rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រុស្ស៊ី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អតីតមេដឹកនាំសូវៀត Gorbatchev ៖ ភាពតានតឹងរវាងរុស្ស៊ីនិងបស្ចិមលោក ជា “គ្រោះថ្នាក់ធំ​សម្បើម”

media
លោក Gorbatchev ៖«គ្រប់តែប្រជាជាតិ ត្រូវប្រកាសថា អាវុធនុយក្លេអ៊ែរ ត្រូវតែកម្ទេចចោល»។ AFP PHOTO / ODD ANDERSEN

ការប្រឈមមុខដាក់គ្នាសព្វថ្ងៃ រវាងបស្ចិមលោក និង ប្រទេសរុស្ស៊ី បង្កជា“គ្រោះថ្នាក់ធំសម្បើម” ដោយមកពីម្ខាងៗ សុទ្ធតែមានអាវុធនុយក្លេអ៊ែរ។ យោបល់នេះ បញ្ចេញថ្ងៃចន្ទ ទី៤ វិច្ឆិកា ទៅ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស BBC ដោយលោក Gorbatchev  អតីតមេដឹកនាំសូវៀត។ លោកក៏អំពាវនាវ ឲ្យកម្ទេចចោលទៅ អាវុធប្រល័យរង្គាលនេះ។ 


ដរាបណាដែលនៅលើផែនដី មានអាវុធបំផ្លាញរង្គាល ជាពិសេស អាវុធនុយក្លេអ៊ែរ ដរាបនោះ “គ្រោះថ្នាក់ធំសម្បើម” នឹងបន្តសណ្ឋិតនៅ។ មតិនេះ សម្តែងដោយ លោក Mikhail Gorbatchev ដែលបានដឹកនាំ សហភាពសូវៀត ពីឆ្នាំ ១៩៨៥ ដល់ចុងឆ្នាំ ១៩៩១ ពេលដែលរដ្ឋនេះ រលំរលាយទៅ។

«គ្រប់តែប្រជាជាតិ ត្រូវប្រកាសថា អាវុធនុយក្លេអ៊ែរ ត្រូវតែកម្ទេចចោល»។ លោក Gorbatchev សង្កត់ធ្ងន់ ទាំងទាញហេតុផលទៀត​ថា ៖« លុះណាតែយ៉ាងនេះ ទើបអាចសង្គ្រោះមនុស្សជាតិយើង ភពផែនដីយើង»។

សម្រាប់ រូបលោកអតីតប្រធានាធិបតីសូវៀត ដែលឥឡូវមានជន្មាយុ ៨៨ ឆ្នាំ  ទំនាក់ទំនងបច្ចុប្បន្ន រវាង រុស្ស៊ី និង លោកខាងលិច លែងស្ថិតនៅក្នុងដំណាក់សង្គ្រាមត្រជាក់ទៀតឡើយ ប៉ុន្តែ ទោះយ៉ាងណាក្តី នៅតែមានសង្គ្រាម ដែលគាត់ចាត់ទុកថា សង្គ្រាម“លំហើយ”។

លោក Gorbatchevរំលឹកថា ៖ នៅតាមតំបន់ជាច្រើន រមែងមានការប៉ះទង្គិចអាវុធ ការបាញ់ផេសផស់។ យន្ដហោះនិងនាវាចម្បាំង ត្រូវគេបញ្ជូនជួនទៅកន្លែងនេះ ជួនទៅកន្លែងនោះ គឺ ទៅសព្វទិស។ យើងមិនចង់ ឃើញទេ ស្ថានការណ៍ប្រភេទបែបនេះ។ 

ក្រោយពីនិយាយស្តាប់គ្នាមិនបាន អស់ ៦ ខែ រុស្ស៊ី និង សរអា កាលពីដើមខែសីហា បាន ចាប់ផ្តើមនីតិវិធី បញ្ឈប់ ធរមាន នៃ សន្ធិសញ្ញាហាមប្រាមមីស៊ីលនុយក្លអ៊ែររយៈខ្លីនិងមធ្យម INF មីស៊ីល ដែលមាន មូលដ្ឋាន លើដី អាច បាញ់ទៅចម្ងាយពី ៥០០ ដល់ ៥.៥០០ គម។ 

ស្របនឹងសន្ធិសញ្ញានេះចុះក្នុងឆ្នាំ ១៩៨៧  ដោយ លោក Gorbatchev សហភាពសូវៀត បានដកចេញពី បណ្តាប្រទេសអឺរ៉ុប មីស៊ីលនុយក្លេអែរសូវៀតធុន SS-20  ដែលមានន័យថា ខ័ណ្ឌបញ្ចប់យុគសង្គ្រាម ត្រជាក់។  សន្ធិសញ្ញា INF ត្រូវបានសហរដ្ឋអាមេរិក​ដកខ្លួនចេញ តាមរយៈការប្រកាសដោយ លោក ដូណាល់ ត្រាំ ថ្ងៃ ទី ១ កុម្ភៈ ហើយមួយថ្ងៃក្រោយមក ក៏ត្រូវបាន ម៉ូស្គូ ប្រកាសដកខ្លួនចេញដែរ ដោយគូភាគី ចោទគ្នា ទៅវិញទៅមក ក្នុងរឿងរំលោភ លើលក្ខខណ្ឌ​ដែល​បាន​ចែងក្នុងកិច្ចព្រមព្រៀងនោះ៕