អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត

អារ៉ាប៊ីសាអូឌីត ឈប់​នាំចេញប្រេង​មួយរយៈ​ ដើម្បីស្នើឲ្យ​សហគមអន្តរជាតិ​ធ្វើ​អន្តរាគមន៍​​នៅយេម៉ែន

នៅថ្ងៃព្រហស្បតិ៍ ទី​២៦កក្កដា អារ៉ាប៊ីសាអូឌីត ប្រទេស​នាំ​ចេញ​ប្រេង​ធំ​ទីមួយ​លើពិភពលោក បាន​ប្រកាស​ផ្អាក​នាំ​ចេញ​ប្រេង​មួយ​រយៈ។ តាម​រយៈ​ចំណាត់ការ​នេះ​ អារ៉ាប៊ីសាអូឌីត សង្ឃឹមថា  សហគមអន្តរជាតិ នឹង​យក​ចិត្តទុកដាក់ ព្រួត​ដៃ​គ្នា​ធ្វើ​អន្តរាគមន៍​នៅយេម៉ែន និង​ដាក់​ទណ្ឌកម្ម​លើក្រុម​ឧទ្ទាម​ហ៊ូទី។ គួរ​ជ្រាប​ថា ការ​សម្រេច​ចិត្ត​ឈប់​នាំចេញ​ប្រេងរយៈពេល​ខ្លី​​របស់ ​រដ្ឋធានី​រីយ៉ាដ ​យ៉ាង​ដូច្នេះ​ គឺធ្វើ​ឡើង​បន្ទាប់ពី​ក្រុមឧទ្ទាម​ហ៊ូទី​ប្រហារ​លើ​នាវា​ដឹក​ប្រេង​របស់​អារ៉ាប៊ីសាអូឌីត។

លោក Khaled al-Falih រដ្ឋមន្ត្រីផ្នែកថាមពលរបស់អារ៉ាប៊ីសាអូឌីត
លោក Khaled al-Falih រដ្ឋមន្ត្រីផ្នែកថាមពលរបស់អារ៉ាប៊ីសាអូឌីត AFP/FAYEZ NURELDINE
ផ្សាយពាណិជ្ជកម្ម

លោក Khaled al-Falih រដ្ឋមន្ត្រី​ផ្នែក​ថាម​ពលរបស់​​អារ៉ាប៊ីសាអូឌីត បញ្ជាក់​ថា «រាល់ការ​ដឹកជញ្ចូន​ប្រេង​ ​ឆ្លង​កាត់​តាម​ច្រក​សមុទ្រ Bab-el-Mandeb គឺត្រូវ​ផ្អាក​ឈប់​មួយរ​យៈ​សិន ទ្រាំ​ទាល់តែ​ការធ្វើ​ចរាចរណ៍​មាន​សុវត្ថិភាព​ឡើង​វិញ​»។ សេចក្តីប្រកាស​ដូច្នេះ គឺ​បន្ទាប់ពី​ក្រុម​ឧទ្ទាម​ហ៊ូទីនៅ​យេម៉ែន បា​នវាយ​ប្រហារ​កាលពី​ពេ​លថ្មីៗនេះ ទៅ​លើនាវា​ដឹក​ប្រេង​របស់​​​អារ៉ាប៊ីសាអូឌីត ចំនួន​ពីរ​គ្រឿង​ដែល​ផ្ទុក​ប្រេង​៤លាន​បារិល​។ សូម​ជ្រាបថា ច្រកសមុទ្រ Bab-el-Mandeb នេះ គឺជា​ច្រក​យុទ្ធសាស្ត្រ​សម្រាប់​នាំ​ចេញ​ប្រេង​ពី​សមុទ្រ​ក្រហម។ ទីតាំង​នេះ​​ គឺ​ពុះ​​ចែក​តំបន់​មជ្ឈិម​បូព៌ា​និង​ទ្វីបអាហ្វ្រិក ហើយ​នៅ​ជាប់​នឹង​ដែន​ដី​របស់​យេម៉ែន  ចន្លោះ​និង​ទ្វីប​អាហ្វ្រិក នៃប្រទេស Djibouti និង អេរីត្រ ។

រដ្ឋមន្ត្រី​ផ្នែក​ថាម​ពលរបស់​​អារ៉ាប៊ីសាអូឌីត យល់ថា សមុទ្រ​ក្រហមនេះ ជា​ច្រក​យុទ្ធសាស្ត្រ​យ៉ាង​សំខាន់​ណាស់​សម្រាប់​ដឹក​ប្រេងនាំចេញ​។ ហេតុ​នេះ បើ​មាន​ការ​ប៉ះពាល់​រំខាន​ខ្លាំង​ដល់​ការ​ធ្វើ​ចរាចរណ៍​នាវា នោះ​ប្រទេស​មហាអំណាចធំៗ​របស់​សហភាព​អឺរ៉ុប ​អេហ្ស៊ីប និង​អាមេរិក គឺ​នឹង​មាន​ហេតុ​ផលត្រឹម​ត្រូវ​ដើម្បី​លូកដៃ​ធ្វើ​អន្តរាគមន៍ នៅ​យេម៉ែន​។

គួរ​រម្លឹក​ជូនថា យេម៉ែន ​បាន​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិលតាំង​ពី​ឆ្នាំ២០១១ ដោយ​ហេតុ​តែរលក​នៃ​​បដិវត្តន៍​អារ៉ាប។ ចំណែក​​​អារ៉ាប៊ីសាអូឌីត បាន​ដឹកនាំកងកម្លាំង​​សម្ព័ន្ធមិត្ត​អារ៉ាបចូលទៅ​ក្នុង​ភ្លើង​សង្គ្រាម​នេះ​ នៅខែ​មីនា ២០១៥ ដើម្បី​ជួយ​គាំទ្រ​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែល​ទទួល​ស្គាល់​ដោយ​អន្តរជាតិ និងដើម្បី​​កម្ចាត់​ក្រុម​ឧទ្ទាម​ហ៊ូទី​​។ សង្គ្រាម​នេះ បាន​សម្លាប់​មនុស្ស​ជាង​១០ម៉ឺន​នាក់ ហើយ​ធ្វើ​ពលរដ្ឋ​យេម៉ែន​រាប់​លាន​នាក់ រងទុក្ខវេទនា​ និង​រត់​ចោល​ស្រុក។

ទោះយ៉ាងណាក្តី អ្នក​ជំនាញ​ខាង​ប្រេង​របស់​គុយវេត បា​នលើកឡើងថា តាមរយៈ​ការ​សម្រេច​របស់​អារ៉ាប៊ីសាអូឌីត ​ឈប់​នាំចេញ​ប្រេង​មួយ​រយៈ​ខ្លី​នេះ គឺ​អាច​ជះ​ផល​ប៉ះពាល់​ទៅ​ដល់​តម្លៃ​ប្រេងសាំង​​ ដែល​អាច​ឡើង​ថ្លៃតិច​តួច​ ប៉ុន្តែ​វានឹង​​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ