អានតួអត្ថបទ
ទុយនីស៊ី-ក្រុមជីហាដ

ក្រុម​ជីហាដ​អ៊ីស្លាម​នៅ​លីប៊ី ចូល​មក​បាញ់​ប្រហារ​ទាហាន​និង​នគរបាល​ទុយនីស៊ី នៅ​ព្រំដែន

កាល​ពី​ថ្ងៃ​ចន្ទ​ទី៧​ មីនា ​មាន​ក្រុម​ជីហាដ​អ៊ីស្លាម​មួយក្រុម​ ដែល​ប្រកាស​ខ្លួន​ថា ​ជា​កូនចៅ​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​លីប៊ី ​បាន​ចូល​មក​ធ្វើ​ភេរវកម្ម ​បាញ់រះ​នៅ​មូលដ្ឋាន​ទាហាន ​និង​កង​នគរបាល​ទុយនីស៊ី ​នៅ​ក្បែរ​ព្រំដែន​ភាគ​អាគ្នេយ៍។ យោង​តាម​តួលេខ​បឋម ​មាន​អ្នកស្លាប់​៥០​នាក់ ​ក្នុង​ហេតុការណ៍​នេះ។ ការ​ចូល​មក​បាញ់​ប្រហារ​បែបនេះ​ បាន​បង្ករ​ការ​ភ្ញាក់ផ្អើល ​ហើយវា​ក៏​បង្ហាញ​ពី​ស្ថានភាព​អាសន្ន​នៅ​លីប៊ី​ ដែល​ត្រូវការ​ដំណោះស្រាយ​នយោបាយ​បន្ទាន់ ​មុនពេល​ដែល​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម ​វាទទី​យក​អំណាច​បាន។

ទាហានទុយនីស៊ី កំពុង​ត្រៀម​កំលាំង​នៅ​​ក្រុង​ Ben Guerdane  ក្បែរព្រំដែន​ជាមួយ​លីប៊ី
ទាហានទុយនីស៊ី កំពុង​ត្រៀម​កំលាំង​នៅ​​ក្រុង​ Ben Guerdane ក្បែរព្រំដែន​ជាមួយ​លីប៊ី File photo of Tunisian soldiers standing guard at the border cro
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​ម្នាក់​រស់នៅ​ក្នុង​ក្រុង​ Ben Guerdane  ​ចំងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ ​ពី​ព្រំដែន​រវាង​ទុយនីស៊ី ​និង​លីប៊ី​ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​តាម​ទូរស័ព្ទ​ថា ​ នៅ​វេលា​ព្រឹក​ព្រហាម​ស្រាងៗ ​ថ្ងៃ​ទី​៧​ មីនា ​គាត់​បាន​ឃើញ​ពួក​ជីហាដ​នាំគ្នា​រត់​ប្រសេច​ប្រសាច ​ដៃ​កាន់​កាំភ្លើង ​AK ​គ្រប់ដៃ។​គ្នាវា​ម្នាក់​ក្នុង​ចំណោម​នោះ​ បាន​ស្រែក​ថា ​ពួក​វា​គឺ​ជា​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម ​នៅ​លីប៊ី ​ ហើយ​ពួក​វា​ចូល​មក​ទុយនីស៊ី​ ដើម្បី​សម្លាប់​ក្រុម​ទាហាន​និង​នគរបាល​ទុយនីស៊ី។

 
ការ​បាញ់ ​ផ្លោង​ទៅ​ផ្លោង​មក​នៅ​ក្នុង​ទីក្រុង​បាន​បន្ត​ទៅ​សឹងតែ​ពេញ​មួយ​ថ្ងៃ។ យោង​តាម​ព័ត៌មាន​ផ្តល់ឲ្យ​ដោយ​ក្រសួង​មហាផ្ទៃ​ទុយនីស៊ី ​បាន​បញ្ជាក់​ថា ​មាន​អ្នក​ស្លាប់​៥០​នាក់ ​ ក្នុង​នោះ​ភេវជន​អ៊ីស្លាម​ជីហាដ​ចំនួន​៣៣​នាក់ ​ ឯ​ខាង​កង​កម្លាំង​សន្តិសុខ​ទុយនីស៊ី​វិញ​ មាន​ស្លាប់​​១០នាក់​ ព្រមទាំង​ប្រជាជន​សាមញ្ញ​៧នាក់​ទៀត។ក្រសួង​មហាផ្ទៃ​ទុយនីស៊ី ​បាន​ដាក់​បំរាម​កុំ​ឲ្យ​ប្រជាជន​ទាំង​៦ម៉ឺន​នាក់ ​នៅ​ទីក្រុង​នោះ​ចេញ​ពី​ផ្ទះ ​ ហើយ​បាន​ដាក់​តំបន់​នេះ​ក្នុង​ភាព​អាសន្ន ​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​រឺ​ចេញ​ដើរ​ពេល​យប់​ចាប់​ពី​ម៉ោង​ ៧ល្ងាច​ ដល់​ម៉ោង​៥ភ្លឺ។ ចំណែក​តំបន់​ទេសចរណ៍​មាត់​សមុទ្រ​ឈ្មោះ ​Djerba​ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​កើតហេតុ ​ ត្រូវបាន​កង​សន្តិសុខ​ទុយនីស៊ី​យាមកាម​យ៉ាង​តឹងរឹង ​ ហើយ​ច្រក​ព្រំដែន​ជាមួយ​នឹង​លីប៊ី​ពីរ​កន្លែង ​ក៏ត្រូវ​បាន​បិទ​ផងដែរ។
 

សូម​បញ្ជាក់​ថា​នេះ ​ជា​លើក​ទីមួយ​ហើយ ​ ដែល​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​លីប៊ី ​នាំគ្នា​ចូល​សម្តៅ​មក​វាយ​ប្រហារ​ទៅ​លើ​ទាហាន ​និង​នគរបាល​ទុយនីស៊ី​បែបនេះ។ ក្រុម​ជីហាដ​នេះ ​ ធ្លាប់​បាន​ចូល​មក​ទុយនីស៊ី​ធ្វើ​ភេរវកម្ម​ ដ៏​សាហាវ​ចំនួន​ពីរ​លើក​ កាល​ពី​ឆ្នាំ​២០១៥ ​គឺ​ភេរវកម្ម​នៅ​សារមន្ទីរ​ Bardo​ និង​ភេរវកម្ម​នៅ​តំបន់​ឆ្នេរ​សមុទ្រ​Sousse។ កម្មវត្ថុនៃ​ភេរវកម្ម​ទាំង​ពីរ​នេះ ​គឺ​ពួក​វា​សំដៅ​សម្លាប់​អ្នក​ទេសចរណ៍​បរទេស។

យោងតាម​អ្នក​នាំពាក្យ​ក្រសួង​សន្តិសុខជាតិ​ទុយនីស៊ី ​បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​នេះ ​មាន​យុវជន​ទុយនីស៊ី​យ៉ាង​ហោច​ណាស់​៣០០០​នាក់ ​ដែល​កំពុងតែ​បំរើ​នៅ​ក្នុង​ជួរ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​នៅ​ស៊ីរី ​និង​អ៊ីរ៉ាក់។ ​ក៏​ប៉ុន្តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ​ សមរភូមិ​លីប៊ី​កាន់តែ​ត្រូវ​ការ​កម្លាំង​ ដែល​ធ្វើ​ឲ្យ​មាន​ជនជាតិ​ទុយនីស៊ី​ជា​ច្រើន​ ត្រឡប់​មក​នៅ​ក្នុង​ក្រុម​ជីហាដ​អ៊ីស្លាម​លីប៊ី​វិញ។

លីប៊ី​ដែល​កំពុង​តែ​ជាប់​គាំង​នយោបាយ ​ គ្មាន​រដ្ឋាភិបាល​ពិត​ប្រាដក ​ គ្មាន​កម្លាំង​កណ្តាល​គ្រប់គ្រាន់​ដើម្បី​កម្ចាត់​ក្រុម​ជីហាដ​ព្រៃផ្សៃ​នេះ​ទេ។ ក្រុមនេះ​កំពុង​តែ​ធ្វើ​សកម្មភាព​ពង្រីក​ដែនដី​គ្រប់​គ្រង ​ បាន​កាន់​តែ​ធំ។ លោក​រដ្ឋមន្រី្ត​ការ​បរទេស​បារាំង ​ បាន​ឆក់​ឱកាស​នេះ ​សម្តែង​ការ​ព្រួយ​បារម្ភ ​ ហើយ​អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ​បន្ទាន់ ​ទាំង​នយោបាយ ​ទាំង​យោធា ​មុន​នឹង​លីប៊ី​ក្លាយ​ជា​ស៊ីរី​ថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ