អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បាន​ជា​បក្ស​កាន់អំណាច​ជំរុញ​ឲ្យ​ប្រធានាធិបតី​ហ្ស៊ូម៉ា​លាលែង​ពី​មុខតំណែង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក​យ៉ាកុប ហ្ស៊ូម៉ា នៅ​ថ្ងៃ​អង្គារ​នេះ ត្រូវ​បាន​គណបក្ស​របស់​លោក ខ្លួនឯង ទាមទារ​ឲ្យ​ចុះចេញ​ពី​តំណែង ដោយសារ​តែ​ការជាប់សង្ស័យ ប្រព្រឹត្ត​អំពើពុករលួយ។ ការសម្រេចនេះ​បាន​ធ្វើឡើង នៅក្រោយ​កិច្ចប្រជុំ​ផ្ទៃក្នុង​រយៈពេល ១៣​ម៉ោង របស់​បក្ស​សមាជ​ជាតិ​អាហ្រ្វិក កាលពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ។ រហូតមកដល់​ម៉ោងនេះ លោក​យ៉ាកុប ហ្ស៊ូម៉ា ដែល​ត្រូវ​អស់​អាណត្តិ​ប្រធានាធិបតី ដល់​ទៅ​ពាក់កណ្តាល​ឆ្នាំ ២០១៩ នៅ​ស្ងៀម មិនទាន់​ផ្តល់​ចម្លើយ​ថា នឹង​ចុះចេញពី​តំណែង តាមការទាមទារ​របស់​គណបក្ស​របស់លោក នៅឡើយ។

ប្រធានាធិបតី​យ៉ាកុប ហ្ស៊ូម៉ា នៅខែ​ធ្នូ នៅក្នុង​ពេល​បោះឆ្នោត​ជ្រើសរើស​ប្រធាន​បក្ស​សមាជ​ជាតិ​អាហ្វ្រិក ដែល​ជា​បក្ស​កាន់អំណាច​នៅ​អាហ្វ្រិក​ខាងត្បូង តាំង​ពី​ឆ្នាំ ១៩៩៤
ប្រធានាធិបតី​យ៉ាកុប ហ្ស៊ូម៉ា នៅខែ​ធ្នូ នៅក្នុង​ពេល​បោះឆ្នោត​ជ្រើសរើស​ប្រធាន​បក្ស​សមាជ​ជាតិ​អាហ្វ្រិក ដែល​ជា​បក្ស​កាន់អំណាច​នៅ​អាហ្វ្រិក​ខាងត្បូង តាំង​ពី​ឆ្នាំ ១៩៩៤ ©REUTERS/Siphiwe Sibeko/
ផ្សាយពាណិជ្ជកម្ម

គណបក្ស​សមាជ​ជាតិ​អាហ្វ្រិក ដែល​ជា​គណបក្ស​កាន់អំណាច​នៅអាហ្វ្រិក​ខាងត្បូង បានបើក​ប្រជុំ​បន្ទាន់ នៅ​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ ហើយ​នៅទីបំផុត​ក៏​បាន​សម្រេច​ទាមទារ​ឲ្យ​លោក​យ៉ាកុប ហ្ស៊ូម៉ា ចុះចេញ​ពី​តំណែង​ប្រធានាធិបតី​អាហ្រ្វិក​ខាងត្បូង។

មុន​នឹង​សម្រេចចិត្ត​ទាមទារ​ឲ្យ​លោក​យ៉ាកុប ហ្ស៊ូម៉ា លាលែង​ចេញពី​តំណែង​នៅថ្ងៃ នេះ គណបក្ស​កាន់អំណាច អាហ្វ្រិក​ខាងត្បូង បាន​បើក​ការពិភាក្សា ចរចា អស់​ជាច្រើនថ្ងៃ ព្រោះថា លោកយ៉ាកុប ហ្ស៊ូម៉ា ធ្លាប់​ជា​វីរជន មួយរូប ដែល​បាន​ចូលរួម​តស៊ូ​ជាមួយ​លោក​នែលសុន មិនដេឡា ដើម្បី​ឯករាជ្យភាព និង​សិទ្ធិសេរីភាព​របស់​ប្រជាជន​អាហ្រ្វិក​ខាងត្បូង រួម​ទាំង​ការចូលរួម​បង្កើត​បក្ស​សមាជជាតិ​អាហ្វ្រិក​នេះផង។

រងការចោទប្រកាន់​ប្រព្រឹត្ត​អំពើពុករលួយ ចំនួន ៧៨០​ករណី

ប៉ុន្តែ ការចោទប្រកាន់ ទៅលើ​លោក​យ៉ាកុប ហ្ស៊ូម៉ា ក្នុង​រឿង​ប្រព្រឹត្ត​អំពើពុករលួយ មាន​កាន់តែ​ច្រើនៗ រហូត​ធ្វើ​ឲ្យ​បក្ស​ត្រូវ​តែ​សម្រេចចិត្ត ដើរចែក​ផ្លូវ ជាមួយ​លោក​យ៉ាកុប ហ្ស៊ូម៉ា។ លោកយ៉ាកុប ហ្ស៊ូម៉ា ជាប់វាក់វិន​នឹងរឿងពុករលួយ ទទួល​សំណូកសូក​ប៉ាន់ តាំង​តែ​ពីមុន​លោក​ឈ្នះឆ្នោត ក្លាយ​ជា​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង នៅ​ឆ្នាំ ២០០៩​ម្ល៉េះ។ ប៉ុន្តែ កាលណោះ ការចោទប្រកាន់​ទៅលើ​លោក​ទាំងប៉ុន្មាន ត្រូវ​បាន​គេ​លុប បំភ្លេចចោល នៅ​បន្ទាប់​ពី​លោក​ត្រូវ​បានសភា ជ្រើសតាំង​ជា​ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង។

នៅពេល​ចូល​កាន់អំណាច​ជា​ប្រធានាធិបតី លោក​យ៉ាកុប ហ្ស៊ូម៉ា នៅ បន្ត​រង​ការចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​ទៀត។ គណបក្ស​ប្រឆាំង​បាន​ចោទ​លោក​យ៉ាកុប ហ្ស៊ូម៉ា ថា បាន​យក​ថវិការដ្ឋ ទៅ​ចាយ​សម្រាប់​សង់ផ្ទះ ផ្ទាល់ខ្លួន របស់លោក។ នៅ​ឆ្នាំ ២០១៦ ទៅតាម​ការប្តឹងផ្តល់​របស់​បក្ស​ប្រឆាំង តុលាការ​ធម្មនុញ្ញ​អាហ្វ្រិក​ខាងត្បូង​បាន​សម្រេច ពិន័យ​ឲ្យ​លោកប្រធានាធិបតី យ៉ាកុប ហ្ស៊ូម៉ា​ត្រូវ​តែ​សងមកវិញ កេសលុយ​រដ្ឋ ជិត ៥សែន​ដុល្លារ។

សូមអាន៖តុលាការធម្មនុញ្ញ​អាហ្វ្រិក​ខាងត្បូង ​តម្រូវឲ្យ​ប្រធានាធិបតី​សងប្រាក់​រដ្ឋ​ថ្លៃ​កសាង​ផ្ទះ

នៅ​ឆ្នាំ២០១៧ រដ្ឋអាជ្ញា​ប្រមូល​សំណុំរឿង​ប្តឹងផ្តល់ លោក​យ៉ាកុប ហ្ស៊ូម៉ា ពីរឿង​ពុករលួយ ដល់​ទៅ ៧៨០​ករណី។ រឿង​អាស្រូវ​ចុងក្រោយ ដែល​ធ្វើ​ឲ្យ​លោក​យ៉ាកុប ហ្ស៊ូម៉ា បាក់មុខ ខ្លាំង គឺសំណុំរឿង​សូកប៉ាន់​របស់​សេដ្ឋី​ឥណ្ឌា​ម្នាក់ ដែល​បាន​មតិ​មហាជន​អាហ្វ្រិក​ខាងត្បូង​ចោទថា បាន​ជះលុយ ទៅលើ​ប្រធានាធិបតី​ដើម្បី កេងប្រើ​ឥទ្ធិពល​ប្រធានាធិបតីសម្រាប់​ប្រយោជន៍​ជំនួញ​របស់ខ្លួន នៅ​អាហ្វ្រិកខាងត្បូង។ ការលូកដៃ កាន់តែ​ខ្លាំង​របស់​មហាសេដ្ឋី​ឥណ្ឌា រហូត​ដល់​ថ្នាក់ចាត់ចែង ឲ្យ​មាន​ការតែងតាំង​រដ្ឋមន្រ្តី​តាមចិត្ត​របស់ខ្លួន នៅក្នុង​ជួ​រដ្ឋាភិបាល​របស់លោក​យ៉ាកុប ហ្ស៊ូម៉ា បានធ្វើ​ឲ្យ​បក្ស​របស់​លោក​យ៉ាកុប ហ្ស៊ូម៉ា គ្មានវាចា​អ្វី​ថ្លែង គឺ​មាន​តែ​សម្រេច​ទាមទារ​ឲ្យ​លោក​យ៉ាកុប ហ្ស៊ូម៉ា លាលែង​ចេញពីមុខ​តំណែង ដើម្បី កិត្តិយស​របស់​បក្សកាន់អំណាច។

ដង្កូវ​ចេញពី សាច់ឯង

ទោះ​ជាដឹងថា លោក​យ៉ាកុប ហ្ស៊ូម៉ា ធ្លាប់ប្រឡាក់ប្រឡូស​នឹង​រឿងអាស្រូវ​ពុករលួយ ប៉ុន្តែ គណបក្ស​កាន់អំណាច​បាន​បិទភ្នែក បិទត្រចៀក ដោយ​សម្រេចរើស​យក​លោក​យ៉ាកុប ហ្ស៊ូម៉ា​ឲ្យធ្វើ​ជា​ប្រធានាធិបតី កាលពី​ឆ្នាំ ២០០៩។ គណបក្ស​សង្ឃឹមថា លោក​យ៉ាកុប ហ្ស៊ូម៉ា នឹង​ជួយ​ដឹកនាំ​ប្រទេស​ឲ្យ​កាន់តែ​ចំរុងចំរើន និង​ជួយ​ប្រជាជន​អាហ្រ្វិកខាងត្បូង ឲ្យ​មានជីវភាព​ល្អប្រសើរ។ កន្លងមក លោក​យ៉ាកុប ហ្ស៊ូម៉ា ល្បីឈ្មោះ ខាង​ចេញមុខ​ការពារ​ផលប្រយោជន៍​របស់ប្រជាជន​ស្បែកខ្មៅ ពី​ការរំលោភ​របស់​ប្រជាជន​អាហ្វ្រិកខាងត្បូង ស្បែកស។ ប៉ុន្តែ នៅក្នុង​អាណត្តិ​ដឹកនាំ​ជិត​២​អាណត្តិ​របស់លោក​យ៉ាកុប ហ្ស៊ូម៉ា គណបក្ស​សមាជជាតិ​អាហ្រ្វិក បាន​បាត់បង់​សំឡេង​គាំទ្រ ខ្លាំង​មិនធ្លាប់​មាន ចាប់តាំង​ពី​បក្ស​របស់​លោក​នែលសុន មេនដេឡា ចូលដឹកនាំ ប្រទេស នៅ​ឆ្នាំ ១៩៩៤។ នៅ​ឆ្នាំ ២០១៦ គណបក្ស​ទទួល​ជ័យជំនះ​ដោយ​ប្រផិតប្រផើយ នៅក្នុង​ការបោះឆ្នោត​មូលដ្ឋាន ដែល​មិនធ្លាប់​មានទេ ពីមុនមក។

លោកស៊ីរីល រ៉ាម៉ាហ្វូហ្សា ស្តាំអនុប្រធានាធិបតីអាហ្វ្រិក​ខាងត្បូង ​ទើប​បាន​ឈ្នះឆ្នោត​ក្លាយ​ជា​ប្រធានបក្ស​កាន់អំណាច។ តំណែង​នឹង​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​ប្រធានាធិបតី នៅបន្ទាប់​ពី​លោក​ហ្ស៊ូម៉ា
លោកស៊ីរីល រ៉ាម៉ាហ្វូហ្សា ស្តាំអនុប្រធានាធិបតីអាហ្វ្រិក​ខាងត្បូង ​ទើប​បាន​ឈ្នះឆ្នោត​ក្លាយ​ជា​ប្រធានបក្ស​កាន់អំណាច។ តំណែង​នឹង​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​ប្រធានាធិបតី នៅបន្ទាប់​ពី​លោក​ហ្ស៊ូម៉ា REUTERS/Siphiwe Sibeko/File Photo

មានកត្តាមួយទៀត ដែល​ធ្វើ​ឲ្យ​បក្ស​សម្រេចថា លោក​យ៉ាកុប ហ្ស៊ូម៉ាត្រូវតែ​ដើរចេញ​ពីអំណាច​នៅពេលនេះ។ នោះ គឺ​ការចេញមុខ ចេញមាត់ និយាយ​ធានា​របស់​អនុប្រធានាធិបតី លោក​ស៊ីរីល រ៉ាម៉ាហ្វូហ្សា ដែល​ទើប​បាន​ឈ្នះឆ្នោត ក្លាយ​ជា​ប្រធានបក្ស បន្ត​ពី​លោកយ៉ាកុប ហ្ស៊ូម៉ា។ អាច​ថា គូប្រជែង គូសត្រូវ ដែល​ធ្វើ​លោក​ប្រធានាធិបតី​ហ្ស៊ូម៉ា ត្រូវ​លាលែង​ពីតំណែង​នៅពេលនេះ តាមពិត​គឺ​ជា​អនុប្រធានាធិបតី ខ្លួន​ឯង​ទៅវិញទេ។ នៅពេល​លោក​ហ្ស៊ូម៉ា លាលែង​ចេញពី​តំណែង លោក​ស៊ីរីល រ៉ាម៉ាហ្វូហ្សា នឹង​ក្លាយ​ជា​ប្រធានាធិបតី បណ្តោះអាសន្ន រហូត​ដល់​ចប់អាណត្តិ និង​រហូតដល់​ថ្ងៃ​បោះឆ្នោត សភា នៅ​ឆ្នាំក្រោយ។ នៅក្នុង​ពេល​កាន់តំណែង ជំនួស លោក​ហ្ស៊ូម៉ា លោក​ស៊ីរីល​មានពេលវេលា​មួយឆ្នាំ ដើម្បី​ប្រមូល​សំឡេង​គាំទ្រ ដើម្បី ធ្វើ​ឲ្យ​បក្ស​ឈ្នះឆ្នោត សភា នៅ​ឆ្នាំ ក្រោយ។ បើ​បក្ស​សមាជជាតិ​អាហ្រ្វិក​ឈ្នះ នោះ​លោក​ស៊ីរីល​នឹង​សង្ឃឹម​អាច​ជ្រើសតាំង​ជា​ប្រធានាធិបតី អាហ្វ្រិក​ខាងត្បូង​ដោយ​ពេញមុខ​តែម្តង។

ឈាមស្រែក ស្បែកហៅ

គណបក្ស​កាន់អំណាច​បាន​ទុក​ពេល ៤៨​ម៉ោង ឲ្យ​លោក​យ៉ាកុប ហ្ស៊ូម៉ា ប្រកាស​លាលែង​​ចេញពី​មុខតំណែង​ប្រធានាធិបតី។ ធ្វើដូច្នេះ គឺ​ដើម្បី រក្សា​មុខមាត់​របស់​លោកផ្ទាល់ និង​របស់​បក្ស​ផ្ទាល់ ដើម្បី​កុំ​ឲ្យ​ប្រជាជន​ថ្កោលទោស ថា បាន​ជ្រើសតាំង​មនុស្ស​ពុករលួយ​ឲ្យ ដឹកនាំ​ប្រទេស ជិត ៨​ឆ្នាំ។ ប៉ុន្តែ តាំង​ពី​យប់​ថ្ងៃ​ចន្ទ លោក​យ៉ាកុប ហ្ស៊ូម៉ា មិន​បាន​ផ្តល់​ចម្លើយ​អ្វី​ជា​ផ្លូវការ​ទេ។ បើសិន​លោក​ហ្ស៊ូម៉ា​មិនព្រម​លាលែង​តំណែង​​ដោយ​ខ្លួនឯង នោះ​គណបក្ស​គ្មាន​ជម្រើសអ្វី​ក្រៅតែ​ពី​កោះប្រជុំ​សភា ដើម្បី​បោះឆ្នោត ដកសេចក្តីទុកចិត្ត ឬ​ទម្លាក់​លោក​ហ្ស៊ូម៉ា ចេញពី​តំណែង​ប្រធានាធិបតី​តែម្តង។ ជម្រើស​ទី​២​នេះ​នឹង​ធ្វើ​ឲ្យ​ហ្ស៊ូម៉ា​បាត់បង់​ផលប្រយោជន៍ ពីបក្ស ដូចជា​ការគោរព កិត្តិយស​ក្នុង​នាមជាអតីត​ប្រធានាធិបតី។

តាម​កាសែត ក្នុង​ស្រុក​អាហ្វ្រិកខាងត្បូង លោក​ហ្ស៊ូម៉ា​បាន​តវ៉ា ទាមទារ​ឲ្យ​គេ​ទុកពេល​ឲ្យ​លោក​៣ខែ​បន្តទៀត ដើម្បី ឲ្យ​លោក​មាន​ពេល ណែនាំ ជាផ្លូវការ អនុប្រធានាធិបតី ទៅដៃគូ​បរទេស។ គេ​មិនដឹងថា តើ​នេះ​ចេតនា​ពិតប្រាកដ​របស់លោក​ហ្ស៊ូម៉ា ឬ​ក៏​ដើម្បី គ្រាន់​តែ​ចង់​ចំណេញ ពេល ដើម្បី ចរចា​តថ្លៃ ជោគវាសនា​របស់លោក​នៅ​តុលាការ។

រដ្ឋអាជ្ញា​អាហ្រ្វិក​ខាងត្បូង ដែល​បាន​ស៊ើបអង្កេត​លើ​សំណុំរឿង​ពុករលួយ រាប់រយ​ករណី​របស់​លោក​ប្រធានាធិបតី​ហ្ស៊ូម៉ា បាន​សំលាងដៃ​រួច​ហើយ ចាំ​បកស្បែក លោក​ហ្ស៊ូម៉ា គឺ​គេ​រង់ចាំ​តែ​លោក​អស់​អភ័យ​ឯកសិទ្ធ ជា​ប្រធានាធិបតី​តែប៉ុណ្ណោះ។ ឈាមស្រែក ស្បែកហៅ។ ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី អាហ្វ្រិកខាងត្បូង នៅ​ឆ្នាំ ២០០៩ លោក​យ៉ាកុប ហ្ស៊ូម៉ា នេះ​តាមពិត​ធ្លាប់​ជាអ្នក​ទាមទារ​ឲ្យ​បក្ស ដកសេចក្តី​ទុកចិត្ត ទៅ​លើ​អតីត​ប្រធានាធិបតី​អាហ្វ្រិក លោកThabo Mbeki ដែល​កាលណោះ​ត្រូវ​គេ​ចោទថា បាន​រំលោភអំណាច​ប្រធានាធិបតី។ នៅ​មួយឆ្នាំ មុន​កា្លយ​ជា​ប្រធានាធិបតី នៅឆ្នាំ ២០០៩ លោក​ហ្ស៊ូម៉ា ដែល​ធ្វើ​ជា​អនុប្រធានាធិបតី នៅ​ឆ្នាំ ២០០៩ បាន​ជំរុញ​ឲ្យ​បក្ស​សម្រេច​ទាមទារ​ឲ្យ​ប្រធានាធិបតី Thabo Mbeki លាលែង​ចេញ​ពី​តំណែង​នៅមុន​ចប់​អាណត្តិ ដូច ដែល​អនុប្រធានាធិបតី ស៊ីរីល កំពុង​ធ្វើ​ទៅលើ​លោក នៅលើក​នេះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ