អានតួអត្ថបទ
អាល់ហ្សេរី

មនុស្ស​​​ស្លាប់​​​ចំនួន​ ​២៥៧ ​​នាក់​​នៅ​​ក្នុង​​គ្រោះថ្នាក់​​ធ្លាក់​យន្តហោះ​​យោធា​មួយ​គ្រឿង​​​

នៅ​ប្រទេស​អាល់ហ្សេរី យន្តហោះ​របស់​កងទ័ព​​​មួយ​គ្រឿង ធុន ​ILiouchine IL-76  បាន​​​ទទួល​រងគ្រោះថ្នាក់​ធ្លាក់​​នៅ​​ព្រឹក​​ថ្ងៃ​ពុធ​ម្សិលមិញ បន្ទាប់ពី​បាន​​ហោះ​ចេញ​ពី​មូលដ្ឋាន​អាកាសចរណ៍ Boufarik  ជាង ៣០​គម តែ​ប៉ុណ្ណោះ​នៅ​​​ភាគ​ខាង​ត្បូង​ទីក្រុង Alger។ ​គ្រោះថ្នាក់​​ធ្លាក់​យន្តហោះ​​នេះ​​ បាន​​បណ្តាល​​ឲ្យ​​មនុស្ស​​ស្លាប់​​ចំនួន​ ​២៥៧​ ​នាក់ ​ដែល​ក្នុង​ចំណោម​​​ ភាគ​ច្រើនគឺ​​កង​យោធា​អាល់ហ្សេរី។

យន្តហោះមួយគ្រឿង​របស់​កងទ័ពអាល់ហ្សេរី​បានរងគ្រោះថ្នាក់ធ្លាក់​នៅ​ក្បែរ​ទីក្រុង​ Alger នៅថ្ងៃទី​១១​មេសា​២០១៨​
យន្តហោះមួយគ្រឿង​របស់​កងទ័ពអាល់ហ្សេរី​បានរងគ្រោះថ្នាក់ធ្លាក់​នៅ​ក្បែរ​ទីក្រុង​ Alger នៅថ្ងៃទី​១១​មេសា​២០១៨​ REUTERS/Ramzi Boudina
ផ្សាយពាណិជ្ជកម្ម

អ្នកថត​រូប​ម្នាក់​របស់​ទីភា្នក់ងារព័ត៌មាន​បារាំង AFP ដែល​ស្ថិត​នៅ​​​លើ​កន្លែង​គ្រោះថ្នាក់​ផ្ទាល់​​ បានរៀបរាប់ប្រាប់​​ថា គេ​ឃើញ​បំណែក​យន្តហោះ​ ដែល ​ឆាបឆេះ​ភ្លើងនោះ​ បាន​ឆេះខ្លោ​​ច​ឡើង​​ខ្មៅ​​ ​នៅ​ក្នុង​តំបន់មួយ​ដែលគ្មាន​មនុស្សរស់នៅនិងក៏​ជា​ទីវាល​មួយដែល​ស្ថិត​​នៅ​ចម្ងាយ​ប្រមាណ​តែ​ជាង ​១០០​​ម៉ែត្រ​ប៉ុណ្ណោះពីទី​​​ជញ្ជាំង​​នៃ​​​មូលដា្ឋន​​អាកាសចរណ៍​ Algérie។​

​អ្នកថតរូប​របស់ ​AFP ដដែលនេះ   បាន​​គូសបញ្ជាក់ប្រាប់​ដែរថា “​ឥឡូវ​នេះ ​អគ្គីភ័យ​ដែល​ឆាបឆេះ​យន្តហោះ​ស្ទើរតែទាំងស្រុងនោះ ត្រូវ​បាន​គេ​ពន្លត់​ចប់​សព្វគ្រប់អស់​ហើយ​ដែរ​”។ គេក៏​​ឃើញ​មានដែរ​​​វត្តមាននៃ​រថយន្ត​​កាម៉ីញ៉ុងរបស់​​ក្រុម​​អ្នក​​លត់ភ្លើង​ចំនួន ​រាប់​សិប​គ្រឿង​និង​រថយន្ត Ambulances​ រាប់រយ​​គ្រឿង​​ផ្សេង​​ទៀត មានវត្តមាន​​នៅ​ពាសពេញ​ទីនោះ​ដែរ​។ ​ទន្ទឹមនេះ ​កងកម្លាំង​សន្តិសុខ​អាល់ហ្សេរី​ បានធ្វើការឡោមព័ទ្ធ​នៅ​ទីកន្លែង​យន្តហោះធ្លាក់​នោះ​ដែរ ដើម្បី រារាំង​​កុំ​អោយ ​មាន​​អ្នក​កាសែត​ឬ​ក៏ប្រជាជន​ណា​មួយ ​អាច​ចូល​ទៅ​ជិតបាន​​។

ចំណែក​​ក្រសួង​ការពារ​ជាតិ​អាល់ហ្សេរីវិញ ក៏​បានជូនដំណឹង​ពីតួលេខ​​នៃ​ចំនួន​​ជន​រងគ្រោះ​​ស្លាប់នៅ​ក្នុងការ​ធ្លាក់យន្តហោះយោធានេះ គឺ​​មាន​​មនុស្ស​ស្លាប់ ​ចំនួន ​២៥៧ ​នាក់ ​ដែលភាគច្រើន​គឺ​ជាកងយោធា​និង​សមាជិក​នៃ​​ក្រុម​គ្រួសារ​របស់​ពួក​គេ​។

នៅ​ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំងនោះ គឺ​​សមាជិក​​យន្តហោះ​ មានចំនួន ​១០​នាក់ ហើយ ២៤៧​នាក់ផ្សេង​ទៀត​ គឺ​ជាអ្នកដំណើរ​​​ដែល​​​ក្នុង​ចំណោម​នោះ ភាគច្រើន​ ជាបុគ្គលិក របស់​​​កងទ័ព​​ប្រជាមានិតជាតិ​​អាល់ហ្សេរី ក៏ព្រមទាំង​សមាជិក​​នៃ​ក្រុមគ្រួសាររបស់ពួកគ។

យោងតាម​​ក្រសួងការពារជាតិអាល់ហ្សេរី លោកឧត្តមសេនីយ​ Ahmed Gaï ​ដែលជា​អនុ​រដ្ឋមន្ត្រី​​ក្រសួងការពារជាតិ​និងក៏​ជា​​នាយសេនាធិការដ្ឋាន​នៃ​កងទ័ព​ប្រជាមានិត​ជាតិ​អាល់ហ្សេរី​​ ​ក៏​មាន​វត្តមាន​នៅលើ​​​​​កន្លែង​​គ្រោះថ្នាក់​ធ្លាក់​យន្តហោះនោះ​ដែរ ​ដោយ​លោក​​​បាន​​​បញ្ជា​ ​អោយ​រៀបចំ​បង្កើត​​​គណៈកម្មាការ​ស៊ើបអង្កេតមួយ​ជា​បន្ទាន់ ដើម្បី​​ធ្វើការ​​កំណត់​​អោយ​បាន​ច្បាស់លាស់ ​ពី​​កាលៈទេសៈ​នៃ​​គ្រោះថ្នាក់​ធ្លាក់​​យន្តហោះ​របស់​កងទ័ព​អាល់ហ្សេរី​នេះ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ