rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ជប៉ុន បោះឆ្នោត ព្រឹទ្ធសភា សេដ្ឋកិច្ច

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

នាយករដ្ឋមន្រ្តី​ជប៉ុន​ថ្មី​ជំនាញ​ខាង​ហិរញ្ញវត្ថុ និង​ពន្ធអាករ

media
Yoshihiko Nodaនាយករដ្ឋមន្រ្តី ជប៉ុន​ថ្មី ជំនួស​លោក​ណាអូតូ កាន ចាប់​ពី​ថ្ងៃ​ចន្ទ​ទី ៥ កញ្ញា ២០១១ ©Reuters

តែ​ក្នុង​មួយ​អាណត្តិ ៥​ឆ្នាំ ជប៉ុន​បាន​ផ្លាស់ប្តូរ​នាយករដ្ឋមន្រ្តី​៦​នាក់។ លោក​Yoshihiko Noda ទើប​បាន​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ជប៉ុន​ថ្មី ជំនួស លោក​ណាអូតូ កាន កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។ បន្ទាប់ពី​គណបក្ស និង​សភា បាន​បោះឆ្នោត​ជ្រើសតាំង​ជា​មេដឹកនាំ​រដ្ឋាភិបាល លោក​ Yoshihiko Noda​នៅ​បាន​ទទួល​សំឡេង​គាំទ្រ ច្រើន មិន​ធ្លាប់មាន នៅ​ព្រឹទ្ធសភា ដែល​សម្បូរ​ដោយ​ក្រុម​គណបក្ស​ប្រឆាំង។ តើ​លោក Yoshihiko Noda មាន​ប្រវត្តិ​យ៉ាងដូចម្តេច?


លោក​ Yoshihiko Noda បាន​ធំដឹងក្តី​នៅ​ខេត្ត​Chiba ដែល​ស្ថិតនៅ​ភាគ​ខាងកើត​ជប៉ុន។ ខុស​ពី​សមាជិកសភា​ដទៃទៀត លោក​ Noda​មិនមាន​ឈាមជ័រ​ជា​អ្នកនយោបាយ​ទេ។ ឪពុក​របស់​លោក​ធ្លាប់​ធ្វើ​ជា​ទាហាន។ លោក​ Noda ​នៅធ្លាប់​បាន​ការពារ​បុព្វហេតុ​ទាហាន​ជប៉ុន ដោយ​បាន​និយាយ​ថា បទឧក្រិដ្ឋ​សង្រ្គាម​ចោទ​ទៅលើ​មេដឹកនាំ​ជប៉ុន ក្រោយ​ចប់​សង្រ្គាម​លោក​លើកទីពីរ នឹង​មិន​ត្រូវ​ចាត់ទុក​ជា​បទ​ឧក្រិដ្ឋ នៅក្នុង​ច្បាប់​បច្ចុប្បន្ន​នេះទេ។ ការប្រកាស​របស់​​លោក​ Noda បាន​បង្ក​ឲ្យ​មាន​ការប្រកែក​គ្នា​មិនតិច​ទេ​ក្នុង​មតិ​ប្រជាជន​ជប៉ុន។

បាន​ទទួល​សញ្ញាប័ត្រ​ពី​សកលវិទ្យាល័យ Waseda និង​វិទ្យាស្ថាន​​Matsushita ខាងផ្នែក​ដឹកនាំ និង​គ្រប់គ្រង​លោក​ Noda​បាន​ចូល​ប្រលូក​ក្នុង​នយោបាយ​ថ្នាក់មូលដ្ឋាន មុន​នឹង​ត្រូវ​បោះឆ្នោត​ជ្រើសតាំង​ជា​តំណាងរាស្រ្ត​នៅឆ្នាំ ១៩៩៣។ ប៉ុន្តែ បន្ទាប់ពី​តស៊ូ គ្មាន​លទ្ធផល ជាមួយ​គណបក្ស​ជប៉ុន ថ្មី លោក​ Noda​បាន​សម្រេច​ចូលរួម​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​ជប៉ុន បច្ចុប្បន្ន ដែល​ជា​គណបក្ស​ឆ្វេង។

ក្រោយពី​បាន​ចូល​កាន់​តួនាទី​​សំខាន់ៗ ក្នុង​គណបក្ស ក្នុង​វ័យ​៥៤ ឆ្នាំ ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ ក្នុង​អាណត្តិ​របស់​លោក​ណាអូតូ កាន នាយករដ្ឋមន្រ្តី ក្នុង​ខែ​មិថុនា ឆ្នាំ ២០១០។

ក្នុង​ពេល​លោក​កាន់​ក្រសួង​សេដ្ឋកិច្ច​​ជប៉ុន លោក​ Noda ត្រូវ​គេ​ស្គាល់​ថា មាន​សមត្ថភាព​ខាងផ្នែក​ហិរញ្ញវត្ថុ និង​ពន្ធអាករ។ គ្រាន់តែ​បាន​ទទួល​ការ​តែងតាំង កាលពី​ថ្ងៃចន្ទ នាយករដ្ឋមន្រ្តី​ថ្មី ជប៉ុន បាន​បង្ហាញ​ភ្លាមៗ​ថា លោក​នឹង​បន្ត​នយោបាយ​ដំឡើង​ពន្ធ​លើ​ផលិតផល​ប្រើប្រាស់ TVA ដើម្បី​អាច​បាន​ថវិកា​យក​ទៅ​កសាង​តំបន់​រងគ្រោះ​ដោយ​ការរញ្ជួយដី និង​នុយក្លេអ៊ែរ Fukushima។

លោក​ Noda ត្រូវ​បាន​គេ​មើលឃើញថា មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ថៅកែ​ក្រុមហ៊ុន និង​មាន​ការគំាទ្រ ច្រើន ក្នុង​មជ្ឈដ្ឋាន​អ្នកជំនួញ។ ការបោះឆ្នោត​ជ្រើសរើស​លោក​ Noda​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី គឺ​ជា​ការធានា​ជាថ្មី​ដល់​ទីផ្សារ​មូលបត្រ ព្រោះ​ ខុស​ពី​បេក្ខជន​ផ្សេងៗ​របស់​គណបក្ស លោក Noda ដែល​សន្យា​បង្រួប​បង្រួម​ផ្ទៃក្នុង​គណបក្ស បាន​បង្ហាញ​ចេតនា​ផងដែរ ចង់​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ថ្មី​ជាមួយ​គណបក្ស​ប្រឆាំង។ គួរ​ដឹង​ថា ថ្មី​នេះ​វិទ្យាស្ថាន​វាយតម្លៃ​ហានិភ័យ បំណុល​ឈ្មោះ​Moody ធ្លាប់​បាន​ទម្លាក់​ចំណាត់ថ្នាក់​សេដ្ឋកិច្ច​ជប៉ុន ដោយសារតែ​អស្ថិរភាព​នយោបាយ​របស់​ប្រទេស​នេះ៕

ក្នុង​នាម​ជា​នាយករដ្ឋមន្រ្តី​លោក​Nado ត្រូវ​ប្រឈម​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និង​នយោបាយ​ជប៉ុន ដែល​នៅ ជាប់គាំង អស់​ប៉ុន្មាន​ឆ្នាំ​មកហើយ។ ប៉ុន្តែ នៅម៉ោង សម្រាក​លោក Noda​ ឪពុក​កូនពីរនាក់ មិន​ភ្លេច​ទេ​ចំណូលចិត្ត​របស់ខ្លួន​លើ​កីឡា​យូដូ៕