អានតួអត្ថបទ
កុងហ្គោ

បោះឆ្នោតនៅ​កុងហ្គោ៖ ប្រព័ន្ធ​ទូរគមនាគមន៍​ត្រូវ​កាត់ផ្តាច់​ដើម្បី​រក្សា​ការ​ស្ងប់ស្ងាត់

ថ្ងៃ​អាទិត្យ​ទី​២០ ​មីនា​នេះ ​ប្រជាជន​ប្រទេស​កុងហ្គោ ​ត្រូវទៅ​ធ្វើការ​សម្រេច​ចិត្ត​បោះឆ្នោត ​ជ្រើសរើស​ប្រធានាធិបតី។ បរិយាកាស​នៅ​ថ្ងៃ​បោះឆ្នោត ​ប្រកប​ដោយ​ភាព​តានតឹង​ ដោយសារ​តែ​រដ្ឋាភិបាល​កុងហ្គោ ​បាន​សម្រេច​កាត់ផ្តាច់​ប្រព័ន្ធ​ទូរគមនាគមន៍​ ទូរស័ព្ទ​និង​អ៊ីនធើនែត​ រយៈពេល​៤៨​ម៉ោង ​ក្រោម​ហេតុផល​ថា ​ដើម្បី​រក្សា​ការ​ស្ងៀមស្ងាត់ ​និង​កុំឲ្យ​មាន​មាន​អ្នក​ផ្សព្វផ្សាយ​លទ្ធផល​មិន​ផ្លូវការ។ យ៉ាងណា​ក៏ដោយ​សម្រាប់​ក្រុម​គណបក្ស​ប្រឆាំង ​ នេះ​គឺ​ជា​វិធីសាស្ត្រ​មួយ​ដើម្បី​លួច​បន្លំ​សន្លឹក​ឆ្នោត ​តែ​ប៉ុណ្ណោះ។

ប្រជាជនតម្រង់​ជួរ​នៅមុខ​ការិយាល័យ​បោះឆ្នោត​មួយ​ នៅក្រុង​ Brazzaville រដ្ឋធានី​កុងហ្គោ ថ្ងៃទី​២០ មីនា ២០១៦
ប្រជាជនតម្រង់​ជួរ​នៅមុខ​ការិយាល័យ​បោះឆ្នោត​មួយ​ នៅក្រុង​ Brazzaville រដ្ឋធានី​កុងហ្គោ ថ្ងៃទី​២០ មីនា ២០១៦ RFI/ Manu Pochez
ផ្សាយពាណិជ្ជកម្ម

វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​និង​ហួសចិត្ត ​នៅពេល​ដែល​គេ​បាន​ឮ​ការ​ប្រកាស ​ថា​ប្រព័ន្ធ​ទូរគមនាគមន៍​នឹង​ត្រូវ​កាត់​ផ្តាច់​ រយៈពេល​៤៨​ម៉ោង ​ដើម្បី​ចៀសវាង​ កុំឲ្យ​ក្រុម​គណបក្ស​ប្រឆាំង​ធ្វើការ​ផ្សព្វផ្សាយ​លទ្ធផល​បោះឆ្នោត ​ដែល​មិនមែន​ជា​លទ្ធផល​ផ្លូវការ។ បណ្តាញ​ទូរស័ព្ទ​ និង​បណ្តាញ​អ៊ីធើនែត ​នឹង​ត្រូវ​កាត់ផ្តាច់​ចាប់​ពី​ថ្ងៃ​អាទិត្យ​ទី​ ២០​ មីនា​នេះ ​ដែលជា​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី ​អាណត្តិថ្មី​ នៅ​កុងហ្គោ។

 
ជា​ការ​កត់​សម្គាល់ ​ក្រុម​អ្នក​យក​ព័ត៌មាន​បារាំង ​ បាន​សង្កេត​ឃើញ​មាន​ភាព​ស្ងប់ស្ងាត់ ​នៅ​តាម​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន ​តែ​ទន្ទឹម​នឹង​នោះ ​ក៏​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដែរ។​ តួយ៉ាង ​នៅ​ក្នុង​មណ្ឌល ​Makélélé ​ភាគ​ខាង​ត្បូង​រដ្ឋធានី​កុងហ្គោ ​មាន​ការិយាល័យ​បោះឆ្នោត​បី​ ​ដែល​បាន​បើក​ទ្វារ​យឺត​ពេល ​ដល់​ទៅ​២​ម៉ោង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ក្នុង​ករិយាល័យ​បោះឆ្នោត​មួយ ​គឺ​មិន​មាន​បន្ទប់​សម្ងាត់​សម្រាប់​គូស​សន្លឹកឆ្នោត​ទេ ​ហើយ​ក៏​មិន​មាន​ស្រោម​សំបុត្រ ​សម្រាប់​ដាក់​សន្លឹកឆ្នោត​ដែរ។ ពោល​គឺ​មាន​តែ​សន្លឹកឆ្នោត ​ ដែល​មាន​ឈ្មោះ​បេក្ខជន​ទាំងអស់​រួមគ្នា​ ហើយ​នឹង​ហិប​ឆ្នោត​តែ​ប៉ុណ្ណោះ។

អ្នក​គាំទ្រ​ខាង​ក្រុម​ប្រឆាំង ​បាន​បរិហារ​ថា ​ការ​យឺតយ៉ាវ​ក្នុង​ការ​បើកទ្វារ​ ព្រម​ទាំង​ការ​ខ្វះខាត​សម្ភារៈ​ទាំងនេះ​ ​គឺ​ជា​ចេតនា​របស់​រដ្ឋាភិបាល ​ដែល​ព្យាយាម​បន្លំ​សន្លឹក​ឆ្នោត។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​ប្រជាជន​បាន​លើកឡើង​អំពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ទៀត ​ដូចជា​ការ​បង្កើត​ការិយល័យ​បោះឆ្នោត​ក្លែងក្លាយ ​ការ​ប្រគល់​បណ្ណ​បោះឆ្នោត​ក្លែងក្លាយ​ទៅឲ្យ​ប្រជាជន​ ព្រមទាំង​នៅ​តាម​តំបន់​ខ្លះ​មាន​ការ​អូសទាញ​មនុស្ស ​ឲ្យ​ទៅ​បោះឆ្នោត​មុន​ពេល​កំណត់​ក៏មាន។

ដោយឡែក​ក្រុម​គណបក្ស​ប្រឆាំង​ ដែល​មាន​ទាំងអស់​៥​គណបក្ស ​បាន​បញ្ជាក់​ថា ​ការ​កាត់ផ្តាច់​បណ្តាញ​​ទូរគមនាគមន៍​ក្នុង​ពេល​បោះឆ្នោត​និង​ ក្នុង​ពេល​រាប់​សន្លឹក​ឆ្នោត ​គឺ​ជា​ចេតនា​របស់​លោក​ប្រធានាធិបតី​ កុងហ្គោ ​ដែល​ព្យាយាម​រារាំង​ក្រុម​ការងារ​គណបក្ស​ប្រឆាំង​ ក្នុង​ការ​ប្រមូល​ព័ត៌មាន​ ទំនាក់ទំនង​គ្នា ​ជុំវិញ​លទ្ធផល​ពិត​នៃ​ការបោះឆ្នោត។ សូម​បញ្ជាក់​ថា ​ដោយ​មាន​ការ​មិន​ទុកចិត្ត​ទៅ​លើ​គណកម្មការជាតិ​រៀបចំ​ការបោះឆ្នោត ​ក្រុម​គណបក្ស​​ប្រឆាំង ​បាន​រួមគ្នា​បង្កើត​ក្រុម​សង្កេត​ការណ៍​ឯករាជ្យ​មួយ​ផ្សេង​ទៀត ​ ដើម្បី​ត្រួត​ពិនិត្យ​មើល​ដំណើរការ​បោះឆ្នោត។ ក្រុម​ការងារ​នេះ ​មាន​គំរោង​ថត​រូប​តាម​ទូរស័ព្ទ ​ព្រមទាំង​ទំនាក់ទំនង​គ្នា ​ពី​មណ្ឌល​មួយ​ទៅ​មណ្ឌល​មួយ ​ ដើម្បី​ផ្ទៀងផ្ទាត់​លទ្ធផល​ជាក់ស្តែង ​ទៅនឹង​លទ្ធផល​ដែល​រដ្ឋាភិបាល​ប្រកាស។
 

លោក​ប្រធានាធិបតី​កុងហ្គោ Denis Sassou-Nguesso កាន់​អំណាច​៣២ឆ្នាំ​ហើយ
លោក​ប្រធានាធិបតី​កុងហ្គោ Denis Sassou-Nguesso កាន់​អំណាច​៣២ឆ្នាំ​ហើយ PIUS UTOMI EKPEI / AFP

លោក​ប្រធានាធិបតី​ Denis Sassou Nguesso ​កាន់​អំណាច​អស់​៣២​ឆ្នាំ​មកហើយ។ គាត់​ឡើង​កាន់​អំណាច​កាល​ពីឆ្នាំ​១៩៧៩ ​រហូត​ដល់​ឆ្នាំ​១៩៩២។ បន្ទាប់​មក​នៅ​ឆ្នាំ​១៩៩៧ ​ប្រធានាធិបតី​នេះ ​ បាន​ប្រើ​កម្លាំង​យោធា ​បង្ករ​សង្រ្គាម​ស៊ីវីល ​ ហើយ​បាន​ត្រឡប់​មក​កាន់​អំណាច​វិញ ​រហូត​ដល់​សព្វ​ថ្ងៃ។ យ៉ាងណាមិញ ​សហភាព​អឺរ៉ុប​ បាន​ធ្វើ​ពហិកា​មិន​ចូល​រួម​សង្កេត​ការណ៍​បោះឆ្នោត​លើក​នេះ​ទេ ​ដោយ​គេ​យល់ថា​ ការ​កិបកេង​សន្លឹង​ឆ្នោត ​ត្រូវ​បាន​រដ្ឋាភិបាល​កុងហ្គោ​រៀប ​ដើម្បី​យក​ឈ្នះ​រួច​ទៅ​ហើយ។ គ្មាន​ទេ​ការបោះឆ្នោត​ប្រកប​ដោយ​សេរី​យុត្តិធម៌​ និង​តម្លាភាព​សម្រាប់​ប្រជាជន​ ទាំង​៥លាន​នាក់​របស់​កុងហ្គោ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ