អានតួអត្ថបទ
សាធារណៈរដ្ឋ​អាហ្វ្រិក​កណ្តាល​​

អង្គការ​ RSF​​ ​ទាមទារ​​ឲ្យ​​មាន​​ការ​​ស៊ើប​អង្កេត​​ដ៏​​​ស៊ីជម្រៅ​​​នៅ​​លើ​​ឃាតកម្ម​អ្នក​កាសែត​​រុស្ស៊ី​​៣​រូប​​នៅ​​សាធារណៈរដ្ឋ​អាហ្វ្រិក​កណ្តាល​

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន RSF ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​អាហ្រ្វិក​កណ្តាល បើក​ការ​ស៊ើប​អង្កេត​មួយ​យ៉ាង​ម៉ឺងម៉ាត់​និង​ស៊ីជម្រៅ ដើម្បី​កំណត់​អត្តសញ្ញាណ​ពួក​មេ​ក្លោង​ក្នុង​អំពើ ឃាតកម្ម​លើ​​អ្នកកាសែត​ជន​ជាតិ​រុស្ស៊ី​៣ រូប​កាលពី​យប់​ថ្ងៃ​ច័ន្ទ​ឆ្លង​មក​ថ្ងៃ​អង្គារ​មុន​​នៅ​សារធារណៈរដ្ឋ​អាហ្រ្វិក​កណ្តាល។

រូបថត​​​អ្នកកាសែតរុស្ស៊ី​(ពីស្តាំទៅឆ្វេង)​លោក​ Orhan Djemal, lលោក Kirill Radchenko និង ​លោក Alexander Rastorguyev ដែលទើបត្រូវបានគេធ្វើឃាត​នាពេលថ្មីៗ​នេះ​នៅ​សាធារណៈរដ្ឋអាហ្វ្រិក​កណ្តាល​
រូបថត​​​អ្នកកាសែតរុស្ស៊ី​(ពីស្តាំទៅឆ្វេង)​លោក​ Orhan Djemal, lលោក Kirill Radchenko និង ​លោក Alexander Rastorguyev ដែលទើបត្រូវបានគេធ្វើឃាត​នាពេលថ្មីៗ​នេះ​នៅ​សាធារណៈរដ្ឋអាហ្វ្រិក​កណ្តាល​ REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

អ្នកកាសែត​រុស្ស៊ី​៣​​នាក់​ដែល​​គេ​ធ្វើឃាត​នៅសាធារណៈរដ្ឋ​​អាហ្រ្វិក​កណ្តាល​ មាន​លោក ​Orhan Djemal ជា​អ្នកយក​ព័ត៌មាន​ឯករាជ្យ​ខាង​បញ្ហា​សង្គ្រាម  លោក Kirill Radtchenko​ ​អ្នក​កាសែត​​ខាង​ថត​រូប​និង​លោក Alexandre Rasstorgouïev  ​អ្នក​កាសែត​ថតកុន​ឯកសារ។

អ្នកកាសែត​រុស្ស៊ី​ទាំង ៣​​ រូប​ខាងលើនេះ  ត្រូវ​​បាន​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​ ដែលគេ​​​ពុំ​ស្គាល់​អត្តសញ្ញាណ ធ្វើ​ឃាត​ នៅ​ខណៈពេល ​ដែល​​ពួក​គេ​កំពុង​ធ្វើការ​ស៊ើប​អង្កេតមួយ​​ស្តីពី “ការ​ចូល​រួមរបស់​ទាហាន​ស៊ីឈ្នួល​​រុស្ស៊ី​ នៅ ​អាហ្វ្រិក​កណ្តាល​”។

 អ្នកកាសែត​រុស្ស៊ី ទាំង ៣​ ​រូប ​នោះ  ធ្វើការ​អោយ​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​ស៊ើបអង្កេត​មួយ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​ឈ្មោះ​ Tsour។ ប្រព័ន្ធផ្សាយ Tsour ដែល​ជា​កម្មសិទ្ធិ​របស់​លោក ​Mikhaïl Khodorkovski ​អ្នក​ប្រឆាំង​​នឹង​​លោកប្រធានាធិបតី​រុស្សី​ពូទីន ​ដ៏​សំខាន់​មួយ​រូ​ប​នៅក្នុង​ប្រទេស​រុស្ស៊ី​-នេះជាការ​គូស​​បញ្ជាក់​របស់​​អង្គការ​​អ្នកកាសែត​​គ្មាន​​ព្រំដែន ​RSF ​នៅក្នុង​សេចក្តី​ជូន​ដំណឹង​មួយ។

យោងតាម​ព័ត៌មាន​នានា​ដែល​គេបាន​ទទួល​ពី​អង្គការ​ RSF​” ​អ្នកកាសែត​រុស្ស៊ី​ទាំង​៣​រូបនោះ កំពុង​​ស្ថិត​នៅ​​ក្នុង​ប្រទេស​​អាហ្វ្រិក​កណ្តាល ​ចាប់តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ​ដើម្បី​​ការ​ស៊ើប​អង្កេត​មួយ ​ស្តីពី វត្តមាន​និង​តួនាទី​របស់​ទាហាន​ស៊ីឈ្នួល​ ដែល​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​មួយ​ឈ្មោះ Wagner ។ Wagner ​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​យោធាឯកជន​​រុស្ស៊ី​​មួយ​ ដែល​គេ​ស្គាល់ ដោយសារ​​​សកម្មភាពរបស់​គេ​នៅ​ក្នុងប្រទេសស៊ីរី-នេះ​ជាការបញ្ជាក់របស់​អង្គការ​ ​RSF ឬ ​អង្គការ​អ្នកកាសែតគ្មានព្រំដែន។​

ជាង​៤​ឆ្នាំ​កន្លង​មក​ហើយ បន្ទាប់ពី​ការ​ស្លាប់​ស្រ្តី​អ្នកកាសែត​ថត​រូប​បារាំង​ឈ្មោះ Camille Lepage រួច​មក ​និង​ឃាតកម្ម​លើ​អ្នកកាសែត​រុស្ស៊ី​ទាំង ៣​នាក់​នា​ពេល​ថ្មីៗ​នេះទៀត ​សរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ជីវិត​អ្នកកាសែត​​នៅ​តែ​ប្រឈមខ្លាំង​​​នឹង​គ្រោះថ្នាក់​នៅ​ក្នុង​ការងារ​យក​ព័ត៌មានរបស់ពួកគេ​​ដើម្បី​ផ្តល់​សកម្ខីកម្ម​នៅ​លើ​បញ្ហា​សង្គ្រាមនៅ​​​ក្នុង​ទឹកដី​អាហ្វ្រិក​កណ្តាល។ នេះ ជាការ​វាយ​តម្លៃ​របស់​លោក Cristophe Deloire អគ្គលេខាធិការ​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន RSF ដោយ​លោក បាន​​ធ្វើការផ្តន្ទាទោស​យ៉ាងម៉ឺងម៉ាត់ទៅលើ​​អំពើឃាតកម្ម​ទាំង​អស់​នោះ។ ​អង្គការ​ RSF បាន​រំលឹក​ប្រាប់​ជា​ថ្មីទៀត​ថា ឃាតករ​លើ​រូប​ស្រ្តី​អ្នកកាសែត​ថតរូប​បារាំង ​Camille Lepage ​អាយុ​២៦​ឆ្នាំ​ ដែល​ត្រូវ​បាន​គេ​ធ្វើឃាត​នៅ​ថ្ងៃ​ទី១២​ឧសភា​ឆ្នាំ​២០១៤នោះ នៅ​តែ​ពុំទាន់​រក​​ឃើញ​​អត្ត​សញ្ញាណ​របស់​ពួក​ឃាតករ ។ អង្គការ RSF នេះ ​ថែម​ទាំង​បាន​រិះគន់ទៅ​​លើ​ បញ្ហា​មិន​ប្រក្រតី ​ជាច្រើន ​នៅ​ក្នុង​ការ ​ស៊ើបអង្កេតនេះ​ទៀតផង។​

យោងតាម អង្គការRSFដដែល  សាធារណៈរដ្ឋ​អាហ្វ្រិក​កណ្តាល មាន​ចំណាត់​ថ្នាក់​អាក្រក់​ខ្លាំងបំផុត​ ​នៅ​លើបញ្ហា ​សិទ្ធិ​សេរីភាព​សាព័ត៌មាន​ គឺ​​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី ១១២ ក្នុង​ចំណោម​បណ្តា​ប្រទេស​ចំនួន​១៨០​​នៅ​ក្នុង​ឆ្នាំ​២០១៨៕​

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ