នា​នៅ​ក្នុង​​​ការ​បោះឆ្នោត​សភា​និង​ប្រធានាធិបតី​ បាន​ថ្កោល​ទោស​យ៉ាង​ចាស់​ដៃ សេចក្តីសម្រេចលើក​ពេល​បោះឆ្នោត​​យ៉ាង​ត្រក់ក្រហល់ នៅ​នាទី​ចុងក្រោយ​ ​របស់​គណៈកម្មការជាតិ​ និង​បាន​ទម្លាក់​ដាក់​គ្នា​ទៅ​វិញ​ទៅ​​ថា ​ដើម​ហេតុ។

​បក្ស​កាន់​អំណាច បាន​បង្ហាញ​ការ​ខកចិត្ត​​យ៉ាង​ខ្លាំង និង​បាន​ស្នើ​សុំ​ឱ្យ​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ រក្សា​អព្យាក្រិត្យ និង​កុំ​លម្អៀង។ ព្រោះ​បើ​តាម​​ពាក្យ​ចចាម​អារ៉ាម ការ​លើក​ពេល​​​បោះឆ្នោត​នេះ​ ត្រូវ​ធ្វើ​ឡើង​​តាមសំណូម​ពរ​របស់​គណបក្ស​ប្រឆាំង។ បក្ស​ប្រជាមានិត​ប្រជាធិបតេយ្យ​ដែល​គ្មាន​ថ្ងៃ​ត្រៀម​លក្ខណៈ​ស្រួល​បួល​ក្នុង​ការ​ចូល​រួម​បោះឆ្នោត​ទេ ! នេះ​ជា​ការ​បរិហារ​របស់​បក្ស​កាន់​អំណាច។

​ឯ​បក្ស​ប្រឆាំង​វិញ បេក្ខជន​ប្រធានាធិបតី​ បានអំពាវនាវ​ឱ្យ​អ្នក​គាំទ្រ​ទាំង​អស់​រក្សាភាព​ស្ងៀម​ស្ងាត់ ទល់​នឹង​សំដី​បង្ក​ហេតុ​​របស់​បក្ស​កាន់​អំណាច និង​អត់​ធ្មត់​បញ្ចេញ​សេចក្តី សម្រេចចិត្ត​តែ​តាម​រយៈ​សន្លឹក​ឆ្នោត​ ដោយ​អះអាង​ថា បក្ស​កាន់​អំណាច​ដឹង​ថា​ប្រជាពលរដ្ឋ​នីហ្សេរីយ៉ា​នឹង​មិន​បោះឆ្នោត​ឱ្យ​ទើប​អស់​សង្ឃឹម​និ​ងហ៊ាន​ធ្វើ​អ្វី គ្រប់​យ៉ាង។

ក្រៅ​អំពី​អ្នក​នយោបាយ ប្រជាពលរដ្ឋ​នីហ្សេរីយ៉ា ជាង​៨៤​លាន​នាក់ ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត បាន​សម្តែង​ការភ្ញាក់​ផ្អើល​​និង​​ខឹង​សម្បារ​យ៉ាង​ខ្លាំង មិន​យល់​ថា​តើ​ហេតុ​អ្វី​បាន​ជា​គណៈកម្មការជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ បែរ​ជា​ប្រកាស​​លើក​ពេល​ការ​បោះឆ្នោតយ៉ាង​បន្ទាន់ដូច្នេះ។ សូម​បញ្ជាក់​ថា ដោយ​មិន​បាន​ទទួល​ដំណឹងមុន ពលរដ្ឋ​ខ្លះ​បាន​ធ្វើ​ដំណើរ​ទៅ​តម្រង់​ជួរ​នៅការិយាល័យ​តាំង​ពី​មិន​ទាន់​ដល់​ម៉ោងបើក ​និង​រាប់​សិប​ពាន់​នាក់​ទៀត បាន​ធ្វើ​ដំណើរ​ពីរដ្ឋ​ធានី​ទៅ​ស្រុក​កំណើតទៅ​ហើយ​​​ដើម្បី​បោះឆ្នោត បែរ​ជា​ត្រូវ​ខក​ខាន​ទៅ​វិញ។

សូម​បញ្ជាក់​ថា​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​ការ​បោះឆ្នោតនៅនីហ្សេរីយ៉ា ជួប​ភាពរអាក់​រអួល​យ៉ាង​ដូច្នេះ។ កាលពី​ឆ្នាំ​២០១១ និង​២០១៥ ការ​បោះឆ្នោត​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ តាមកាល​កំណត់​ឡើយ ដោយ​ហេតុ​តែ​បញ្ហា​សម្ភារៈ និង​សន្តិសុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ