អានតួអត្ថបទ
ទុយនីស៊ី

សហគម​អន្តរជាតិ និង​ទុយ​នី​ស៊ី ប្តេជ្ញា​កំចាត់​ភេរវ​និយម បន្ទាប់ពី​ការវាយប្រហារ​សម្លាប់​អ្នកទេសចរ​ជាច្រើន​នាក់

ភ្លាមៗ​ក្រោយ​ពី​​ការ​វាយ​ប្រហារ​នៅ​​សារមន្ទីរ​ ប្រទេស​ទុយ​នី​ស៊ី ​សហរដ្ឋអាមេរិក​ អង្គការ​សហ​ប្រជាជាតិ​ ​ប្រទេស​​ដែល​មាន​​ពលរដ្ឋ​​ខ្លួន​​ស្លាប់ ​និង​​ទុយ​នី​ស៊ី​​ខ្លួនឯង​​ផង ​បាន​​ចេញ​មុខ​​ថ្កោល​ទោស​​យ៉ាងខ្លាំង​​ចំពោះ​​ការ​វាយ​ប្រហារ​​នោះ ​ព្រម​ទាំង​​បាន​​ប្តេជ្ញា​​ថា​ ត្រូវ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ​ដើម្បី​​កំចាត់​​អំពើ​​ភេរវ​និយម ​ដ៏​​សែន​​សាហាវ​​នេះ​។ ​ការ​វាយ​ប្រហារ​​ភេរវ​និយម​​នៅ​​សារមន្ទីរ ​ជិត​​រដ្ឋ​សភា​​ទុយ​នី​ស៊ី ​បាន​ស​ម្លាប់​​មនុស្ស​ ១៩​នាក់​ ក្នុង​នោះ​​មាន ​១៧​នាក់​​ជា​​ជន​បរទេស។​

សហគម​អន្តរជាតិ និង​ទុយ​នី​ស៊ី ប្តេជ្ញា​កំចាត់​ភេរវ​និយម បន្ទាប់ពី​ការវាយប្រហារ​សម្លាប់​អ្នកទេសចរ​ជាច្រើន​នាក់
សហគម​អន្តរជាតិ និង​ទុយ​នី​ស៊ី ប្តេជ្ញា​កំចាត់​ភេរវ​និយម បន្ទាប់ពី​ការវាយប្រហារ​សម្លាប់​អ្នកទេសចរ​ជាច្រើន​នាក់ REUTERS/Zoubeir Souissi
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្មថ្កោល​ទោស និងកំហឹង បាន​ចេញជាបន្តបន្ទាប់រហូត ដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមាន​ការ​វាយប្រហារ ដោយ​ជន​ប្រដាប់អាវុធមួយ​ក្រុម​ទៅលើសារមន្ទីរជាតិ Bardo ដែល​ស្ថិតនៅក្បែររដ្ឋសភា ប្រទេសទុយនីស៊ី កាលពីថ្ងៃពុធម្សិលមិញ។ តាម​ការ​ស៊ើបអង្គេត បាន​បង្ហាញនៅព្រឹក​នេះថា អ្នក​ទេសចរបរទេស ចំនួន ១៧នាក់ ដែល​ស្លាប់ នៅក្នុងការវាយប្រហារនោះ រួម​មាន ​៥នាក់ជាជនជាតិជប៉ុន, ៤នាក់ជាជនជាតិ​អ៊ីតាលី, ២នាក់ជាជនជាតិ​កូឡុំប៊ី និងអ្នក​ស្លាប់ផ្សេងទៀត ជាជនជាតិអូស្ត្រាលី ​បារាំង ប៉ូឡូញ និងអេស្បាញ។ ក្រៅពីនោះ រដ្ឋាភិបាល បាន​ប្រកាសថា មាន​មនុស្ស ៤០នាក់ផ្សេងទៀត កំពុង​រងរបួស ដោយ​ក្នុងនោះក៏រួមមាន​ទាំងពលរដ្ឋបារាំង អាហ្វ្រិកខាងត្បូង ប៉ូឡូញ អ៊ីតាលី និង​ជប៉ុន។

រដ្ឋាភិបាល​កូឡុំប៊ី បាន​បង្ហាញ​ក្តីសង្វែកថា ពលរដ្ឋកូឡុំប៊ី ២នាក់ ដែល​ត្រូវសម្លាប់នោះ គឺជាម្តាយ និងកូន​។ ហើយពួកគេទៅទុយនីស៊ី សម្រាប់ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។ យ៉ាងណាក៏ដោយ ស្វាមីរបស់គ្រួសារនេះ បាន​រួចរស់ជីវិតពីការ​វាយប្រហារ។

អ្នក​រួចរស់ជីវិតជនជាតិជប៉ុនម្នាក់ បាន​ប្រឹងនិយាយ​ថា នាង​ត្រូវបាន​ក្រុម​ភេរវជន បាញ់​ត្រចៀក ដៃ និង​ក ហើយ​ម្តាយ​របស់នាង ក៏ត្រូវភេរវជន​បាញ់​ត្រូវកផងដែរ ដោយ​​គាត់មិន​អាចកំរើកបាន​ទេ ពេល​ប៉ូលីសចូលទៅអន្តរាគម។ អ្នក​ដែល​រួចរស់ជីវិត ភាគច្រើន​សុទ្ធតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយ​ពួកគេ​ បាន​និយាយ​ថា ការ​វាយប្រហារនេះ គឺគួរឲ្យ​រន្ធត់បំផុត។

ប្រធានាធិបតីទុយនីស៊ី បាន​និយាយ​ដោ​យរឹងមាំ ខណៈបាន​ចុះទៅពិនិត្យ​ជនរងគ្រោះ ក្នុង​មន្ទីរពេទ្យ​ទុយនីស៊ី​ថា៖ «ខ្ញុំចង់ឲ្យ​ប្រជានទុយនីស៊ី យល់ថា ពួកយើង​កំពុងតែ​មាន​សង្គ្រាមជាមួយនឹង​អំពើភេរវនិយម ហើយ​អំពើសាហាវយង់ឃ្នង់នេះ មិន​អាចបំភ័យពួកយើង ឲ្យ​ដកថយនោះទេ។ ពួកយើងនឹង​ប្រយុទ្ធ រហូតដល់ដង្ហើមចុងក្រោយ។»

គួរជម្រាបជូនថា ពី​ដំបូង​ឡើយ ភេរវជន​ ៣​នាក់ ស្លៀកឯកសណ្ឋានយោធា​ គ្រោង​នឹង​ចូល​វាយប្រហារ​នៅ​ក្នុង​រដ្ឋសភា​ ដែល​​ក្រុមតំណាងរាស្រ្ត​ កំពុង​ប្រជុំ, តែ​ដោយ​មិន​អាច​សម្រេច​ផែនការ​នោះ​បាន ពួក​ភេរវជន ​ក៏​បាន​បែរ​ទៅ​បាញ់​ប្រហារ​លើ​រថយន្ត​ក្រុង​មួយ​ ដែល​កំពុង​ដាក់​អ្នកទេសចរណ៍បរទេស ​ឲ្យ​ចូល​ទៅ​ទស្សនា​សារមន្ទីរជាតិ Bardo ដែល​ស្ថិត​ក្បែរ​មន្ទីរ​រដ្ឋសភាជាតិវិញ។ ក្រោយ​ការ​វាយប្រហារដោយ​ក្រុម​ប្រដាប់អាវុធ កម្លំាង​ប៉ូលិស ​បាន​សម្រេច​ធ្វើ​អន្តរាគមន៍​ដើម្បី​រំដោះ​ចំណាប់ខ្មំាង​ ដែល​ក្រុមភេរវជន​បាន​ចាប់​ជា​ថ្នូរ​នៅ​ក្នុង​សារមន្ទីរ ដោយ​បណ្តាល​ឲ្យ​ស្លាប់​ប៉ូលិស​ម្នាក់ សម្លាប់​បាន​ភេរវជន​២នាក់ និង​ចាប់​ខ្លួន​បាន​ម្នាក់។

នេះ​ជា​ភេរវកម្ម​សម្លាប់​អ្នកទេសចរ​បរទេស​យ៉ាច្រើន ជាលើក​ទី២ហើយ​ នៅ​ទុយនីស៊ី បន្ទាប់​ពី​ភេរវកម្ម​អត្តឃាត​ប្រឆំាង​នឹង​វិហារ​ជនជាតិ​ជ្វីហ្វ​នៅ ​ ទីប្រជុំកោះ Djerba ក្នុង​ខែ​មេសា ឆ្នំា ២០០២ ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២១នាក់​ភាគច្រើន​​ជា​​ជនជាតិ​​អាល្លឺម៉ង់ឬ​បារំាង។ រដ្ឋអំណាចទុយនីស៊ី ​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​ លើ​ការ​វាយប្រហារ ​សារមន្ទីរ Bardo នៅពេល​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ