អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បោះឆ្នោត​​ប្រធានាធិបតី​នៅ​អេហ្ស៊ីប៖​ភាព​តានតឹង​កំពុង​ឡើង​ដល់​កំពូល​នៅ​ក្នុង​ស្ថាប័ន​កងទ័ព

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នឹង​ត្រូវ​រៀបចំ​នៅ​ខែ​មីនា​ខាង​មុខ។ បេក្ខជន​ដែល​បាន​ឈរ​ឈ្មោះ​មាន​ច្រើន មាន​ទាំង​ស៊ីវិល និង​យោធា រួម​ទាំង​លោក​ឧត្តមសេនីយ​អាល់ ស៊ីស៊ី​ដែល​កំពុង​កាន់​អំណាច​សព្វ​ថ្ងៃ​ទៀត​ផង។ លោក​អាល់ស៊ីស៊ី​ដែល​ជា​បេក្ខជន​កំពុង​នាំ​មុខ​គេ និង​អាច​ជាប់ឆ្នោត​មួយ​អាណត្តិ​ថ្មី​ទៀត​ផង។ តែ​អ្វី​ដែល​គេ​បាន​សម្គាល់​ឃើញ​នា​រយៈពេល​ចុង​ក្រោយ​នេះ គឺ​ភាព​ផុយស្រួយ​របស់​លោក​អាល់ស៊ីស៊ី និង​ការ​ប្រជែង​ដណ្តើម​អំណាច​គ្នា​នៅ​ក្នុង​ស្ថាប័ន​កងទ័ព។

រូបថត​លោក​ប្រធានាធិបតី​អេហ្ស៊ីប​ អាល់ស៊ីស៊ី​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​ក្នុង​ខែ​មីនា ឆ្នាំ ២០១៨
រូបថត​លោក​ប្រធានាធិបតី​អេហ្ស៊ីប​ អាល់ស៊ីស៊ី​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​ក្នុង​ខែ​មីនា ឆ្នាំ ២០១៨ REUTERS/Amr Abdallah Dalsh
ផ្សាយពាណិជ្ជកម្ម

បើ​គ្មាន​ឧបសគ្គ​អ្វី​រារាំង​ទេ លោក​អាល់ស៊ីស៊ី​នឹង​ក្លាយ​ជា​ប្រធានាធិបតី​អេហ្ស៊ីប​សម្រាប់​អាណត្តិ​ថ្មី​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នា​ខែ​មីនា​ខាង​មុខ។ គួរ​រម្លឹក​ជូន​ឡើង​វិញ​បន្តិច​ថា មុន​នឹង​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៤ ដោយ​ទទួល​បាន​សម្លេង​គាំទ្រ​ដល់​ទៅ ៩៧% លោក​អាល់ស៊ីស៊ី​ជា​ឧត្តមសេនីយ និង​ជា​មេ​រដ្ឋប្រហារ​ទម្លាក់​លោក​ប្រធានាធិបតី​ជាប់ឆ្នោត​ម័រស៊ី​ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៣។ ប៉ុន្មាន​សប្តាហ៍​ក្រោយ​ទម្លាក់​លោក​ម័រស៊ី គឺ​ឧត្តមសេនីយ​អាល់ស៊ីស៊ី​រូប​នេះ​ឯង​ដែល​បាន​បញ្ជា​ឲ្យ​វាយបង្រ្កាប​លើ​ក្រុមសកម្មជន​អ្នកគាំទ្រ​លោក​ម័រស៊ី​ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​បាត់ខ្លួន​ជា​ច្រើន​រយនាក់ រួម​ទាំង​ចាប់​ញាត់​គុក​ជា​ច្រើន​រយនាក់​ផ្សេង​ទៀត។

ក្នុង​រយៈពេល ៤ឆ្នាំ​នៃ​ការ​កាន់​អំណាច​ផ្តាច់ការ លោក​អាល់ស៊ីស៊ី​បាន​ពង្រឹង​ស្ថានប័ន​កងទ័ព និង​បាន​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​បិទ​មាត់​អ្នកប្រឆាំង។ អ៊ីចឹង​ហើយ​បាន​ជា​ក្រុម​អ្នកវិភាគ​មិន​ញញើត​នឹង​អះអាង​ថា ការ​ប្រគល់​អណត្តិ​ថ្មី​ឲ្យ​លោក​អាល់ស៊ីស៊ី​នា​ពេល​ខាង​មុខ មិន​ខុស​អ្វី​ពី​ការ​បន្ត​របប​ផ្តាច់ការ និង​ការ​គំរាមកំហែង​ទេ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី អ្វីៗ​វា​អាស្រ័យ​ទាំងស្រុង​លើ​ឆន្ទៈ និង​ជម្រើស​របស់​ពលរដ្ឋ​អេហ្ស៊ីប​ដែល​បាន​ស្គាល់​របប​ដឹកនាំ​ដោយ​ពួក​យោធា​ច្រើន​ជាង​របប​ដឹកនាំ​ដោយ​ពួក​ស៊ីវិល។ កំណត់​សម្គាល់​មួយ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អេហ្ស៊ីប​លើក​នេះ គឺ​វត្តមាន​បេក្ខជន​ចេញ​មក​ពី​ប្រភព​យោធា​តែ​មួយ ក្រៅ​ពី​លោក​អាល់ស៊ីស៊ី។

នេះ​ពិត​ជា​ចម្លែក​បន្តិច​ដែល​នៅ​ក្នុង​របបសឹក​តែ​មួយ បែរ​ជា​មាន​បេក្ខជន​ឈរ​ឈ្មោះ​ជា​ឧត្តមសេនីយ​ច្រើន​រូប​ចូល​ប្រជែង​គ្នា​ទៅ​វិញ ព្រោះ​តាម​ធម្មតា ពួក​គេ​គួរ​តែ​នាំ​គ្នា​គាំទ្រ​បេក្ខជន​អាល់ស៊ីស៊ី​ដែល​ជា​ចៅហ្វាយ​របស់​ពួក​គេ។ តែ​ជាមួយ​នឹង​បទពិសោធន៍​ដែល​ធ្លាប់​អនុវត្តន៍​កន្លង​មក លោក​អាល់ស៊ីស៊ី​មិន​បាន​ទុក​បណ្តោយ​ឲ្យ​ដង្កូវ​ក្នុង​សាច់ឯង​មួយ​បន្ត​រីកធំធាត់​យូរ​ឡើយ។ ពី​ថ្នាក់​ឧត្តមសេនីយ​ដល់​ថ្នាក់​វរសេនីយ៍ឯក​ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ប្រជែង​នឹង​លោក​អាល់ស៊ីស៊ី ត្រូវ​បាន​លោក​អាល់ស៊ីស៊ី​ផ្តើម​ចាប់​ខ្លួន​ជម្រះបញ្ជី​ម្តង​មួយៗ។ ជាក់ស្តែង​លោក​ឧត្តមសេនីយ​សាមី អាណាន់​ដែល​ធ្លាប់​ធ្វើ​ជា​មេបញ្ជាការ​កងទ័ព​ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០១២ និង​ក៏​ជា​មន្រ្តីយោធា​ម្នាក់​ដែល​បាន​ជួយ​លោក​អាល់ស៊ីស៊ី​ឲ្យ​ចូល​ជា​សមាជិក​ក្រុមប្រឹក្សាជាន់ខ្ពស់​កងទ័ព ក្រោយ​ការ​ធ្លាក់​ពី​អំណាច​របស់​លោក​ហូស្ន៊ី មូបារ៉ាក់​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១២។

ក្រៅ​ពី​ការ​ចាប់​ខ្លួន នៅ​មាន​អ្នក​ដែល​ត្រូវ​បាន​គេ​លួច​ធ្វើ​ឃាត ហើយ​អ្នក​ដែល​នៅ​សេសសល់​ក៏​ហាក់​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បោះបង់​ចោល​បេក្ខភាព​របស់​ខ្លួន​ដើម្បី​សំងំ​សុខ​ឡើយ។ ចំណែក​អ្នក​ដែល​ស្ថិត​ក្នុង​ក្រសែភ្នែក​សង្ស័យ​របស់​លោក​អាល់ស៊ីស៊ី​ក៏​ត្រូវ​បាន​លោក​អាល់ស៊ីស៊ី​ដក​ចេញ​ពី​អំណាច ដូច​ករណី​លោក​ឧត្តមសេនីយ​ហ៊ីហ្កាហ្ស៊ី​ដែល​បាន​កាន់​តំណែង​មេបញ្ជាការ​កងទ័ព​តាំង​ពី​ខែ​មីនា ឆ្នាំ ២០១៤។ ការ​ដក​តំណែង​លោក​ហ៊ីហ្កាហ្ស៊ី​នេះ​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់។ ភ្ញាក់ផ្អើល​នៅ​ត្រង់​ថា ក្រៅ​ពី​ជា​មិត្តដិត​នៅ​ក្នុង​អាជីព​ជា​ទាហាន​តាំង​ពី​យូរ​លង់​មក​ហើយ លោក​អាល់ស៊ីស៊ី និង​លោក​ហ៊ីហ្កាហ្ស៊ី​ក៏​ជា​ដន្លង​នឹង​គ្នា​ដែរ។ ចុង​ក្រោយ គឺ​ការ​ដក​តំណែង​ប្រមុខ​ស៊ើបការណ៍សម្ងាត់​ឧត្តមសេនីយ​ហ្វាហ្ស៊ី​ដែល​ជា​មនុស្សជំនិត​ម្នាក់​ទៀត​របស់​លោក​អាល់ស៊ីស៊ី។

តំណែង​ប្រមុខ​ស៊ើបការណ៍សម្ងាត់​ដ៏​សំខាន់​មួយ​នេះ​កំពុង​នៅ​ទំនេរ និង​មាន​ព័ត៌មាន​ធ្លាយ​ថា លោក​អាល់ស៊ីស៊ី​បាន​ត្រៀម​ប្រគល់​ទៅ​ឲ្យ​លោក​ម៉ាមូដ អាល់ស៊ីស៊ី​ដែល​ជា​កូនប្រុស​ទី២ របស់​លោក។ រហូត​មក​ដល់​ពេល​នេះ លោក​អាល់ស៊ីស៊ី​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា ការ​ដែល​លោក​បាន​ផ្តើម​រុះរើ ដោះដូរ​ថ្នាក់ដឹកនាំ​ក្នុង​ស្ថាប័ន​កងទ័ព​ពេល​នេះ គឺ​ដើម្បី​ពង្រឹង​ស្ថាប័ន​មួយ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ពួក​ជីហាត​នៅ​ក្នុង​តំបន់​ស៊ីណៃ ក៏​ដូច​ពួក​ជ្រុលនិយម​ផ្ទែក្នុង។ តែ​ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​ថា ចំណាត់ការ​នៅ​ក្នុង​បរិបទ​នៃ​ការ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ពិត​ជា​មាន​ឆន្ទៈ​ក្នុង​ការ​កំចាត់​គូប្រជែង​ដើម្បី​ប្រយោជន៍​អំណាច​ផ្ទាល់ខ្លួន។

ខណៈ​នេះ ស្ថាប័ន​កងទ័ព​កំពុង​ផុយស្រួយ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​រូប​លោក​អាល់ស៊ីស៊ី​ខ្លួន​ឯង​ក៏​ជួប​គ្រោះថ្នាក់​ដែរ។ អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ គឺ​រដ្ឋប្រហារ​កំចាត់​គ្នា​ឯង​នៅ​ផ្ទៃក្នុង​កងទ័ព​ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​នៅ​អេហ្ស៊ីប​វិល​ទៅ​រក​ភាព​ច្របូកច្របល់​ជា​ថ្មី​ដូច​ក្នុង​សម័យ​បដិវត្តន៍​អារ៉ាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ