rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កាតា អាមេរិក អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន អេហ្ស៊ីប

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រដ្ឋមន្ត្រី​​ការបរទេស​​អាមេរិក​​ Rex Tillerson​បំពេញ​​ទស្សនកិច្ច​​នៅ​​កាតា​ បន្ត​​ផ្សះផ្សា​​វិបត្តិ​

media
ប្រមុខការទូត​អាមេរិក ជួប​ពិភាក្សា​ជាមួយ​អេមៀ ប្រទេសកាតា ថ្ងៃ​អង្គារ​១១កក្កដា ២០១៧ Reuters

ថ្ងៃអង្គារ​១១កក្កដា​នេះ លោក​រិច ធីលឡឺសាន់  Rex Tillerson​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិកបានចេញ​​ពី​កូវ៉ែត ​​ធ្វើដំណើរ​​​ទៅដល់​​ទីក្រុង​ដូហា ប្រទេស​កាតា ​ដើម្បីបន្ត​អន្តរាគមន៍​ផ្សះផ្សា​វិបត្តិ​​ជម្លោះ​រវាង​កាតា និងក្រុមប្រទេស​អារ៉ាប់។ ​លោក​ធីលឡឺសាន់​បានជួប​អេមៀ ប្រទេស​កាតា និង​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា គ្រប់គ្នា​អាច​ធ្វើ​បាន​ប្រសើរទៅមុខ​ថែមទៀត ក្នុង​ការ​រកច្រកចេញវិបត្តិ​កាតា។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិ​កត្រូវ​ធ្វើ​​ដំណើរ​ទៅ​អារ៉ាប៊ីសាអូឌីត​ទៀត។


ក្នុង​ពេល​បំពេញទស្សនកិច្ច​នៅ​ទីក្រុង​ដូហា ប្រទេស​កាតា ថ្ងៃ​អង្គារនេះ ​រដ្ឋមន្ត្រី​ការបរទេស​​អាមេរិក​បាន​ជួប​ពិភាក្សា​ជាមួយ​អេមៀ ឈេក តាមីម បិន ហាម៉ាត អាល់-ថានី។ ទស្សនកិច្ច​របស់​លោក​ធីលឡឺសាន់ ​មានទិសដៅ​បន្ត​ផ្សះផ្សា​វិបត្តិ​ជម្លោះ​រវាង​កាតា និង​​​​ប្រទេស​អារ៉ាប់​ចំនួន​៤ គឺ​អារ៉ាប៊ី សាអូឌីត អេមីរ៉ាតអារ៉ាប់​រួម បារ៉ែន និង​អេហ្ស៊ីប។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លើកឡើង​ថា លោកគិតថា កាតា​បាន​បង្ហាញ​​ជំហរ​ច្បាស់លាស់​ ហើយ​នេះ​ជា​អ្វី​ដែល​ត្រឹមត្រូវ។

​​វិបត្តិ​កាតា បាន​ផ្ទុះឡើង​ ​កាលពី​ដើមខែ​មិថុនា ​ពេល​​អារ៉ាប៊ី​ ​សាអូឌីត អេមីរ៉ាតអារ៉ាប់​រួម បារ៉ែន និង​អេហ្ស៊ីប នាំគ្នា​ផ្តាច់​ទំនាក់ទំនងការទូត និង​បិទព្រំដែន​​ជាមួយ​កាតា។ ប្រទេស​ទាំង៤​បាន​ដាក់​លក្ខខណ្ឌ​១៣ចំណុច​អោយ​កាតា​អនុវត្ត បែបយ៉ាង ​កាតាត្រូវ​បិទ​មូលដ្ឋាន​ទ័ព​តួកគី​ក្នុងទឹកដី​ខ្លួន កាត់បន្ថយ​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ ត្រូវបិទ​ដំណើរការ​ទូរទស្សន៍​អាល់ ហ្សាហ្ស៊ីរ៉ា ​រឺ​ក៏​ឈប់​គាំទ្រ​ក្រុម​ជ្រុលនិយម​អ៊ីស្លាម​ជាដើម។ ​ ​សំណើ​ទាំងអស់​នេះ​ត្រូវបាន​កាតា​ទាត់ចោល ដោយ​ចោទ​ទៅ​វិញ​ថា រំលោភ​លើ​បូរណភាព​កាតា។

អាមេរិ​កទទួលស្គាល់​ថា វិបត្តិ​​កាន់តែ​ស្មុគស្មាញ ក្នុង​​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​តំបន់​ឈូងសមុទ្រ​ពែក្ស ដែល​មា​នប្រទេស​អារ៉ាប៊ីសាអូឌីត ​កាតា អូម៉ង់ បារ៉ែន កូវ៉េត និង​អេមីរ៉ាត​អារ៉ាប់រួម ​ព្រោះថា ​​ក្រុម​ប្រទេស​អារ៉ាប់​ចោទ​ថា​ កាតា​គាំទ្រ​ក្រុម​ជ្រុលនិយម និង​មាន​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ ដែល​ជា​សត្រូវ​របស់​អារ៉ាប៊ី សាអូឌីត។ ការចរចា​នៅ​ប្រទេស​អន្តរការី​កូវ៉ែត ​មិនបាន​លឿន​នៅមុខ​ទេ វិបត្តិ​កាតា​​អាច​នឹង​ប្រើ​ពេលច្រើនខែ​ទើបដោះស្រាយ​បាន។ កាលពី​ថ្ងៃចន្ទ​ កូវ៉ែត ​អាមេរិក និង​អង់គ្លេស​បាន​​​ស្នើ​អោយ​គ្រប់ភាគី​ជម្លោះចរចា​គ្នា ​​រកដំណោះស្រា​យអោយបាន​​ឆាប់​​​បំផុត។

ដោយឡែក ​​ទូរទស្សន៍​CNNបាន​ចុះផ្សាយ​ឯកសារ​សំងាត់ ស្តីពី​កិច្ចព្រមព្រៀង​ឆ្នាំ២០១៣​និង​ឆ្នាំ​២០១៤ រវាង​​មេដឹកនាំ​​​​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​តំបន់​ឈូងសមុទ្រ​ពែក្ស។ ​ប្រទេស​ហត្ថលេខី​បាន​ប្តេជ្ញា​ប្រយុទ្ធ​ភេរវកម្ម ​និង​ការពារ​ស្ថិរភាពតំបន់។ តែ​តាម​កិច្ចព្រមព្រៀង​នេះ​ គេមិនអាច​​​ចាត់វិធានការ​អ្វី​ប្រឆាំង​នឹង​ប្រទេស​ហត្ថលេខី​ណាមួយទេ បើ​គ្មា​នការ​ពិភាក្សា​ជាមុន​ជាមួយ​ប្រទេស​នោះ។​ យោងតាម​​ចំណុច​នេះ កាតាបាន​​ចោទ​ថា វិធានការដែល​ក្រុមប្រទេស​អារ៉ាប់​ចាត់ឡើងប្រឆាំង​កាតា ​​រំលោភ​​ទាំងស្រុង​លើ​កិច្ចព្រមព្រៀង​មួយនេះ៕