អានតួអត្ថបទ
តួកគី-បារាំង

តួកគី​ដំឡើង​សរសៃ​ក​ដាក់​បារាំង

ទំនាក់ទំនង​ការទូត​បារាំង តួកគី​បាន​ធ្លាក់ចូលក្នុង​ស្ថានភាពតានតឹង បន្ទាប់ពី សភា​បារាំង កាលពីថ្ងៃ​ព្រហស្បតិ៍​បាន​បោះឆ្នោត គាំទ្រ សេចក្តី​ព្រាងច្បាប់​ដែល​សំដៅ​ដាក់​ទណ្ឌកម្ម​ដល់​អ្នកដែល​បដិសេធ មិន​ទទួលស្គាល់ អំពើ​ប្រល័យ​ពូជសាសន៍ ជាពិសេស​អំពើ​ប្រល័យ​ពូជសាសន៍​​លើ​ប្រជាជន​អាមេនី។ នៅថ្ងៃម្សិលមិញ​ដដែល នៅប៉ុន្មាន​ម៉ោងក្រោយ​ការបោះឆ្នោតសភាបារាំង នាយករដ្ឋមន្រ្តី​តួកគី​បាន​ធ្វើ​សន្និសីទ​កាសែត ប្រកាស​ផ្អាក​ទំនាក់ទំនង​ផ្លូវទូត សេដ្ឋកិច្ច និង​យោធា​ជាមួយ​បារាំង។ អគ្គរដ្ឋទូត​តួកគី​ត្រូវ​កោះ​ឲ្យ​ចូល​ទៅ​ប្រទេស​វិញ នៅថ្ងៃ​សុក្រ​ទី ២៣ ធ្នូ ២០១១។

នាយករដ្ឋមន្រ្តី​តួកគី​ថ្លែង​ផ្អាក​ការទូត នយោបាយ និង​សេដ្ឋកិច្ច​ជាមួយ​បារាំង នៅថ្ងៃ​ព្រហស្បតិ៍ទី ២៣ ធ្នូ ២០១១
នាយករដ្ឋមន្រ្តី​តួកគី​ថ្លែង​ផ្អាក​ការទូត នយោបាយ និង​សេដ្ឋកិច្ច​ជាមួយ​បារាំង នៅថ្ងៃ​ព្រហស្បតិ៍ទី ២៣ ធ្នូ ២០១១ ©Reuters
ផ្សាយពាណិជ្ជកម្ម

បើសិន​សភា​បារាំង​ទាំងពីរ​ថ្នាក់​អនុម័ត​ចេញ​ច្បាប់នេះបាន នោះ​រាល់ជន​ទាំងឡាយណា​ដែល​និយាយ​បដិសេធ​ថា គ្មាន​អំពើ​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ នឹង​ត្រូវកាត់ទោស​ឲ្យ​ជាប់គុក​មួយឆ្នាំ ឬ ត្រូវ​ពិន័យជា​ប្រាក់ ៤៥០០០​អឺរ៉ូ ឬ​ទោសទាំងពីរ​ក្នុង​ពេលតែមួយ។

 
ច្បាប់​នេះ​ប៉ះពាល់​ដល់​ប្រទេស​តួកគី រហូតមកដល់​ពេលនេះ តួកគី​នៅតែ​មិន​ព្រម​ទទួល​ស្គាល់​ថា មាន​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​អាមេនី ហើយ​ក៏​បដិសេធ​ថា ខ្លួន​មិន​បាន​សម្លាប់រង្គាល​ទៅលើ​ប្រជាជន​អាមេនី ជាង ១លាន ៥សែននាក់ កាលពី​ឆ្នាំ ១៩១៥ដែរ។ តួកគី​នៅតែ​និយាយ​ការពារខ្លួន​ថា មាន​ប្រជាជន​អាមេនី​ប្រមាណ​តែ​ប៉ុន្មាន​ពាន់នាក់​ប៉ុណ្ណោះ​ដែលស្លាប់ នៅក្នុង​អំណាច​គ្រប់គ្រង​របស់​ចក្រភព​Ottoman ដែល​បច្ចុប្បន្ន​ក្លាយជា​ប្រទេសតួកគី។ តាមតួកគី គឺផលវិបាកសង្គា្រម​លោក​លើកទីមួយ​ដែល​បណ្តាលឲ្យ​ប្រជាជន​អាមេនី​ស្លាប់ច្រើន នៅឆ្នាំ​១៩១៥។
នាយករដ្ឋមន្រ្តី​តួកគី​ចោទបារាំងថា ​កំពុង​ដើរនយោបាយ ប្រកាន់ពូជសាសន៍ ​រើសអើង​ស្អប់ជនបរទេស និង​កំពុង​ឲ្យ​ធ្វើ​របួស​ជិតសះ​ទៅហើយ​នោះ ចាប់របើកឡើងវិញ។ ដូច្នេះ នៅក្រោយ​សភាបារាំង​បាន​លើកដៃ​បោះឆ្នោត បាន​តែ​ប៉ុន្មាន​ម៉ោង នាយករដ្ឋមន្រ្តី​តួកគី​បាន​និយាយ​ប្រាប់អ្នកកាសែតថា តួកគី​នឹងសើរើ​ឡើងវិញ​ទំនាក់ទំនង​បារាំង​តួកគី។ នាយករដ្ឋមន្រ្តី​តួកគី​បាន​សម្រេច​ផ្អាក ព្យួរ ទំនាក់ទំនង វិស័យការទូត សេដ្ឋកិច្ច និង​ផ្នែកយោធា​ដែល​ប្រទេស​ទាំងពីរ​បាន​ធ្លាប់រួមគ្នា​កន្លងមក។ ដំបូងគេ តួកគី​បាន​កោះហៅ​អគ្គរដ្ឋទូត​របស់ខ្លួន ប្រចាំ​ទីក្រុង​ប៉ារីស ឲ្យ​ត្រលប់​ចូល​ទៅ​ប្រទេស​វិញ។ តួកគី​នឹង​ព្យួរ​រាល់​ដំណើរ​ទស្សនកិច្ច​ទ្វេភាគី ហើយ អំណើះតទៅ តួកគី​លែង​ឈប់​ឲ្យ​យន្តហោះ​ចម្បាំង​បារាំង ហោះចូល​ដែនអាកាស​តួកគី។ តួកគី​លុបចោល​ផងដែរ ការសន្យា​ដែល​ថា នឹង​ឲ្យ​នាវាចម្បាំង​បារាំង​ចូលចត ក្នុង​កំពង់ផែរ​របស់ខ្លួន។

នាយករដ្ឋមន្រ្តី​តួកគី លោក​Erdogan បាន​និយាយ​ថា ការប្រកាសផ្អាក​ទំនាក់ទនង​ការទូត និង​យោធា​លើកនេះ គ្រាន់តែ​ជាវិធានការ​ដំបូង។ ហើយតួកគី​នឹង​ចាត់វិធានការ​ខ្លាំងជាងនេះប្រឆាំង​បារាំង នៅពេលណា ព្រឹទ្ធសភា​បោះឆ្នោត​អនុម័តច្បាប់នេះ ឲ្យ​ចេញជារូបរាង។ ការចាត់វិធានការ​ក្តៅរបស់​តួកគី​បាន​បំផ្លាញ​ដល់​ការខំប្រឹងប្រែង​របស់​រដ្ឋមន្រ្តីការបរទេស​បារាំង ដែល​រហូតមក​កំពុង​ស្តារទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឲ្យ​ល្អឡើងវិញ។ ទំនាក់ទំនងការទូត​បារាំង និង​តួកគី​ល្អក់កករ​ដោយសារ​តែ​បារាំង​បាន​ប្រឆាំង មិន​ឲ្យ​តួកគី ចូល​ជា​សមាជិក​របស់​សហភាពអឺរ៉ុប។

បារាំង​កន្លងមក​ខិតខំពង្រឹងការងារផ្លូវទូត​ជាមួយ​តួកគី ព្រោះ​បារាំងត្រូវការ​តួកគី​ដើម្បីជួយ​ដោះស្រាយ​វិបត្តិនយោបាយ​ដែល​កំពុង​ពុះកញ្ជ្រោល​នៅពិភពអារ៉ាប់។ ជាក់ស្តែង​បារាំង​ត្រូវការតួកគី ដើម្បី​ដោះស្រាយ​បញ្ហា​ស៊ីរី ដើម្បី​ដាក់គំនាប​លើ​ប្រទេស​អៀរ៉ង់។ ហើយ​ក្នុង​នាម​តួកគី​ជា​សមាជិក​មួយ​ដែរ​របស់អង្គការ​អូតង់ បារាំង​នៅត្រូវការ​កំពង់ផែ និង​ដែនអាកាស​យោធា​តួកគី​ដើម្បី​ចូលចត និង​ហោះហើរ នូវនាវា និង​យន្តហោះចម្បាំង​របស់ខ្លួន ដែលត្រូវប្រើ​នៅ​ដើមបូព៌ា។ ប៉ុន្តែ ដោយសារ​តែច្បាប់នេះ តួកគី​បាន​និយាយ​ថា ខ្លួន​នឹង​ពិនិត្យ​លើ​ករណីស្នើ​ផ្នែកយោធា​របស់បារាំង គឺ​នឹង​មិន​អនុញ្ញាត​ឲ្យ​បារាំង​ហោះហើរ ឬ​ចូលចត​បាន​ដូចមុនទៀតទេ។ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​មាន​តម្លៃដល់ជាង ១០ពាន់​លាន​អឺរ៉ូ។ មួយភាគបី​សេដ្ឋកិច្ច​តួកគី​ពឹងផ្អែក​លើ​អ្នកវិនិយោគ​បារាំង។ ដូច្នេះ បើតួកគី​គម្រាមកាត់ផ្តាច់​ផ្នែកសេដ្ឋកិច្ច ជាមួយ​បារាំង គឺ​ផលប៉ះពាល់​វា​នឹង​មាន​ដល់​ប្រទេស​ទាំងពីរ។
 

ស្តូប​រម្លឹក​ការចងចាំ​អំពើប្រល័យពូជសាសន៍​លើ​ប្រជាជន​អាមេនី
ស្តូប​រម្លឹក​ការចងចាំ​អំពើប្រល័យពូជសាសន៍​លើ​ប្រជាជន​អាមេនី ©Reuters

ហេតុផលនយោបាយ
ជិតដល់​រដូវ​បោះឆ្នោត​ប្រធានាធិបតីបារាំងម្តងៗ តួកគី និង​បារាំង​តែងតែ​តឹងសរសៃ​ដាក់គ្នា​ជានិច្ច។ កាលពីឆ្នាំ ២០០៦ ពោលគឺ មួយឆ្នាំ មុន​ការបោះឆ្នោត​ប្រធានាធិបតី ច្បាប់នេះ​ត្រូវ​បាន​សភាបារាំង​បោះឆ្នោត​គាំទ្រ​រួចម្តងហើយ ប៉ុន្តែ វាមកនៅជាប់គាំង​ត្រឹម​ព្រឹទ្ធសភា ដែល​បោះឆ្នោត​ប្រឆាំង។ កាលណោះ ដោយសារ​តែ​ធ្វើច្បាប់នេះ តួកគី​បាន​ប្រកាស​ផ្អាក​ទំនាក់ទំនង​ការទូត​ជាមួយ​បារាំង។ តួកគី​បាន​ហាម​មិន​ឲ្យ​បារាំង​ប្រើ​ដែនអាកាសរបស់ខ្លួន ដើម្បី​ហោះហើរ​យន្តហោះ​ចម្បាំង​ក្នុង​សង្រ្គាម នៅប្រទេស​អាហ្វហ្កានិស្ថាន។
លើកនេះ គឺ​ប្រមាណ​តែ ជាង ៤ខែ​មុនការបោះឆ្នោត​ប្រធានាធិបតី គណបក្ស​ស្តាំនិយម UMP ដែល​ជា​កាន់​អំណាច ជា​អ្នកស្នើច្បាប់នេះ​ឡើងវិញម្តងទៀត។​អ្នកដែល​ស្នើច្បាប់​នេះ គឺ​ជា​តំណាងរាស្រ្ត​មកពីខេត្ត​Marseille ដែលសម្បូរ​រស់នៅដោយ​ជនជាតិ​បារាំង ដើមកំណើត​អាមេនី។ ច្បាប់នេះ​អាច​ចេញ​ទៅបាន​ក៏ដោយ​មាន​ការគាំទ្រ​ពី​ប្រមុខដឹកនាំ​បារាំងដែរ។ លោក​ប្រធានាធិបតីបារាំង Nicolas Sarkozy វិញ នៅក្នុង​អំឡុង​ទស្សនកិច្ច​របស់លោក នៅអាមេនី កាលពី​ខែ​តុលា​ឆ្នាំ ២០១១ ​ធ្លាប់​បាន​សន្យា​ធ្វើច្បាប់​ដើម្បីប្រឆាំង​នឹង​ការមិនទទួលស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​អាមេនី។
ក្នុង​ប្រទេស​បារាំង គេ​ប៉ាន់ប្រមាណថា មាន​ជនជាតិ​បារាំង​ដើមកំណើត​អាមេនី​ប្រមាណ ជាង ៥សែននាក់​រស់នៅ​ក្នុង​ទឹកដី​បារាំង។ ប្រជាជន​អាមេនី​ចុះសម្រុង ដើរនាទី​សំខាន់ ក្នុង​សង្គម​បារាំង និង​ជាម្ចាស់សំឡេងឆ្នោតដ៏សក្តានុពល។ គណបក្ស​កាន់អំណាច​ដែល​ស្នើច្បាប់នេះ ចង់ទាក់ទាញ​អ្នកបោះឆ្នោត និង​ចង់ទាញ​ប្រជាប្រិយភាព​ពី​ខាងគណបក្ស​ប្រឆាំង ដែល​កំពុង​តែ​ឡើងកូដ។

ដើម្បីឈ្នះ​ឆ្នោត អ្នកនយោបាយ​មិនខា្លច នឹង​បោះជំហាន​យកផ្លូវមួយ​ដែល​ធ្វើ​ឲ្យ​ប្រយោជន៍​ប្រទេស​ជាតិ​ប៉ះពាល់ ដោយសារ ជាមួយ​តែ​មានរឿង​ជម្លោះ​ជាមួយ​ប្រទេស​ជិតដទៃ​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ