អានតួអត្ថបទ

អេបូឡា​ ៖ អង្គការ​សុខភាព​ពិភពលោក ប្រកាស​ជា​ផ្លូវការ​ លែង​មាន​​ការ​រាតត្បាត​​នៅ​លីបេរីយ៉ា

ចប់​ហើយ​ការរាតត្បាត​នៃ​មេរោគ​អេបូឡា នៅ​ប្រទេស​លីបេរីយ៉ា ! នេះ​ជា​សេចក្តី​ប្រកាស​ផ្លូវការ​របស់​អង្គការ​សុខភាព​ពិភពលោក នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី ៩​ឧសភា​ តែ​​បាន​អំពាវនាវ​​លីបេរីយ៉ា រក្សា​ភាពប្រុង​ប្រយ័ត្ន​ ពីព្រោះ​មេរោគ​អេបូឡា មិន​ទាន់​ត្រូវ​បាន​លុប​បំបាត់​ទាំង​ស្រុង​ទេ ! ថ្វីបើ​មេរោគ​អេបូឡា​ចុះ​ខ្សោយ​មែន តែ​អេបូឡា​មាន​វត្តមាន​ជានិច្ច​នៅ​ហ្គីណេ និង​សៀរ៉ាឡេអូន​ ជា​ប្រទេស​ជិត​ខាង​។

យុវជន​លីបេរីយ៉ា ទទួល​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​អេបូឡា នៅ​មន្ទីរ​ពេទ្យ​ក្រុង​ម៉ុងរ៉ូវីយ៉ា
យុវជន​លីបេរីយ៉ា ទទួល​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​អេបូឡា នៅ​មន្ទីរ​ពេទ្យ​ក្រុង​ម៉ុងរ៉ូវីយ៉ា RFI/Sébastien Nemeth
ផ្សាយពាណិជ្ជកម្ម

 

អង្គការ​សុខភាពពិភពលោក បាន​ប្រកាស​ទទួលស្គាល់ជា​ផ្លូវការ​ថា​លែង​មានការ​រាត​ត្បាត​នៃ​​អេបូឡាទៀត​ហើយ នៅ​ក្នុង​ប្រទេស​លីបេរីយ៉ា បន្ទាប់​ពីសង្កេត​ឃើញ​គ្មាន​​អ្នក​ឆ្លង​មេរោគ​អេបូឡា​ថ្មី​សោះ​ សម្រាប់​រយៈ​ពេល​៤២​ថ្ងៃ​ជាប់​គ្នា ពោលគឺ​ស្មើ​នឹង​ពីរ​ជុំ​នៃ​​រយៈ​ពេល​​ដ៏​វែង​បំផុតដែល​​​មេរោគ​​សំងំក្នុង​ខ្លួន​មនុស្ស។

យក​ឈ្នះ​ជំងឺ​អេបូឡា​ ដោយ​បិទ​បញ្ចប់​ការ​រាតត្បាត​ គឺ​ជា​សមិទ្ធកម្ម​​ដ៏​អស្ចារ្យ​មួយ​របស់​លីបេរីយ៉ា ព្រោះ​ថា​ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ​សោះ អេបូឡា បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង ៤៧០០​នាក់​ ក្នុង​ចំណោម​អ្នក​ឆ្លង​មេរោគ​១០៥០០​នាក់ (តួលេខ​ចុងក្រោយ​របស់​អង្គការ​សុខភាព​ពិភពលោក​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី ៦ឧសភា)។ ​ជា​ការរាតត្បាត​ដ៏​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់មាន​គិត​ចាប់​ពី​ឆ្នាំ​១៩៧៦​មក។

ផលវិបាក​នៃ​ជំងឺ​នេះ​ ក៏​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​លីបេរីយ៉ា​ ដែល​ជា​ប្រទេស​ដ៏​ក្រីក្រ​ជាង​គេ​បំផុត​មួយ​នៅលើ​ភព​ផែនដី។ វិធានការ​បិទ​ព្រំដែន​ដើម្បី​ទប់​ស្កាត់ការ​រាតត្បាត និង​ការរត់​គេច​ខ្លួន​របស់​ក្រុម​អ្នក​វិនិយោគ បាន​ធ្វើ​ឱ្យ​លីបេរីយ៉ា​បាន​ខាត​បង់​​ប្រាក់​ចំណូល​អស់​២៥០​លាន​ដុល្លារ​។ សេដ្ឋកិច្ច​ជាតិ​បាន​ងើប​ឡើង​វិញ​ ក្រោយ​ពី​បើក​ព្រំដែន​កាលពី​ខែ​មេសា កំណើន​សេដ្ឋកិច្ច​អាច​មាន​ដល់​៣%​នៅ​ឆ្នាំ​២០១៥​ នេះ​បើ​តាមការព្យាករ​របស់​ធនាគារ​ពិភពលោក​ ប៉ុន្តែ​សង្ឃឹម​ថា​សហគមន៍​អន្តរជាតិ​​នឹង​រក្សា​ពាក្យ​សន្យា​ផ្តល់​ជំនួ​យ​។

លីបេរីយ៉ា​ផ្តើម​មាន​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ ប៉ុន្តែ​ត្រូវ​ប្រឈម​នឹង​​ប្រព័ន្ធ​សុខាភិបាលរិចរិល អេបូឡា​បាន​ផ្តាច់​ជីវិតបុគ្គលិក​ពេទ្យ​ស្ទើរ​ផុត​ពូជ មន្ទីរ​ពេទ្យ​បិទ​ទ្វារ​ស្ទើរ​គ្មាន​សល់។ ចុះ​អ្នក​រួច​ពី​ស្លាប់​ពី​អេបូឡា ?! រាប់​សិប​ពាន់​នាក់​ត្រូវ​រស់​ជាមួយនឹង​ភាព​ពិការ​ថ្លង់​ ខ្វិនខ្វង់​ ងងឹត​ភ្នែក។ បញ្ហា​ចម្បងមួយ​ទៀត​គឺ​ទំនុក​ចិត្ត អេបូឡា​បាន​បង្ក​បង្កើត​ការ​រើស​អើង ភាព​មិន​ទុក​ចិត្ត​គ្នា​ រវាង​អ្នក​ជិត​ខាង មិត្តភក្តិ ឬ​បងប្អូន។ ជំងឺ​​ផ្លូវ​ចិត្ត​ដែល​ពិបាក​នឹង​រលាយ​ទៅ​វិញ​ណាស់៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ