អានតួអត្ថបទ

តុលាការ​ឡាអេ ៖ ​​​មិន​ចាប់​មេដឹកនាំ​ស៊ូដង់​ អាហ្វ្រិក​ខាង​ត្បូង​ល្មោភ​កាតព្វកិច្ច​

​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ បាន​សម្រេច​សេចក្តី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ថា ការណ៍​ដែល​​អាហ្វ្រិក​ខាង​ត្បូង​មិន​ព្រម​​ចាប់​ខ្លួន​ លោក អូម៉ា អែល បេស្ហៀ Omar El Bechir ពេល​ប្រធានាធិបតី​​ស៊ូដង់រូប​នេះ​ធ្វើ​ដំណើរ​ទៅ​ប្រទេសអាហ្វ្រិក​ខាង​ត្បូង ស្រប​តាម​ដីការបស់​តុលាការ​អន្តរជាតិ គឺ​ជា​ការ​​​ល្មោភ​លើ​​កាតព្វកិច្ចតាម​ច្បាប់​អន្តរជាតិ។ លោក អូម៉ា អែល បេស្ហៀ ត្រូវ​ជាប់​ចោទ​នៅ​ក្នុង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​នៅ​Darfour។

ចៅក្រុម​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ សម្រេច​សេចក្តី​ថា អាហ្វ្រិក​ខាង​ត្បូង ល្មោភ​កាតព្វកិច្ច​ ដែល​មិន​ចាប់​ខ្លួន​មេ​ដឹកនាំ​ស៊ូដង់នៅលើ​ទឹកដី​ខ្លួន
ចៅក្រុម​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ សម្រេច​សេចក្តី​ថា អាហ្វ្រិក​ខាង​ត្បូង ល្មោភ​កាតព្វកិច្ច​ ដែល​មិន​ចាប់​ខ្លួន​មេ​ដឹកនាំ​ស៊ូដង់នៅលើ​ទឹកដី​ខ្លួន REUTERS/Evert Elzinga/Pool
ផ្សាយពាណិជ្ជកម្ម

អាហ្វ្រិក​ខាង​ត្បូង​ មិន​គោរព​តាម​ដីកា​អន្តរជាតិ មិន​ចាប់​ខ្លួន និង​មិន​បញ្ជូន​ ​លោក អូម៉ា អែល បាស្ហៀ​ មក​ឱ្យ​តុលាការទេ ! ការណ៍​បាន​​​រំខាន​មិន​ឱ្យ​តុលាការ​បំពេញ​តួនាទី​ត្រឹម​ត្រូវ ! នេះ​ជា​សេចក្តីសម្រេច​​​របស់​ចៅក្រម​ Cuno Tarfusser។ ប៉ុន្តែ​លោក​ចៅក្រម​​មិន​បញ្ជូន​សំណុំរឿង​​នេះ​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​ទៅ​សភា​នៃ​ក្រុមប្រទេស​ជា​សមាជិក​សន្ធិសញ្ញា​ក្រុងរ៉ូម ស្ថាបនិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិទេ ព្រោះ​ស្ថាប័ន​អង្គការសហប្រជាជាតិ​មិន​ទាន់​ទាំង​​ចាត់​វិធានការ​ ទាក់ទង​នឹង​សំណើ​៦​ចំណុច​ក្នុង​សំណុំ​រឿង​លោក បេស្ហៀ​ នៅ​ឡើយ​ផង។

​ក្រោយ​សេចក្តី​សម្រេច​​នេះ គេ​មិន​ដឹង​ថា​អាហ្វ្រិក​ខាង​ត្បូង​នឹង​​ធ្វើ​បន្ធឹង​ឧទ្ធរណ៍​ឬ​អត់​នោះ​ទេ។ អាហ្វ្រិក​ខាង​ត្បូងបាន​បក​ស្រាយ​ថា រដ្ឋាភិបាល​ប្រេតូរីយ៉ា ពិត​ជា​មិន​ដឹង​ត្រូវ​ធ្វើ​បែប​ណា​ទើប​សម​ទេ រវាង​ការ​គោរព​តាម​ដីកា​របស់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ និង​ច្បាប់ធម្មនុញ្ញ​ក្នុង​ប្រទេស​​ខ្លួន​ដែល​ធានា​អំពី​អភ័យឯកសិទ្ធ​ប្រធានាធិបតី។

លោក អូម៉ា អែល បាស្ហៀ ប្រធានាធិបតី​ស៊ូដង់ ជាប់​​ដីកា​តាម​ចាប់​ខ្លួន​របស់​តុលាការ​អន្តរជាតិដល់​ទៅ​ពីរ តាំង​ពី​ឆ្នាំ ២០០៩ និង​២០១០ ពី​បទ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ នៅ​ដាហ្វួរ ខេត្ត​ខាងលិច​​ប្រទេសកាលពី​ឆ្នាំ​២០០៣ ដែល​កាលណោះ​ មាន​ពលរដ្ឋ​ស៊ូដង់​ជាង​៣៣ម៉ឺន​នាក់​បាន​ស្លាប់។ ប៉ុន្តែ អូម៉ា អែល​ បេស្ហៀ បន្ត​ធ្វើ​ដំណើរ​ទៅ​មក​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​ដោយ​គ្មានការ​ព្រួយ​បារម្ភ​អ្វី​ទាំង​អស់។ នៅឆ្នាំ​២០១៥ ប្រធានាធិបតី​ស៊ូដង់​រូប​នេះ បាន​ទៅ​ចូល​ជំនួប​កំពូល​​សហភាព​អាហ្វ្រិក​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ! តែ​​​រដ្ឋាភិបាលអាហ្វ្រិក​ខាង​ត្បូង​បាន​ជ្រើសរើស​មិន​ចាប់​ខ្លួន​លោក បេស្ហៀ​ទេ ទើប​ត្រូវ​តុលាការ​ព្រហ្មទណ្ឌ​បន្ទោស​នៅ​ថ្ងៃ​នេះ។

ចាប់​កំណើត​នៅ​​​ឆ្នាំ​២០០២​ ជាមួយ​នឹង​ប្រទេស​ហត្ថលេខី ១២៤​ប្រទេស តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ គ្មាន​កងកម្លាំង​ប៉ូលិស​ទេ តែង​រំពឹង​ប្រទេស​ជា​សមាជិក​ក្នុង​ការ​អនុវត្ត​ដីកាអន្តរជាតិ។ ប៉ុន្តែ​តុលាការ​ហាក់​ដូច​ជា​គ្មាន​អំណាច​ឥទ្ធិពល​សោះ និង​រង​ការ​រិះគន់​កាន់​តែ​ខ្លាំងឡើងៗ ដោយ​មាន​សមាជិក​ដក​ខ្លួន​ចេញ​ជា​បន្តបន្ទាប់ ជា​ពិសេស​ក្រុមប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ដោយ​ពួកគេ​យល់​ថា តុលាការ​កាត់​ទោស​តែ​មេដឹកនាំ​ប្រទេសអាហ្វ្រិក (៩លើ​១០​ករណី​ ជា​សំណុំ​រឿង​អាហ្វ្រិក)។ អាហ្រ្វិក​ខាង​ត្បូង ក៏​បាន​គំរាម​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​នេះ​ដែរ កាលពី​កុម្ភៈ​ដើម​ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ