rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ម៉ារ៉ុក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ការបោះឆ្នោត​សភា​មុនចប់​អាណត្តិ​ដែលមាន​អ្នកមក​ចូលរួម​ប្រមាណ​៤៥%​

media
ការិយាល័យ​​បោះឆ្នោត​​នៅ​ទីក្រុង​ ​Rabat​ នៃ​​ប្រទេស​​ម៉ារ៉ុក​​នៅ​ថ្ងៃទី​​២៥​​វិច្ឆិកា​​ឆ្នាំ២០១១​ ©​ REUTERS/Kerek Wongsa

ក្នុងចំណោម​ប្រជាជន​ម៉ារ៉ុក​ដែល​បាន​ចុះឈ្មោះ​ដើម្បី​បោះឆ្នោត​ ​ មាន​ប្រមាណ​៤៥%​បានមក​ចូលរួម​ធ្វើការ​បោះឆ្នោត​ នៅថ្ងៃសុក្រ​ទី២៥​វិច្ឆិកា​ឆ្នាំ២០១១​ ​ ដើម្បី​ជ្រើសតាំង​សមាជិក​សភា។​ ការបោះឆ្នោត​សភា​មុនចប់​អាណត្តិនេះ​ ​ បាន​ត្រូវ​រៀបចំឡើង​ប្រាំខែ​ក្រោយពី​មាន​កំណែទម្រង់​ទៅលើ​រដ្ឋធម្មនុញ្ញ​ដោយ​ព្រះចៅ​មហាមេដ​ទី៦។


ប្រជាជន​ម៉ារ៉ុក​ជាង​១៣លាននាក់​ដែល​បាន​ចុះឈ្មោះ​ដើម្បី​បោះឆ្នោត​ ​ បាន​ត្រូវ​គេ​អញ្ជើញ​ឲ្យ​មក​ចូលរួម​ធ្វើការ​បោះឆ្នោត​សភា​មុនចប់​អាណត្តិ​ នៅថ្ងៃសុក្រ​ទី២៥​វិច្ឆិកា​ឆ្នាំ២០១១​ម្សិលមិញ។ នេះជា​ការបោះឆ្នោត​ជាលើក​ទីមួយ​ហើយ​ ​ ក្រោយពី​មាន​កំណែទម្រង់​ទៅលើ​រដ្ឋធម្មនុញ្ញ​ដោយ​ព្រះមហាក្សត្រ​នៃ​ប្រទេស​ម៉ារ៉ុក​ ​ ព្រះចៅ​មហាមេដ​ទី៦។

 
ឥស្សរជន​ចេញពី​គណបក្ស​នយោបាយ​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​ជាងគេ​ពី​សំណាក់​ប្រជាជន​ ​ នឹង​ត្រូវ​ជ្រើស​តែងតាំង​ជា​នាយករដ្ឋមន្ត្រី។​ ចំណែកឯ​គណបក្ស​យុត្តិធម៌​និង​អភិវឌ្ឍន៍​ដែល​គេ​ចាត់ទុកថា​ជា​គណបក្ស​អ៊ីស្លាម​មិន​ជ្រុលនិយម​សង្ឃឹមថា​នឹង​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើនជាងគេ។
 
ក្រសួង​មហាផ្ទៃ​ម៉ារ៉ុក​បាន​ប្រកាស​ឲ្យដឹងថា​ ​ មាន​អ្នក​មក​ចូលរួម​ប្រមាណ​៤៥%​ក្នុង​ចំណោម​ប្រជាជន​ម៉ារ៉ុក​ដែល​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត។​ តួលេខ​នេះ​បង្ហាញ​ឲ្យ​ឃើញថា​ ​ មាន​ប្រជាជន​មក​ចូលរួម​ធ្វើការ​បោះឆ្នោត​ច្រើន​ជាង​កាលពី​៤ឆ្នាំមុន​ដែល​មាន​តែ​៣៧%​ប៉ុណ្ណោះ។
 
រដ្ឋអំណាច​ចង់​ឲ្យ​ការបោះឆ្នោត​ទាំងនេះ​ក្លាយ​ទៅជា​ជំហាន​ទីមួយ​ក្នុង​ការ​ធ្វើ​ប្រជាធិបតេយ្យូបនីយកម្ម​នៅ​ប្រទេស​ម៉ារ៉ុក។​ ជាមួយ​នឹង​អត្រា​នៃ​ការចូលរួម​បោះឆ្នោត​៤៥%​ ​ រដ្ឋអំណាច​ម៉ារ៉ុក​ចាត់ទុក​កំណែទម្រង់​ទៅលើ​រដ្ឋធម្មនុញ្ញ​បាន​ទទួល​ការគាំទ្រ​ពី​សំណាក់​ប្រជាជន។
 
គួរកត់​សម្គាល់ថា​ ​ បីគណបក្ស​ឆ្វេងនិយម​និង​ចលនា​នៃ​២០កុម្ភៈ​បាន​ធ្វើពហិការ​ពុំចូលរួម​ធ្វើការ​បោះឆ្នោត​កាលពី​ម្សិលមិញ​នេះ​ឡើយ​ ​ ដោយពួកគេ​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​ទៅលើ​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ជ្រៅជ្រះ​ជាងនេះ​ ​ ហើយនិង​ឲ្យ​កាត់បន្ថយ​អំណាច​របស់​ព្រះមហាក្សត្រ៕