rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ឥណ្ឌូណេស៊ី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ឥណ្ឌូនេស៊ី​ប្រកាសប្តូរ​រដ្ឋធានី​

media
Joko-Widodo-Djakarta @AFP

នៅ​ថ្ងៃ​ច័ន្ទ​ ទី២៩មេសា​នេះ ប្រធានាធិបតី​ឥណ្ឌូនេស៊ី ប្រកាស​ចង់​ប្តូរ​រដ្ឋធានីហ្សាការតា ចេញពីកោះជ្វា​ ទៅ​រៀបចំ​រដ្ឋ​ធានី​ថ្មី​នៅកន្លែង​ផ្សេង។ ក៏ប៉ុន្តែ លោក Joko Widodo ចូកូ វិដូដូ មិន​បាន​បញ្ជាក់ថា រដ្ឋធានីថ្មីនោះ នៅ​ទីណា​ឲ្យ​ប្រាកដ​នៅឡើយ​ទេ។ តើ​មាន​មូលហេតុអ្វីខ្លះ ដែល​បណ្តាល​ឲ្យ​ប្រមុខ​រដ្ឋ​រូបនេះ ចង់​ប្តូរ​ស្នាក់ការរដ្ឋាភិបាល​យ៉ាងដូច្នេះ?​


គម្រោង​ការ​ចង់​ផ្លាស់ប្តូរ​រដ្ឋធានីនេះ គឺមាន​មូលហេតុ​ច្រើន។ បញ្ហា​ចម្បង​បំផុត គឺ​​កំណើន​ប្រជាជន​ច្រើន​លើសលុប​ពេក​នៅ​ទីក្រុង។ ហ្សាការតា មា​នប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០លាន​នាក់ ហើយ​ក្រុងផ្សេងៗ នៅ​ជាប់​ជុំវិញ​រដ្ឋធានី គឺមាន​ពលរដ្ឋ​ជាង​៣០លាន​នាក់។ ដែល​នេះ​គឺ​ធ្វើ​ឲ្យ​ ​ហ្សាការតា ក្លាយ​ជារដ្ឋធានីដែល​មាន​ប្រជា​ពលរដ្ឋច្រើន​ជាង​ លំដាប់​ទី​៤ នៅលើពិភព​លោក។ គួរ​បញ្ជាក់ថា ឥណ្ឌូនេស៊ី មាន​ប្រជាជនសរុប​ ជាង​២៦៥ លាន​នាក់ ក៏ប៉ុន្តែគ្រាន់តែ​នៅ​លើ​កោះជ្វាមួយ គឺ​មាន​ជាង​ ១៥០ លាន​នាក់​ទៅហើយ គឺ​ច្រើន​ជាង​មនុស្ស​ពាក់កណ្តាល​ប្រទេស​ ប្រមូល​ផ្តុំគ្នា រស់នៅទីប្រជុំជនរដ្ឋធានី និងនៅកោះជ្វា​នេះឯង​។

មូលហេតុ​ទី២ ត្រូវ​លោក​ប្រធានាធិបតី​ពន្យល់​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា មកពី​ចង់​ជៀស​វាង​គ្រោះថ្នាក់​ធម្ម​ជាតិ​ផ្សេងៗ ដូច​ទឹក​ជំនន់ ខ្យល់ព្យុះ និង​រញ្ជួយ​ដី​ជា​ដើម​។ ហើយ​មូលហេតុ​សំខាន់​មួយ​ផ្សេងទៀត គឺកាលពី​ថ្ងៃ​ទី​១៧មេសាកន្លងទៅ​ លោក ចូកូ វិដូដូ ធ្លាប់​បាន​សន្យា​នៅក្នុង​ឱកាស​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ថា​ក្នុង​អាណត្តិ​ដឹកនាំថ្មី លោកនឹង​​បែក​ចែកភោ​ផលសេដ្ឋកិច្ច​ឲ្យ​ពង្រាយទៅ​តំបន់​ផ្សេងៗ​ ដោយ​មិន​ត្រូវ​ប្រមូល​ផ្តុំ​ នៅ​តែ​ទីប្រជុំ​ជន ឬ​នៅរដ្ឋធានី​នោះទេ។

ដំណឹងស្តីពីការ​សម្រេច​​ផ្លាស់ប្តូរ​រដ្ឋធានីនេះ​​ ត្រូវទម្លាយ​ចេញ​ដោយ​រដ្ឋមន្ត្រីក្រសួងផែន​ការ​។​ តែយ៉ាងណា គេនៅមិនទាន់​ដឹង​ប្រាកដ​ថា រដ្ឋធានី​ថ្មីនៅ​ទីណា​នោះ​ឡើយទេ។ ក៏ប៉ុន្តែ អ្ន​ក​តំណាង​រដ្ឋាភិបាល បាន​ឲ្យដឹងថា រដ្ឋ​​រៀបចំ​ទំហំ​ដីទី​​ធ្លា ប្រមាណ​ជា​៣ទៅ​៤ម៉ឺន​ហិកតា ហើយ​ដែល​អាច​ទទួល​ប្រជាជន​២២ម៉ឺននាក់​ មាន​ប្រព័ន្ធទឹក​ស្អាត និង​ព្រលានយន្ត​ផង​។

បើ​តាម​ទំហំ​ដីដែល​អះអាង​នេះ កាសែត​ក្នុង​ស្រុក​ឥណ្ឌូនេស៊ី​ ​សន្ឋិដ្ឋាន​ថា រដ្ឋធានីថ្មី ទំនង​ជាអាច​តាំងទី​​នៅ​លើកោះ​ កាលីម៉ាន់តាន់ Kalimantan (Borneo) ឬកោះស៊ុយឡាវេស៊ី Sulawesi ។​ គួរ​កត់​សម្គាល់ថា បើ​តាម​ប្រវត្តិផ្លាស់ប្តូរ​រដ្ឋធានីនីមួយៗ ដូចជា​​ប្រទេសរុស្ស៊ី ​ប្រេស៊ីល ភូមា ម៉ាឡេស៊ី កាហ្សាស្តង់ ប៉ាគីស្តង់ និង​អាហ្វហ្គានីស្តង់ជាដើម គេ​ត្រូវ​ចំណាយ​ពេល ពី​៥ ទៅ​១០ឆ្នាំ ដើម្បី​អាច​រៀបចំ​តាំងទី​នៅ​រដ្ឋធានី​ថ្មី​បាន​ស្រួល​បួល៕​