អានតួអត្ថបទ
ស៊ីរី

របបគ្រប់គ្រង​ផ្តាច់ការ​បាស្ហារអាល-អាស្សាដ​​កំពុង​ឈាន​ទៅរក​ការដួល​រលំ​

ភេរវកម្ម​អត្តឃាត​កាលពី​ម្សិលមិញ​នៅទីក្រុង​ដាម៉ាស​ដែលបាន​ផ្តាច់ជីវិត​មេដឹកនាំ​ស៊ីរី​សំខាន់ៗ​បីនាក់​ ​ ហើយ​ដែលជា​អ្នក​ស្និទ្ធ​នឹង​ប្រធានាធិបតី​បាស្ហារ​អាល-អាស្សាដ​ ​ គឺពិត​ជា​ការវាយ​ប្រហារ​មួយ​ដ៏​សែន​ដំណំ​ចំ​កណ្តាល​បេះដូង​នៃ​របប​គ្រប់គ្រង​ផ្តាច់ការ​ស៊ីរី។​ ការវាយ​ប្រហារ​គ្នា​យ៉ាងសែន​ហិង្សា​នៅ​រដ្ឋធានី​ដាម៉ាស​នេះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​រាប់រយនាក់។ 

ទីក្រុងដាម៉ាស​ឋិត​​នៅ​​ក្នុង​ភ្នក់ភ្លើង​​សង្គ្រាម​​ ថ្ងៃពុធ​​ទី១៨​​កក្កដា​​ឆ្នាំ២០១២​
ទីក្រុងដាម៉ាស​ឋិត​​នៅ​​ក្នុង​ភ្នក់ភ្លើង​​សង្គ្រាម​​ ថ្ងៃពុធ​​ទី១៨​​កក្កដា​​ឆ្នាំ២០១២​ AFP PHOTO/YOUTUBE
ផ្សាយពាណិជ្ជកម្ម

ភេរវកម្ម​អត្តឃាត​ដ៏​សែន​ហិង្សា​កាលពី​ថ្ងៃពុធ​ម្សិលមិញ​ ​ ដែលបាន​សម្លាប់​មេដឹកនាំ​ស៊ីរី​សំខាន់ៗ​បីនាក់​គឺពិត​ជា​បាន​បង្ហាញ​ឲ្យឃើញថា​ ​ ប្រព័ន្ធ​ការពារ​សន្តិសុខ​នៃ​របប​គ្រប់គ្រង​បាស្ហារ​អាល-អាស្សាដ​មាន​កង្វះ​ខាត​ច្រើន។​ ឥស្សរជន​ស៊ីរី​បីនាក់​ដែល​បាន​ត្រូវ​ ភេរវកម្ម​អត្តឃាត​ផ្តាច់​ជីវិត​នោះ​ ​ សុទ្ធជា​មនុស្ស​ដ៏​ស្និទ្ធ​និង​ដ៏​សំខាន់​សម្រាប់​ បាស្ហារ​អាល-អាស្សាដ​ ​ ដែល​ក្នុងនោះ​មាន៖

-រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ស៊ីរី​លោក​​ Daoud Rajha។
-ឧត្តមសេនីយ៍​ Hassan Turkmani ​ភូឈួយ​អនុប្រធានាធិបតី។
-អនុរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ស៊ីរី​ លោក​​ Assef Shawkat ​ ដែល​ត្រូវជា​បងថ្លៃ​របស់​ បាស្ហារ​អាល-អាស្សាដ។

គួរកត់​សម្គាល់ថា​ ​ ទីកន្លែង​ប្រជុំ​ដែល​ដឹកនាំ​ដោយ​​ ឧត្តមសេនីយ៍​ Hassan Turkmani​ គឺជា​ទីកន្លែង​ដែល​មាន​ប្រព័ន្ធ​ការពារ​សន្តិសុខ​យ៉ាងមាំទាំ។​ ក៏ប៉ុន្តែ​ ដោយហេតុតែ​នៅ​មាន​កង្វះខាត​ ​ អង្គរក្ស​ម្នាក់​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​កងកម្លាំង​ស៊ីរី​សេរី​ ​ សម្រេច​បាន​ជោគជ័យ​ក្នុងការ​ធ្វើ​ភេរវកម្ម​អត្តឃាត​ ​ ដោយបាន​ផ្តាច់​ជីវិត​មេដឹកនាំ​ស៊ីរី​យ៉ាង​សំខាន់ៗ​បីនាក់​ ​ និង​ធ្វើឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ Mohammed Ibrahim al-Chaar ​រងរបួស​ ​ ក៏​ដូចគ្នា​អ៊ីចឹងដែរ​សម្រាប់​ ប្រមុខ​សន្តិសុខជាតិ​ស៊ីរី​ លោក​ Hicham Bekhtiar។

អស់រយៈពេល​បួនថ្ងៃហើយ​ដែល​កងកម្លាំង​ស៊ីរី​សេរី​និង​ក្រុមបះបោរ​ឯទៀតៗ​បាន​នាំគ្នា​ធ្វើការ​វាយ​សម្រុក​ចូល​រដ្ឋធានី​ដាម៉ាស។​ ទីក្រុង​ដាម៉ាស​បាន​ក្លាយ​ទៅជា​សមរភូមិ​ប្រយុទ្ធ​គ្នា​យ៉ាងសែន​ហិង្សា​រវាង​កងកម្លាំង​ស្មោះស្ម័គ្រ​នឹង​បាស្ហារ​អាល-អាស្សាដ​ ​ ហើយនិង​កងកម្លាំង​ស៊ីរី​សេរី​ ​ ដែលបាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​រាប់រយនាក់។​ នៅ​កណ្តាល​ភ្លើងផ្សែង​ឆាបឆេះ​សន្ធោ​សន្ធៅ​ ​ គេ​ឮសូរ​ស្នូរ​កាំភ្លើងធំ​ ​ កាំភ្លើងត្បាល​ ​ គ្រាប់​រ៉ុកកែត​ ​បាញ់​បំផ្លោង​តបតគ្នា។​ រថក្រោះ​របស់​ទាហាន​បាស្ហារ​អាល-អាស្សាដ​វិញ​បាន​ខិតខំ​បើករុល​ទៅមុខ​នៅតាម​ផ្លូវ​តូច​ចង្អៀត​នៃ​ទីក្រុង​ដាម៉ាស​ ​ ប៉ុន្តែ​ជាប់គាំងស្ទះ​ដោយ​ហេតុតែ​មាន​បាវ​ដីខ្សាច់​និង​រនាំង​ជា​ឧបសគ្គ​ខាឃាំង​ពុំ​ឲ្យ​បើក​រុល​ទៅមុខ​បានឡើយ។

ការវាយ​ប្រយុទ្ធគ្នា​យ៉ាង​ហិង្សា​កើតមាន​នៅ​សង្កាត់​តាដាម៉ុន​និង​សង្កាត់​មីដាន​ ​ ហើយគេ​ឃើញ​មាន​ប្រជាជន​ស៊ីវិល​យ៉ាង​ច្រើន​បាន​នាំគ្នា​រត់​គេច​ចៀសពី​សង្គ្រាម។​ កងកម្លាំង​យោធា​រដ្ឋាភិបាល​ ទោះបីជា​មាន​គ្រឿងអាវុធ​យុទ្ធភ័ណ្ឌ​ច្រើន​យ៉ាងណាក្តី​ ក៏​ពុំអាច​យក​ជួយជំនះ​លើ​ក្រុម​បះបោរ​ស៊ីរី​បានឡើយ។​ ក្នុង​រយៈកាល​១៦ខែ​នៃ​ការងើប​បះបោរ​ប្រយុទ្ធ​តទល់​នឹង​ទាហាន​របស់​បាស្ហារ​អាល-អាស្សាដ​ ​ កងកម្លាំង​ស៊ីរី​សេរី​ បានចាប់​ក្តោបក្តាប់​បាន​នូវ​បច្ចេកទេស​នៃ​ការ​ប្រយុទ្ធ​ឡោមព័ទ្ធ​នៃ​សង្គ្រាមឆ្មក់​ ​ ហើយពួក​គេ​ក៏​មាន​ការ​​ចេះដឹង​ផងដែរ​ថា​ ​ “តើ​នៅពេលណា​គេត្រូវ​ធ្វើការ​វាយប្រហារ​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព”។

ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​និង​ប្រទេស​កាតារ​ជា​អ្នក​ជួយ​ផ្តល់​ផ្គត់ផ្គង់​អាវុធ​យុទ្ធភ័ណ្ឌ​ឲ្យ​កងកម្លាំង​ស៊ីរី​សេរី។​ ហើយគេ​សង្ឃឹមថា​ ​ របប​គ្រប់គ្រង​ផ្តាច់ការ​របស់​ប្រធានាធិបតី​ស៊ីរី​បាស្ហារ​អាល-អាស្សាដ​នឹង​ត្រូវ​ដួល​រលំ​នៅ​ពេល​ដ៏ខ្លី​ខាងមុខនេះ​ ​ ពោលគឺ​នាឱកាស​បិទ​បញ្ចប់​ពិធី​តមអាហារ​ “រ៉ាម៉ាដង់”​ ដ៏​សក្ការៈ​របស់​អ្នកកាន់​សាសនា​អ៊ីស្លាម។

រហូត​ដល់​ថ្ងៃព្រហស្បតិ៍នេះ​​ ​ប្រធានាធិបតី​ស៊ីរី​ បាស្ហារ​អាល-អាស្សាដ​ពុំ​បានបញ្ចេញ​ប្រតិកម្ម​អ្វី​ឡើយ​​ នៅ​ចំពោះមុខ​ភេរវកម្ម​អត្តឃាត​ដែល​បាន​ផ្តាច់​ជីវិត​មេដឹកនាំ​ស៊ីរី​ដ៏​សំខាន់​បីរូប​ ដែលក្នុងនោះ​មាន​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ស៊ីរី​ លោក​ Assef Shawkat ​ ដែល​ត្រូវជា​បងថ្លៃ។​ រីឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាផ្លូវការ​ក៏​ពុំបាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​រូបភាព​នៃ​ ភេរវកម្ម​អត្តឃាត​កាលពី​ថ្ងៃពុធ​ម្សិលមិញដែរ។
បើយោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាផ្លូវការ​ ​ បាស្ហារ​អាល-អាស្សាដ​ បាន​ចេញក្រឹត្យ​កាលពី​​ម្សិលមិញ​តែងតាំង​ឧត្តមសេនីយ៍​ Fahd al-Freij ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ថ្មី​ជំនួស​ លោក​ Daoud Rajha​ ដែល​ស្លាប់​ក្នុង​ភេរវកម្ម​អត្តឃាត។

ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ត្រូវ​បោះឆ្នោត​ធ្វើ​សេចក្តី​សម្រេចចិត្ត​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ ដើម្បី​សម្រេច​គំរាម​ដាក់ទណ្ឌកម្ម​ទៅលើ​ទីក្រុង​ដាម៉ាស។​ គួរបញ្ជាក់ថា​ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​គ្រោង​បោះឆ្នោត​ធ្វើ​សេចក្តី​សម្រេចចិត្ត​តាំងពី​ថ្ងៃពុធ​ម្សិលមិញ​ម៉្លេះ​ ​ ប៉ុន្តែ​បេសកជន​ពិសេស​របស់​អ.ស.ប.​លោក​កូហ្វី​អាណាន​ ​ បាន​សុំលើក​ទៅដាក់​នៅ​ថ្ងៃ​ប្រហស្បតិ៍​ ​ ដោយ​សង្ឃឹមថា​ អាច​រិះរក​ធ្វើការ​សម្រុះ​សម្រួល​ជាមួយ​ទីក្រុង​ម៉ួស្គូ​ ​ ដែលបាន​ប្រើសិទ្ធិ​វេតូ​ប្រឆាំង​ទល់នឹង​សេចក្តី​សម្រេចចិត្ត​របស់​អ.ស.ប.​ដល់ទៅ​ពីរលើក​ចាប់តាំង​ពី​មាន​វិបត្តិ​នៅក្នុង​ប្រទេស​ស៊ីរី។

រីឯ​អគ្គលេខាធិការ​នៃ​អ.ស.ប.​ លោក​ បាន​ គីមូន​ ថ្លែង​ឲ្យដឹងថា​ ​ “អ.ស.ប.​បារម្ភ​យ៉ាងខ្លាំង​ពី​ប្រភព​ព័ត៌មាន​ខ្លះថា​ ​ ទាហាន​របស់​បាស្ហារ​អាល-អាស្សាដ​បាន​ប្រើ​កាំភ្លើងធំ​ប្រឆាំង​ទល់នឹង​ប្រជាជន​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ស៊ីរី​និង​នៅ​ក្នុង​តំបន់​ទីក្រុង​ដាម៉ាស »។​ ហើយ​សមាជិក​ទាំង១៥​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​បាន​បង្ហាញ​ឲ្យដឹង​ពី​ក្តី​បារម្ភ​ផងទៀត​​ ​ ខ្លាចក្រែង​ផលវិបាក​នៃ​សង្គ្រាម​នៅ​ស៊ីរី​ ​ ធ្លាក់ទៅលើ​ប្រទេស​លីបង់​ជិតខាង។​ ដូច្នេះហើយ​បានជា​ពួកគេ​ថ្លែង​ទាមទារ​ឲ្យ​មាន​ « ការគោរព​យ៉ាង​ដាច់ខាត​ទៅលើ​អធិបតេយ្យ​ ឯកភាព​និង​បូរណភាព​ដែនដី​ »​របស់​ប្រទេស​លីបង់។

ទីក្រុង​វ៉ាស៊ីនតោន​វិញ​បាន​យល់ថា​ ​ របប​គ្រប់គ្រង​ផ្តាច់ការ​របស់​បាស្ហារ​អាល-អាស្សាដ​កំពុង​តែ​បាត់បង់​ការ​ក្តោបក្តាប់​គ្រប់គ្រង​ទៅលើ​ប្រទេស​ស៊ីរី​ ​ ហើយបាន​ទាមទារ​ឲ្យ​មាន​ការសាងផ្ទេរ​រដ្ឋអំណាច​ដោយ​រិះរក​វិធី​នយោបាយ​ ​ ដើម្បី​ចៀសវាង​កុំឲ្យ​មាន​ថ្លុកឈាម​និង​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ចំណែកឯ​ប្រទេស​រុស្ស៊ី​និង​ប្រទេស​អ៊ីរ៉ង់​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ទីក្រុង​ដាម៉ាស​វិញ​​ បាន​នាំគ្នា​ថ្កោលទោស​អំពើ​ភេរវកម្ម​អត្តឃាត។​ ក៏​ដូចគ្នា​អ៊ីចឹងដែរ​សម្រាប់​ប្រមុខការទូត​នៃ​សហភាព​អឺរ៉ុប​ លោកស្រី​ Catherine Ashton ។​ ប៉ុន្តែ​លោក​ស្រី​អាហ្សតុន​បាន​ទាមទារ​ឲ្យ​មាន​សកម្មភាព​ពិគ្រោះគ្នា​នៅ​ក្នុង​រង្វង់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.​និង​នៅ​ក្នុង​សហគមន៍​អន្តរជាតិ​ដើម្បី​ជួយ​រិះរក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​នៅ​ប្រទេស​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ