វេទិកាសន្តិភាព លើកទីពីរ បើកធ្វើនៅប៉ារីស មានអ្នកចូលរួម៦ពាន់នាក់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៥
វេទិកាសន្តិភាព លើកទីពីរ បើកធ្វើនៅរដ្ឋធានីប៉ារីស ដោយមានការចូលរួមពីសំណាក់តំណាងអង្គការសហប្រជាជាតិ ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល ជាង៣០រូប ព្រមទាំងអង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ សាស្ត្រាចារ្យអ្នកជំនាញ សរុបជាង៦ពាន់នាក់ចូលរួមវេទិកាសន្តិភាព។ ប្រធានបទជាច្រើន ទាក់ទងនឹងសន្តិសុខ-សុវត្ថិភាពពិភពលោក នឹងត្រូវយកទៅជជែកពិភាក្សា និងរកដំណោះស្រាយនៅក្នុងឱកាសនេះ។
វេទិកាសន្តិភាព មានរយៈពេល២ថ្ងៃ ជជែកពិភាក្សាអ្វីខ្លះ?
ជាដំបូងគួរបញ្ជាក់ថាបើទោះបីវេទិកានេះរៀបចំនៅរដ្ឋធានីប៉ារីស និងមានប្រមុខរដ្ឋបារាំង ជាអធិបតីក៏ដោយ តែវេទិកានេះ គឺជាការរៀបចំផ្តួចផ្តើមដោយពួកក្រុមអង្គការ សង្គមស៊ីវិល និង អ្នកជំនាញកិច្ចការស្វែងរកសន្តិភាព។ តាមគ្រោង គឺនឹងមានអ្នកចូលរួមជាង៦ពាន់នាក់ ក្នុងនោះ មានតំណាងអង្គការអន្តរជាតិ ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល មកពីគ្រប់ទ្វីប ជាច្រើននាក់ចូលរួមផង ជាពិសេសវេទិកានេះ គឺមានការចូលរួមជជែកយ៉ាងទូលំទូលាយពីខាងអង្គការសង្គមស៊ីវិល អ្នករកស៊ីឯកជន ប្រធានក្រុមហ៊ុនសហគ្រាស និងអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយជាច្រើន។
នៅថ្ងៃអង្គារ៍ ទី១២វិច្ឆិកា វេទិកាពិភាក្សាចាបផ្តើមដំបូង ដោយជជែកដេញដោលគ្នា រឿងអភិបាលកិច្ចពិភពលោកដើម្បីឱ្យស្មើភាពគ្នា ដោយឈ្វេងយល់ជាបឋមពីទ្វីបលោក ភាគខាងត្បូង និងមានការលើកឡើងពីឥទ្ធិពលចិន នៅអាស៊ីនិងអាហ្វ្រិក។ នៅក្នុងការជជែងឈ្វេងយល់ពីបញ្ហា ការប្រឈម និងការវិវឌ្ឍឆ្ពោះទៅរកសន្តិភាពរបស់ប្រទេសខាងត្បូងនេះ មានថ្នាក់ដឹកនាំប្រទេសកាំម៉ារ៉ូន ថ្នាក់ដឹកនាំប្រទេសសម្ព័ន្ធអារ៉ាប អ្នកតំណាងអង្គការធ្វើការខាងសន្តិភាព និងខាងប្រទេសនិយាយភាសាបារាំង ព្រមទាំង មានឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ហោ ណាំហុង អតីតប្រមុខការទូតខ្មែរ ក៏បានអញ្ជើញចូលរួមជជែកពិភាក្សាដែរ។ ទំនងមិនមែនជាការចៃដន្យឡើយ ដែលគេដាក់តំណាងប្រទេសកម្ពុជា មកពីអាស៊ី និងប្រមុខរដ្ឋកាំម៉ារ៉ូន មកពីអាហ្វ្រិក នៅក្នុងវេទិកាតុជជែកគ្នាតែមួយ ហើយនិយាយពីឥទ្ធិពលដ៏ខ្លាំងសម្បើមរបស់មហាយក្ស ចិន នៅក្នុងទឹកដីនៃប្រទេសពួកគេនោះ។
បន្ទាប់មកទៀត គឺមានការជជែកពិភាក្សាស្តីពីឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ដែលជាក្តីបារម្ភខ្លាំងរបស់ពិភពលោក។ សង្គ្រាមព័ត៌មានវិជ្ជា ដែលពិភពលោកជួបប្រទះរាល់ថ្ងៃនេះ។ បញ្ហាមនុស្សធម៌ ក្តីបារម្ភចំពោះអនាគតរបស់យុវជន និង បញ្ហាបរិស្ថាន ជីវៈចម្រុះ គឺក៏មិនអាចរំលងបានឡើយ។ ថែមពីនោះ មានការពិភាក្សាគ្នាពីបញ្ហាពហុវប្បធម៌និងសិល្បៈចម្រុះ ដែលរឿងទំនៀមទម្លាប់វប្បធម៌ខុសគ្នានេះ ក៏ជាប្រភពនៃជម្លោះច្រើនណាស់ដែរ! កាលណាគេបានឈ្វេងពីសិល្បៈវប្បធម៌ពហុជាតិសាសន៍ គេនឹងមានសេចក្តីសន្តោសប្រោសប្រណីយោគយល់គ្នា ហើយអាចរស់នៅក្នុងភាពចម្រុះផ្សេងៗគ្នា។ ហេតុដូច្នេះ ហើយទើបវេទិកាសន្តិភាព យករឿងនេះ មកដាក់ក្នុងការពិភាក្សាគ្នា។
«ប្រឆាំងនឹងសកលនិយម» ឬ«ការគិតតែប្រយោជន៍ប្រទេសផ្ទាល់ខ្លួន» ជាប្រធានបទក្តៅដែលគេទន្ទឹមរង់ចាំ
ជាប្រធានបទពេញនិយម ដែលគេច្រើនតែជជែកដេញដោលគ្នា។ នៅចំពោះមុខទ្វីបលោកពហុប៉ូល នាពេលបច្ចុប្បន្ននេះ គេផុសផុលជជែកគ្នារកច្រកផ្លូវយ៉ាងណាដើម្បីអាចរស់នៅជុំគ្នា។ ការប្រកាន់គំនិតប្រឆាំងនឹងសកលនិយម ឬការគិតគូរតែប្រយោជន៍សួនតួរបស់ប្រទេសខ្លួន គឺជាគ្រោះថ្នាក់មួយ។
គំនិតគិតគូរពីប្រទេសផ្ទាល់ខ្លួនមុនគេ Mon pays d’abord ! ជាទស្សនអភិរក្សអាត្មានិយម! ដែលគេបានសង្កេតឃើញថា បាននាំអាទិ៍គេដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលលោកលើកឡើងពីគោលការណ៍ America First ការគិតគូរប្រយោជន៍អាមេរិកអាទិភាព។
ជាការកត់សម្គាល់ វេទិកាសន្តិភាព នៅប៉ារីសនេះ គឺគ្មានវត្តមានថ្នាក់ដឹកនាំកំពូលរបស់រដ្ឋសហរដ្ឋអាមេរិក ចូលរួមទេ ប៉ុន្តែ រុស្ស៊ី និងចិន បានបញ្ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់រដ្ឋមន្ត្រីការបរទេស និងអនុប្រធានាធិបតី មកចូលរួម។
ក្នុងប្រធានបទរសើបមួយនេះ គេនឹងជជែកគ្នា ថាតើការប្រកាន់គំនិតសួនតួ គ្រោះថ្នាក់យ៉ាងដល់ពិភពលោក? មានការប្រឈមយ៉ាងដូចម្តេច? ហើយដើម្បីការពារទស្សនពហុនិយម សកលនិយម ព្រមទាំងរក្សាបាននូវការរស់នៅជួបជុំចម្រុះសម្រុងជាមួយជនជាតិភាគតិច ឬក្រុមមនុស្សឬប្រទេសដែលគ្មានសំឡេងធំ គ្មានទឹកមាត់ប្រៃ តើគេត្រូវធ្វើយ៉ាងណា? សំណួរទាំងអស់នេះ អាចនឹងត្រូវចោទឡើងនៅក្នុងវេទិកាពិភាក្សាក្នុងថ្ងៃពុធទី១៣វិច្ឆិកា។
១០គម្រោងដើម្បីសន្តិភាព
មាន១០គម្រោងនឹងត្រូវឈ្នះ ក្នុងការប្រកួតប្រជែង តែលទ្ធផលជ្រើសរើសសម្រេច នឹងត្រូវប្រកាសនៅថ្ងៃស្អែក។ ក្នុងចំណោមគម្រោងឆ្នើមទាំង១០នេះ គឺផ្តោតជាសំខាន់ទៅលើប្រធានបទ ចំនួន៦ ជាពិសេស ផ្នែកសន្តិភាពនិងសន្តិសុខ, ការពារបរិស្ថាន, អភិវឌ្ឍសហគមន៍, បច្ចេកវិជ្ជាថ្មីដើម្បីសន្តិភាព, ការអភិវឌ្ឍសេដ្ឋកិច្ចដែលបម្រើផលប្រយោជន៍ដល់គ្រប់ភាគី, ពហុវប្បធម៌និងការសិក្សាអប់រំដើម្បីសន្តិភាព។
វេទិកាសន្តិភាពលើកទី២ ក្នុងឆ្នាំ២០១៩ មានគម្រោងចំនួន១២០ រៀបចំដោយបេក្ខជនចំនួន៧០០នាក់ ដែលមកពីប្រទេសចំនួន១១៥ប្រទេស គ្រប់ជ្រុងជ្រោយនៃពិភពលោក ដាក់មកចូលរួមប្រកួតប្រជែង។ គម្រោងរបស់ពួកគេអស់ទាំងនោះ មានផ្សាយនៅក្នុងគេហទំព័រ Paris Peace Forum ។
គម្រោងដើម្បីសន្តិភាព១០ដែលឈ្នះរង្វាន់ ដែលសន្មតថាជាគម្រោងល្អដាច់គេ គឺនឹងត្រូវទទួលការឧបត្ថម្ភផ្នែកថវិកានិងបច្ចេកទេសសម្រាប់ដំណើរការសកម្មភាព និងអភិវឌ្ឍគម្រោង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ