rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

នយោបាយ បារាំង ព្រឹទ្ធសភា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

គណបក្ស​ឆ្វេងនិយម​បារំាង​បាន​រង់ចំា​ជាង ៥០ឆ្នំា ទើប​ឈ្នះ​ឆ្នោត​នៅ​ព្រឹទ្ធសភា

media
ទិដ្ឋភាព​នៅ​ក្នុង​ព្រឹទ្ធសភាបារំាង ©AFP PHOTO BERTRAND GUAY

នៅ​ទីបំផុត គណបក្ស​ឆ្វេងនិយម​បារំាង និង​សម្ព័ន្ធមិត្ត​របស់​គេ ដែល​ជា​គណបក្សប្រឆំាង បាន​ទទួល​ជោគជ័យ​យ៉ាង​ធំធេង​នៅ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នា​ថ្ងៃ​អាទិត្យ​ទី២៥ កញ្ញា ឆ្នំា ២០១១ ម្សិលមិញ។ នៅ​ក្នុង​ចំនួន​អាសនៈ​ទំាង ៣៤៨ នៅ​ក្នុង​ព្រឹទ្ធសភា គណបក្ស​ឆ្វេងនិយម​ទទួល​បាន ១៧៧ អាសនៈ។ បរាជ័យ​របស់​គណបក្ស​ស្តំានិយម​នៅ​ព្រឹទ្ធសភា​ពេល​នេះ គឺ​ជា​សញ្ញា​អាក្រក់​មួយ​សម្រាប់​លោក​ប្រធានាធិបតី​នីកូឡា សាកូហ្ស៊ី ដែល​ត្រូវ​បង្ខំ​ចិត្ត​ប្តូរ​យុទ្ធសាស្រ្ត និង​ផ្សះផ្សា​ការ​ប្រេះឆា​នៅ​ផ្ទៃក្នុង​បក្ស។


ជោគជ័យ​របស់​គណបក្ស​ឆ្វេងនិយម និង​សម្ព័ន្ធមិត្ត​នៅ​ព្រឹទ្ធសភា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត។ ប្រវត្តិសាស្រ្ត ពីព្រោះ​ជា​លើក​ទីមួយ​នៅ​ក្នុង​សម័យ​សាធារណរដ្ឋបារំាង​ជំនាន់​ទី ៥  “ La Cinquième République ” ដែល​គណបក្ស​ឆ្វេងនិយម និង​សម្ព័ន្ធមិត្ត​ទទួល​បាន​សំឡេង​ភាគច្រើន​ដាច់ខាត​នៅ​ក្នុង​ព្រឹទ្ធសភា។ តំាង​ពី​ឆ្នំា ១៩៥៨​មក គណបក្ស​ស្តំានិយម​បាន​សោយរាជ្យ​នៅ​ព្រឹទ្ធសភា​ជានិច្ច ទោះ​បី​ជា​គណបក្ស​មួយ​នេះ​មាន​សំឡេង​ភាគច្រើន ឬ​អត់​នៅ​រដ្ឋសភា ឬ​មួយ​ក៏​បាន ឬ​មិន​បាន​ឈ្នះ​ឆ្នោត​ប្រធានាធិបតី​ក៏​ដោយ។ បច្ចុប្បន្ន​នេះ និង​ចំ​ពេល​ដែល​គណបក្ស​ឆ្វេងនិយម​ទើប​ឈ្នះ​ឆ្នោត​នៅ​ព្រឹទ្ធសភា តំណែង​ប្រធានាធិបតី និង​សំឡេង​ភាគច្រើន​ក៏​កំពុង​ស្ថិត​ក្នុង​កណ្តាប់ដៃ​គណបក្ស​ស្តំានិយម​ដែរ។

ជោគជ័យ​របស់​បក្ស​ឆ្វេងនិយម​នៅ​ព្រឹទ្ធសភា​នា​ពេល​នេះ បាន​បង្កប់​ទៅ​ដោយ​អត្ថន័យ​នយោបាយ​ផង និង​សារ​នយោបាយ​ផង។ ជា​អត្ថន័យ​នយោបាយ ពីព្រោះ​ជោគជ័យ​របស់​បក្ស​ឆ្វេងនិយម​បាន​កើត​មាន​ឡើង ប៉ុន្មាន​ខែ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីថ្មី នៅ​ឆ្នំា ២០១២ ខាង​មុខ។ ជា​សារ​នយោបាយ ពីព្រោះ​វា​ជា​សក្ខីកម្ម​​មួយ​ដែល​បញ្ជាក់​ពី​នយោបាយ​​បរាជ័យ​របស់​រដ្ឋាភិបាល​ស្តំានិយម និង​របស់​លោក​ប្រធានាធិបតី​នីកូឡា សាកូហ្ស៊ី ផ្ទាល់ខ្លួន។ សំខាន់​ជាង​គេ​នោះ គឺ​នយោបាយ​របស់​រដ្ឋាភិបាល​ចំពោះ​កំណែទម្រង់​លើ​សេវាសាធារណៈ និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ឃុំ និង​សង្កាត់​នៅ​គ្រប់​តំបន់។

សូម​ជម្រាប​ជូន​ថា សមាជិក​ព្រឹទ្ធសភា​ត្រូវ​បាន​ជ្រើសរើស​ដោយ​ការ​បោះឆ្នោត​របស់​មេឃុំ ចៅសង្កាត់ និង​ទីប្រឹក្សា​ឃុំ សង្កាត់ គឺ​មិន​មែន​​តាម​រយៈ​ការ​បោះឆ្នោត​របស់​ពលរដ្ឋ ដូច​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី និង​សភា​ទេ។

អំណាច​របស់​ព្រឹទ្ធសភា​មាន​កម្រិត

ចាប់​ពី​ពេល​នេះ រហូត​ដល់​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ឆ្នំា ២០១២ ខាង​មុខ ជោគជ័យ​របស់​បក្ស​ឆ្វេងនិយម​នៅ​ព្រឹទ្ធសភា​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​របស់​លោកប្រធានាធិបតី នីកូឡា សាកូហ្ស៊ី និង​រដ្ឋសភា​កាន់កាប់​ដោយ​គណបក្ស​ស្តំានិយម​ទេ។ នៅ​ក្នុង​ប្រទេស​បារំាង ក៏​ដូច​ជា​ប្រទេស​ផ្សេង​ទៀត ព្រឹទ្ធសភា​​ជា​ស្ថាប័ន​កំពូល​មួយ​របស់​ប្រទេស ប្រធាន​ព្រឹទ្ធសភា ជា​ឥស្សរជន​សំខាន់​ទី ២ បន្ទាប់​ពី​ប្រធានាធិបតី។ ក៏​ប៉ុន្តែ ព្រឹទ្ធសភា​មាន​អំណាច​ត្រឹម​តែ​ពិនិត្យ និង​ស្នើ​ឲ្យ​មាន​ការ​កែប្រែ​លើ​ចំណុច​មួយ​ចំនួន​នៃ​គម្រោង​ច្បាប់​ដែល​សភា​បាន​បញ្ជូន​ទៅ ដោយ​មិន​អាច​បង្ខំ​សភា​ឲ្យ​កែប្រែ​នោះ​ទេ។ និយាយ​ឲ្យ​ស្រួល​យល់ វិលចុះ វិលឡើង អ្នក​ដែល​មាន​សិទ្ធិ​អនុម័ត​ចុង​ក្រោយ​លើ​សេចក្តី​ព្រាងច្បាប់​ណា​មួយ​ដែល​ស្នើ​ឡើង​ដោយ​សភា​នោះ គឺ​អ្នក​តំណាងរាស្រ្ត​ជា​អ្នក​សម្រេច មិន​មែន​សមាជិក​ព្រឹទ្ធសភា​ទេ។

យ៉ាង​ណា​ក៏​ដោយ និង​អ្វី​ដែល​បក្ស​ឆ្វេងនិយម​អាច​មាន​សិទ្ធិ​ធ្វើ ក្នុង​នាម​ជា​អ្នក​មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា គឺ​ការ​ពន្យារ​ការ​បោះឆ្នោត​របស់​រដ្ឋាភិបាល​ទៅ​លើ​គម្រោង​ច្បាប់​អ្វី​មួយ ដែល​សភា​បាន​បញ្ជូន​ឲ្យ​ពិនិត្យ។ តែ​ទង្វើ​របៀប​នេះ មិន​អាច​ចេះ​តែ​ធ្វើ​ដោយ​ស្វ័យប្រវត្ត​ទេ។ ដូច្នេះ អ្វី​ដែល​សំខាន់​សម្រាប់​គណបក្ស​ឆ្វេងនិយម ជោគជ័យ​នៅ​ព្រឹទ្ធសភា​នឹង​អាច​ផ្តល់​ប្រយោជន៍​ឲ្យ​ខ្លួន នា​ពេល​ខាង​មុខ ពិសេស​នៅ​ពេល​ដែល​ខ្លួន​អាច​នឹង​ទទួល​បាន​ជោគជ័យ​នា​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​​ឆ្នំា ២០១២។

នីកូឡា សាកូហ្ស៊ី ជា​ប្រមុខរដ្ឋ​ទីមួយ​ដែល​នំា​ឲ្យ​បក្ស​ខ្លួន​បាត់​សំឡេង​នៅ​ព្រឹទ្ធសភា

បរាជ័យ​របស់​គណបក្ស​ស្តំានិយម​នៅ​ព្រឹទ្ធសភា គឺ​ជា​ការ​វាយសំពង​​លោក នីកូឡា សាកូហ្ស៊ី​ត្រូវ​មួយ​ព្រនង់​​យ៉ាង​ដំណំ។ នេះ​ពិត​ជា​សញ្ញា​បរាជ័យ​ចំពោះ​រដ្ឋាភិបាល​របស់​លោក ក៏​ដូច​ជា​រូប​លោក​ផ្ទាល់​ដែរ។ លោក សាកូហ្ស៊ី​ត្រូវ​បាន​ពលរដ្ឋ​បារំាង​ទូទៅ ពិសេស​គណបក្ស​ស្តំានិយម​ចារទុក​ក្នុង​ប្រវត្តិសាស្រ្ត​ថា ជា​ប្រធានាធិបតី​ទី១ នៃ​គណបក្ស​ស្តំានិយម​ដែល​បាន​ធ្វើ​ឲ្យ​សំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា​ធ្លាក់​ក្នុង​កណ្តាប់ដៃ​បក្ស​ឆ្វេងនិយម នៅ​
ក្នុង​រយៈពេល ៥៤ឆ្នំា​ចុង​ក្រោយ​នេះ។ ម្យ៉ាង​ទៀត នៅ​ក្នុង​ពេល​បច្ចុប្បន្ន ប្រជាប្រិយភាព​របស់​លោក សាកូហ្ស៊ី​កំពុង​បន្ត​ធ្លាក់​ចុះ កំណើន​អ្នក​អត់​ការងារធ្វើ វិបត្តិហិរញ្ញវត្ថុ និង​រឿង​អាស្រូវ​ផ្សេង​ទៀត​ដែល​លោក សាកូហ្ស៊ី​កំពុង​ប្រឈមមុខ។

គួរ​ជម្រាប​ជូន​ថា តំាង​ពី​លោក សាកូហ្ស៊ី​បាន​ក្លាយ​ជា​ប្រធានាធិបតី​ក្នុង​ឆ្នំា ២០០៧ មក គណបក្ស​ស្តំានិយម​របស់​លោក​បាន​ចាញ់​ឆ្នោត​រាប់​មិន​អស់ ចាញ់​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ សង្កាត់ ចាញ់​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​អឺរ៉ុប ចាញ់​នៅ​ក្នុង​ការ​បោះឆ្នោត​តំបន់ និង​ឥឡូវ​នេះ ចាញ់​នៅ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ទៀត។

ចុះ​ចំណែក​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នំា ២០១២ វិញ ?

នេះ​ជា​សំណួរ​មួយ​ដែល​គណបក្ស​ស្តំានិយម UMP ខ្លួន​ឯង​ត្រូវ​គិតគូរ​ពិចារណា​ឡើង​វិញ ពិសេស នៅ​ក្នុង​ជម្រើស​បេក្ខជន​ដែល​ត្រូវ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត៕