មហាក្សត្រម៉ារ៉ុកប្រកាសគម្រោងកំណែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញរបស់រាជាណាចក្រ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៧
នៅក្នុងព្រះរាជសុន្ទរកថាថ្លែងទៅកាន់ប្រជារាស្រ្តនៅយប់ថ្ងៃទី ១៧ មិថុនាម្សិលមិញ ព្រះមហាក្សត្រនៃប្រទេសម៉ារ៉ុក Mohammed ទី៦បានប្រកាសចេញនូវវិធានការមួយចំនួនក្នុងគោលដៅធ្វើកំណែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស។ គម្រោងច្បាប់រដ្ឋធម្មនុញ្ញថ្មីដែលបានផ្តល់អំណាចបន្ថែមឲ្យនាយករដ្ឋមន្ត្រី និងរដ្ឋសភា។ ទន្ទឹមគ្នានេះ ព្រះមហាក្សត្រនឹងបន្តរក្សាតួនាទីជាប្រមុខរដ្ឋ អគ្គមេបញ្ជាការកងទ័ព និងជាប្រមុខការទូត។ គម្រោងច្បាប់រដ្ឋធម្មនុញ្ញថ្មីដែលនឹងត្រូវដាក់ឲ្យបោះឆ្នោតប្រជាមតិនៅថ្ងៃទី ១ កក្កដាខាងមុខ។
តំាងពីបានឡើងគ្រងរាជ្យក្នុងរយៈពេល ១២ឆ្នំាចុងក្រោយនេះមក រាជបល្ល័ង្ករបស់ព្រះមហាក្សត្រម៉ារ៉ុក Mohammed ទី៦ មិនដែលទទួលរងការគំរាមកំហែងផ្តួលរំលំម្តងណាទេ។ ក៏ប៉ុន្តែ កម្លំាងខ្យល់នៃបដិវត្តន៍នៅក្នុងប្រទេសអារ៉ាប់មួយចំនួនបានបក់ចូលដល់ក្នុងប្រទេសម៉ារ៉ុកហើយ។ ពិតណាស់ថា គេនៅមិនទាន់អាចប្រៀបប្រដូចព្រឹត្តិការណ៍នៅម៉ារ៉ុកពេលនេះ ទៅនឹងព្រឹត្តិការណ៍នៅក្នុងប្រទេសទុយនីស៊ី ឬមួយក៏ប្រទេសអេហ្ស៊ីបបានទេ។ ក៏ប៉ុន្តែ ការងើបបះបោររបស់ប្រជារាស្រ្តម៉ារ៉ុកក្នុងរយៈពេល ៤ខែកន្លងមក បានបង្ខំឲ្យព្រះមហាក្សត្របោះបង់អំណាចមួយចំនួនរបស់ព្រះអង្គ ដោយប្រគល់ទៅឲ្យនាយករដ្ឋមន្រ្តី និងរដ្ឋសភា។
ប្រសិនបើគម្រោងកំណែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញនេះនឹងត្រូវអនុម័តដោយការបោះឆ្នោតប្រជាមតិនៅថ្ងៃទី ១ កក្កដាខាងមុខនោះ នាយករដ្ឋមន្រ្តីនឹងមានសិទ្ធិអំណាចទូលំទូលាយជាងមុន រួមមាន៖ សិទ្ធិតែងតំាងឥស្សរជននៅក្រោមបង្គាប់ សិទ្ធិរំលាយរដ្ឋសភា និងសិទ្ធិកោះប្រជុំគណៈរដ្ឋមន្រ្តី ដោយមិនចំាបាច់មានវត្តមានព្រះមហាក្សត្រទេ។ រហូតមកទល់ពេលនេះ បេក្ខជននាយករដ្ឋមន្រ្តីត្រូវបានជ្រើសយក និងតែងតំាងដោយព្រះមហាក្សត្រ មានន័យថា ព្រះអង្គចង់ជ្រើសយកឥស្សរជនរូបណាក៏បាន ដោយមិនចំាបាច់គិតថា តើឥស្សរជននោះចេញមកពីគណបក្សឈ្នះឆ្នោត ឬក៏អត់ទេ។ តែជាមួយនឹងច្បាប់រដ្ឋធម្មនុញ្ញថ្មី ព្រះមហាក្សត្រនៅតែជាអ្នកតែងតំាងនាយករដ្ឋមន្រ្តីដដែល តែចំាបាច់ជាឥស្សរជនម្នាក់ចេញមកពីគណបក្សដែលឈ្នះឆ្នោត។
នៅក្នុងគម្រោងកំណែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញ មហាក្សត្រ Mohammed ទី៦ បានសន្យាដាក់បញ្ចូលភាសា amazighe ឬហៅថា berbère ជាភាសាផ្លូវការទី២ បន្ទាប់ពីភាសាអារ៉ាប់ ព្រោះថា នៅក្នុងចំណោមប្រជារាស្រ្តម៉ារ៉ុកទំាង ៣២លាននាក់ មានភាគច្រើននិយាយភាសា berbère។ ។ សាសនាអ៊ីស្លាមត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋ ហើយអំណាចតុលាការនឹងត្រូវឯករាជ្យដោយផ្តាច់ចេញពីអំណាចនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ។ អភ័យឯកសិទ្ធិរបស់តំណាងរាស្រ្តនឹងត្រូវកាត់បន្ថយ ចំណែកយុទ្ធនាការប្រយុទ្ធប្រឆំាងអំពើពុករលួយនឹងត្រូវពង្រឹងបន្ថែម។
គម្រោងកំណែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញគ្រោងនឹងលុបចោលនូវលក្ខណៈពិសិដ្ឋជនរបស់អង្គព្រះមហាក្សត្រនៅត្រង់មាត្រាទី ៤៦ ដោយជំនួសពាក្យមួយឃ្លាថា « អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ »។ ទន្ទឹមគ្នានេះ ព្រះមហាក្សត្រនៅតែបន្តរក្សាតំណែងជាប្រមុខរដ្ឋ ប្រមុខការទូត និងអគ្គមេបញ្ជាការកងទ័ព៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ