rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា គណបក្សនយោបាយ ព្រឹទ្ធសភា សភា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រដ្ឋសភា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ២ រូប

media
កិច្ច​ប្រជុំ​សភា​ថ្ងៃ​ទី ១២ មីនា ២០១២ សម្រេច​ជ្រើសរើស​សម្តេចព្រះរៀម បុប្ផា​ទេវី និង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័ន​មុនីរ័ក្ស ឲ្យ​ធ្វើ​ជាសមាជិក​ព្រឹទ្ធសភា ©

សម្តេច​ព្រះរៀម នរោត្តម បុប្ផា​ទេវី និង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័ន​មុនី​រ័ក្ស ត្រូវបាន​រដ្ឋសភា បោះឆ្នោត​ជ្រើសតាំង​ជា​សមាជិក​ព្រឹទ្ធសភា សម្រាប់​អាណត្តិ​ថ្មី។ រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ២​រូប នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ធ្វើឡើង ស្របតាម​ច្បាប់​បាន​កំណត់។ នោះ​គឺ​សមាជិក​ព្រឹទ្ធសភា​សរុប​មាន ៦១ រូប គឺ ៥៧ រូប ជ្រើសតាំង​ដោយ​ការបោះឆ្នោត​អសកល។ ២ រូប ជ្រើសតាំង​ដោយ​ព្រះមហាក្សត្រ និង ២ រូប​ទៀត ជ្រើសតាំង​ដោយ​រដ្ឋសភា​។ រដ្ឋសភា នៅថ្ងៃនេះ ក៏​បាន​ចេញ​ប្រកាស​ជា​ថ្មី​ថា លោក​សម​រង្ស៊ី ត្រូវ​បាត់បង់​សមាជិកភាព ជា​សមាជិក​រដ្ឋសភា នីតិកាល​ទី​៤ ផងដែរ។


 

សមាជិក​ព្រឹទ្ធសភា ២ រូប គឺ​សម្តេចព្រះរៀម បុប្ផា​ទេវី និង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័ន​មុនីរ័ក្ស ត្រូវបាន​រដ្ឋសភា បោះឆ្នោត​ជ្រើសតាំង ចេញ​ពី​បេក្ខជន​ឈរឈ្មោះ ចំនួន ១២ រូប។

លទ្ធផល​នៃ​ការបោះឆ្នោត​ជា​សម្ងាត់ នៅ​រដ្ឋសភា នា​កិច្ចប្រជុំ​វិសាមញ្ញ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១២ បង្ហាញថា សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី និង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័ន​មុនីរ័ក្ស ត្រូវបាន​រដ្ឋសភា ជ្រើសតាំង​ជា​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ ដោយ​មាន​សំឡេង​គាំទ្រ ៨២ លើ ១០២ សំឡេង។

សម្តេច​ព្រះរៀម នរោត្តម បុប្ផា​ទេវី មកពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ក៏​ជា​សមាជិកាព្រឹទ្ធសភា អាណត្តិ​មុន រយៈពេល ៦ ឆ្នាំ ចាប់ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១២ ដែល​ត្រូវបាន​ជ្រើសតាំង​ដោយ​រដ្ឋសភា។ ចំណែក​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័ន មុនីរ័ក្ស ជា​អតីត​សមាជិក​ព្រឹទ្ធសភា និង​ជា​អនុប្រធាន​ទី​១ ព្រឹទ្ធសភា នីតិកាល​មុន មកពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច។
សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ នៅ​អាណត្តិ​ថ្មី មាន ៦១ រូប។ ក្នុងនោះ ៥៧ រូប ត្រូវបាន​ជ្រើសតាំង​តាមរយៈ​ការបោះឆ្នោត​អសកល កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៤៦ រូប និង​គណបក្ស​សមរង្ស៊ី ទទួលបាន ១១ រូប។ ចំណែក ២ រូប​ទៀត ជ្រើសតាំង​ដោយ​ព្រះមហាក្សត្រ និង ២ រូប ជ្រើសតាំង​ដោយ​រដ្ឋសភា។ មកដល់​ពេលនេះ សមាជិក​ព្រឹទ្ធសភា​ទាំង ៦១ រូប ត្រូវបាន​ជ្រើសតាំង​រួចរាល់​ហើយ។

អគ្គលេខាធិការ​ព្រឹទ្ធសភា លោក អ៊ំ សា​រឹទ្ធ បានឲ្យដឹងថា ព្រឹទ្ធសភា​បាន​ទាក់ទង​ទៅ​កាន់​ព្រះបរមរាជវាំង​រួចហើយ ដើម្បី​កំណត់​ថ្ងៃ​បើក​កិច្ច​ប្រជុំ​ព្រឹទ្ធសភា អាណត្តិ​ថ្មី ជា​លើកដំបូង ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ចុង​ខែ​មីនា​នេះ។ ព្រះមហាក្សត្រ នឹង​យាង​ចូលរួម​កិច្ចប្រជុំ ប្រកាស​សុពលភាព​សមាជិក​ព្រឹទ្ធសភា​ទាំង ៦១ រូប។

នៅ​ថ្ងៃ​១២​មីនា​នេះ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បាន​ប្រកាស​ព័ត៌មាន​ជា​លាយលក្ខណ៍អក្ស​រថា លោក​សម​រង្ស៊ី បាត់បង់​សមាជិកភាព ជា​សមាជិក​រដ្ឋសភា នីតិកាល​ទី​៤ ចាប់តាំងពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១១។ នោះ​ក៏​ព្រោះតែ​ការផ្តន្ទាទោស​លោក​សម រង្ស៊ី ក្នុង​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង បាន​ចូល​ជា​ស្ថាពរ។

សេចក្តីបញ្ជាក់​ដូច្នេះ បាន​ធ្វើឡើង ខណៈ​ដែល​លោក​សម​រង្ស៊ី ចូលរួម​កិច្ចប្រជុំ​នានា ហើយ​ប្រកាស​ខ្លួន​ថា ជា​សមាជិក​រដ្ឋសភា។ លោក​សម រង្ស៊ី​ក៏​កំពុង​ធ្វើ​យុទ្ធនាការ ស្វែងរក​ការគាំទ្រ​ពី​អន្តរសភា ដើម្បី​បាន​វិលត្រឡប់​មក​កាន់​កម្ពុជា ដោយ​គ្មាន​ជាប់​ទោស​ផង​ដែរ៕