អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អេហ្ស៊ីប៖​ស្វែង​យល់​ពី​ភេរវកម្ម​សម្លាប់​មនុស្ស​យ៉ាង​តិច ៣០៥នាក់​នៅ​វិហារអ៊ីស្លាម al-Rawda

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប វិហារ​អ៊ីស្លាម al-Rawda ស្ថិត​ប៉ែក​ខាងជើង​នៃ​តំបន់​ស៊ីណៃ​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៣០៥នាក់ និង​របួស ១២៨នាក់​នា​រសៀល​ថ្ងៃ​សុក្រ ទី២៤ វិច្ឆិកា។ រដ្ឋាភិបាល​អេហ្ស៊ីប​បាន​ប្រកាស​កាន់​ទុក្ខជាតិ​រយៈពេល ៣ថ្ងៃ​ដើម្បី​គោរពវិញ្ញាណក្ខន្ធ​ចំពោះ​ជនរងគ្រោះ ហើយ​លោក​ប្រធានាធិបតី​អេហ្ស៊ីប​អាល់ស៊ីស៊ី​បាន​សន្យា​សងសឹក​ចាស់ដៃ​លើ​ជន ឬ​ក្រុមដៃដល់។ សហគមន៍​អន្តរជាតិ​ទូទៅ​បាន​បញ្ចេញ​ប្រតិកម្ម​ថ្កោលទោស និង​ចាត់​ទុក​ជា​ភេរវកម្ម​ដ៏​កំសាក និង​ឆ្កួតលីលា។

លោក​ប្រធានាធិបតី​អេហ្ស៊ីប Abdel Fattah al-Sissi ថ្ងៃទី២៤ វិច្ឆិកា ២០១៧
លោក​ប្រធានាធិបតី​អេហ្ស៊ីប Abdel Fattah al-Sissi ថ្ងៃទី២៤ វិច្ឆិកា ២០១៧ EGYPT STATE TV/ via REUTERS
ផ្សាយពាណិជ្ជកម្ម

ជិត ២៤ម៉ោង​ក្រោយ​ភេរវកម្ម​នៅ​វិហារ​អ៊ីស្លាម al-Rawda នៅ​មិន​ទាន់​មាន​ជន ឬ​អង្គការ​ណា​មួយ​ចេញ​មុខ​ប្រកាស​សារភាព​ជា​ស្នាដៃ​របស់​ខ្លួន​នៅ​ឡើយ​ទេ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី អាជ្ញាធរ​អេហ្ស៊ីប​មិន​ញញើត​នឹង​ចាត់​ទុក​ជា​ស្នាដៃ​របស់​អង្គការ​ភេរវនិយម​ក្នុង​ស្រុក​ឈ្មោះ Ansar Beit el-Maqdis ដែល​ជា​ទូទៅ អង្គការ​ភេរវនិយម​ក្នុង​ស្រុក​មួយ​នេះ​មិន​ដែល​ចេញ​មុខ​ប្រកាស​សារភាព​ជា​ផ្លូវការ​ទេ។ សូម​ជម្រាប​ជូន​ថា នេះ​មិន​មែន​ជា​លើក​ទី១ ទេ​ដែល​អង្គការ​ភេរវនិយម​អេហ្ស៊ីប​មួយ​នេះ​បាន​បង្ក​ភេរវកម្ម​សម្លាប់​មនុស្ស ទោះ​បី​ជា​ក្រោម​ទ្រង់ទ្រាយ​តូច ឬ​ធំ​ក្តី។

អ៊ីចឹង​ហើយ​បាន​ជា​តំាង​ពី​យប់​ថ្ងៃ​សុក្រ​ឆ្លង​ចូល​ថ្ងៃ​សៅរិ៍ ទី២៥ វិច្ឆិកា​នេះ​មក ទ័ពអាកាស​អេហ្ស៊ីប​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​លើ​តំបន់​ប៉ែកខាង​ជើង​ស៊ីណៃ​ដែល​ជា​ជម្រក​របស់​ពួក Ansar Beit el-Maqdis។ អ្នក​នំាពាក្យ​ក្រសួង​ការពារជាតិ​អេហ្ស៊ីប​លោក Tamer el-Refaï បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរិ៍​នេះ​ថា ប្រតិបត្តិការ​វាយប្រហារ​នោះ​បាន​កម្ទេច​រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​ក្រុម​ភេរវជន​បាន​ប្រើ​សម្រាប់​វាយប្រហារ​លើ​វិហារ​អ៊ីស្លាម al-Rawda និង​សម្លាប់​បាន​ភេរវជន​ជា​ច្រើន​នាក់ ពិសេស​ជនដៃដល់​ដែល​បាន​ចូលរួម​វាយប្រហារ​លើ​វិហារ​អ៊ីស្លាម al-Rawda។

បន្ទាប់​មក និង​យោង​តាម​អ្នក​នំាពាក្យ​ក្រសួង​ការពារជាតិ​អេហ្ស៊ីប​ដដែល ប្រតិបត្តិការ​ផ្លូវអាកាស​របស់​ទ័ព​អេហ្ស៊ីប​ក៏​បាន​កម្ទេច​ជម្រក និង​ឃ្លាំង​ស្តុក​អាវុធ គ្រាប់រំសែវ​របស់​អង្គការ​ភេវរនិយម Ansar Beit el-Maqdis ជា​ច្រើន​កន្លែង​ដែរ។ សូម​ជម្រាប​ជូន​ថា ប្រតិបត្តិការ​ផ្លូវអាកាស​សងសឹង​ភ្លាមៗ​របស់​ទ័ពអេហ្ស៊ីប​បាន​ធ្វើ​ឡើង ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​លោក​ប្រធានាធិបតី​អេហ្ស៊ីប​អាល់ស៊ីស៊ី​បាន​ប្រកាស​សងសឹង​ចាស់ដៃ​លើ​ជនដៃដល់។

ហេតុអ្វី​បាន​ជា​វិហារ​អ៊ីស្លាម al-Rawda ជា​ផ្ទាំងស៊ីប​របស់​ពួក​ភេរវជន

តំបន់​ប៉ែកខាង​ជើង​ស៊ីណៃ​ដែល​មាន​ព្រំដែន​ជាប់​នឹង​តំបន់​ហ្កាហ្សា​ទឹកដី​ប៉ាឡេស្ទីន និង​ជាប់​ប្រទេស​អ៊ី្រសាអែល​បាន​ក្លាយ​ជា​ឆាក​នៃ​អំពើ​ហិង្សា​យ៉ាង​បង្ហូរ​ឈាម​រវាង​ក្រុម​ភេរវជន​អ៊ីស្លាមនិយម​ជ្រុល និង​កម្លាំងសន្តិសុខ​អេហ្ស៊ីប​តាំង​ពី ៣ឆ្នាំ​កន្លះ​មក​ហើយ ពោល​តាំង​ពី​ក្រុម​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ប្រធានាធិបតី​ស្របច្បាប់​ម័រស៊ី​ចេញ​ពី​គណបក្ស​ភាតរៈអ៊ីស្លាម​ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៣។ តាំង​ពី​ពេល​នោះ​មក ក្រុម​អ៊ីស្លាមនិយម​ជ្រុល​នៅ​ក្នុង​តំបន់​ស៊ីណៃ​បាន​យក​ប៉ូលិស និង​ទាហាន​ធ្វើ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​របស់​ខ្លួន។ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៤ អង្គការ​ភេរវនិយម​អេហ្ស៊ីប Ansar Beit el-Maqdis បាន​ភ្ជាប់​ខ្លួន​រួម​សហការណ៍​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម។

ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុម​ភេរវជន​នៅ​តំបន់​ស៊ីណៃ និង​កម្លាំង​ទាហាន​អេហ្ស៊ីប​បាន​ចាប់​ផ្តើម​សឹង​រាល់​ថ្ងៃ ហើយ​កងទ័ព​អេហ្ស៊ីប​បាន​ប្រកាស​ពី​ការ​ស្លាប់​ភេរវជន​ជាង ៧០០នាក់​ក្នុង​ប្រតិបត្តិការ​រយៈពេល​ជាង ៣ឆ្នាំ​កន្លង​ទៅ។ តែ​បញ្ហា​នៅ​ត្រង់​ថា ទន្ទឹម​នឹង​ការ​វាយប្រហារ​លើ​កម្លាំង​ប៉ូលិស និង​ទាហាន​រដ្ឋាភិបាល ក្រុម​ភេរវជន​របស់​អង្គការ​ភេរវនិយម Ansar Beit el-Maqdis ក៏​បាន​ផ្តើម​វាយប្រហារ​លើ​ជនស៊ីវិល រួម​ទាំង​អ្នក​កាន់​សាសនា​អ៊ីស្លាម​ដែល​បាន​រួមដៃ ឃុបឃិត​ជាមួយ​កម្លាំង​ប៉ូលិស និង​ទាហាន​អេហ្ស៊ីប។ ជាក់ស្តែង​ការ​វាយប្រហារ​លើ​វិហារ​សាសនា​អ៊ីស្លាម al-Rawda របស់​ក្រុម​និកាយ​ស៊ូហ្វី​ដែល​ជា​និកាយ​សាសនា​អ៊ីស្លាម​មួយ​ទៀត​ស្ថិត​ក្នុង​ចង្កោម​និកាយ​ស៊ុយនីត។

ប្រជាជន​ក្នុង​តំបន់​ស៊ីណៃ​រស់នៅ​ចន្លោះ​ពំនូកភ្លើង​ពីរ

តាំង​ពី​លោក​អាល់ស៊ីស៊ី​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អេហ្ស៊ីប​តាម​រយៈ​រដ្ឋប្រហារ​ទម្លាក់​លោក​ម័រស៊ី​ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៣ មក លោក​អាល់ស៊ីស៊ី​បាន​ចាត់​វិធានការ​គ្រប់បែប​យ៉ាង​ដើម្បី​កំចាត់​ពួក​ជ្រុលនិយម​ឲ្យ​ដល់​ឫសគល់​នៅ​ក្នុង​តំបន់​ស៊ីណៃ។ រហូត​មក​ដល់​ពេល​នេះ ស៊ីណៃ​ជា​តំបន់​មួយ​ស្ថិត​ក្រោម​ការ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ជា​ទីបំផុត​ពី​អាជ្ញាធរ​អេហ្ស៊ីប។ តាំង​ពី​ជាង ៤ឆ្នាំ​មក​ហើយ​ដែល​តំបន់​ស៊ីណៃ​ស្ថិត​ក្នុង​ភាព​អាសន្ន និង​បំរាមគោចរ​ពី​ម៉ោង ៥ និង​៣០នាទី​ល្ងាច​រហូត​ដល់​ម៉ោង ៦ភ្លឺ។ ការ​ធ្វើ​ដំណើរ​ពេល​យប់​ត្រូវ​បាន​ហាម​ឃាត់ ហើយ​ភ្លើងអគ្គិសនី និង​សេវាទូរស័ព្ទ​ត្រូវ​បាន​កាត់​ផ្តាច់​ញឹកញាប់។ នេះ​ជា​ចំណាត់ការ​មួយ​របស់​រដ្ឋាភិបាល​អេហ្ស៊ីប​ក្នុង​ការ​ប្រឆាំង​នឹង​ពួក​ភេរវជន។

តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា មាន​ចំណាត់​ការ​ខ្លះ​របស់​រដ្ឋាភិបាល​មិនមែន​ប៉ះពាល់​តែ​លើ​ក្រុម​ភេរវជន​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ផ្តល់​ផលវិបាក​ខ្លាំង​ដល់​ប្រជាជន​ដែល​រស់​ក្នុង​តំបន់​ស៊ីណៃ​ដែរ។ ពិត​ណាស់​ថា ភេរវកម្ម​នៅ​វិហារ​សាសនា​អ៊ីស្លាម al-Rawda ជា​សារ​មួយ​ដែល​ពួក​ភេរវនិយម​ចង់​ព្រមាន​អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ូហ្វី តែ​ទន្ទឹម​គ្នា​នេះ ក៏​ជា​សារ​ព្រមាន​មួយ​ចំពោះ​ប្រជាជន​រស់ក្នុង​តំបន់​ស៊ីណៃ​ទាំង​អស់​ដែរ។ ចង់​មិន​ចង់​ពេល​នេះ ប្រជាជន​នៅ​តំបន់​ស៊ីណៃ​កំពុង​បន្ត​រស់នៅ​ចន្លោះ​ពំនូក​ភ្លើង​ពីរ នៅ​ម្ខាង ការ​គំរាមកំហែង​របស់​ពួក​ភេរវជន និង​នៅ​ម្ខាង​ទៀត យុទ្ធនាការ​របស់​កម្លាំង​រដ្ឋាភិបាល​ប្រឆាំង​ពួក​ភេរវជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ