rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាហ្វ្រិក​ខាងត្បូង តុលាការព្រហ្មទណ្ឌអន្តរជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លិខិត​សុំដកខ្លួន​ចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ របស់​អាហ្វ្រិក​ខាងត្បូង ​ត្រូវ​ចាត់ទុក​ថា​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ

media
ទីស្នាក់ការ​​នៃ​​តុលាការ​​ព្រហ្មទណ្ឌ​អន្តរជាតិ​ នៅទីក្រុង​ឡាអេ ប្រទេស​ហូឡង់ Wikimédia

ចៅក្រម​មួយរូប​របស់​អាហ្វ្រិក​ខាងត្បូង ​ទើប​បាន​សម្រេច​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ​លិខិត​ដែល​រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង​ បាន​ផ្ញើរ​ទៅ​កាន់​អង្គការ​សហប្រជាជាតិ ​ដើម្បី​ដក​ខ្លួន​អាហ្វ្រិក​ខាងត្បូង ​ចេញ​ពី​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នោះ ​គឺ​មាន​លក្ខណៈ​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ។ លោកចៅ​ក្រម​អាហ្វ្រិក​ខាងត្បូង​ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ បញ្ឈប់​នីតិវិធី​នេះ​ជា​បន្ទាន់។ គណបក្ស​ប្រឆាំង​ ដែល​ជា​អ្នក​ដាក់​ពាក្យ​ប្តឹង​ បាន​សម្តែង​ការ​ត្រេកអរ​ នឹង​សេចក្តី​សម្រេច​នេះ ​ហើយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង​ ពិចារណា​ឡើងវិញ​ អំពី​ទង្វើ​របស់​ខ្លួន។


ចៅក្រម​ដែល​មាន​ភាព​ក្លាហាន ​ ​ដូច​លោក​ចៅក្រម​ អាហ្វ្រិក​ខាងត្បូង​ ឈ្មោះ ​Phineas Mojapelo ​មាន​មិន​ច្រើន​ទេ។ បន្ទាប់​ពី​បាន​ទទួល​ពាក្យ​បណ្តឹង​ ពី​គណបក្ស​ប្រឆាំង​របស់​អាហ្រ្វិក​ខាងត្បូង​ ​នៅថ្ងៃ​ពុធ​ទី​២២ ​កុម្ភៈ  ​ លោក​ចៅក្រម​នេះ ​ បាន​សម្រេច​ថា ​លិខិត​ដែល​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង​បាន​ផ្ញើរ​ទៅ​កាន់​អង្គការ​សហប្រជាជាតិ ​ ដើម្បី​សុំ​ដក​ប្រទេស​ខ្លួន​ ចេញ​ពី​សមាជិក​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​គឺ​ ​ផ្ទុយពី​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ អាហ្វ្រិក​ខាងត្បូង ​ព្រោះ​ដោយសារ​តែ​រដ្ឋាភិបាល​បាន​ធ្វើ​លិខិត​នេះ ​តែ​ម្នាក់​ឯង​ ដោយ​ពុំបាន​ឆ្លង​កាត់​ការ​បោះឆ្នោត​យល់​ព្រម​ពី​រដ្ឋសភា។

 
សម្រាប់​គណបក្ស​ប្រឆាំង ​ការ​ដកខ្លួន​អាហ្វ្រិក​ខាង​ត្បូង​ ចេញ​ពី​ប្រទេស​ហត្ថលេខី​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ ​គឺ​ជា​រឿង​មួយ​ធ្ងន់ធ្ងរ​ ព្រោះ​វា​​ផ្ទុយ​ពី​គោលការ​គ្រិះនៃ​រដ្ឋធម្មនុញ្ញ​អាហ្វ្រិក​ខាងត្បូង ​ដែល​ជា​កេរ​មរតក​របស់​លោក​ Nelson Mandela។ ដោយ​ឡែក​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​បាន​បញ្ជាក់​ថា ​ គេ​កំពុង​ពិនិត្យ​មើល ​អំពី​លទ្ធភាព​នៃ​ការ​ធ្វើ​បណ្តឹង​ឧទ្ធរណ៍​ ប្រឆាំង​នឹង​សេចក្តី​សម្រេច​ របស់​ចៅ​ក្រម​នេះ។
 
គួររំលឹកថា ​ លោក ​Jacob Zuma ​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង ​បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​តុលាការ​ក្រុង​ឡាអេ ​បន្ទាប់​ពី​មាន​ពាក្យ​ចោទ​ប្រកាន់​ជាច្រើន​ ទៅ​លើ​រដ្ឋាភិបាល​លោក ​ ថា​មិន​បាន​ជួយ​សហការ​ ក្នុងការ​ចាប់​ឃាត់​ខ្លួន​លោក ​Omar el Béchir ​ប្រធានាធិបតី​ស៊ូដង់។ លោក ​el Béchir ​ត្រូវ​បាន​តុលាការ​ក្រុង​ឡាអេ ​ចោទ​ប្រកាន់​​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ដែល​បាន​កើតឡើង​នៅ​តំបន់​ដាកហ្វួរ។ តុលាការ​កំពូល​អាហ្វ្រិក​ខាង​ត្បូង​ ក៏​ធ្លាប់​បាន​ចោទ​ប្រកាន់​ថា​ ទង្វើរ​របស់​រដ្ឋា​ភិបាល ​ដែល​មិន​សហការ​ជាមួយ​តុលាការ​ក្រុង​ឡាអេ ​គឺ​ជា​ភាព​កំសាក។
 
សូម​បញ្ជាក់​ថា ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ប្រទេស​នៅ​អាហ្វ្រិក​មួយ​ចំនួន ​បាន​នាំគ្នា​គំរាម​ដក​ខ្លួន ​ចេញ​ពី​តុលាការ​ក្រុង​ឡាអេ ​ដោយ​ពួកគេ​លើក​ឡើង​ថា​ តុលាការ​នេះ ​បាន​ធ្វើការ​ស៊ើប​អង្កេត ​និង​ជុំនំ​ជំរះ​តែ​ទៅ​លើ​មេដឹកនាំ ​ដែល​មក​ពី​ប្រទេស​អាហ្វ្រិក។ តុលាការ​ក្រុង​ឡាអេ ​បាន​ឆ្លើយ​តប​មក​វិញ​ថា ​សំណុំ​រឿង​ចំនួន​១០​ ដែល​តុលាការ​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត ​គឺ​មាន​៩ហើយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ប្រទេស​អាហ្វ្រិក ​ហើយ​វា​មិនមែន​ជា​ជំរើស​របស់​តុលាការ​ទេ ​តែវា​ជា​ពាក្យ​បណ្តឹង​ ដែល​មាន​ប្រភព​ពី​ប្រទេស​ទាំង​នោះ។
 
កាលពី​ខែ​តុលា​កន្លង​ទៅ ​ប្រទេស​ប៊ុយរុនឌី ​បាន​ដក​ខ្លួន​រួច​ហើយ។ ចំណែក​កេនយ៉ា ​ក៏បាន​ប្រកាស​ថា​គេ​កំពុង​ពិចារណា ​លើនីតិវិធី​ដកខ្លួន​ចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែរ។ ផ្ទុយ​ពី​ប្រទេស​ទាំងអស់​នេះ ​ ប្រទេស​អាហ្វ្រិក​មួយ​ចំនួន​ដូចជា ​ប្រទេស​សេណេហ្កាល់ ​និង​បុតស្វាណា ​ជាដើម ​បាន​សំដែង​ការ​គាំទ្រ​ពេញ​ទំហឹង​ ដល់​តួនាទី​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​ ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ដល់​ជន​រងគ្រោះ៕