អានតួអត្ថបទ
ម៉ាឡេស៊ី

ម៉ាឡេស៊ី៖ លោក មហាធៀ មហាម៉ាត់ ឈ្នះ​ឆ្នោត​ក្លាយ​ជា​នាយករដ្ឋ​មន្ដ្រី​ម្ដង​ទៀតក្នុង​វ័យ​៩២​ឆ្នាំ

នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​នៅ​ម៉ាឡេស៊ី អតីត​នាយករដ្ឋ​មន្ដ្រី លោក មហាធៀ មហាម៉ាត់ ប្រធាន​សម្ព័ន្ធ​បក្ស​ប្រឆាំង បានយក​​ឈ្នះ​គណបក្ស​កាន់​អំណាច​របស់​លោក ណាជីព រ៉ាហ្សាក់ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​១២១​អាសនៈ​ លើ​២២២អាសនៈ​។ បើ​គ្មាន​ការ​ប្រែ​ប្រួល​ណា​មួយ​ទេ លោក មហាធៀ មហាម៉ាត់ ក្នុង​វ័យ​៩២​ឆ្នាំ នឹង​ស្បថ​ចូល​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ដ្រី​ម៉ាឡេស៊ី ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក មហាធៀ មហាម៉ាត់, អាយុ ៩២ ឆ្នាំ, ឈ្នះ​ឆ្នោត​ក្លាយ​ជា​នាយករដ្ឋ​មន្ដ្រី​ថ្មី​របស់​ម៉ាឡេស៊ី
លោក មហាធៀ មហាម៉ាត់, អាយុ ៩២ ឆ្នាំ, ឈ្នះ​ឆ្នោត​ក្លាយ​ជា​នាយករដ្ឋ​មន្ដ្រី​ថ្មី​របស់​ម៉ាឡេស៊ី REUTERS/Lai Seng Sin
ផ្សាយពាណិជ្ជកម្ម

ជា​ជ័យ​ជំនះ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​​សម្រាប់​សម្ព័ន្ធ​បក្ស​ប្រឆាំង​ម៉ាឡេស៊ី ដែលបាន​​វ៉ា​ដាច់​គណបក្ស​រដ្ឋាភិបាល​ចាំ​ផ្ទះ​របស់​លោក ណាជីព រ៉ាហ្សាក់ នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ នៅ​ថ្ងៃ​ពុធ ទី​០៩​ឧសភា​។ ភ្ញាក់​ផ្អើល​ព្រោះ​នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ នៅ​ក្នុង​រយៈ​ពេល​៦​ទសវត្សរ៍​ចុង​ក្រោយ ដែល​ម៉ាឡេស៊ីត្រូវ​ត្រឡប់​មក​ស្ថិត​​ក្រោម​ការ​គ្រប់​គ្រង​របស់​គណបក្ស​ប្រឆាំងវិញ​ម្ដង រាប់​ចាប់​តាំង​ពី​ប្រទេស​នេះ​ទទួល​បាន​ឯករាជ្យ​ពី​អង់គ្លេស​នៅ​ឆ្នាំ​១៩៥៧​។

បើ​តាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ម៉ាឡេស៊ី សម្ព័ន្ធ​បក្ស​ប្រឆាំង​របស់​លោក មហាធៀ មហាម៉ាត់ ឈ្នះ​បាន​​១២១​អាសនៈ នៅ​ក្នុង​ចំណោម​អាសនៈ​សរុប២២២​។ នៅ​ម៉ាឡេស៊ី គេ​ត្រូវ​ការ​សំឡេង​ភាគ​ច្រើនដាច់​ខាត ៥០%បូក​១ ឬ​ស្មើ​នឹង​១១២អាសនៈ​​តែ​ប៉ុន​ណោះ ដើម្បី​បង្កើត​រដ្ឋាភិបាល​សហព័ន្ធ​។ បើ​គ្មាន​ការ​ប្រែ​ប្រួល​ទេ លោក មហាធៀ មហាម៉ាត់ នឹង​ស្បថ​ចូល​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ដ្រី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​តែ ម្ដង ពោល​គឺ​តែ​មួយ​ថ្ងៃ​ប៉ុនណោះ​ក្រោយ​ឈ្នះ​ឆ្នោត​។ លោក​នឹង​ក្លាយ​ជា​នាយករដ្ឋ​មន្ដ្រី​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​នៅ​លើ​ពិភពលោក​។

ទន្ទឹម​នឹង​ជ័យ​ជំនះ​របស់​លោក មហាធៀ មហាម៉ាត់ មេដឹកនាំ​គណបក្ស​កាន់​អំណាច​លោក ណាជីព រ៉ាហ្សាក់ ​ឯណោះ​វិញ បាន​ប្រកាស​​ទទួលស្គាល់​នូវ​បរាជ័យ​របស់​ខ្លួន​។ ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ណាជីព រ៉ាហ្សាក់ បាន​គូស​បញ្ជាក់​ថា លោក​ព្រម​ទទួល​យក​ការ​កាត់​ក្ដី​របស់​ប្រជាជន​ម៉ាឡេស៊ី ដែល​ជ្រើស​រើស​យក​បក្ស​ប្រឆាំង​ដឹក​នាំ​ដោយ​លោក មហាធៀ មហាម៉ាត់​។ យ៉ាង​ណា​ក៏​ដោយ នាយករដ្ឋ​មន្ដ្រី​ចាញ់​ឆ្នោត​រូប​នេះ បាន​គូស​បញ្ជាក់​បន្ថែម​ពី​​លទ្ធផលបោះឆ្នោតថា គ្មានគណបក្ស​ណាមួយឈ្នះដោយ​សំឡេង​ភាគ​ច្រើន​ធម្មតាឡើយ។ នេះ​មាន​ន័យ​ថា ការ​តែងតាំង​នាយករដ្ឋ​មន្ដ្រី​ថ្មី នឹង​ត្រូវ​សម្រេច​ដោយ​ព្រះ​មហាក្សត្រម៉ាឡេស៊ី​​។

គួររំឭកថា លោក ណាជីព រ៉ាហ្សាក់ នាយករដ្ឋមន្ត្រីចាំ​ផ្ទះ​របស់​ម៉ាឡេស៊ី​បច្ចុប្បន្ន បានធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំង ​ជាពិសេស ក្នុងចំណោមប្រជាជនដើមកំណើតម៉ាឡេ ដែលជាទំលាប់ តែងតែបោះឆ្នោតឲ្យបក្សលោក។ ការធ្លាក់ចុះប្រជាប្រិយភាពនេះ ក៏ដោយសារតែរឿងអាស្រូវ​ពុករលួយ ការបង្វិលប្រាក់ ផ្លូវងងឹត ប្រមាណ​១០ពាន់​លាន​ដុល្លារ ដែល​បាន​ផ្ទុះ​ឡើង​កាលពីឆ្នាំ២០១៥៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ