ភេរវកម្មអត្តឃាតនៅម៉ាលី បានសម្លាប់មនុស្សយ៉ាងតិចជាង៤០នាក់នៅក្រុង GAO
នៅប្រទេសម៉ាលី កាលពីថ្ងៃពុធម្សិលមិញ ភេរវជនអត្តឃាតម្នាក់ ដែលជាអតីតក្រុមឧទ្ទាមនិងជាសមាជិកនៃក្រុមប្រដាប់អាវុធនិន្នាការខាងរដ្ឋាភិបាលម៉ាលី បានបំផ្ទុះគ្រាប់បែកដែលបង្កប់ក្នុងរថយន្ត នៅក្នុងបន្ទាយមួយនៅក្រុង GAOដែលស្ថិតនៅ ភាគខាងជើងប្រទេសម៉ាលី-នេះបើ យោងតាមប្រភពយោធាមួយនៅក្នុងរង្វង់បេសកកម្មរបស់អ.ស.ប.នៅម៉ាលី(Minusma)។. ភេរវកម្មអត្តឃាតនៅ GAO នេះ បានសម្លាប់ជីវិតមនុស្សយ៉ាងតិចជាង៤០នាក់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៦
អំពើភេរវកម្មអត្តឃាតដោយបំផ្ទុះគ្រាប់បែកក្នុងរថយន្ត បានប្រព្រឹត្តទៅនៅថ្ងៃពុធ១៨មករាម្សិលមិញ នៅ GAO ទីក្រុងដ៏សំខាន់មួយនៅភាគខាងជើងប្រទេសម៉ាលី។ នៅចម្ងាយមិនដល់ ៥០០ ម៉ែត្រផងពីព្រលានយន្តហោះ ភេរវជនអត្តឃាតដែលបើកបររថយន្តមួយគ្រឿងត្រឡប់ចូលទៅក្នុងបន្ទាយ បានបំផ្ទុះគ្រាប់បែកនៅក្នុងរថយន្តនិងបានបណ្តាលឲ្យឮសូរសម្លេងផ្ទុះយ៉ាងខ្លាំងក្លាបំផុត។
ភេរវកម្មអត្តឃាតនេះ បានសម្លាប់ជីវិតមនុស្សយ៉ាងតិចជាង៤០នាក់-នេះបើយោងតាមតួលេខបណ្តោះអាសន្ន។ ក្រៅពីនេះ ក៏មានអ្នកត្រូវរងរបួសជាច្រើននាក់ដែលបាននាំគ្នាសម្រុកទៅកាន់មន្ទីរពេទ្យនៅក្រុង GAO ដែលការពារយាមល្បាតដោយកងយោធា។
នៅក្នុងសោកនាដកម្មនេះ ប្រទេសមាលី ត្រូវធ្វើការកាន់ទុក្ខនៅទូទាំងប្រទេសចំនួន៣ថ្ងៃ។ ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាលី វិញ ត្រូវអញ្ជើញចុះទៅពិនិត្យហេតុការណ៍ដល់ទីកន្លែងកើតសោកនាដកម្មនោះដែរ។
គួររំលឹកថា កាលពីថ្ងៃទី១៣មករាមុន លោកFrançois Hollande នាពេលធ្វើដំណើរទៅចូលរួមក្នុងជំនួបកំពូលមួយរវាង អាហ្វ្រិក-បារាំងនៅទីក្រុងបាម៉ាកូ លោកប្រធានាធិបតីបារាំង ក៏បានឆ្លៀតធ្វើទស្សនកិច្ចជានិមិត្តរួបមួយនៅក្រុងGAO នារយៈពេលតែមួយភ្លែតប៉ុណ្ណោះ ដើម្បីចូលទៅសួរសុខទុក្ខដល់កងទ័ពបារាំងដែលមានគ្នាចំនួន១០០០នាក់នៅទីនោះ ក៏ព្រមទាំងកងទ័ពម៉ាលីផងដែរ។
អំពើភេរវកម្មកាលពីព្រឹកថ្ងៃពុធម្សិលមិញនៅ ក្រុង GAO ប្រទេសម៉ាលីនេះ នៅពុំទាន់មានខាងចលនាណាមួយប្រកាសថា ជាស្នាដៃរបស់ខ្លួននៅឡើយទេ។ ក៏ប៉ុន្តែ ការមន្ទិលសង្ស័យខ្លាំងកាន់តែបែរតម្រង់ទៅលើក្រុមអ៊ីស្លាមជីហាតនៃអង្គការរដ្ឋអ៊ីស្លាមហើយ។ ពីព្រោះ កន្លងមកនេះ ពួកអ៊ីស្លាមជីហាត ធ្លាប់បានបង្កអំពើភេរវកម្មអត្តឃាតរួចម្តងមកហើយកាលពីថ្ងៃទី២៩វិច្ឆកាឆ្នាំ២០១៦មុននេះ ដោយការបំផ្ទុះគ្រាប់បែកក្នុងរថយន្តដែរ ដែលនៅចម្ងាយតែ ២ឬ៣០០.ម តែប៉ុណ្ណោះពីទីព្រលានយន្តហោះនៅក្រុង GAO ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ