rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាហ្វ្រិក​ខាងត្បូង អេដស៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សន្និសីទ​អន្តរជាតិ​ស្តី​ពីជំងឺ​អេដស៍ ចង់​ផ្តល់​សន្ទុះ​ថ្មី​ដើម្បី​ប្រឆាំង​នឹង​ការ​រាតត្បាត​នៃវីរ៉ុសហ៊ីវ

media
បាតុករប្រមូល​ផ្តុំ​គ្នា ​នៅ​ក្រុង​ Durban មុន​ការ​បើក​សន្និសីទអន្តរជាតិ​​ស្តីពី​ជំងឺ​អេដស៍ លើក​ទី ២១ នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង RAJESH JANTILAL / AFP

១៦​ឆ្នាំ​ក្រោយ​សារ​ដ៏កកើក​របស់​លោក​នែលសុន មង់ដឺឡា​ ដែល​បាន​ជំរុញឱ្យ​ពិភពលោក​​ទាំង​មូល​ប្រមូល​កម្លាំង​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ស៊ីដា នៅថ្ងៃ​នេះ​​ ក្រុម​អ្នក​ជំនាញ​ អ្នក​នយោបាយ បាន​មក​ជួប​ជុំ​គ្នា​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ជា​ថ្មី ដើម្បី​បើក​​សន្និសីទ​អន្តរជាតិ​ស្តី​អំពី​ជំងឺ​ស៊ីដា លើក​ទី ២១។ កម្មវត្ថុ​នៃ​សន្និសីទ​គឺ​ផ្តល់​សន្ទុះ​ថ្មី​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាត​ត្បាត​មួយ​នេះ​ដែល​ពិភពលោក​ហាក់​ទម្លាក់​ដៃ​គ្រប់គ្នា។


អ្នក​វិទ្យាសាស្ត្រ អ្នក​ច្បាប់ សកម្មជន​ ព្រមទាំង​ម្ចាស់​ជំនួយ ប្រមាណ​១៨០០០​នាក់ បាន​មក​ជួប​ជុំ​គ្នា​ពី​ថ្ងៃ​ចន្ទ​នេះ ដល់​​ថ្ងៃ​សុក្រ​ ដើម្បី​វាយ​ធ្វើ​ការ​វាយ​តម្លៃ​និង​បូក​សរុក​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរ៉ុស​ហ៊ីវ ដែល​សម្លាប់​មនុស្ស​អស់​ជាង​៣០​លាន​នាក់។

 

“ផ្លូវ​នៅ​វែង​ឆ្ងាយ​ណាស់ ! គេ​មិន​ទាន់​អាច​ស្រែក​អំណរ​ថា​អាច​យក​ឈ្នះ​លើ​ជំងឺ​ស៊ីដា​បាន​ទេ” ! នេះ​ជាសារ​ដែល​សន្និសីទ​​អន្តរជាតិ​លើក​ទី​២១​ នឹង​ត្រូវ​ប្រកាស​តើន​រំលឹក​ពិភពលោក ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។
 
ហេតុ​អ្វី ?! គេ​នៅ​ចង​ចាំ​បាន​ថា កាល​ពី​ឆ្នាំ​២០០០ ក្នុង​ពេល​ទទួល​​ធ្វើ​ជា​ម្ចាស់ផ្ទះ​​​រៀប​ចំ​សន្និសីទ​អន្តរជាតិ​​​ ​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​បានបំផុស​រឿង​អាស្រូវ ថា​ស៊ីដា​ជា​ជំងឺ​ខ្វះអាហារូបត្ថម្ភ​និង​អនាម័យ។ ប៉ុន្តែ​ក្រោមសន្ទុះ​​ជ្រោមជ្រែង​របស់​អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង លោក នែលស៊ុន ម៉ង់ដឺឡា សន្និសីទ​អន្តរជាតិ​​លើក​ទី​១៥ បាន​ចំណុច​ចាប់​ផ្តើម​​ដ៏​សំខាន់​ក្នុង​យុទ្ធនការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ស៊ីដា ដោយ​ជំរុញ​ឱ្យ​មាន​ការ​កាត់​បន្ថយ​វិសមភាព​​នៃ​ការ​ព្យាបាល​ក្នុង​ប្រទេស​អ្នក​មាន​និង​អ្នក​ក្រ បាន​បញ្ចុះ​តម្លៃ​ថ្នាំ​ពន្យារ​ជីវិត …
 
ប៉ុន្តែ​១៦​ឆ្នាំ​ក្រោយ​ គេ​នៅ​តែ​ពុំ​ទាន់​រក​ឃើញ​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​អេដស៍- អ្នក​ជំងឺ​ត្រូវ​​រស់​រំពឹង​លើ​ថ្នាំ​ពន្យារ​ជីវិត Antirétroviraux។ អង្គការ​សុខភាព​ពិភពលោក​ចង់​លុប​បំបាត់​ការ​ចម្លង​ជំងឺ​នេះ​ឱ្យ​បាន​នៅ​ឆ្នាំ​២០៣០ តែ​តាំង​ពី​ឆ្នាំ​២០១០​មក ការ​ប្រយុទ្ធ​ប្រឆាំ​ង​ជំងឺ​អេដស៍​បែរ​បាន​ធ្លាក់​ចុះ​ស្ទើរ​ដល់​បាតទៅ​វិញ នៅ​តាម​​ប្រទេស​និង​តំបន់​ខ្លះ​ ដូច​ជានៅ​​អាហ្វ្រិក​ខាង​ជើង និង​ដើម​បូព៌ា ការ​រាត​ត្បាត​បែរ​ជា​កើន​ឡើង​ទៅ​វិញ។
 
អាហ្វ្រិក​ខាង​ត្បូង​ជា​ប្រទេស​មាន​អត្រា​អ្នក​ឆ្លង​វីរ៉ុសហ៊ីវ ច្រើន​ជាង​គេ​បំផុតមួយ ដោយ​មាន​អ្នក​ឆ្លង​ថ្មី​ប្រមាណ​៣០​ម៉ឺន​នាក់​ ក្នុង​មួយ​សប្តាហ៍​ នៅ​រវាង​ពី​ឆ្នាំ​២០១៤-១៥។ ចំណែក​រុស្ស៊ី ចំនួន​អ្នក​ឆ្លង​មេរោគ​អេដស៍​បាន​កើន​ឡើង​ដល់​ចំនួន​មួយ​លាន​នាក់ នៅ​ឆ្នាំ២០១៥​ ដោយ​ហេតុ​តែ​រដ្ឋាភិបាល​មិន​អើ​ពើ​បំផុស​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ស៊ីដា​ចំពោះ​​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា និង​ក្រុម​ចាក់​គ្រឿង​ញៀន។
​សន្និសីទ​អន្តរជាតិឆ្នាំ​នេះ​​សង្ឃឹម​ថា​ វាគ្មិន​ទាំង​អស់​នឹង​ត្រលប់​ទៅ​វិញ​ជាមួយ​​ការ​សន្យា​​ប្តូរ​ផ្លាស់​ច្បាប់ នយោបាយ​ និង​ការ​អនុវត្ត​ ជួយអ្នក​ត្រូវ​ការ​៕