rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ជំងឺអេបូឡា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អង្គការ​សុខភាព​ពិភពលោក​ពង្រាយ​កម្លាំង​ប្រយុទ្ធ​នឹង​ការរាតត្បាត​នៃ​ជំងឺ​អេបូឡា

media
អេបូឡា រាតត្បាត​ជា​ថ្មី​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ congovoice.org

អេបូឡា​ត្រលប់​មក​រាត​ត្បាត​ជា​ថ្មី​ទៀត​ឬ ? សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ និង​ភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ បាន​ចាប់​ផ្តើម​ពង្រឹង​កម្លាំង​ ពង្រាយ​ក្រុម​ជំនាញ​ការងារ​ ដើម្បី​សា​ក​ល្បង​ទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​ជំងឺ​អេបូឡា។ ​តឹ្រម​ពី​ថ្ងៃទី ៤ មេសា ដល់​ទី ៩​ឧសភា អង្គការ​សុខភាព​ពិភពលោក​បាន​រាប់​ឃើញមាន​ការ​​ឆ្លង​ជំងឺ​​អេបូឡា​៣២ករណី ក្នុង​១៨​នាក់​បាន​ស្លាប់។


ករណី​សង្ស័យ​ដំបូង​​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​មុន​។ តំបន់​ដែ​ល​កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង​ខ្លាំង​ជាង​គេ​ស្ថិត​នៅ​ចម្ងាយ ៥០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី គីមសាស្ហារ របស់​សាធារណរដ្ឋប្រជាធិបតេយ្យ​​កុងហ្គោ តែ​គ្រោះ​រាត​ត្បាត​នៃ​ជំងឺ​អេបូឡា មាន​កំរិត​ខ្ពស់​ណាស់ ! នេះ​បើ​តាម​ការ​វាយតម្លៃ​របស់​អង្គការ​សុខភាព​ពិភពលោក​ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា​មាន​ករណី​សង្ស័យ​ឆ្លង​អេបូឡា ៣២​នាក់ ក្នុង​នោះ​១៨​នាក់​បាន​ស្លាប់ នៅសាធារណរដ្ឋ​ប្រជាធិបតេយ្យ​​កុងហ្គោ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់ ​​ក្រសួ​ងសុខភិបាល​កុងហ្គោ ​បាន​ចុះផ្សាយ​នៅ​ថ្ងៃអាទិត្យ​ទី ១៣​ឧសភា នេះ លោក​រដ្ឋមន្ត្រី​ ​បាន​អំពាវនាវ​ឱ្យមាន​កិច្ច​ខិត​ខំ​រួម​គ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​រាតត្បាត​នៃ​អេបូឡា​មាន​ប្រសិទ្ធិភាព។ ជា​កិច្ច​ឆ្លើយ​តប ​​​អង្គការ​សុខភាព​ពិភពលោក បាន​​បញ្ចេញ​សកម្មភាព​ ដោយ​គ្មាន​បង្អង់​ទេ ព្រោះ​អង្គការ​មិន​ចង់​ទទួល​ការ​រិះគន់​ ដូច​សម័យ​ឆ្នាំ​២០១៤-២០១៦ ឆ្នាំ​ដែល​រោគអេបូឡា​បាន​ធ្វើ​ការ​រាត​ត្បាត​យ៉ាង​ខ្លាំង​សម្លាប់​មនុស្ស​អស់​ជាង​១១៣០០​នាក់ នៅ​ហ្គីណេ លីបេរីយ៉ា និង​សៀរ៉ាឡេអូន។

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ ធ្លាប់ជួប​គ្រោះ​អេបូឡា ​​ចំនួន​៨​លើក​ដែរ ប៉ុន្តែ​ជា​សំណាង​ល្អគេ​អាច​ខ្ទប់​ការ​រាតត្បាត​បាន ដោយ​ជំងឺ​នេះ​កើត​តែ​ក្នុង​ភូមិ​ឆ្ងាយៗ​ដាច់​ស្រយ៉ាល​ពី​ទី​ប្រជុំជន។ ប៉ុន្តែ​នៅ​លើក​នេះ ករណី​អេបូឡា​បាន​ផ្ទុះ​ឡើង​នៅ​ភូមិ​ដែល​ជាប់​ទន្លេ​កុងហ្គោ បណ្តាញ​ទឹក​ហូរ​ដ៏​សំខាន់​ឆ្ពោះ​ទៅ​រដ្ឋ​ធានី​គីនសាស្ហា និង​ប្រទេស​កុងហ្គោ​ប្រាហ្សាវីលជិត​ខាង​ទៀត ព្រម​ទាំង​បន្ត​រាល​ដាល​ដល់​ភូមិ​បី​ផ្សេង​ទៀត ដែល​នៅ​ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ​ពី​គ្នា​ទៅ​ហើយ។

​​ក្រុម​អ្នក​ជំនាញអង្គការ​សុខភាព​ពិភពលោក បាន​ទៅ​ឈរ​ជើង​​ នៅ​តាម​ទី​តាំង​ជា​ច្រើន​កន្លែង ដោយ​សង្ឃឹម​ថា​នឹង​វែក​រក​ករណី​សង្ស័យ​​បាន​ទាន់​ពេលវេលា​កុំ​ឱ្យ​អេបូឡា​រាតត្បាត​ដល់​ក្រុង​Mbandaka ជិត​នោះ ដែល​មាន​ប្រជាជន​រស់​នៅកកកុញ​​ច្រើន។ អង្គការ​ក៏​សង្ឃឹម​ថា​នឹង​អាច​ចាប់​សាក​ល្បង​ប្រើ​ថ្នាំ​បង្ការ​អេបូឡា ជា​កិច្ចពិសោធន៍​​ក្នុង​ពេល​ឆាប់ៗនេះដែរ៕​