rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

តួកគី អាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

តួកគី​ ប្រកាសសហការជាមួយ​រុស្ស៊ី ផលិត​ប្រព័ន្ធ​ខែល​មីស៊ីល S-500

media
ប្រមុខរដ្ឋតួកគី Kayhan Ozer/Presidential Press Office/Handout via REUTERS

លោក​ប្រធានាធិបតី​តួកទី​ បាន​ប្រកាស​ជា​ចំហ ថា​ តួកទី​ និង​ រុស្ស៊ី នឹង​សហការ​ផលិត​រួម​គ្នា នូវ​ប្រព័ន្ធ​ខែល​ការពារមីស៊ីល S-500 ទប់ទល់​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ និង​គ្រាប់មីស៊ីល​​ប៉ាឡេស្ទីក​។ សេចក្តី​ប្រកាស​របស់​ថ្នាក់​ដឹកនាំ​តួកគី​បែបនេះ​នេះ​ គឺជា​ការ​បង្ក​បញ្ហាក្តៅស្លឹកត្រចៀក​​ថ្មី​ ​បន្ថែម​ទៀតជាមួយ​នឹង​អាមេរិក។


«​គ្មាន​ផ្លូវ​ឡើង​ដែល​ថាការ​បញ្ជាទិញ​ប្រព័ន្ធ​ខែល​ការពារមីស៊ីល S-400 ពី​រុស្ស៊ី ត្រូវ​លើកពេល ឬ​ពន្យារពេល​នោះទេ។ ពីព្រោះថា ការ​កុម្មង់​បញ្ជាទិញ បាន​សម្រេចរួច​ហើយ។ ហើយ​បើតាម​គម្រោង បច្ចេកវិទ្យា​ថ្មីចុងក្រោយ​បំផុត​រុស្ស៊ី​នេះ គឺនឹង​ត្រូវ​បញ្ជូន​ទៅ​តួកទី យ៉ាងយូរ​បំផុត នៅត្រឹម​​ខែ​កក្កដា​ខាង​មុខ​»។ នេះ​ជាការ​បញ្ជាក់​ជា​សាធារណៈ របស់​​ ប្រមុខ​រដ្ឋ​តួកគី លោក Recep Tayyip Erdogan ​ ចំពោះ​មនុស្ស​ក្រុម​និស្សិត​និង​យុវជន នៅក្រុង​អ៊ីស្តង់ប៊ូល។ បន្ថែមពីនេះ លោក​ប្រធានាធិបតី Erdogan ថែមទាំង​សង្កត់​ធ្ងន់ថា តួកគី នឹងសិក្សា​​ផលិត​រួម​គ្នា ជាមួយ​រុស្ស៊ី នូវ​ប្រព័ន្ធ​​ខែល​ការពារមីស៊ីល S-500 បន្ថែមទៀត​។​

ចំពោះ​អាមេរិក, អាមេរិក​អំណាច​យោធា​មួយ​នេះ មិន​ពេញ​ចិត្ត​ទាល់​តែសោះចំពោះ​ទង្វើ​របស់​តួកគី​បែបនេះ​។ ពីព្រោះ តួកគី ក្នុងឋានៈ ជាសមាជិកអង្គការសម្ព័ន្ធមិត្តអូតង់ គឺអាមេរិក​ត្រូវ​ប្រឆាំងដាច់ខាត ចំពោះការដែលតួកគីទិញ ងាកទៅ​ទិញប្រព័ន្ធខែល​មីស៊ីល​ពីរុស្ស៊ី។ អាមេរិក​ យល់ថា ការយកទៅប្រើលាយឡំគ្នា គឺប្រព័ន្ធខែល​មីស៊ីល​របស់រុស្ស៊ី អាចនឹងប្រមូលយកទិន្នន័យកងទ័ព និងយុទ្ធសាស្ត្រ របស់យន្តហោះ​ចម្បាំង​អាមេរិក និងរបស់សម្ព័ន្ធមិត្តអូតង់។

គួរជ្រាបថា តួកគី បាន​បញ្ជាទិញ​ខែល​ការ​ពារមីស៊ីល​ពី​រុស្ស៊ី ហើយ​ស្របពេល​នេះ តួកគី ក៏​បញ្ជាទិញ​យន្តហោះ​ចម្បាំងធុន​ F-35 របស់​អាមេរិក​ផង​ដែរ។ នៅពេល​ដែល​ឮថា តួកគី ចុះកុងត្រា​ទិញ​ខែ​លការពារមីស៊ីល​ធុន S-400 ពី​រុស្ស៊ី, អាមេរិក​បាន​ព្រមាន​តួកគី​យ៉ាង​ខ្លាំង ហើយ​ថែមទាំង​ផ្អាកការ​បញ្ចូន​យន្ត​ហោះ​ចម្បាំងទៅឲ្យ​តួកគី​ តាំងតែ​ពី​ដើម​ខែ​មេសា​មកម្ល៉េះ។ ជាងនេះទៀត តួកគី អាចនឹងជាប់សំណាញ់ទណ្ឌកម្មសេដ្ឋកិច្ច របស់អាមេរិក ដោយយោងលើច្បាប់អាមេរិក ក្នុងករណីដែលប្រទេសសម្ព័ន្ធមិត្តណាមួយ ហ៊ានទិញ​គ្រឿងសព្វាវុធ ពីរុស្ស៊ី។

ក្រៅពី​រឿង​ចម្រូង​ចម្រាសក្នុង​ការ​​ទិញ​អាវុធនេះ ​អាមេរិក​និង​តួកគី មិន​ចុះ​សម្រុងគ្នាក្នុង​សំណុំ​រឿង​​ជាច្រើនទៀត ដួចជា​ ករណី​អាមេរិក​គាំទ្រ​ក្រុម​ឧទ្ទាម​គួកនៅ​ស៊ីរី ដែល ​តួកគី ចាត់ទុក​ថា​ជា​ក្រុម​ភេរវជន។ ហើយ​អាមេរិក បដិសេធ​មិន​ព្រម​បញ្ចូន​បុព្វជិត​សាសនា​ម្នាក់ កំពុង​ស្នាក់​នៅអាមេរិក​ ទៅ​ឲ្យ​តួកគីឡើយ​។ ​តួកគី​យល់ថា​បុព្វជិត​សាសនា​ម្នាក់នោះ ជា​មេខ្លោង​នៅក្រោយ​រដ្ឋប្រហារ​មិន​បាន​សម្រេច កាលពីឆ្នាំ​២០១៦។

យ៉ាងណា​ក៏ដោយ ថ្នាក់​ដឹកនាំតួកគី​ ថ្លែង​ដោយ​សង្ឃឹមថា មិន​យូរមិន​ញាប់​ទេ​ អាមេរិក​ នឹង​ប្តូរជំហរ​ ហើយ​សុខ​ចិត្តយល់​ព្រម​​ប្រគល់​យន្ត​ហោះ​ចម្បាំងធុន​ F-35 ទៅឲ្យ​តួកគី តាម​ការ​បញ្ជាទិញ​របស់​ប្រទេស​នេះ​ជា​មិន​ខាន។ នេះជាក្តី​សង្ឃឹម​របស់​លោក Erdogan ៕