តុលាការធម្មនុញ្ញអាហ្វ្រិកខាងត្បូង តម្រូវឲ្យប្រធានាធិបតីសងប្រាក់រដ្ឋថ្លៃកសាងផ្ទះ
ជាលើកទីមួយមិនធ្លាប់មានទេ ដែលប្រធានាធិបតីរបស់ប្រទេសមួយត្រូវបានតុលាការតម្រូវឲ្យសងប្រាក់រដ្ឋ ដែលបានយកទៅចំណាយក្នុងការសាងសង់គេហដ្ឋានផ្ទាល់ខ្លួន។ ជាក់ស្តែង កាលពីថ្ងៃព្រហស្បតិ៍ទី៣១មីនា តុលាការធម្មនុញ្ញនៃប្រទេសអាហ្រ្វិកខាងត្បូង បានសម្រេចសេចក្តីតម្រូវឲ្យលោកប្រធានាធិបតីប្រទេសនេះ សងប្រាក់មួយផ្នែក ដែលបានចំណាយក្នុងការសាងសង់គេហដ្ឋានផ្ទាល់ខ្លួន មកឲ្យរដ្ឋវិញ។ ពុំនោះទេ មានន័យថាប្រធានាធិបតីកំពុងតែរំលោភលើរដ្ឋធម្មនុញ្ញ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៩
តុលាការធម្មនុញ្ញា ដែលជាស្ថាប័នយុត្តធិការកំពូលនៃប្រទេសអាហ្វ្រិកខាងត្បូង បានចេញសាលក្រមនៅថ្ងៃព្រហស្បតិ៍ទី ៣១មីនា ដោយបានទទួលស្គាល់ថា លោកប្រធានាធិបតី យ៉ាកុប ហ្សូម៉ា (Jacob Zuma) បានរំលោភលើរដ្ឋធម្មនុញ្ញ ដោយបានយកកញ្ចប់ថវិការដ្ឋ ទៅប្រើប្រាស់ក្នុងការសាងសង់គេហដ្ឋានផ្ទាល់ខ្លួនរបស់លោក។ តុលាការបានតំរូវឲ្យលោកប្រធានាធិបតីសងប្រាក់មួយផ្នែក ក្នុងចំណោមទឹកប្រាក់សរុបប្រមាណជា១៥លានអឺរ៉ូ។
សូមរំលឹកថា ក្នុងរវាងឆ្នាំ២០០៩ លោកប្រធានាធិបតី ហ្សូម៉ា បានបញ្ជារឲ្យមានការជួសជុលលម្អ និងសាងសង់ប្រព័ន្ធការពារសន្តិសុខនៅគេហដ្ឋានដ៏ប្រណិតរបស់គាត់ ដោយប្រើកញ្ចប់ថវិការដ្ឋ។ តែទន្ទឹមនឹងនោះ ថវិកាទាំងអស់ប្រមាណ១៥លានអឺរ៉ូ ត្រូវបានយកទៅប្រើប្រាស់ ក្នុងការសាងសង់អាងហែលទឹក កសិដ្ឋានចិញ្ចឹមសត្វ សាលសន្និសិទ្ធដ៏ធំមួយ ព្រមទាំងបន្ទប់រងចាំសម្រាប់ភ្ញៀវទៀតផង។ តុលាការបានតម្រូវឲ្យប្រធានាធិបតីសងប្រាក់ដែលបានចំណាយ ទាំងឡាយណា ដែលមិនជាប់ពាក់ព័ន្ធនឹងប្រព័ន្ធការពារសន្តិសុខ ក្នុងរយៈពេល៤៥ថ្ងៃទៀត។ បើប្រធានាធិបតីមិនព្រមធ្វើតាម មានន័យថាប្រធានាធិបតីកំពុងតែរំលោភលើរដ្ឋធម្មនុញ្ញរបស់អាហ្វ្រិកខាងត្បូង។
សូមបញ្ជាក់ថា រឿងអាស្រូវប្រើថវិការដ្ឋកសាងគេហដ្ឋានផ្ទាល់ខ្លួននេះ ជារឿងអាស្រូវមួយក្នុងចំណោមរឿងអាស្រូវជាច្រើនរបស់លោកប្រធានាធិបតី យ៉ាកុប ហ្សូម៉ា។ តួយ៉ាងកាលពីថ្មីៗនេះ មានរឿងអាស្រូវពុករលួយមួយ ទាក់ទងនឹងគ្រួសារមហាសេដ្ឋីមួយដ៏ធំ ដែលបានសូកប៉ាន់ ដើម្បីបានទទួលតំណែងរដ្ឋមន្ត្រី។ បន្ថែមពីនេះនៅមានរឿងអាស្រូវ ក្រសួងហិរញ្ញវត្ថុ ដែលបានផ្លាស់ប្តូររដ្ឋមន្ត្រីចំនួន៣រូប ក្នុងពេលតែមួយសប្តាហ៍។ បញ្ហានេះ បានធ្វើឲ្យតម្លៃរូបិយបណ្ណអាហ្វ្រិកខាងត្បូងធ្លាក់ចុះយ៉ាងគំហុក។
ក្រុមគណបក្សប្រឆាំងទាំងពីររបស់អាហ្វ្រិកខាងត្បូង បានអំពាវនាវឲ្យមានបាតុកម្មទូទាំងប្រទេស ដើម្បីទាមទារឲ្យប្រធានាធិបតីយ៉ាកុប ហ្សូម៉ា ចុះចេញពីតំណែង។ នីតិវិធីទំលាក់ប្រធានាធិបតី ដោយការបោះឆ្នោតសភា ក៏ត្រូវបានស្នើសុំរួចរាល់ផងដែរ ក៏ប៉ុន្តែគេមិនសូវជាសង្ឃឹមទេ ព្រោះលោកយ៉ាកុប ហ្សូម៉ានៅមានអ្នកគាំទ្រច្រើនក្នុងសភា។ គេកំពុងតែរងចាំមើល ថាតើលោក យ៉ាកុប ហ្សូម៉ា អាចនឹងមុខក្រាស ទ្រាំនៅទាល់តែចប់អាណត្តិនៅឆ្នាំ២០១៩ ដែររឺទេ?
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ