អានតួអត្ថបទ

ទុយនីស៊ី ស្រាវ​ចាប់​បានបណ្តាញ​​​​សង្ស័យពាក់ព័ន្ធ​​ភេរវកម្មជីហាត​

នៅ​ថ្ងៃ​ចន្ទ​ទី​២៩​មិថុនា​នេះ ទុយនីស៊ី បាន​ប្រកាស​ក្រសោប​ចាប់​ជា​លើក​ទី​មួយ ក្រុម​​មាន​ពាក់ព័ន្ធ​នឹង​​ភេរវកម្ម​​ជីហាត​​​នៅ​មុខ​សណ្ឋាគារ​តាម​បណ្តោយ​ឆ្នេរ​សមុទ្ទ​កាលពី​បី​ថ្ងៃ​មុន។ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​ទុយនីស៊ី មិន​បាន​លម្អិត​អំពី​អត្តសញ្ញាណ​និង​ចំនួន​មនុស្ស​ចាប់​ខ្លួន​បាន​ទេ។

រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ​បារាំង អង់គ្លេស ទុយនីស៊ី និង​អាល្លឺម៉ង់​ ដាក់កម្រង​ផ្កា​រំលឹក​វិញ្ញាណក្ខន្ត​ដល់​ជន​រងគ្រោះ​ភេរវកម្ម
រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ​បារាំង អង់គ្លេស ទុយនីស៊ី និង​អាល្លឺម៉ង់​ ដាក់កម្រង​ផ្កា​រំលឹក​វិញ្ញាណក្ខន្ត​ដល់​ជន​រងគ្រោះ​ភេរវកម្ម © Reuters
ផ្សាយពាណិជ្ជកម្ម

ជា​ភេរវកម្ម​មរណៈ​ ដ៏​ធ្ងន់ធ្ងរ មិនធា្លប់​មាន​ទេ​នៅ​ទុយនីស៊ី ! ​ជន​រងគ្រោះ​ស្លាប់​ ៣៩​នាក់ និង​របួស​៣៨៩នាក់​ដែរ សុទ្ធ​សឹង​ជា​ទេសចរ​បរទេស ភាគច្រើន​​​មាន​សញ្ជាតិ​អង់គ្លេស បាន​ស្លាប់​ក្រោម​ស្នាដៃ​ភេរវកម្ម​របស់​ សៃហ្វេឌីន រ៉េសហ្គី និស្សិត​ផ្តាច់​ខ្លួន​ជា​អ្នក​ជ្រុលនិយម​ជីហាត។ ការ​វាយប្រហារ​ដែល​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ប្រកាស​​ទទួល​ភ្លាម​ថា​ជា​ស្នាដៃ​របស់​ពួក​គេ។

 
បើ​តាម​ក្រសួង​មហាផ្ទៃ​ទុយនីស៊ី ភេរវជន​ដៃ​ដល់​ បាន​ទទួល​ការ​គាំទ្រ​ ជួយ​រៀប​ចំ​ផែន​ការ​ភេរវកម្ម​ ហើយ​​​ជន​សង្ស័យ​​៧​នាក់​ចាប់​ខ្លួន​បាន​នៅ​ថ្ងៃ​នេះ សុទ្ធ​តែ​មាន​ទំនាក់ទំនង​ជាមួយ​ភេរវជនសៃហ្វេឌីន រ៉េសហ្គី។

ក្រសួង​មហាផ្ទៃ​ទុយនីស៊ី​ មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​​អ្វី​ទេ តែបាន​លើក​ឡើង​​​ថា ពួក​នេះ​ជា​បណ្តាញ​នៅ​ពី​ក្រោយ​ភេវរកម្ម​បង្ក​ឡើង​ដោយ​និស្សិត​សៃហ្វេឌីន ពួក​នេះ​​នឹង​ត្រូវ​ទទួល​ទោស​​ទៅ​ច្បាប់។ ឥលូវ​នេះ ក្រុម​អ្នក​អង្កេត​ក៏​កំពុងស្វះ​ស្វែង​ចង់​ដឹង​ថា​តើ​ភេរវជន​ជា​ខ្មាន់​កាំភ្លើង​ បាន​ទៅ​ហាត់​ពត់​លត់​ដំ​ ធ្វើ​ជីហាត នៅ​ប្រទេស​លីប៊ី​ដែរ​ឬ​អត់។ ប្រភព​ស្និទ្ធ​នឹង​ការ​អង្កេត​បាន​បង្ហើប​ថា ជន​សង្ស័យ​បួន​នាក់​ត្រូវ​ចាប់​ខ្លួន​បាន​នៅ​ក្រុង​ស៊ូល​ និង​ផ្សេង​ទៀត​ខ្លះ​នៅ​ក្រុង​ទុយនី ខ្លះ​នៅ​កាសេរីន។

ការ​ប្រកាសចាប់​ខ្លួន​ជន​សង្ស័យជា​លើក​ទី​មួយ​​នេះ ធ្វើ​ឡើង​តាម​រយៈ​សន្និសីទ​កាសែតរបស់​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ទុយនីស៊ី ​ក្នុង​ខណៈ​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ​មក​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ផងដល់​កន្លែង​កើត​ហេតុ។ វត្តមានរបស់​រដ្ឋមន្ត្រី​អឺរ៉ុប ដែល​ជា​លើក​ចិត្ត​​ដល់​រដ្ឋាភិបាល​ទុយនីស៊ី ឱ្យ​កាន់​​ក្លាហាន​ចាត់​វិធានការ​ប្រឆាំង​ពួក​ភេរវនិយម​ជីហាត​ ដោយ​មាន​ពង្រាយ​ប៉ូលិស​នៅ​ឆ្នេរ​ទេសចរណ៍​ នៅ​ក្នុង​សណ្ឋាគារ និង​ពិសេស​បិទ​វិហារ​អ៊ីស្លាម​ណា​ដែល​រឹង​ទទឹង​​មិន​ស្តាប់​បង្គាប់​អាជ្ញាធរ ផ្សព្វផ្សាយ​តែ​សារ​ញុះញង់​ឱ្យ​ស្អប់​​គ្នា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ