អានតួអត្ថបទ
កេនយ៉ា-សម្តេចប៉ាប

ទស្សនកិច្ច ​លើក​ដំបូង​របស់ ​សម្តេច​ប៉ាប​ François នៅ​កេនយ៉ា

មនុស្ស​​យ៉ាង​ហោច​ណាស់ ​១លាន​នាក់​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មក​ស្តាប់​សន្ទរកថា ​របស់​សម្តេច​ប៉ាប​ ប្រមុខ​សង្ឃ​កាតូលិក ​នៅ​ក្នុង​ទីក្រុង ​ណៃរ៉ូប៊ី ​ប្រទេស​កេនយ៉ា។ នេះ​ជា​ទស្សនកិច្ច​លើក​ទីមួយ​របស់​ព្រះអង្គ ​ដែល​ធ្វើឡើង​ក្នុង​បរិបទ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ ​នៅ​ទ្វិប​អាហ្វ្រិក​បច្ចុប្បន្ន។ ការ​គម្រាម​កំហែង ​ពី​សំណាក់​ក្រុម​ប្រកាន់​សាសនា​ជ្រុល​និយម ​ដូច​ជា​ពួក​ជីហាដ​អ៊ីស្លាម ​ឆេបាប់ ​ក្រុម​បូកូហារ៉ាំ ​ជាដើម ​នឹង​ត្រូវ​ជា​ចំណុច​ក្តៅ ​ដែល​សម្តេច​ប៉ាប ​នឹង​ត្រូវ​លើក​យក​មក​ថ្លែង ​ដើម្បី​អំពាវនាវ​ ឲ្យ​គ្រប់គ្នា​ស្រលាញ់​សន្តិភាព ​ និង​ជម្រះ​ឲ្យ​អស់​នូវ​អំពើ​ហឹង្សា។

Le pape François à Nairobi, au Kenya, le 26 novembre 2015.
Le pape François à Nairobi, au Kenya, le 26 novembre 2015. REUTERS/Thomas Mukoya
ផ្សាយពាណិជ្ជកម្ម

ទីលាន​សួនឧទ្យាន​ អ៊ូហ៊ូរូ ​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី ​ត្រូវ​បាន​យាមកាម​សន្តិសុខ ​យ៉ាង​តឹងរឹង ​ ក្នុង​ពេល​ទស្សនកិច្ច​ដែល​ប្រជាជន​​​កេនយ៉ា អ្នក​កាន់​សាសនា​កាតូលិក ​រំពឹង​ទុក​រាប់​ឆ្នាំ​មកហើយ។​ សម្តេច​ប៉ាប François បាន​យាង​ទៅ​ដល់​ទីក្រុង​ណៃរ៉ូប៊ី​ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ ហើយ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​ជា​ពេល​ដែល​ព្រះអង្គ ​នឹង​ត្រូវ​ថ្លែង​សន្ទរកថា ​ព្រម​ជាមួយ​នឹង​ពិធី​សូត្រធម៌ ​នៅ​ចំពោះមុខ​ប្រជាជន​កេនយ៉ា ​រាប់​សែន​នាក់។

 
មុននឹង​យាង​ធ្វើ​សន្ទរកថា ​សម្តេច​ប៉ាប ​បាន​មាន​ជំនួប​រវាង ​ថ្នាក់​ដឹកនាំ ​នយោបាយ ​សេដ្ឋកិច្ច ​សង្គម​ស៊ិវិល​ និង​អ្នក​តំណាង​ការទូត ​នៅ​កេនយ៉ា​ ចំនួន​ ៣ពាន់​នាក់។ ដូច​សព្វ​មួយ​ដង​ ខ្លឹមសារ​សន្ទរកថា ​របស់​សម្តេច​ប៉ាប ​ គឺ​ផ្តោត​សំខាន់​​ទៅ​ឲ្យ​ការ​រួបរួម​គ្នា ​ស្រលាញ់​សន្តិភាព។ សន្តិភាព​ដែល​ទ្វីប​អាហ្រ្វិក​ ត្រូវការ​ដើម្បី​កសាង​និង​អភិវឌ្ឍន៍​ខ្លួន ​ចេញ​ផុត​ ​ពី​ភាព​ក្រីក្រ​លំបាក។

ថ្លែង​ជា​ភាសា​អ៊ីតាលី ​ សន្ទរកថា​សម្តេច​ប៉ាប ​ត្រូវ​បាន​បក​ប្រែ​ជា​ភាសា​អង់គ្លេស ​ហើយ ​បាន​សង្កត់​ធ្ងន់​ ទៅ​លើ​ការ​ប្រើប្រាស់​អំពើ​ហឹង្សា ​ការ​មិន​យក​ចិត្ត​ទុកដាក់​ ផ្តល់​តម្លៃ​ដល់​មនុស្ស​ស្រី។ សម្តេច​ប៉ាប ​បាន​បរិហារ​អំពី​អត្តចរិក ​និង​ទង្វើ​ឃោរឃៅ ​របស់​មនុស្ស​ប្រុស ​ធ្វើ​ទៅ​លើ​ស្ត្រី។ ព្រះអង្គ​ថ្លែង​ថា ​ សង្គម​មួយ​ដែល​មាន​សុខភាព​ល្អ ​ទាល់តែ​ធាតុ​ផ្សំ​របស់​សង្គម​នោះ​មាន​សុខភាព​ល្អ​ដែរ។ គ្រួសារ ​​គឺ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ របស់​សង្គម​ ហើយ​ស្ត្រី​មាន​តួនាទី​ធំ​ណាស់ ​ក្នុង​ការ​ថែរក្សា​ គ្រប់គ្រង​គ្រួសារ​ ឲ្យ​រស់នៅ​ក្នុង​សុភមង្គល។ ការ​មិន​ផ្តល់​តម្លៃ​ឲ្យ​មនុស្ស​ស្រី ​មិន​ថែ​ទាំ​មនុស្ស​ចាស់ ​មិន​អប់រំ​ថែ​រក្សា​កូន ​ទាំង​អស់​នេះ ​វា​នឹង​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់ ​ទៅ​ដល់​សង្គម​ជាតិ​ នៅ​ថ្ងៃ​ខាងមុខ។

ក្រៅ​ពី​បញ្ហា ​លើក​កំពស់​ស្ត្រី ​សម្តេច​ប៉ាប ​បាន​ថ្លែង​បរិហារ​ អំពី​ការ​ប្រើប្រាស់​អំពើ​ហឹង្សា ​ដោយ​យក​សាសនា​ងុប​ងុល ​ជា​សំអាង។​ សម្តេចប៉ាប​ ថា​ កុំយក​ព្រះ​មក​ធ្វើ​លេស​ ព្រះ​មិន​ដែល​មាន​បន្ទូល​ឲ្យ​សម្លាប់​គ្នា ​ដើម្បី​ព្រះអង្គ​ទេ។ មនុស្ស​ដែល​ល្ងង់​​ ដែល​ជ្រុល​និយម​ ធ្វើ​ទាំង​បំពាន​ ហើយ​បំផ្លាញ​ជំនឿ​សាសនា​ខ្លួន​ឯង​ទៅ​វិញ​ទេ។ ក្នុង​ន័យ​នេះ ​សម្តេច​ប៉ាប បាន​សំដៅ ​ទៅ​ដល់​ការ​គម្រាម​កំហែង​ របស់​ក្រុម​ជីហាដ​អ៊ីស្លាម ​ជា​ច្រើន​ក្រុម ​ដូច​ជា​ក្រុម​ឆេបាប់ ​និង​ក្រុម​បូកូហារ៉ាំ ​ជាដើម។

ប្រទេស​កេនយ៉ា ​ បាន​ក្លាយ​ជា​ចំណី ​នៃ​អំពើ​ភេរវកម្ម​ ជា​ច្រើន​លើក​មក​ហើយ។ អំពើ​ភេរវកម្ម ​ក្រុម​ជ្រុល​និយម​សាសនា​ បាន​រុញ​ច្រាន​សង្គម​កេនយ៉ា ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ការ​បែកខ្ញែក​គ្នា ​ស្អប់​ខ្ពើម​គ្នា ​រើសអើង​គ្នា ​រវាង​អ្នក​កាន់​សាសនា​កាតូលិក ​និង ​អ្នក​កាន់​សាសនា​អ៊ីស្លាម។ សូម​បញ្ជាក់​ថា ​ក្នុង​ចំណោម​ប្រជាជន​កេនយ៉ា​ទាំង​អស់​ មាន​អ្នក​កាន់​សាសនា​កាតូលិក ​ចំនួន​ ជាង​៣២% ​ពោល​គឺ​ស្មើ​នឹង​ ជិត​១៤​លាន​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ