អានតួអត្ថបទ
កម្ពុជា

នាយក​រដ្ឋមន្ត្រី អំពាវនាវ​ឲ្យ​យុវជន ចូលរួម​ផ្នែក​មនុស្សធម៌ ជួយ​សង្គម

ក្នុង​អង្គ​មី​ទ្ទិញ​រំលឹក​ខួប​ទី ១៤៩ ទិវា​ពិភពលោក កាកបាទ​ក្រហម​-​អឌ្ឍចន្ទ​ក្រហម នៅ​ថ្ងៃ​៨​ឧសភា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ចាត់ទុក​កម្លាំង​យុវជន​កាកបាទ​ក្រហម ជា​ទ័ព​ស្រួច ផ្នែក​មនុស្សធម៌ ជួយ​ដល់​កិច្ចការ​សង្គម។ ក្រៅពី​នោះ លោក​នាយក​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ឲ្យ​យុវជន ចូលរួម​ក្នុង​ការងារ​ជាមួយ​កាកបាទ​ក្រហម ក្នុង​បុព្វហេតុ ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​។ អង្គ​មីទ្ទិញ​នៅ​ព្រឹក​មិញ កាកបាទ​ក្រហម​កម្ពុជា ដែល​មាន​ភរិយា​របស់​លោក​នាយក​រដ្ឋមន្ត្រី ជា​ប្រធាន ក៏​បាន​ទទួល​ថវិកា​ពី​សប្បុរសជន ជាង ១០ លាន​ដុល្លារ​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

"យុវជន កំពុង​នាំ​គ្នា​ធ្វើ​សកម្មភាព" ជា​ប្រធានបទ​សម្រាប់​ទិវា​កាកបាទ​ក្រហម ថ្ងៃ​៨​ឧសភា នៅ​ឆ្នាំ​នេះ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់ទុក​ថា កម្លាំង​យុវជន ជា​កងទ័ព​ស្រួច នៃ​សកម្មភាព​មនុស្សធម៌។ នោះ​គឺ​យុវជន​កាកបាទ​ក្រហម កម្ពុជា ជាង ២ ម៉ឺន​នាក់ បាន​ដើរ​តួ ក្នុង​បុព្វហេតុ​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ ក្នុង​ពេល​កន្លងមក។

​តាម​របាយការណ៍ រហូត​មក​ដល់​បច្ចុប្បន្ន យុវជន​កាកបាទក្រហម​កម្ពុជា ទូទាំង​ប្រទេស មាន​ចំនួន​កើន​ដល់ ២០.៤២១ នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​ចម្រុះ​វិស័យ ក្នុង​ភារកិច្ច​ជា​ភ្នាក់ងារ​នៃ​ការផ្លាស់ប្តូរ​ឥរិយាបថ ក្នុង​សហគមន៍ និង​ជា​មិត្ត​អប់រំ​មិត្ត នៅតាម​គ្រឹះស្ថានសិក្សា និង​កន្លែង​ការងារ ព្រមទាំង​សកម្មភាព​មនុស្សធម៌​ជាច្រើន​ទៀត ដូចជា​ការចូលរួម​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍ ជាដើម។​

សកម្មភាព​សំខាន់ៗ របស់​កាកបាទក្រហម កម្ពុជា ក្នុង​ឆ្នាំ​២០១១ ក៏​ត្រូវបាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​មក​បង្ហាញ ដែល​រួម​មាន ការជួយ​សង្គ្រោះ​ដល់​ជនភៀស​សឹក​រាប់​ម៉ឺន​នាក់ ដោយសារ​តែ​ជម្លោះ​ប្រដាប់​អាវុធ​របស់​កងទ័ព​ថៃ នៅ​ព្រំដែន ព្រមទាំង​កិច្ចសង្គ្រោះ​ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់ ជាដើម។

ក្នុងនាម​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី ក៏​បាន​កោត​សរសើរ​ចំពោះ​យុវជន​កាកបាទក្រហម​កម្ពុជា ដែល​បាន​ធ្វើ​សកម្មភាព​នៅ​គ្រប់​ទីកន្លែង។ យុវជន មិន​ត្រឹមតែ​មិន​ត្រូវបាន​គេ​បំភ្លេច​ចោល​ទេ ក៏​ប៉ុន្តែ​យុវជន ក្លាយ​ទៅ​ជា​ឆ្អឹង​ខ្នង​របស់​ជាតិ និង​ជា​ឆ្អឹង​ខ្នង​របស់​កាកបាទក្រហម។​
ជា​ការកត់​សម្គាល់ យុវជន​ក៏​ជា​កម្លាំង​បោះឆ្នោត​មួយ​ដ៏​សំខាន់ សម្រាប់​គណបក្ស​នយោបាយ ក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ខែ​មិថុនា និង​ការបោះឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៣។

​ក្នុង​ពិធី​ជួបជុំ​នៅ​ព្រឹក​មិញ ឯកឧត្តម ឧកញ៉ា និង​ម្ចាស់​ក្រុមហ៊ុន ជាដើម បាន​ផ្តល់​ថវិកា ដាក់​លើ​ជើងពាន ជូន​ដល់​លោក​នាយក​រដ្ឋមន្ត្រី និង​ភរិយា សម្រាប់​ប្រើប្រាស់ ក្នុង​ការងារ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា។ តាម​ការ​បូកសរុប សប្បុរសជន​ក្នុង និង​ក្រៅ​ប្រទេស បាន​ផ្តល់​ជំនួយ​ដល់​កាកបាទ​ក្រហម សរុប​ចំនួន ១០.៥០៨.៩១៩ ដុល្លារ​អាមេរិក៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ