rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កេនយ៉ា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កេនយ៉ា៖​អង្គការ​សហប្រជាជាតិ​ស្នើ​បក្សប្រឆាំង​ដែល​ចាញ់​ឆ្នោត​ឲ្យ​រក្សា​ភាព​ស្ងប់ស្ងាត់

media
ក្រុម​ប៉ូលិស​កេនយ៉ា​ចេញ​បំបែក​ហ្វូង​បាតុករ​បក្សប្រឆាំង​ដែល​តវ៉ា​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី ថ្ងៃទី១២ សីហា ២០១៧ REUTERS/Goran Tomasevic

នៅ​ក្នុង​ប្រទេស​កេនយ៉ា អំពើហិង្សា​កើត​ចេញ​ពី​ក្រុមប្រឆាំង​ដែល​ចាញ់​ឆ្នោត​នា​ការ​បោះឆ្នោត​ប្រធានាធិបតី​បាន​កើត​មាន​កាន់​តែ​ធំ​ទៅៗ។ តាំង​ពី​ក្រោយ​ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​នា​ថ្ងៃ​សុក្រ ទី១១ សីហា​ដែល​ផ្តល់​ជោគជ័យ​ដល់​លោក​ប្រធានាធិបតី​ផុតអណត្តិ​យូរូ កេនយ៉ាតា​មក អំពើហិង្សា​បង្ក​ដោយ​ក្រុម​សកម្មជន​បក្សប្រឆាំង​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ២៤នាក់។ ប្រឈម​នឹង​ភាព​វឹកវរ​នេះ សហគមន៍​អន្តរជាតិ​បាន​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ ហើយ​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres ផ្ទាល់​ខ្លួន​បាន​ស្នើ​ប្រធាន​បក្ស​ប្រឆាំង​លោក​អូឌីនហ្គា​ជួយ​បញ្ជូន​សារ​ទៅ​សកម្មជន​ខ្លួន​ឲ្យ​ឈប់​ប្រើ​អំពើហិង្សា។


ក្រៅ​ពី​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ សហគមន៍​អន្តរជាតិ​ក៏​បាន​ប្រកាស​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ដែល​ជោគជ័យ​បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​លោក​ប្រធានាធិបតី​ផុតអាណត្តិ​យូរូ កេនយ៉ាតា​មួយ​អណត្តិ​ទៀត​ប្រឈម​នឹង​បេក្ខជន​ប្រធាន​បក្ស​ប្រឆាំង​លោក​អូឌីនហ្គា។ ទន្ទឹម​នឹង​ការ​សាទរ​លើ​ជោគជ័យ​របស់​លោក​កេនយ៉ាតា សហភាព​អឺរ៉ុប និង​ប្រទេស​អង់គ្លេស​បាន​ស្នើ​ឲ្យ​បក្សប្រឆាំង​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត និង​ឲ្យ​ប្រើ​មធ្យោបាយ​ស្រប​ច្បាប់​អហិង្សា​ដើម្បី​តវ៉ា។ តែ​នៅ​ចំពោះ​មុខ​ហ្វូង​បាតុករ​ដែល​ជា​សកម្មជន​គាំទ្រ​របស់​ខ្លួន លោក​អូឌីនហ្គា​បាន​អំពាវនាវ​ឲ្យ​ពួក​គេ​ធ្វើ​កូដកម្ម​មិន​ទៅ​ធ្វើ​ការងារ​នា​ថ្ងៃ​ចន្ទ ទី១៤ សីហា។

លោក​អូឌីនហ្គា​ដែល​បន្ត​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​បាន​ចោទ​ត្រង់ៗ​ពី​បទ​លួច​បន្លំ​សន្លឹក​ឆ្នោត​របស់​លោក​កេនយ៉ាតា និង​ថា នៅ​ថ្ងៃ​អង្គារ ទី១៥ សីហា លោក​នឹង​ប្រកាស​ប្រាប់​ពី​យុទ្ធសាស្រ្ត​ផ្សេង​ទៀត​ដែល​ត្រូវ​ធ្វើ​បន្ត។ សូម​ជម្រាប​ជូន​ថា កំហឹង​របស់​ក្រុម​សកម្មជន​បក្សប្រឆាំង​បាន​ផ្ទុះ​ឡើង​នា​យប់​ថ្ងៃ​សុក្រ ទី១១ សីហា បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ដែល​លោក​ប្រធានាធិបតី​ផុតអាណត្តិ​កេនយ៉ាតា​ទទួល​បាន​សម្លេង​គាំទ្រ ៥៤% ទល់​នឹង​លោក​អូឌីនហ្គា​ដែល​ទទួល​បាន ៤៤%។ ក្រៅ​ពី​លោក​អូឌីនហ្គា គណបក្ស​សម្ព័ន្ធ​ជាមួយ​បក្សប្រឆាំង​ក៏​បាន​បរិហារ​ពី​ការ​បន្លំ​សន្លឹកឆ្នោត​រៀបចំ​ដោយ​បក្ស​កាន់អំណាច​ឃុបឃិត​ជាមួយ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ដែរ។

ខណៈ​នេះ គណបក្ស​ប្រឆាំង​ដែល​បដិសេធ​លទ្ធផល​បោះឆ្នោត​គ្មាន​បំណង​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការកំពូល​ដូច​ធ្លាប់​បាន​ធ្វើ​នា​សម័យ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី ២០១៣ ដែល​ជោគជ័យ​បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​លោក​កេនយ៉ាតា​ទេ។ មូលហេតុ មក​ពី​បក្សប្រឆាំង​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​ដែល​ពុករលួយ។ មាន​មធ្យោបាយ​តែ​មួយ​គត់​ដែល​បក្សប្រឆាំង​ព្យាយាម​ប្រើ គឺ​កែន​ប្រមូល​សកម្មជន​របស់​ខ្លួន​ចុះ​ផ្លូវ​ដើម្បី​តវ៉ា​ដូច​ដែល​ពួក​គេ​កំពុង​បន្ត​ធ្វើ​ពេល​នេះ៕