rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ហ្កាបុង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ហ្កាបុង៖​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​ដែល​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​នៅ​បរទេស?

media
រូបភាព​ក្រុម​ទាហានហ្កាបុង​ដែលកំពុងអាន​​សេចក្តីថ្លែងការណ៍​ផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍ ថ្ងៃទី៧ មករា ២០១៩ AFP / YOUTUBE

នៅ​ក្នុង​ប្រទេស​ហ្កាបុង ក្រុម​យោធា​បាន​អំពាវនាវ​នា​ថ្ងៃ​ចន្ទ ទី៧ មករា​នេះ​ឲ្យ​កងទ័ព និង​ប្រជាជន​ក្រោក​ឈរ​ឡើង​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ប្រទេស​ឡើង​វិញ។ សារ​អំពាវនាវ​នេះ​ត្រូវ​បាន​អាន​ដោយ​អនុសនីយទោ​ម្នាក់ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ស្ថានីយ៍​វិទ្យុ​មួយ​តាំង​ពី​ព្រឹក​ព្រលឹម​ស្រាងៗ។ ទន្ទឹម​នឹង​សារ​អំពាវនាវ​នេះ ក៏​គេ​សង្កេត​ឃើញ​មាន​ការ​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ និង​រថក្រោះ​បិទ​ផ្លូវ​ចូល​ស្ថានីយ​វិទ្យុ​នោះ​ដែរ។ ខណៈ​នេះ ស្ថានការណ៍​ទូទៅ ពិសេស​ក្នុង​ទីក្រុង​ហាក់​បន្ត​ច្របូកច្របល់ និង​ស្រពិចស្រពិល។ អ្វី​ដែល​គេ​អាច​និយាយ​បាន ព្រឹត្តិការណ៍​មួយ​នេះ​បាន​កើត​មាន​ឡើង ក្នុង​ពេល​ដែល​លោក​ប្រធានាធិបតី​អាលី បុងហ្គោ​បាន​អវត្តមាន​ពី​ប្រទេស​តាំង​ពី​ជាង ២ខែ​ដើម្បី​ព្យាបាល​ជម្ងឺ។


ទោះ​បី​ជា​ស្ថានការណ៍​ទូទៅ ពិសេស​ក្នុង​ទីក្រុង​លីប្រីវីល​ហាក់​បន្ត​ច្របូកច្របល់ និង​ស្រពិចស្រពិល​ក៏​ដោយ​ក៏​គេ​អាច​និយាយ​បាន​ថា វា​ជា​ការ​ប៉ុនប៉ង ឬ​ជា​រដ្ឋប្រហារ​យោធា​ពិត។ រូបភាព​វីដេអូ​ដែល​ពលរដ្ឋ​ហ្កាបុង​គ្រប់​រូប​បាន​ឃើញ​នៅ​ក្នុង​បណ្តាញ​សង្គម​តាំង​ពី​ព្រឹក​ព្រលឹម​ស្រាងៗ គឺ​ទាហាន​មួយ​ក្រុម​មាន​គ្នា ៣នាក់​ប្រដាប់​ដោយ​អាវុធ​គ្រប់ដៃ និង​ដែល​ក្នុង​​ចំណោម​អ្នក​ទាំង ៣ នោះ មាន​ម្នាក់​ជា​អនុសេនីយទោ​ឈ្មោះ Ondo Obiang Kelly មេបញ្ជាការរង​នៃ​ឆ្មាំ​សាធារណរដ្ឋ។ គឺ​អនុសេនីយទោ​រូប​នេះ​ឯង​ជា​អ្នក​អាន​សារ​អំពាវនាវ​ឲ្យ​កងទ័ព និង​ប្រជាជន​ក្រោក​ឈរ​ឡើង ព្រម​ទាំង​បាន​តាំង​ខ្លួន​ឯង​ជា​ប្រធាន​ចលនា​យុវជន​ស្នេហា​មាតុភូមិ​នៃ​កម្លាំងការពារជាតិ និង​សន្តិសុខ​ហ្កាបុង។

ទន្ទឹម​គ្នា​នេះ អនុសេនីយទោ Kelly ក៏​បាន​ប្រកាស​ពី​ការ​បង្កើត​ក្រុមប្រឹក្សា​ស្តារ​ប្រទេសជាតិ​ឡើង​វិញ​នា​ពេល​ខាង​មុខ​ដើម្បី​ធានា​ដល់​ពលរដ្ឋ​ហ្កាបុង​គ្រប់​រូប​ពី​នីតិវិធី​នាំ​ប្រទេស​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ។ នៅ​ក្នុង​ន័យ​នេះ លោក Kelly បាន​អំពាវនាវ​ដល់​យុវជន​ហ្កាបុង​ទាំង​អស់​ឲ្យ​ចូលរួម​ជាមួយ​ខ្លួន។ នៅ​ក្នុង​សារ​ដដែល លោក Kelly បាន​ថ្លែង​ច្បាស់ៗ​ពី​ការ​មិន​អាច​បោះបង់​ចោល​មាតុភូមិ និង​ចាត់​ទុក​របបដឹកនាំ​សព្វថ្ងៃ​ក្នុង​ពេល​អវត្តមាន​រូប​ប្រធានាធិបតី​លោក​អាលី បុងហ្គោ​ថា មិន​ស្របច្បាប់។ អ្វី​ជា​ការ​កត់សម្គាល់ ព្រឹត្តិការណ៍​នៅ​ហ្កាបុង​ពេល​នេះ​បាន​កើត​មាន​ឡើង ក្នុង​ពេល​ដែល​លោក​អាលី បុងហ្គោ​បាន​អវត្តមាន​ពី​ប្រទេស​តាំង​ពី​ជាង ២ខែ​ដើម្បី​ព្យាបាល​ជម្ងឺ​ដាច់​សរសៃ​ខួរក្បាល។

គួរ​បញ្ជាក់​ថា​ក្នុង​ពេល​អវត្តមាន​រូប​ប្រធានាធិបតី តុលាការកំពូល​បាន​ផ្ទេរ​អំណាច​ប្រធានាធិបតី​ទៅ​ឲ្យ​នាយករដ្ឋមន្រ្តី​កាន់​ជា​បណ្តោះអាសន្ន។ ក្នុង​រយៈពេល​អវត្តមាន​ជាង ២ខែ លោក​អាលី បុងហ្គោ​មិន​បាន​ឲ្យ​ដំណឹង ហើយ​រដ្ឋាភិបាល​ក្នុង​ស្រុក​ក៏​មិន​បាន​ផ្តល់​ដំណឹង​អ្វី​ដែរ​ជុំវិញ​ស្ថានភាព​សុខភាព​លោក​បុងហ្គោ។ ការ​បាត់ដំណឹង​សូន្យ​ឈឹង​នេះ​បាន​បង្ក​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ខុសៗ​គ្នា​នៅ​លើ​បណ្តាញ​សង្គម។ គឺ​ទើប​នៅ​ថ្ងៃទី៣១ ធ្នូ​ដែល​លោក​បុងហ្គោ​បាន​បញ្ចេញ​វាចា​ជា​លើកទី១ ពី​ប្រទេស​ម៉ារ៉ុក​ដែល​លោក​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ។

តែ​ក្រុម​យោធា​បាន​ចាត់​ទុក​សម្តី​របស់​លោក​អាលី បុងហ្គោ​ថ្លែង​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី ២០១៩ ថា​ជា​សារ​គ្មាន​ន័យ និង​ជា​សារ​គួរ​ឲ្យ​អាម៉ាស់​សម្រាប់​ប្រទេស​ដែល​បាន​បាត់បង់​សេចក្តីថ្លៃថ្នូរ​របស់​ខ្លួន។ នេះ​អាច​ជា​ហេតុផល​មួយ​នៃ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​អាលី បុងហ្គោ។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា អំណាច​នៅ​ហ្កាបុង​ដែល​ជា​ប្រទេស​ជង្រុកប្រេងកាត​នៅ​អាហ្រ្វិក​បាន​ស្ថិត​ក្នុង​ដៃ​គ្រួសារ​ត្រកូល​បុងហ្គោ។ លោក​អូម៉ារ បុងហ្គោ​ដែល​ជា​ឱពុក​លោក​អាលី បុងហ្គោ​បាន​កាន់អំណាច​ពី​ឆ្នាំ ១៩៦៧ ដល់​ថ្ងៃ​ចូល​មរណៈភាព​ក្នុង​ឆ្នាំ ២០០៩ ហើយ​លោក​អាលី បុងហ្គោ​បាន​ឡើង​ស្នង​អំណាច​បន្ត​ពី​ឆ្នាំ ២០០៩ និង​បាន​ជាប់ឆ្នោត​អាណត្តិថ្មី​ក្នុង​ឆ្នាំ ២០១៦ ដែល​ក្រុម​បក្សប្រឆាំង​មិន​ទទួល​ស្គាល់​លទ្ធផល៕