rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

នយោបាយ ស៊ីមបាវ៉េ អាហ្វ្រិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ស៊ីមបាវ៉េ៖ លោក​មូហ្កាបេ ​នៅតែ​មិនព្រម​ចុះ​ពី​អំណាច ​រដ្ឋសភា​នឹង​បើក​នីតិវិធី​ទំលាក់

media
លោក មូហ្កាបេ ពេលនិយាយ​តាមទូរទស្សន៍ ថ្ងៃទី ១៩ វិច្ឆិកា ​២០១៧ STR / AFP

វិបត្តិនយោបាយនៅប្រទេសស៊ីមបាវ៉េ នៅតែជាប់គាំងដដែល បន្ទាប់ពីកងទ័ពប្រទេសនេះ បានចេញធ្វើអន្តរាគមន៍ ចាប់បង្ខំឲ្យលោកប្រធានាធិបតីមូហ្កាបេ ចុះចេញពីតំណែង។ ថ្វីបើមានការដាក់កំហិតពីកងទ័ព ​និងពីគណបក្សរបស់លោកផ្ទាល់ លោកប្រធានធិបតីមូហ្កាបេ នៅតែក្រាញ មិនព្រមប្រកាសលាលែងពីតំណែងទេ។​ ជាបន្តទៅទៀត រដ្ឋសភា​ នឹងបើកនីតិវិធី ទំលាក់លោកចេញពីកៅអីប្រធានាធិបតី។


ក្នុងវ័យ៩៣ឆ្នាំ លោក Robert Mugabe គឺជាមេដឹកនាំ ដែលមានអាយុច្រើនជាងគេបង្អស់ក្នុងលោក  កំពុងតែខិតខំស្រវ៉េស្រវ៉ានៅនាទីចុងក្រោយ ដើម្បីរក្សាតំណែងរបស់លោក ជាប្រធានាធិបតី ស៊ីមបាវ៉េ តំណែងដែលលោក បានកាន់តែម្នាក់ឯងតាំងតែពីឆ្នាំ ១៩៨០ ពោលគឺ៣៧ឆ្នាំមកហើយ។

តាំងតែពីថ្ងៃពុធ សប្តាហ៍មុនមក កងទ័ព បានបង្ឃាំងលោកនៅគេហដ្ឋាន ដើម្បីសម្រុះសម្រួលដោយសន្តិវិធី សុំឲ្យលោកចុះចេញពីតំណែង តាមសម្រួល កុំឲ្យបាត់បង់កិត្តិយសលោក ដែលធ្លាប់ជាអតីតអ្នកតស៊ូដើម្បីឯករាជ្យជាតិ ស៊ីមបាវ៉េ។ កាលពីថ្ងៃសៅរ៍កន្លងទៅ មហាបាតុកម្មទូទាំងប្រទេសរបស់ប្រជាជន បាននាំគ្នាស្រែក ទាមទារឲ្យលោក មូហ្កាបេ និងក្រុមគ្រួសារ​ ចុះចេញ ឈប់ក្តោបក្តាប់អំណាចផ្តាច់ការតទៅទៀត។ ចំណែកគណបក្ស Zanu-PF ដែលជាគណបក្សកាន់អំណាច បានសម្រេចដកលោក Robert Mugabe ចេញពីតំណែងប្រធានបក្ស។

តែជាការភ្ញាក់ផ្អើល​ទូទៅ កាលពីយប់ថ្ងៃអាទិត្យ ទី១៩ វិច្ឆិកា លោក មូហ្កាបេ បានថ្លែងសន្ទរកថា តាមទូរទស្សន៍ជាតិ ដោយបានបញ្ជាក់ថា​លោក នៅតែជាប្រមុខដឹកនាំស៊ីមបាវ៉េ ហើយលោកមិនចុះចេញពីតំណែងនេះជាដាច់ខាត។ ភ្លាមៗនោះ គណបក្ស Zanu-PF បានដាក់កំហិត ឲ្យលោក មូហ្កាបេ ត្រូវតែប្រកាសលាលែងពីតំណែង ឲ្យបានមុនម៉ោង ១២ថ្ងៃត្រង់ នៅថ្ងៃចន្ទទី ២០​វិច្ឆិកានេះ។ ពុំនោះទេ គណបក្ស រួមជាមួយសមាជិកសភា នឹងបើកនីតិវិធី ទំលាក់លោកពីកៅអី។

បើតាមប្រភពចុងក្រោយ ទើបទទួលបាន ឱសានុវាទ បានកន្លងផុតទៅហើយ ដោយលោកមូហ្កាបេ នៅតែមិនព្រ​ម​ប្រកាសលាលែងចេញពីតំណែង។ ដូចការគ្រោងទុក គណបក្សZanu-PF នឹងជួបប្រជុំគ្នា នៅរសៀលថ្ងៃចន្ទនេះ ដើម្បីផ្តើមនីតិវិធីទំលាក់ប្រធានាធិបតី។ យោងតាមមាត្រា ៩៧ នៃរដ្ឋធម្មនុញ្ញស៊ីមបាវ៉ា រដ្ឋសភា និងព្រឹទ្ធសភា អាចរួមគ្នាទំលាក់ប្រធានាធិបតីបាន បើសិនជាមានសម្លេងគាំទ្រ ចំនួន២ភាគ៣។ បើតាមការរំពឹងទុក នីតិវិធីនេះ អាចនឹងចំណាយពេលយូរ។

គណបក្សក៏បានសម្រេច តែងតាំងលោក Mnangagwa អតីតអនុប្រធានាធិបតី ឲ្យធ្វើជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខ។ គួរបញ្ជាក់ថាលោកម្នាក់នេះ ត្រូវបានគេសង្ឃឹម ថា​នឹងក្លាយជាប្រធានាធិបតី ក៏ប៉ុន្តែ​ត្រូវបានភរិយារបស់លោកមូហ្កាបេ និងបក្សពួកកំចាយចេញ ពីរដ្ឋាភិបាល កាលពីពេលថ្មីៗនេះ ព្រោះតាមការស្មាន លោកស្រីប្រពន្ធលោកម៉ូហ្កាបេ មានបំណងឡើងធ្វើជាប្រធានាធិបតី ក្នុងករណីប្តីលោកស្រីស្លាប់ទៅ៕