អានតួអត្ថបទ
កម្ពុជា​

សង្គ្រាម​មួយ​សប្តាហ៍​លើ​ផ្ទៃ​បឹង​ទន្លេសាប​នៅ​មិន​ទាន់​ចប់

រយៈ​ពេល​មួយ​សប្តាហ៍​បាន​កន្លង​ផុត​ទៅ ​សង្គ្រាម​ប្រឆាំង​នឹង​បទល្មើស​នេសាទ​នៅ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៅ​តែ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ ​បន្ទាប់​ពី​ឈប់​សម្រាក​យក​កម្លាំង​បន្តិច​នៅ​ចុង​សប្តាហ៍​នេះ ​យុទ្ធនាការ​នឹង​បន្ត​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​ដើម្បី​កម្ទេច​ឲ្យ​ដល់​ប្ញស​គល់​នូវ​ភាព​អនាធិបតេយ្យ​នៅ​ក្នុង​តំបន់​បឹង​ទន្លេសាប​ដែល​ជា​សម្បត្តិ​មហាសាល​របស់​កម្ពុជា។ ​ប្រតិបត្តិការ​មួយ​សប្តាហ៍​កន្លង​ទៅ​នេះ​បាន​កម្ទេច​ចោល​សម្រាស់​ ធ្នស់​ ព្រួល ​និង​ឧបករណ៍​ខុស​ច្បាប់​ផ្សេង​ទៀត​រាប់រយ​កន្លែង​ដែល​ក្រុម​អ្នកនេសាទ​ល្មើស​ច្បាប់​បាន​ដាក់​នៅ​គ្រប់​ទិសទី។

ភូមិ​​នេសាទ​​​នៅឃុំឃ្មាស​ខេត្ត​សៀមរាប
ភូមិ​​នេសាទ​​​នៅឃុំឃ្មាស​ខេត្ត​សៀមរាប © ចាន់ លីដា-RFI
ផ្សាយពាណិជ្ជកម្ម

រយៈ​ពេល​ពេញ​មួយ​សប្តាហ៍​កន្លង​ទៅ ​កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អាជ្ញាធរ​បឹង​ទន្លេសាប​បាន​សម្រេច​កម្ទេច​និង​រុះរើ​សម្រាស់​ចំនួន​ ២៥២ ​កន្លែង ​ធ្នស់​ធំៗ​ ចំនួន ​២៦ ​កន្លែង​ បរ​៤​កន្លែង កន្សុំ​ចំនួន​ជាង ​៣០០០ ​និង​ព្រួល ​១០ ​កន្លែង។ ​ក្រៅ​ពី​នេះ​ មនុស្ស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ និង​ពីរ​នាក់​ផ្សេង​ទៀត​កំពុង​ត្រូវ​គេ​តាម​ចាប់​ខ្លួន។ ​នេះ​បើ​យោង​តាម​របាយការណ៍​ដែល​ផ្តល់​ជូន​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដោយ​លោក ​ចាន់ យុត្ថា ​អគ្គលេខាធិការ​អាជ្ញាធរ​បឹង​ទន្លេសាប។

លោក​ ចាន់ យុត្ថា ​បាន​ឲ្យ​ដឹង​ទៀត​ថា ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​នេះ​បាន​ប្រើប្រាស់​កម្លាំង​ចម្រុះ​ចំនួន​ជាង​ ៤០០ ​នាក់​ រួមទាំង​គ្រឿង​ចក្រ​ដឹក​តាម​សាឡាង​ជាច្រើន​គ្រឿង។ ​ឧទ្ធម្ភាគចក្រ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ហោះ​ពិនិត្យ​មើល​ពី​លើ​អាកាស​ផង​ដែរ។ ​យ៉ាងណា​ក៏ដោយ​នៅ​សល់​ទីតាំង​ល្មើស​ជាច្រើន​ទៀត​ដែល​ជា​គោលដៅ​របស់​ក្រុម​ចម្រុះ។ ​ប៉ុន្តែ ​បើ​តាម​ប្រសាសន៍​លោក​ ចាន់​ យុត្ថា ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​មិន​ត្រូវ​បាន​ប៉ះពាល់​ឡើយ។​ យុទ្ធនាការ​ក្រោម​បទ​បញ្ជា​លេខ​០១​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ទំនង​ជា​ត្រូវ​បញ្ចប់​នៅ​សប្តាហ៍​ក្រោយ​នេះ។

គួរ​បញ្ជាក់​ថា ​បទល្មើស​នេសាទ​នៅ​ក្នុង​ដែន​បឹង​ទន្លេសាប​ គឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដែល​បាន​កើត​មាន​តាំង​ពី​យូរ​មក​ហើយ។ ​បទល្មើស​គ្រប់​ប្រភេទ​ដែល​មាន​ការ​ឃុបឃិត​ពី​សមត្ថកិច្ច​មួយ​ចំនួន​ផង​នោះ​បាន​បំផ្លិច​បំផ្លាញ​ធនធាន​មច្ឆាជាតិ​ និង​ជីវៈចម្រុះ​បឹង​ទន្លេ​សាប​ស្ទើរ​តែ​វិនាស​ហិនហោច​អស់​ទៅ​ហើយ។ ​លោក​ លឹម គានហោ ​ប្រធាន​អាជ្ញាធរ​បឹង​ទន្លេសាប​បាន​ទទួល​ស្គាល់​ថា ប្រសិន​បើ​គ្មាន​ការ​បង្ក្រាប​ទេ ​ធនធាន​ត្រី​ដ៏​មហាសាល​ក្នុង​បឹង​ទន្លេសាប​នឹង​វិនាស​អន្តរាយ​នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ខាង​មុខ។

ដោយ​យល់​ពី​វិនាសកម្ម​នេះ ​ប្រមុខ​រដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា​កាលពី​ថ្ងៃ​ទី​២២​ឧសភា​ឲ្យ​បើក​យុទ្ធនាការ​ធ្វើ​សង្គ្រាម​ប្រឆាំង​បទល្មើស​នេសាទ​ក្នុង​ដែន​បឹង​ទន្លេសាប។ ​ម្ចាស់​ឧបករណ៍​ល្មើស​ច្បាប់​ទាំងឡាយ​ត្រូវ​គេ​ទុក​ពេល​២​សប្តាហ៍​ ដើម្បី​រុះរើ​ដោយ​ខ្លួន​ឯង។ ក្នុង​អំឡុង​ពេល​នោះ​ ឧបករណ៍​ខុស​ច្បាប់​ប្រហែល​៨០​ភាគរយ​ត្រូវ​បាន​រុះរើ​អស់​ទៅ​ហើយ​មុន​ពេល​កម្លាំង​ចម្រុះ​ចុះ​ដល់​កាលពី​ថ្ងៃ​ទី​៥​មិថុនា។ ដូច្នេះ យុទ្ធនាការ​ក្តៅ​ទ្រង់​ទ្រាយ​ធំ​នៅ​ក្នុង​ដែន​ទន្លេសាប​នៅ​ពេល​នេះ​គ្រាន់​តែ​ជា​ការរុះរើ​អ្វី​ដែល​នៅ​សេស​លស់​តែ​ប៉ុណ្ណោះ។

ក្រៅពី​បឹង​ទន្លេសាប​ បទល្មើស​នេសាទ​ក្នុង​ដែន​សមុទ្រ​កម្ពុជា​ត្រូវ​គេ​រាយការណ៍​ថា​ ក៏​មាន​សភាព​ធ្ងន់ធ្ងរ​ដូច​គ្នា​ដែរ​ ដែល​ទាមទារ​ឲ្យ​មាន​វិធានការ​បន្ទាន់។ ​ប៉ុន្តែ ​រហូត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ប្រតិបត្តិការ​ក្តៅ​បែប​នេះ​នៅ​លើ​ដែន​សមុទ្រ​នៅ​ឡើយ​ទេ ក្រៅ​តែ​ពី​វិធានការ​មាន​ស្រាប់​ដែល​មិន​សូវ​មាន​ប្រសិទ្ធិភាព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ