rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

តើ​សហភាពអាហ្រ្វិក​អាចរស់​ដោយ​ទីពឹង​ខ្លួនឯង​ជាង​ទីពឹង​លើ​ជំនួយបរទេស​បាន​ដែរ​ឬ​ទេ?

ដោយ គួច គន្ធារ៉ា

ថ្ងៃចន្ទ ទី២ កក្កដា​ជា​ថ្ងៃ​ទី២ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ជំនួបកំពូល​សហភាពអាហ្រ្វិក​លើកទី៣១ ក្នុង​ទីក្រុង​ណួកសុត ប្រទេស​ម៉ូរីតានី។ ក្រៅ​ពី​មាន​វត្តមាន​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​អាហ្រ្វិក​ចូលរួម​ប្រមាណ​ជា ៤០រូប ក៏​មាន​វត្តមាន​លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង​ដែរ។ ក៏​ដូច​ជា​នៅ​ក្នុង​ជំនួបកំពូល​មុនៗ ថ្នាក់ដឹកនាំ​អាហ្រ្វិក​បាន​ផ្តោតសំខាន់​លើ​វិបត្តិ​ដែល​កំពុង​បន្ត​គ្របដណ្តប់​លើ​តំបន់ ដូច​យ៉ាង​សង្រ្គាមស៊ីវិល​នៅ​ក្នុង​ប្រទេស​ស៊ូដង់ខាងត្បូង។

តែ​ជំនួបកំពូល​ឆ្នាំ​នេះ​បាន​ផ្តោតសំខាន់​លើ​ប្រធានបទ​អាទិភាព​មួយ​ចំនួន ពិសេស​ការ​ស្វែង​រក​ថវិកា​ដើម្បី​រស់​ដោយ​ខ្លួន​ឯង​ដោយ​មិន​ពឹង​សឹង​តែ​ទាំង​ស្រុង​លើ​ជំនួយ​ពី​ខាង​ក្រៅ។

ការ​ស្វែង​រក​ថវិកា​ដើម្បី​រស់​ខ្លួន​ឯង​ដោយ​មិន​បាច់​ពឹង​លើ​អ្នក​ដទៃ គឺ​ជា​គម្រោង​កំណែទម្រង់​មួយ​ក្នុង​ចំណោម​គម្រោង​កំណែទម្រង់​ផ្សេង​ទៀត​ដែល​បាន​ស្នើ​ឡើង​ដោយ​លោក​ប៉ូល កាហ្កាម៉េ ប្រធានាធិបតី​រវ៉ាន់ដា និង​ជា​ប្រធាន​ផ្លាស់វេន​សហភាពអាហ្រ្វិក។ លោក​ប៉ូល កាហ្កាម៉េ​ពិត​ជា​យល់​មិន​ច្រឡំ​ទេ​ថា ដើម្បី​អាច​ឲ្យ​សហភាពអាហ្រ្វិក​មាន​ទឹកមាត់ប្រៃ និង​ធ្វើ​ការងារ​មាន​ប្រសិទ្ធិភាព លុះត្រា​តែ​ស្ថាប័ន​មួយ​នេះ​មាន​ស្វ័យភាព​ហិរញ្ញវត្ថុ ពោល​មិន​ត្រូវ​ពឹង​លើ​លុយ​ក្នុង​ហោប៉ៅ​របស់​បរទេស​ទេ។ សូម​ជម្រាប​ជូន​ថា​បច្ចុប្បន្ន​នេះ ថវិកា​របស់​សហភាពអាហ្រ្វិក​ជាង ៨០% ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​ក្រុម​ប្រទេស​ផ្តល់​ជំនួយ។

មែនទែន​ទៅ និង​ក្រៅ​ពី​ការ​រំពឹង​លើ​ជំនួយ​ពី​បរទេស ថវិកា​របស់​សហភាពអាហ្រ្វិក​ក៏​ទទួល​បាន​ពី​ការ​បង់​វិភាគទាន​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​សមាជិក​នីមួយៗ​ដែរ។ តែ​បញ្ហា​នៅ​ត្រង់​ថា មាន​ប្រទេស​សមាជិក​ខ្លះ​ហាក់​បាន​យឺតយ៉ាវ​ក្នុង​ការ​បង់​ចំណែក​របស់​ខ្លួន ឬ​ហាក់​គ្មាន​លទ្ធភាព​ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន។ ទាំង​នេះ​ជា​ហេតុផល​ដែល​បាន​ធ្វើ​ឲ្យ​ដំណើរការ​របស់​សហភាពអាហ្រ្វិក​មាន​ភាព​រអាក់រអួល ហើយ​មាន​គម្រោង​កំណែទម្រង់​ជា​ច្រើន​ត្រូវ​បាន​អូសបន្លាយ​មក​ដល់​សព្វថ្ងៃ។ នៅ​ក្នុង​គម្រោង​កំណែទម្រង់​ដើម្បី​កាត់បន្ថយ​ការ​ពឹង​លើ​ដង្ហើម​របស់​អ្នក​ដទៃ លោក​ប៉ូល កាហ្កាម៉េ​បាន​ស្នើ​ឲ្យ​មាន​ការ​យក​ពន្ធ​ក្នុង​កម្រិត ០,២% លើ​ការ​នាំ​ទំនិញ​ចូល​របស់​ប្រទេស​សមាជិក​នីមួយៗ។

ជម្រើស​មួយ​នេះ​នឹង​អនុញ្ញាត​ឲ្យ​សហភាពអាហ្រ្វិក​មាន​ប្រភព​ចំណូល​ប្រកប​ដោយ​និរន្តរភាព ច្បាស់លាស់ និង​ទុកចិត្ត​បាន។ កម្មវត្ថុ​របស់​សហភាពអាហ្រ្វិក​តាម​រយៈ​វិធានការ​មួយ​នេះ គឺ​ស្វែង​រក​ថវិកា​ឲ្យ​បាន ៤០០លានដុល្លារ​ពី​ពេល​នេះ​ដល់​ឆ្នាំ ២០២០។ តាម​ពិត​ទៅ គំនិត​ផ្តួចផ្តើម​ឲ្យ​យក​ពន្ធ​លើ​ទំនិញ​នាំ​ចូល​របស់​ប្រទេស​សមាជិក​នីមួយៗ​ដើម្បី​បំពេញ​ហិបថវិកា​របស់​សហភាពអាហ្រ្វិក​ពេល​នេះ​មិនមែន​ជា​គំនិត​ថ្មីថ្មោង​ឯណា។ វិធានការ​មួយ​នេះ​ធ្លាប់​បាន​អនុវត្តន៍​យ៉ាង​ជោគជ័យ​ដោយ​សហគមន៍​នៃ​រដ្ឋអាហ្រ្វិក​ខាងលិច សហគមន៍​សេដ្ឋកិច្ច​នៃ​រដ្ឋអាហ្រ្វិកកណ្តាល និង​សហគមន៍​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​អាហ្រ្វិកកណ្តាល។ តែ​សម្រាប់​សហភាពអាហ្រ្វិក ផ្លូវ​ដែល​ត្រូវ​ដើរ​នៅ​វែង​ឆ្ងាយ​ដើម្បី​អាច​ទៅ​ដល់​គោលដៅ​នេះ​បាន។

នៅ​ចំពោះ​មុខ គេ​ត្រូវ​តែ​និយាយ​ជំនះ​ប្រទេស​សមាជិក​នីមួយៗ​ឲ្យ​ទទួល​យក​វិធានការ​មួយ​នេះ​ជា​មុន​សិន ព្រោះ​មក​ទល់​បច្ចុប្បន្ន នៅ​មាន​សមាជិក​ខ្លះ​បន្ត​រារែក អាល់អែក​នៅ​ឡើយ។ ទន្ទឹម​គ្នា​នេះ ប្រទេស​សមាជិក​នីមួយៗ​ត្រូវ​ការ​ពិភាក្សា ពិគ្រោះ​យោបល់​ផ្ទៃក្នុង ពិសេស​ត្រូវ​រៀបចំ​ខ្ទង់ចំណូល ចំណាយ​ថ្មី​ដើម្បី​អាច​ដក​ថវិកា​មួយ​ភាគ​របស់​ខ្លួន​ទៅ​បំពេញ​ហិបថវិកា​របស់​សហភាពអាហ្រ្វិក។ ក្រៅ​ពី​ស្វែង​រក​ប្រភព​ចំណូល​ដោយ​ខ្លួន​ឯង សហភាពអាហ្រ្វិក​ក៏​បាន​ពិភាក្សា​លើ​គម្រោង​បង្កើត​ឲ្យ​មាន​តំបន់​ដោះដូរសេរី​នៅ​ក្នុង​តំបន់​ដែល​អាច​ជា​មហាទីផ្សារ​សម្រាប់​ពលរដ្ឋ​អាហ្រ្វិក​ជាង ១ ២០០លាននាក់។ គំនិត​ផ្តួចផ្តើម​មួយ​នេះ​ធ្លាប់​ត្រូវ​បាន​អនុវត្តន៍​ដោយ​សហគមន៍​នៃ​រដ្ឋអាហ្រ្វិក​ខាងលិច សហគមន៍​សេដ្ឋកិច្ច​នៃ​រដ្ឋអាហ្រ្វិកកណ្តាល និង​សហគមន៍​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​អាហ្រ្វិកកណ្តាល។

គ្រប់​គ្នា​កំពុង​ចោទ​សួរ​ដោយ​ឆ្ងល់​ថា សហភាពអាហ្រ្វិក​ដែល​បាន​ចាប់​កំណើត​តាំង​ពី​ឆ្នាំ ២០០២ ហេតុអ្វី​បែរ​ជា​ទើប​បាន​ស្ទុះស្ទា​ចង់​គិតគូរ​ជោគវាសនា​របស់​ខ្លួន​ដោយ​ខ្លួន​ឯង​នៅ​ពេល​នេះ​ទៅ​វិញ?។ តាម​ពិត​ទៅ និង​អ្វី​ដែល​សហភាពអាហ្រ្វិក​ចង់​បាន​ពី​ដំបូង គឺ​ដូច​នឹង​សហភាពអឺរ៉ុប​បច្ចុប្បន្ន។ តែ​បញ្ហា​នៅ​ត្រង់​ថា ការ​លះបង់ ការ​យល់ឃើញ និង​ការ​គិតគូរ​របស់​ថ្នាក់ដឹកនាំ​អាហ្រ្វិក​មិន​ដូច​គ្នា​នឹង​ថ្នាក់ដឹកនាំ​អឺរ៉ុប​ឯណា។ នេះ​នៅ​មិន​ទាន់​រាប់បញ្ចូល​ពី​សក្តានុពល​រវាង​ទ្វីបអាហ្រ្វិប និង​ទ្វីបអឺរ៉ុប​ផង។ មាន​បញ្ហា​ប្រឈម​ចំនួន​ពីរ​ដែល​សហភាព​អាហ្រ្វិក​កំពុង​ជួប​ប្រទះ គឺ​នយោបាយ និង​អត្តសញ្ញណា។ នយោបាយ ព្រោះ​ថ្នាក់ដឹកនាំ​អាហ្រ្វិក​សមាជិក​ភាគ​ច្រើន​បន្ត​ឲ្យ​តម្លៃ និង​គិតគូរ​ប្រយោជន៍ជាតិ​ធំ​ជាង​ប្រយោជន៍​សហភាព។ អត្តសញ្ញាណ ព្រោះ​ថ្នាក់ដឹកនាំ​អាហ្រ្វិក​សមាជិក​សឹង​តែ​ទាំង​អស់​ហាក់​មិន​សូវ​មាន​មោទនភាព និង​លើក​ដំកើង​អត្តសញ្ញាណ​អាហ្រ្វិក​តែ​មួយ​ទេ។

ក្រៅ​ពី​នោះ សហភាពអាហ្រ្វិក​ក៏​កំពុង​ប្រឈម​នឹង​ជម្លោះ​ប្រដាប់អាវុធ​អូសបន្លាយ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន រួម​ទាំង​អំពើ​ពុករលួយ​ស៊ីរូង​នៅ​ក្នុង​តំបន់។ តាម​អង្គការ​សហប្រជាជាតិ អំពើ​ពុករលួយ​បាន​ធ្វើ​ឲ្យ​ទ្វីបអាហ្រ្វិក​បាត់បង់​ចំណូល ២៥% ពី​ធនធានសរុប​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។ ដូច្នេះ ដើម្បី​អាច​ឲ្យ​សហភាពអាហ្រ្វិក​អាច​រស់​បាន​ដោយ​មិន​បាច់​ពឹង​លើ​អ្នក​ដទៃ និង​ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​អាហ្រ្វិក​ទូទៅ​ទទួល​ស្គាល់​ពី​ជោគវាសនា​របស់​ខ្លួន​ក្នុង​សហគមន៍​តែ​មួយ​បាន ផ្លូវ​ដែល​សហភាពអាហ្រ្វិក​ត្រូវ​ដើរ​នៅ​វែង​ឆ្ងាយ និង​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ៕

ហេតុអ្វី​ប្រទេស​រុស្ស៊ី​ ចង់​ចង​សម្ព័ន្ធភាព​ជាមួយ​ប្រទេស​ចិន​ទៅវិញ?​

​អ្នក​នយោបាយ​​បារាំង ប្រមូល​ផ្តុំគ្នា​ប្រឆាំង​នឹង​ការរើសអើង​ជាតិ​ជ្វីហ្វ

សេដ្ឋកិច្ច និង​ឥទ្ធិពល​ជា​កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​មួយជុំ​តំបន់អាស៊ី​របស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន

ការ​ព្យាករណ៍​សេដ្ឋកិច្ច​សាកល​​​សម្រាប់​​​​ឆ្នាំ​​​២០១៩​​

ហេតអ្វី​បានជា​អូស្ត្រាលី​ ខិតខំ​ពង្រឹង​វិស័យ​ការពារជាតិ​ខ្លាំងម្ល៉ោះ​?

តើ​ជំនួប​លើក​ទី២​ រវាង​លោកត្រាំ​ និង​គីម ជុងអ៊ុន​ អាច​បញ្ចប់​សង្គ្រាម​កូរ៉េ​បានទេ​?

អារ៉ាប៊ីសាអូឌីតជួយប៉ាគីស្ថាន​ដើម្បី​បំពេញ​កម្មវត្ថុ​យុទ្ធសាស្ត្រ​ខ្លួនឯង ?

សេដ្ឋវិទូ​បារាំង​ Thomas Piketty ​៖ មូលធន​សតវត្សរ៍​ទី​២១​

តើ​វិបត្តិ​អត្រាកំណើត​ធ្លាក់ចុះ​នៅក្នុង​ប្រទេស​ គឺជា​កំហុស​របស់​ស្ត្រី​ជប៉ុនមែន​ឬទេ​?

Huawei ៖ ​ជម្រើស​ដ៏ស្មុគស្មាញ​សម្រាប់​អឺរ៉ុប

៤០ឆ្នាំ​ក្រោយ​បដិវត្ត​អ៊ីស្លាម អ៊ីរ៉ង់​បន្ត​ស្ថិ​ត​ជា​ប្រទេស​មហាអំណាច​ឈីអ៊ីត​នៅ​មជ្ឈិមបូព៌ា

អេស្តូនី៖​ សង្គម​​បច្ចេកវិទ្យា​ (E-Nation)​ ដំបូង​​គេ​​របស់​​ពិភពលោក​​​

បារាំងឈឺក្បាល ថាតើ​ត្រូវ​យក​ពួក​ជីហាត​ជនជាតិបារាំង​ ពី​​ស៊ីរី​​ចូល​ស្រុក​វិញ ឬ​យ៉ាងណា?

តើភេរវកម្ម​លើ​វិហារ​កាតូលិក​អាច​ប៉ះពាល់​ដល់​ដំណើរការ​សន្តិភាព​នៅ​ខាងត្បូង​ហ្វីលីពីន​ឬទេ?

បារាំង-អេហ្ស៊ីប៖​ហេតុអ្វី​បាន​ជា​លោកម៉ាក្រុង​លើក​យក​បញ្ហា​សិទ្ធិមនុស្ស​ទៅ​និយាយ​ជាមួយ​លោក​អាល់ស៊ីស៊ី?

ទ្រឹស្ដី​របស់​កាល់ម៉ាក្ស៍​ និង​ បច្ចុប្បន្នភាព​សេដ្ឋកិច្ចសាកល​

តើ​ជំនួបពូទីន-អាបេ ​លើក​នេះ​​ ដែល​ជប៉ុន​ថា ​មានន័យ​ជាប្រវត្តិសាស្ត្រ​ បាន​ចប់​ទៅដោយ​លទ្ធផល​យ៉ាងណា?​

តើសន្ធិសញ្ញាបារាំង-អាល្លឺម៉ង់ ចែងអំពីអ្វីខ្លះ ?

យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក៖ ​អាស៊ាន​អាច​ក្លាយជា​ចំណុចស្នូល ​តែ​ក៏អាច​ប្រឈម​នឹង​ការ​បែកបាក់

កូឡំប៊ី៖​តើ​កិច្ចចរចា​សន្តិភាព​ជាមួយ​ចលនា​ឧទ្ទាម « កងទ័ពរំដោះជាតិ » ត្រូវ​ចប់​ត្រឹម​នេះ ឬ?