អានតួអត្ថបទ
នីហ្សេរីយ៉ា

មេ​បក្ស​ប្រឆាំង​ជាប់​​ឆ្នោត​ប្រធានាធិបតី​ជា​លើក​ទីមួយ​ក្នុង​ប្រវត្តិ​ប្រជាធិបតេយ្យ​ក្មេង​ខ្ចី​នីហ្សេរីយ៉ា

ពលរដ្ឋ​នីហ្សេរីយ៉ា រង់ចាំ​សេចក្តី​ថ្លែងការណ៍​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី តាំង​ពី​ល្ងាច​ម្សិលមិញ​ម្ល៉េះ ប៉ុន្តែ​លោក ម៉ុហាម៉ាឌូ ប៊ូហារី (Muhammadu Buhari) បាន​សម្រេច​​ចិត្ត​រង់​ចាំ ស្តាប់​​លទ្ធផល​​ផ្លូវការប្រកាស​ដោយ​គណៈកម្មការជាតិ​រៀប​ចំ​ការ​បោះឆ្នោតសិន មុន​នឹង​ចេញ​មុខ​ធ្វើ​សុន្ទរកថា នៅ​ព្រឹក​​ថ្ងៃ​ពុធ​ទី ១ មេសា​ ២០១៥​នេះ។ បើ​តាម​លទ្ធផល​ លោក ម៉ុហាម៉ាឌូ ប៊ូហារី បេក្ខជន​​មក​ពី​បក្ស​ប្រឆាំង បាន​ទទួល​សំឡេង​គាំទ្រ​៥៣,៩៥% ទល់​នឹង​ប្រធានាធិបតី​ផុត​អាណត្តិ​៤៤,៩៦%​។ ជោគជ័យ​របស់​លោក​ លោក ម៉ុហាម៉ាឌូ ប៊ូហារី គឺ​ជា​របត់​ថ្មី​​ជា​ប្រវត្តិសាស្ត្រ​របស់​នីហ្សេរីយ៉ា ដែល​តាំង​ពី​បាន​ឯករាជ្យ​នៅ​ឆ្នាំ ១៩៦០​មក បាន​ស្គាល់​រដ្ឋ​ប្រហារ​យោធា​ដល់​ទៅ​៦​ដង និង​ដែល​ដឹកនាំ​ដោយ​បក្ស​តែ​មួយ​ តាំង​ពី​របប​ផ្តាច់ការ​យោធា​បាន​ដួល​រំលំ​ទៅ​។

លោក Muhammadu Buhari ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មីនីហ្សេរីយ៉ា
លោក Muhammadu Buhari ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មីនីហ្សេរីយ៉ា Reuters/Afolabi Sotunde
ផ្សាយពាណិជ្ជកម្ម

លោក ម៉ូហាម៉ាឌូ ប៊ូហារី ជា​នរណា ?

 
កើត​នៅ​ឆ្នាំ​១៩៤២ នៅ​ភាគ​ខាង​ជើង​ប្រទេស​នីហ្សេរីយ៉ា លោក ម៉ូហាម៉ាឌូ ប៊ូហារី កាន់ស៊ុប​​សាសនា​អ៊ីស្លាម និង​ជា​កូន​ពៅ​នៅ​ក្នុង​គ្រូសារ​ដែល​ មាន​បង​ប្អូន​ដល់​ទៅ​២៣​នាក់។ រៀប​ការ​ពីរ​ដង និងមាន​កូន​ទាំង​អស់​១០​នាក់។

លោក ម៉ូហាម៉ាឌូ ប៊ូហារី មិន​មែន​ជា​ឥស្សរជន​​នយោបាយ​ថ្មី​ថ្មោង​ របស់​នីហ្សេរីយ៉ាទេ។ លោក ធ្លាប់​ជា​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​ប្រេង និង​​ពិសេស​ ជា​អតីត​ឧត្តមសេនីយ៍ ធ្លាប់​ចូល​ប្រលូកក្នុង​យោធា​តាំង​ពីអាយុ​១៩​ឆ្នាំ បន្ទាប់​មក​បាន​ទៅ​បំពាក់​បំប៉ន​ផ្នែក​យោធា​នៅ​អង់គ្លេស រហូត​បាន​ក្លាយ​ជា​បុគ្គល​សំខាន់​ម្នាក់ ចូល​រួម​ចំណែក​ធ្វើ​រដ្ឋ​ប្រហារ​​​នៅ​ឆ្នាំ​១៩៦៦។

​នៅ​ឆ្នាំ​១៩៨៣ គឺ​រូប​លោក​ផ្ទាល់​តែ​ម្តង​ដែល​ជា​អ្នក​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រមុខ​​រដ្ឋ​យោធា ដើម្បី​ឡើង​កាន់​អំណាច​ដោយ​ខ្លួនឯង។ ប៉ុន្តែ​បាន​ត្រឹម​តែ​២០​ខែ (នៅ​ឆ្នាំ​១៩៨៥) ឧត្តមសេនីយ​ម្នាក់​ទៀត ជា​មិត្ត​រួម​ជំនាន់​ក៏​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​លោក​ម្តង។ តាំង​ពី​ពេល​នោះ​មក លោក ម៉ូហាម៉ាឌូ ប៊ូហារី  បាន​បាត់​ខ្លួន​ពី​ឆាក​នយោបាយនីហ្សេរីយ៉ា​អស់​រយៈ​ពេល​ប្រមាណ​ជា២០​ឆ្នាំ។

ក្រោយ​របប​ផ្តាច់​ការ​ដួល​រលំ​ទៅ​ នីហ្សេរីយ៉ា បាន​ស្គាល់​គន្លង​លទ្ធិប្រជាធិបតេយ្យ​នៅ​ឆ្នាំ​១៩៩៩​មក លោក ម៉ូហាម៉ាឌូ ប៊ូហារី បាន​ត្រលប់មក​ធ្វើ​នយោបាយ​វិញ និង​បាន​ចូល​រួម​បោះឆ្នោត​ប្រធានាធិបតី​ដល់​ទៅ​បី​លើក នៅ​ឆ្នាំ​២០០៣ - ២០០៧ និង​២០១១។ ប៉ុន្តែ​អតីត​ប្រមុខ​រដ្ឋ​យោធា​នីហ្សេរីយ៉ា តែ​ចាញ់​ឆ្នោត​ជា​រៀង​រហូត។ លោក​តែង​​ចាត់​ទុក​ខ្លួន​ថា​ជា​ជន​រងគ្រោះ​ អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ពេលបោះ​ឆ្នោត ប៉ុន្តែ​ការ​ទាមទារ​ទៅ​តុលាការ​មិន​ដែល​បាន​សម្រេច​ទេ។

ទើប​តែ​នៅ​លើក​នេះ ក្នុង​នាម​ជា​ប្រមុខ​បក្ស​ប្រឆាំង​ ដែល​លោក​បាន​បង្រួប​បង្រួម​​​គ្នាជា​ធ្លុង​មួយ ក្លាយ​ជា​បេក្ខជន​​ប្រធានាធិបតី​របស់​បក្ស​តាម​រយៈ​ការ​បោះឆ្នោត​ផ្ទៃ​ក្នុង លោក ម៉ូហាម៉ាឌូ ប៊ូហារី មាន​ជំនឿ​ទុក​ចិត្ត​លើ​ជោគជ័យតាំង​ពី​ក្នុង​ពេ​ល​កំពុង​ឃោសនា។

យុទ្ធសាស្ត្រ​របស់​លោក ប៊ូហារី

មិន​សូវ​ចេះ​និយាយ​ស្តី មិន​ពូកែ​ខាង​ទំនាក់ទំនង តែ​ជា​មនុស្ស​សាច់​ការ កាច​ហ្មត់ចត់​ មាន​សមត្ថភាព និងមិន​ចេះ​ក្អេងក្អាង គ្រប់​គ្នា​បាន​នឹង​ឃើញ​ដល់​ លោក ម៉ូហាម៉ាឌូ ប៊ូហារី អតីត​មេ​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​បាន​បង្ហាញ ខ្លួន​ជា​អ្នក​ផ្តាច់​ខ្លួន​មក​ប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ​ និង​បាន​សន្យា​បោស​សម្អាត ជំងឺស៊ីរ៉ូង​ផ្ទៃ​ក្នុងមួយ​ដែល​ធ្វើ​ឱ្យ​មហាអំណាច​សេដ្ឋកិច្ច​ទី​មួយ​របស់​អាហ្វ្រិក​រង​គ្រោះខ្លាំង គឺ​កម្ចាត់​អំពើ​ពុក​រលួយ។ អំពើ​ពុក​រលួយ​ដែល​គេ​ឃើញ​មាន​កាន់​តែ​ច្រើន​ឡើងៗ នៅ​ក្នុង​បក្ស​​កាន់​អំណាច ជាពិសេស​សំណុំ​រឿង​ពុក​រលួយ​ក្នុង​វិស័យ​ប្រេង ដែល​ជា​ប្រភព​ធនធាន​ធម្មជាតិ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​។ ធនធាន​ប្រមាណ​ជា​១០%​ ត្រូវ​បាន​គេ​បង្វែរ​ដាន។

ថ្វី​បើ​នៅ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ គណបក្ស​ ប្រជាធិបតេយ្យ​ប្រជាជន កំពុង​កាន់​អំណាច​បាន​វាយ​ប្រហារ​ លោក ម៉ូហាម៉ាឌូ ប៊ូហារី ថា​ជា​បេក្ខជន​អ៊ីស្លាម ដ៏​គ្រោះ​ថ្នាក់​ អាច​នាំ​នីហ្សេរីយ៉ា​​ឱ្យធ្លាក់​ក្នុង​ច្បាប់​អ៊ីស្លាម​Charia តែ​​បេក្ខជន​បក្ស​ប្រឆាំង​រូប​នេះ អាច​វាយបក​តប​វិញ​អំពី​អសមត្ថភាព​របស់​បក្ស​កាន់​អំណាច​នៅ​ចំពោះ​មុខ​ភាព​ហិង្សា​របស់​ពួក​អ៊ីស្លាម​ជ្រុល​និយម​បូកូអារ៉ាម។ រូប​លោក​ផ្ទាល់​ ក៏​វិះ​តែ​នឹង​បាត់​បង់​ជីវិត​ ក្នុង​អំពើ​ភេរវកម្ម​អត្តឃាត កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤។ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​បូកូអារាម បាន​ក្លាយ​ជា​ចំណុច​ខ្លាំង​របស់​លោក​ប៊ូហារី​ ព្រោះ​លោកធ្លាប់​ជា​អតីត​ឧត្តមសេនីយ៍។

លើ​ផ្នែកយុទ្ធសាស្ត្រវិញ​ លោក​បានលុប​ចោល​យ៉ាង​ស្អាត​ស្រលះ​​រូប​ភាព​ជា​អ្នក​ប្រកាន់​​​សាសនា​ឬ​កុលសម្ពន្ធ​ ដោយ​​​បាន​ជ្រើស​រើស​ លោក យេមី អូស៊ីនបាហ្សូ ជា​អ្នក​កាន់​សាសនា​គ្រិស្ត ប្រសូត​ចេញ​កុលសម្ព័ន្ធ​នៅ​ភាគ​ខាង​ត្បូង​នីហ្សេរីយ៉ា​និង​ប្រកប​ទៅ​ដោយ​បទ​ពិសោធន៍​ការងារ​ ជាតិ​និង​នៅ​លើ​ឆាក​អន្តរជាតិ ​ជា​ដៃ​គូ​ដឹកនាំប្រទេស​​ ក្នុង​នាម​ជា​​បេក្ខជន​អនុ​ប្រធានាធិបតី​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​តែ​ម្តង។

ជា​ចុងក្រោយ​ គឺ​ការ​បែកបាក់​របស់​គណបក្ស​កាន់​អំណាច ! អតីត​ប្រធានាធិបតី​នីហ្សេរីយ៉ា នៃ​គណបក្ស​ប្រជាធិបតេយ្យ​ប្រជាជន​កំពុង​កាន់​អំណាច ជា​មួយ​គ្នា​នឹង​ប្រធានាធិបតី​ផុត​អាណត្តិ​លោក​ហ្សូណាតាន់​ជា​បេក្ខជន​ បាន​សម្រេច​ដើរ​ចេញ​ពី​បក្ស​ មក​ចង​សម្ព័ន្ធ​ភាព​ជាមួយ​លោក​ ម៉ូហាម៉ាឌូ ប៊ូហារី។

ក្តី​សង្ឃឹម​របស់​ពលរដ្ឋ​នីហ្សេរីយ៉ា

នៅ​ក្នុង​អតីត​កាល ជាពិសេស​ក្នុង​រយៈ​ពេល​ដែល​ នីហ្សេរីយ៉ា កំពុង​ស្ថិត​ក្រោមការ​ដឹកនាំ​សឹក លោក ម៉ូហាម៉ាឌូ ប៊ូហារី  ក៏​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​ផ្តាច់​ការ ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ដែរ។ លើស​ពី​នេះ​ទៅ នៅ​ពេល​កាន់​អំណាច​រយៈ​ពេល​ ២០​ខែ​នោះ លោក ម៉ូហាម៉ាឌូ ប៊ូហារី  បាន​ប្រើ​អនុវត្ត​ច្បាប់​យ៉ាង​តឹង​រឹង ដោយ​ឈរ​លើ​គោលការណ៍​មួយ គ្រប់​គ្នា​ត្រូវ​គោរព​វិន័យ​។ ការ​វាយដំ​ ឬ​ទណ្ឌកម្ម​ត្រូវ​បាន​ដាក់​ដោយ​គ្មាន​ត្រា​ប្រណី​ ! ការ​កាត់​ទោស​ប្រហារ​ជីវិត ត្រូវ​ធ្វើ​ឡើង​ជា​សាធារណៈ ផង​ចំពោះ​ជន​ប្រព្រឹត្ត​ការ​ជួញ​ដូរ​គ្រឿង​ញៀន ... និងត្រូវ​បាន​ទទួល​ស្គាល់​ជា​ស្រេច​អំពី​ស្នាដៃ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុក​រលួយ។ លោក ម៉ូហាម៉ាឌូ ប៊ូហារី ទំនង​ជា​ប្រធានាធិបតី​ម្នាក់​ក្នុង​ចំណោម​ប្រមុខ​ដឹកនាំ​ប្រទេស​ដែល​គ្មាន​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ពុករលួយ​ក្នុង​ក្រុមហ៊ុន​ប្រេង។ ចំណុច​នេះ​ហើយ​ដែល​ធ្វើ​គ្រប់​គ្នា​មាន​ទំនុក និង​អាច​ផ្ញើ​ក្តី​សង្ឃឹម​បាន។


បើ​និយាយ​ជា​លក្ខណៈ​ទូទៅ​ ទូលំទូលាយ​ថ្នាក់​ជាតិ​វិញ​ ថ្វី​បើ​ការ​ក្នុង​ពេល​ឃោសនា​និង​បោះឆ្នោត ពួក​បូកូអារ៉ាម បាន​បង្ក​អសន្តិសុខ​និង​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​១០​នាក់​មែន ប៉ុន្តែ​ការ​បោះឆ្នោត​នេះ បាន​ប្រព្រឹត្ត​ដោយ​រលូន និង​ដោយ​តម្លាភាព​គួរ​ឱ្យ​កោត​សរសើរ។ កាលពី​បួន​ឆ្នាំ​មុន បរាជ័យ​របស់​លោក ប៊ូហារី នៅ​ចំពោះ​មុខ លោក​​ប្រធានាធិបតី​ផុត​អាណត្តិ​ Goodluck Jonathan ​ពេល​នោះក្រុមសហគមន៍អ៊ីស្លាម​បាន​ផ្ទុះ​កំហឹង ​បង្ក​ឱ្យ​មាន​​អំពើ​ហិង្សាបង្ហូរ​ឈាម ស្លាប់​មនុស្ស​ប្រមាណ​៨០០​នាក់។ ប៉ុន្តែ​នៅ​ថ្ងៃនេះ ប្រធានាធិបតី​​ផុត​អាណត្តិ​ បាន​ទទួល​ស្គាល់​ បរាជ័យ​របស់​ខ្លួន សរសើរ​អំពីជោគជ័យ​របស់​គូ​ប្រជែង និង​អំពាវនាវ​ពលរដ្ឋ​ឱ្យ​ស្ងប់​ស្ងាត់​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត។ កាយ​វិការ​នេះ បញ្ជាក់​ថា​លទ្ធិ​ប្រជាធិបតេយ្យ​កំពុង​ចាក់​ឬស​ចាក់​គល់​ក្នុង​ប្រទេស​​ដែល​​​មាន​ប្រជាជន​ច្រើន​ជាង​គេ​នៅ​អាហ្វ្រិក​ហើយ។ សង្ឃឹម​ថានីហ្សេរីយ៉ា​ស្ថិត​លើ​គន្លង​នេះ​យូរ​អង្វែង​តទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ