rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ជប៉ុន សហរដ្ឋអាមេរិក អាហ្វហ្កានីស្ថាន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រទេស​ម្ចាស់​ជំនួយ​ផ្តល់​លុយ ១៦​ពាន់​លាន​ដុល្លារ​ដល់​អាហ្វហ្កានីស្ថាន

media
សន្និសីទ​ស្តីពី​អាហ្វហ្កានីស្ថាន​ក្រោយ​ការដកទ័ព​អូតង់ នៅចុងឆ្នាំ ២០១៤ ដែល​រៀបចំ​ឡើង​នៅក្នុង​ប្រទេស​ជប៉ុន © REUTERS

ប្រទេស​ផ្តល់​ជំនួយ​ជាង​៨០ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ជួប​ប្រជុំ​គ្នា នៅថ្ងៃអាទិត្យ​នេះ នៅក្នុង​សន្និសីទ នៅទីក្រុង​តូក្យូ។ ប្រទេស​ផ្តល់​ជំនួយ​បាន​សម្រេច​ផ្តល់​ទឹកប្រាក់ ១៦​ពាន់​លាន​ដុល្លារ ពីពេលនេះ ដល់​ឆ្នាំ ២០១៥ សម្រាប់​អភិវឌ្ឍន៍​ផ្នែកស៊ីវិល ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ នៅថ្ងៃអាទិត្យនេះដែរ ពួក​ទាហាន​តាលីបង់​បាន​វាយប្រហារ​ទៅលើ​រថយន្តក្រុង​ដោយ​បាន​សម្លាប់មនុស្ស​១៦នាក់ នៅខេត្ត​កាន់ដាហា។


 

សហគមន៍​អន្តរជាតិ សម្រេច​ផ្តល់​ជំនួយ​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ដែល​បាន​ទាមទារ​សុំ​ជំនួយ ៤ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំ។ ចម្លើយ​របស់​ប្រទេស​ផ្តល់ជំនួយ មាន​ឡើង បន្ទាប់ពី​មាន​ការព្រួយ​បារម្ភ​ថា អាហ្វហ្កានីស្ថាន​អាច​ត្រូវគេ​ទុក​ឲ្យ​នៅឯកោ នៅក្រោយ​កងទ័ព​អូតង់​ចេញ​ពី​អាហ្វហ្កានីស្ថាន​ឲ្យ​អស់ នៅចុងឆ្នាំ ២០១៤។ តាមរយៈ កញ្ចប់​ជំនួយ ១៦ពាន់​លាន​ដុល្លារ សហគមន៍​អន្តរជាតិ​ចង់បញ្ជាក់ថា គេ​នៅបន្ត​ជួយ​អាហ្វហ្កានីស្ថាន តទៅទៀត បើទោះ​ជា​កងទ័ព​អូតង់​ត្រូវដក​ក្នុងពេល​ឆាប់ៗ​ខាងមុខ។
 
អាមេរិកមុនគេ ដែល​ជាអ្នកនាំ​មុខ​គេ​ធ្វើ​សង្រ្គាម​ប្រយុទ្ធប្រឆាំង​នឹង​ពួកភេរវនិយម អាល់កៃដា នៅអាហ្វហ្កានីស្ថាន ក៏​ជាអ្នកនាំមុខ​គេ​ដែរ ក្នុង​នាម​ជាប្រទេស​ដែល​ផ្តល់​ជំនួយ​ច្រើន​ជាងគេ ទៅ​ឲ្យ​អាហ្វហ្កានីស្ថាន។ គេ​មិន​ដឹងថា តើ​ក្នុង​កញ្ចប់​ជំនួយ ១៦​ពាន់​លាន​ដុល្លារ សម្រាប់​រយៈពេល ៤​ឆ្នាំ។ ប៉ុន្តែ បើតាម​ក្រសួង​ការបរទេស​អាមេរិក ជំនួយ​សម្រាប់​អាហ្វហ្កានីស្ថាន​នឹង​នៅ​ថេរ គឺ​ប្រមាណ ២,៣​ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំ ២០១២។
 
ចាប់តាំងពី​ ឆ្នាំ ២០០១ មកដល់​ពេលនេះ គឺ​ក្រោយពី​កងទ័ព​អូតង់​បាន​វាយបណ្តេញ​ពួកតាលីបង់​ដែល​ជា​បណ្តាញ​របស់​ក្រុមអាល់កៃដា ចេញ​ពីអំណាច សហគមន៍​អន្តរជាតិ​បាន​ចាក់​បញ្ចូល​លុយ​ពី ៦០ ទៅ ៧០ពាន់លាន​ដុល្លារ សម្រាប់​ជួយ​ស្រោចស្រង់​ស្តារ​អាហ្វហ្កានីស្ថាន ពីសង្រ្គាម​ឡើងវិញ។ ប៉ុន្តែ ក្នុង​រយៈពេល ជាង ១០ឆ្នាំ ជំនួយ​មិន​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ជាប្រយោជន៍​ជាតិ​ប៉ុន្មានទេ បើគេ​មើល​ទៅលើ​សកម្មភាព​អភិវឌ្ឍន៍ ក្នុង​ប្រទេស​បច្ចុប្បន្ន។
 
ហើយ​មិន​តែ​ប៉ុណ្ណោះ ទៀតសោត ឥទ្ធិពល​របស់​ពួកតាលីបង់​នៅតែ​មិនចុះ​ថមថយ ផ្ទុយទៅវិញ ចលនា​បះបោរ​តាលីបង់​រឹតតែ​រីកធំៗ និង​វាយប្រហារ​ស្ទើរ​តែ​មិនលោះថ្ងៃ ទៅលើ​អាជ្ញាធរ និង​កងទ័ព​បរទេស។
 
ម្ចាស់​ផ្តល់​ជំនួយ គេ​បាន​បញ្ជាក់​រួច​ហើយ​ថា ដើម្បី​បាន​កញ្ចប់​លុយ ទាល់​តែ​រដ្ឋាភិបាល​អាហ្វហ្កានិស្ថាន​សន្យា​លុបបំបាត់​អំពើពុករលួយ។ រដ្ឋាភិបាល និង​លោក​ប្រធានាធិបតី​ក៏​ធ្លាប់​ល្បី​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ស៊ីជម្រៅ​ដែរ។
 
នៅក្នុង​កិច្ចសន្យា​ផ្តល់​ជំនួយ​លើក​នេះ ប្រទេស​ម្ចាស់ជំនួយ​បាន​ទាមទារ ឲ្យ​គេ​ផ្តោត​ចាយលុយ​ទៅលើ​ការពង្រឹង​អភិបាលកិច្ច​ល្អ ការកសាង​ហេដ្ឋារចនា​សម្ព័ន្ធ យុត្តិធម៌ ការអប់រំ និង​ការពង្រឹង​សិទ្ធិស្រ្តី និង​កុមារ។ គេ​នៅ​បាន​សន្យាទៀតថា នឹង​ផ្តល់​លុយ​ជាប្រចំា សម្រាប់​រយៈពេល ១០ឆ្នាំ គឺ​ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០២៤ បើសិន​ជា​គេ​ឃើញ​មាន​ការងារ​របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​រីកចម្រើន​ទៅមុខ។
 
នៅក្នុង​ការប្រជុំ​របស់​អង្គការ​អូតង់ នៅទីក្រុង​ឈីកាហ្គោ កាលពី​ខែ​មិថុនា ប្រទេស​សមាជិក​អូតង់​បាន​សន្យា​ផ្តល់​ជំនួយ ៤ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ ពោល គឺ​ដើម្បី​ជួយ​ស្តារសន្តិសុខ នៅអាហ្វហ្កានីស្ថាន នៅក្រោយ​កងទ័ព​អូតង់​ដកចេញ​ពី​ប្រទេស​នេះ នៅចុងឆ្នាំ ២០១៤។
 
មុន​នឹង​ដក​ខ្លួន​ទាំងស្រុង នៅចុងឆ្នាំ ២០១៤ កងទ័ព​អូតង់​នឹង​ជួយ​បណ្តុះបណ្តាល​កងទ័ពអាហ្វហ្កានីស្ថាន​និង​ប្រគល់​តួនាទី​ពេញសិទ្ធិ​ក្នុង​ការរក្សាសន្តិសុខ​ទៅឲ្យ​កងទ័ព​អាហ្វហ្កានីស្ថាន នៅ ពាក់កណ្តាល​ឆ្នាំ ២០១៣។ អូតង់ និង​អាមេរិក​មិន​បាន​សន្យា​រក្សា​ទុក​ទ័ព​របស់ខ្លួន ដើម្បីការពារ​សន្តិសុខ​ឲ្យ​អាហ្វហ្កានីស្ថាន​តទៅទៀតទេ។ គេ​គ្រាន់តែ​រក្សា​ទ័ព​ប៉ុន្មាន​ពាន់នាក់ប៉ុណ្ណោះ ដើម្បី​ជួយ​បណ្តុះបណ្តាល​កងទ័ព​អាហ្វហ្កានីស្ថាន។
 
មួយឆ្នាំៗ គេ​ត្រូវការ​លុយ ៤ពាន់លាន​ដុល្លារ សម្រាប់​ចំណាយ​លើ​កម្លាំង​រក្សា​សន្តិសុខ​អាហ្វហ្កានីស្ថាន ដែល​ឥលូវ​នេះ​មាន​សរុប​ជាង ៣សែន​នាក់។ មន្រ្តីយោធា​អាមេរិក​បាន​ស្នើ​ឲ្យ​គេ​បន្ថយ​ចំនួន​ទាហាន និង​ប៉ូលិស មក​នៅត្រឹម ជាង ២សែននាក់ ចាប់ពីឆ្នាំ ២០១៤ ដោយ​គេ​មើល​ពី​ទំហំ​គំរាមកំហែង​របស់​ពួកតាលីបង់ ដែលមាន​ចំនួន​តែ​ជាង ២ម៉ឺននាក់ តិចជាង ១០ដង។ និង​បើមើល​ទៅលើ​ជំនួយ​ពី​បរទេស​ដែល​នឹង​អាច​ថយចុះ។ ព្រោះថា តាមបទពិសោធន៍​សង្រ្គាម​នៅកន្លែងផ្សេង ជំនួយ​បរទេស​តែងតែ​ធ្លាក់ចុះ នៅក្រោយ​ពេល​កងទ័ព​បរទេស​ដកខ្លួនចេញ។ នៅកូសូវ៉ូ ជំនួយ​បរទេស​ធ្លាក់ចុះ​ជាង ៥០​ភាគរយ បន្ទាប់ពី​កងទ័ព​អូតង់​ដកចេញ ចំណែក​នៅអ៊ីរ៉ាក់វិញ គឺ​មាន​ដល់​៦៩​ភាគរយ។ នៅអាហ្វហ្កានីស្ថាន ជាក់ស្តែង ជំនួយ​របស់អាមេរិក ក៏ថយចុះដែរ ចាប់តាំង​ពីឆ្នាំ ២០១០ ជំនួយ​អាមេរិក​ថយពី​៣,៥​ពាន់​លានដុល្លារ មក​នៅ ២,៣​ពាន់​លាន​ដុល្លារ នៅឆ្នាំ ២០១២៕