អានតួអត្ថបទ
បូគីណាហ្វាសូ

បួគីណាហ្វាសូ៖ ​មេទ័ព​ជំនិត​អតីត​ប្រធានាធីបតី​ ធ្វើ​រដ្ឋប្រហារ​

អស់​ជិត​មួយ​ឆ្នាំ​មក​ហើយ ​ដែល​ប្រទេស​បួគីណាហ្វាសូ ​ស្ថិត​ក្នុង​កាលៈទេសៈ​អន្តរកាល​ ក្នុង​ពេល​រងចាំ​ការ​បោះឆ្នោត​ថ្មី ​នៅ​ថ្ងៃ​ទី​ ១១ ​តុលា​ខាង​មុខ ​បន្ទាប់​ពី​ចលនា​មហាជន​បាន​បណ្តេញ​លោក ​ប្លេស កុំប៉ាអូរ៉េ ​ចាញ​ពី​ដំណែង​ប្រធានធិបតី ​ កាល​ពី​ខែ​តុលា​ឆ្នាំ​ទៅ។ ប៉ុន្តែ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​១៧​កញ្ញា ​យោធា​ដែល​ដឹកនាំ​ដោយ​មេទ័ព​ម្នាក់​ ជា​ជំនិត​ និង​អតីត​ប្រធានាធិបតី​ធ្លាក់​ពី​តំណែង ​បាន​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ រំលំ​រដ្ឋាភិបាល​អន្តរកាល ​ដោយ​យក​លេស​ថា ​ដើម្បី​ការពារ​ស្ថិរភាព​ មុន​ពេល​បោះ​ឆ្នោត។

មេទ័ព Gilbert Diendéré បុរស​ខ្លាំង ដៃស្តាំ ជំនិត​របស់​អតីត​ប្រធានាធិបតី Blaise Compaoré
មេទ័ព Gilbert Diendéré បុរស​ខ្លាំង ដៃស្តាំ ជំនិត​របស់​អតីត​ប្រធានាធិបតី Blaise Compaoré AFP PHOTO/ SIA KAMBOU
ផ្សាយពាណិជ្ជកម្ម

ទីបំផុត ​ពិត​ជា​មាន​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​ ពិត​ប្រាកដ​មែន ​ទៅលើ​រដ្ឋាភិបាល​អន្តរកាល ​នៅ​ប្រទេស​បួគីណាហ្វាសូ។ កាល​ពី​ថ្ងៃ​ពុធ​ យោធា ​បាន​ចាប់​ឃាត់​ខ្លួន​លោក​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​សម័យ​អន្តរកាល​ ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ ថា​ពួក​យោធា ​មាន​គំរោង​ប្លន់​អំណាច​តាម​រយៈ​ ការ​ធ្វើ​រដ្ឋប្រហារ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ក្រុម​យោធា ​បាន​ចេញ​មុខ​ប្រកាស​ ជា​ផ្លូវការ ​តាម​កញ្ចក់​ទូរទស្សន៍​ ដោយ​បាន​តែងតាំង ​លោក​ ហ្ស៊ីលប៊ែរ ដៀងដេរ៉េ ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ​ដែល​ពួក​នេះ ​បាន​បង្កើត​ឡើង​ភ្លាមៗ ​ដើម្បី​គ្រប់គ្រង​ប្រទេស។

 
ហ្ស៊ីលប៊ែរ ដៀងដេរ៉េ ​អាយុ​ជាង​៥០ឆ្នាំ ​គឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​មេទ័ព ​ដៃស្តាំ​របស់​លោក ​ប្លេស កុំប៉ាអូរ៉េ ​ដែល​ត្រូវ​បាន​ប្រជាជន​ចាប់​អូស​ទំលាក់​ចេញ​ពី​ដំណែង ​កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៤​ កន្លង​ទៅ។ មនុស្ស​នេះ​ធ្លាប់​មាន​អំណាច ​ខ្លាំង​បំផុត​ ក្នុង​ពេល​ដែល​ប្រធានាធិបតី​ កុំប៉ាអូរ៉េ ​កាន់​អំណាច។ បើ​តាម​ពាក្យ​ចចាម​អារ៉ាម ​មេទ័ព​រូប​នេះ​ហើយ​​ ដែល​បាន​សម្លាប់ ​លោក ​មេ​បញ្ជាការ ​សង់ការ៉ា ​បិតា​បដិវត្តន៍​បួគីណាហ្វាសូ​ ក្នុង​ពេល​ធ្វើ​រដ្ឋប្រហារ​យោធា ​កាល​ពី​ឆ្នាំ​១៩៨៧។

ការ​បោះឆ្នោត​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ នៅ​ថ្ងៃ​ទី​ ១១​តុលា​ខាង​មុខ​នេះ ​គឺ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ជាតិ​សម័យ​អន្តរកាល ​ហាម​ឃាត់ ​មិន​ឲ្យ​គណបក្ស​ របស់​អតីត​ប្រធានាធិបតី​កុំប៉ាអូរ៉េ​ ចូល​រួម​ទេ។ ក្រុម​យោធា​បាន​យក​លេស​ថា ​ ពួក​គេ​ធើ្វ​រដ្ឋ​ប្រហារ​ទម្លាក់​ក្រុម​ប្រឹក្សា​អន្តរកាល​នេះ​ ​ដើម្បី​រក្សា​សន្តិសុខ​ជាតិ ​និង​រៀបចំ​ការ​បោះឆ្នោត​ ឲ្យ​បាន​ត្រឹមត្រូវ។

យ៉ាង​ណា​មិញ ​តាម​បណ្តា​ទី​ប្រជុំជន​ ជា​ច្រើន​ មិន​ថា​រដ្ឋធានី ​អ៊ូអាហ្កាឌូហ្គូ ​ប្រជាជន​នាំគ្នា​បិទទ្វារ​លែង​រក​ស៊ី​លក់​ដូរ ​ និង​ធ្វើការ ​ ហើយ​ចេញ​មក​ជួបជុំ​គ្នា ​ស្រែក​តវ៉ា ​ចំពោះ​ទង្វើរ​របស់​ក្រុម​យោធា​ ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ ​បំផ្លាញ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ជ្រើស​រើស​ ប្រធានាធិបតី​ថ្មី។ សម្រាប់​ប្រជាជន ​ វា​ពិត​ណាស់ ​ដែល​ថា ​ដៃស្តាំ​របស់​អតីត​អតីត​ប្រធានាធិបតី​​ពុក​រលួយ​ផ្តាច់ការ​ ​ ធ្វើ​រដ្ឋប្រហារ​ប្លន់​អំណាច​នៅ​ពេល​នេះ ​គឺ​ដើម្បី​ត្រៀម​ជើង​ព្រួល ​ រៀបចំ​ឲ្យ​ប្រធានាធិបតី ​កុំប៉ាអូរ៉េ ​បាន​មក​កាន់​ដំណែង​វិញ។ នៅ​សល់​ពេល ​មិន​ដល់​មួយ​ខែ​ទៀត​ប៉ុណ្ណោះ ​នឹង​ដល់​ថ្ងៃ​បោះឆ្នោត​ហើយ។ ជា​មួយ​កាលៈទេសៈ​ចលាចល​របៀប​នេះ ​គេ​មិន​ប្រាដក​ទេ​ថា ​នឹង​មាន​ការ​បោះឆ្នោត​មួយ​ ដោយ​សេរី​និង​យុត្តិធម៌ ​ដូច​ដែល​ប្រជាជន​បួគីណាហ្វាសូ ​ធ្លាប់​បាន​ស្រម៉ៃ​ទុក ​រាប់សិប​ឆ្នាំ​មក​ហើយ ​នោះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ