rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

លីបេរីយ៉ា បោះឆ្នោត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អតីត​​តារា​បាល់ទាត់​​ George Weah​ ជាប់ឆ្នោត​​ជា​​ប្រធានាធិបតី​​លីបេរីយ៉ា​

media
ប្រធានាធិបតី​ជាប់ឆ្នោត​​លីបេរីយ៉ា លោក ​George Weah REUTERS/Thierry Gouegnon

ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ជុំទី២ ប្រជាជន​លីបេរីយ៉ា​បាន​ជ្រើសរើស​លោក George Weah ដែល​ជា​អតីត​តារា​បាល់ទាត់​ឆ្នើម​ អោយ​លោក​ធ្វើជា​ប្រធានាធិបតី​។ លោក​ George Weahទទួលបាន​​សម្លេង​គាំទ្រ​ ​៦១,៥ភាគរយ។ គូប្រជែង​របស់​លោក គឺលោក​ Joseph Boakai ជា​​អនុប្រធានាធិបតី​ផុតអាណត្តិទទួល​បានសម្លេង​ឆ្នោត​៣៨,៥​ភាគរយ។ George Weah នឹង​ស្បថ​ចូល​កាន់​តំណែង​ នៅថ្ងៃ​២២មករា​ខាងមុខ។


ការបោះឆ្នោតប្រធានាធិបតី​ ​​ជុំទី២ នៅ​លីបេរីយ៉ា ​បាន​ប្រព្រឹត្តទៅ​កាលពីថ្ងៃ​អង្គារ​ដើមសប្តាហ៍ ដោយ​មានឈ្មោះ​​អ្នកបោះឆ្នោត​​ក្នុងបញ្ជី​ប្រហែល​​២លាន​១សែននាក់។​ ​​ក្រោយ​រាប់សន្លឹកឆ្នោត​ស្ទើរតែ​ទាំងស្រុង ​លទ្ធផល​ នៅ​យប់ថ្ងៃ​ព្រហស្បតិ៍​​ បង្ហាញ​ថា​ ​អតីត​តារា​បាល់ទាត់​ George Weah អាយុ​៥១ឆ្នាំ ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​​។ អ្នកចូលរួម​បោះឆ្នោត​ជុំទី២ មាន​៥៦​ភាគរយ ប្រៀបនឹង​ជុំទី១ កាលពី​ថ្ងៃ​១០តុលា ដែល​មាន​រហូត​ដល់​ជាង​៧៥ភាគរយ។

លោក​ ​George Weah ដែល​ជាប់ឆ្នោត​ជាប្រធានាធិបតី​​លីបេរីយ៉ា ​ពេលនេះ ត្រូវគេ​ស្គាល់​ថា ជា​អតីត​តារា​បាល់ទាត់​ដ៏ឆ្នើម ក្នុង​ទស្សវត្ស​ឆ្នាំ​១៩៩០។ លោក​ធ្លាប់​លេងអោយ​ក្លឹប​PSG- Milan AC និង​Monaco។ លោក​ Weah ​បាន​ជ្រើស​យក​​ពាក្យពេចន៍​​​​ “ផ្លាស់ប្តូរ​ដើម្បី​ក្តីសង្ឃឹម”​ ធ្វើ​ជា​ពាក្យស្លោក​ឃោសនា​​បោះឆ្នោត។ លោកបាន​ដណ្តើមជោគជ័យ​ក្នុង​តំបន់​ចំនួន​១៤ ក្នុង​ចំណោម​​​១៥តំបន់។ ​ថ្ងៃសុក្រ​ម្សិលមិញ លោក Joseph Boakai ​​ជា​អនុ​ប្រធានាធិបតី​ផុតអាណត្តិ ​អាយុ​៧៣ឆ្នាំ និង​ជា​គូប្រជែង​របស់​លោក ​Weah ​បាន​ទទួលស្គាល់បរាជ័យ។ ក្រោយ​ការបោះឆ្នោត​​ជុំទី១​ ខែ​តុលា ​លោក​ Joseph Boakai និង​បេក្ខជន​ផ្សេងៗ​ទៀតធ្លាប់​​តវ៉ា​លទ្ធផល​ រយៈពេល​ច្រើនសប្តាហ៍ឯណោះ​ ធ្វើអោយ​ការបោះឆ្នោត​ជុំទី២ ដែល​ត្រូវធ្វើ​នៅ​ថ្ងៃ​៧វិច្ឆិកា ត្រូវ​លើកមក​​ថ្ងៃ​២៦ធ្នូ​វិញ។ ​​

សហគមន៍​អន្តរជាតិ​បាន​ស្វាគមន៍​ការបោះឆ្នោត​ ដែល​ប្រព្រឹត្តទៅ​ក្នុង​បែប​សន្តិភាព។ ​យោងតាម​សារ័ត៌មាន​លីបេរីយ៉ា ប្រជាជន​បាន​បោះឆ្នោត​អោយ​អតីត​តារា​បាល់ទាត់​ George Weah ព្រោះ​ពួកគេ​ចង់​ផ្លាស់ប្តូរ​​របប​ដឺកនាំ​១២ឆ្នាំ​ របស់​អនុប្រធានាធិបតី​ និង​ប្រធានាធិបតី​ផុតអាណត្តិ។ ​ដោយឡែក លោក​ George Weahបាន​ទទួលការ​ជ្រោមជ្រែង​​​​​​ពីលោកស្រី​​​Jewel Taylor ត្រូវ​ជា​ភរិយា​​​អតីត​ប្រធានាធិបតី ឆាល ថៃឡរ Charles Taylor។ លោក​ថៃឡរ​ ​​ធ្លាប់​កាន់អំណាច​ពីឆ្នាំ​១៩៩៧ ដល់ឆ្នាំ​២០០៣។ ​លោក​ Taylor ត្រូវបាន​តុលាការ​អន្តរជាតិ​កាត់ទោស​​​​​អោយ​​ជាប់ពន្ធនាគារ៥០ឆ្នាំ​​ ​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្មប្រឆាំង​មនុស្សជាតិ ដែល​បានកើតឡើង​នៅ​សៀរ៉ាឡេអូន។ ប៉ុន្តែ ទាំង​ភរិយា​អតីត​ប្រធានាធិបតី​ Taylor ទាំង​អតីត​តារា​បាល់ទាត់​ George Weah សុទ្ធតែ​​ប្រាប់ថា មិនធ្វើការទាក់ទង​ជាមួយ​​​លោក​ Taylorទេ៕ ​​