rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង អាហ្វ្រិក ភេរវកម្ម ជីហាត កងទ័ព នីហ្សេ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រធានាធិបតី​បារាំង ​ទៅលើក​ទឹកចិត្ត​ទាហាន​បារាំង​ប្រចាំ​នៅ​តំបន់​សាហ៊ែល ​ក្នុង​​បុណ្យ​ដំណាច់​ឆ្នាំ

media
លោក Emmanuel Macron រួមតុបាយបុណ្យ​ណូអែល ជាមួយកងទ័ពនៅ​ក្រុងNiamey ប្រទេសនីហ្សេ ថ្ងៃទី​២២ ធ្នូ ២០១៧ LUDOVIC MARIN / AFP

លោកអាម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានធ្វើដំណើរទៅដល់ ប្រទេស​នីហ្សេ កាលពីល្ងាចថ្ងៃសុក្រ ទី ២២ ដើម្បីជួប កងទាហានបារាំង ដែលកំពុងឈរជើង នៅ​តំបន់​សាហ៊ែល អាហ្រ្វិក។  ប្រធានាធិបតីបារាំង បានយកឱកាស បុណ្យដំណាច់ឆ្នាំ ទៅ​លើក​ទឹកចិត្ត ​កងទ័ព  ក៏ដូចជាបង្ហាញជំហរ ផ្តល់សារៈសំខាន់ ដល់ការអន្តរាគមន៍របស់​បារាំង ក្នុងការរក្សាសន្តិភាព ស្ថិរភាព នៅតំបន់សាហ៊ែលអាហ្វ្រិក  ដែលបច្ចុប្បន្ននេះ ស្ថិតក្រោមការគំរាម របស់ក្រុមឧទ្ទាមជីហាត។


លោកអេម៉ានុយអែល ម៉ាក្រុង មិនបានទៅដល់ប្រទេសនីហ្សេរ តែម្នាក់​ឯង​ទេ តែលោកបានបញ្ជូន មេចុងភៅដ៏ចំណាន ប្រចាំវិមានប្រធានាធិតី​​បារាំង​ទៅ​ជាមួយ​ដែរ គឺលោក  Guillaume Gomez។ កាល​ពី​យប់​ថ្ងៃ​សុក្រ​ លោកប្រធានាធិបតីម៉ាក្រុង  បានរៀបចំពិធី បាយ​ល្ងាច​ជុំគ្នា ​ជាមួយ​កងទ័ព​បារាំង ដែលកំពុងប្រចាំការ នៅឯទីក្រុង Niamey  ​ប្រទេស​នីហ្សេ។ ក្រៅពីដើម្បីអបអរ បុណ្យណូអែល និងបុណ្យ​ដំណាច់ឆ្នាំ  កងទាហានបារាំង បានរៀបចំធ្វើនំខួបកំណើត គំរប់ ​៤០ឆ្នាំ ជូនលោកម៉ាក្រុង ផងដែរ។

លោកម៉ាក្រុង បានថ្លែងទៅកាន់ទាហានបារាំងថា  លោកមានទំនុកចិត្តទាំងស្រុង ចំពោះបេសកកម្ម និងតួនាទីរបស់កងកម្លាំងបារាំង ដែលកំពុងតែបំពេញភារកិច្ច នៅតំបន់សាហ៊ែល អាហ្វ្រិកនេះ។ វាជាភារកិច្ចដ៏ចាំបាច់ ព្រោះថា សន្តិសុខរបស់ប្រទេសបារាំង មិនអាចកាត់ផ្តាច់ ពីសន្តិសុខនៃ​តំបន់​សាហ៊ែល​នេះ​បានទេ។ ដរាបណាតំបន់នេះ នៅតែមានអស្ថិរភាពដោយសារតែក្រុម​ឧទ្ទាម​ជីហាត  នោះបារាំង ក៏រងការគំរាម​កំហែង​ដែរ។ ដូច្នេះ យើងមិនអាចបណ្តោយឲ្យតំបន់នេះ ធ្លាក់ទៅក្នុងដៃ​ក្រុម​ជីហាត​ភេរវកម្ម បានជាដាច់ខាត។

លោកម៉ាក្រុង បានបន្ថែមថា ប្រតិបត្តិការរបស់ទាហានបារាំង ចាប់ពីឆ្នាំ២០១៤មក  បានជួយទប់តំបន់នេះ មិនឲ្យធ្លាក់ក្នុងភាពវឹកវរខ្លាំង។ ក្រុមជីហាតភេរវកម្ម បានបែកសំបុក បាត់បង់ដែនដីកាន់កាប់ធំៗ។ ក៏ប៉ុន្តែ ភាពរាយប៉ាយ ត្រង់នេះបន្តិច ត្រង់នោះបន្តិច របស់ក្រុម​ជីហាត​ភេរវកម្ម​នេះ ក៏គឺជាគ្រោះថ្នាក់ធំដែរ  ដែលកងកម្លាំងរក្សាសន្តិភាព ត្រូវតែ​ប្រុងប្រយ័ត្ន។ ដូច្នេះហើយ បានជាលោក ប្រឹងប្រែងជំរុញ ឲ្យបង្កើត ​កងកម្លាំងពិសេស តំបន់សាហ៊ែលឡើង ដោយមានការចូលរួម ពី​ទាហាន របស់ប្រទេសអាហ្វ្រិកទាំង៥  ដែលនៅជុំវិញតំបន់នេះ។

សូមបញ្ជាក់ថា ស្ថិតក្នុងបរិបទនេះដែរ  លោកប្រធានាធិបតីបារាំង នឹងត្រូវជួប លោកប្រធានាធិបតីប្រទេសនីហ្សេ នៅថ្ងៃសៅរ៍នេះ ដើម្បីនិយាយ​ពីដំណើរការទៅមុខ ក្នុងការបង្កើតកងកម្លាំងរក្សាសន្តិភាពតំបន់​សាហ៊ែលនេះ។ យោងតាមគំរោង នៅរវាងពាក់កណ្តាលឆ្នាំ ២០១៨ ប្រទេសអាហ្វ្រិកទាំង៥  ត្រូវបញ្ជូនកម្លាំងបញ្ចូលគ្នា ឲ្យបាន​៥ពាន់​នាក់ អមដោយកញ្ចប់ថវិការៀងៗខ្លួនផងដែរ។ ក្រៅពីនេះ លោកម៉ាក្រុង ក៏មានគំរោងនិយាយពីកម្មវិធីជំនួយអភិវឌ្ឍន៍ជាក់ស្តែង ដើម្បីជំរុញកុមារភេទស្រី ឲ្យបានចូលរៀន មានចំណេះដឹង។ លោកម៉ាក្រុង បានផ្តល់អាទិភាព ដល់ការប្រយុទ្ធនឹងភាព ភាពក្រីក្រ អស្ថិរភាព អសន្តិសុខនៅអាហ្វ្រិក តាមរយៈការជំរុញឲ្យកុមារ និងយុវជនអាហ្រិ្វក ឲ្យចូលរៀន ទទួលការបណ្តុះបណ្តាល ឲ្យបានច្រើនបំផុត៕