rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

នយោបាយ បាតុកម្ម ភូមា សិទ្ធិមនុស្ស សិទ្ធិសេរីភាព អាស៊ាន អាស៊ី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ការចាប់ឃុំ​និស្សិត​គឺជា​ជំហាន​ដើរថយក្រោយ​នៃការ​ផ្សះផ្សា​ជាតិ​

media
នគរបាលភូមា​នៅទីក្រុង​រ៉ង់ហ្គូន Reuters

ប្រមុខដឹកនាំ​និស្សិត​ភូមា​បាន​ទាមទារ​នៅ​ថ្ងៃសៅរ៍​ទី៧​កក្កដា​ឆ្នាំ២០១២នេះ​ ​ ឲ្យ​អាជ្ញាធរ​ភូមា​ដោះលែង​ជាបន្ទាន់​ ​ ក្រុម​និស្សិត​ជាមិត្ត​របស់​ពួកគេ​ដែលបាន​ត្រូវ​ចាប់ឃុំខ្លួន​កាលពី​ម្សិលមិញ។​ ទាំងនេះ​ជាការ​ដើរ​ថយក្រោយ​ក្នុងការ​ផ្សះផ្សាជាតិ​និង​ការ​ឈាន​ទៅរក​លទ្ធិ​ប្រជាធិបតេយ្យ​ ​ ចាប់តាំងពី​របប​គ្រប់គ្រង​ផ្តាច់ការ​យោធា​ភូមា​បានត្រូវ​រំលាយ​នៅខែ​មីនា​ឆ្នាំ២០១១មក។


បើយោងតាម​ការថ្លែង​ឲ្យដឹង​ដោយ​ក្រុមនិស្សិត​ភូមា​ ​ មានយ៉ាងតិច​មេដឹកនាំ​និស្សិត​ប្រមាណ​២០នាក់​បានត្រូវ​អាជ្ញាធរ​ចាប់ឃុំ​ខ្លួន​កាលពី​ថ្ងៃសុក្រ​ទី៦​កក្កដា​ឆ្នាំ២០១២​ម្សិលមិញ​នៅ​ក្នុង​ប្រទេស​ភូមា។​ ទាំងនេះ​បាន​ប្រព្រឹត្តទៅ​មួយថ្ងៃ​ មុន​ពិធី​រំលឹក​ខួប​ឆ្នាំទី៥០​នៃ​ថ្ងៃទី៧​កក្កដា​ឆ្នាំ១៩៦២​ ​ ដែល​ជាថ្ងៃ​ចាប់​ផ្តើម​របប​គ្រប់គ្រង​ផ្តាច់ការ​យោធា​ភូមា​របស់​ឧត្តមសេនីយ​ ណេ វិន​ ​ ដែល​មាន​រយៈកាល​កន្លះ​សតវត្សរ៍។

 
ទោះបីជា​មាន​ការ​ចាប់​ឃុំខ្លួន​និស្សិត​ដោយ​អាជ្ញាធរ​និង​មាន​វត្តមាន​ប៉ូលិស​ស៊ីវិល​រង់ចាំ​ថតរូប​យ៉ាងណាក្តី​ ​ ក៏​គេ​កត់​សម្គាល់​ឃើញមាន​មនុស្ស​ប្រមាណ​ជាង​៣០០នាក់​បាន​ជួប​ប្រជុំគ្នា​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ នៅ​“ទីស្នាក់ការ​ជំនាន់​ឆ្នាំ៨៨”​ ​ អង្គការ​របស់​និស្សិត​ភូមា​ដែលជា​ប្រភព​នៃ​ការ​ងើប​បះបោរ​ប្រឆាំង​នឹង​របប​គ្រប់គ្រង​ផ្តាច់ការ​យោធា​ភូមា​នៅឆ្នាំ១៩៨៨​ ​ ដែលបាន​ត្រូវ​ក្រុម​យោធា​ភូមា​វាយបង្ក្រាប​យ៉ាង​សែន​ឃោរឃៅ។
 
នៅថ្ងៃសៅរ៍​ទី៧​កក្កដា​នេះ​ ​ ប្រមុខដឹកនាំ​និស្សិត​ភូមា​បាន​ទាមទារ​ ឲ្យ​អាជ្ញាធរ​ភូមា​ដោះលែង​ជាបន្ទាន់​ ​ ក្រុម​និស្សិត​ជាមិត្ត​របស់​ពួកគេ​ដែលបាន​ត្រូវ​ចាប់ឃុំខ្លួន​កាលពី​ម្សិលមិញ​ ​ ហើយពួកគេ​បាន​ចោទ​រដ្ឋាភិបាល​ភូមាថា​ ​ បាន​បោះជំហាន​ដើរ​ថយក្រោយ​ក្នុងការ​ស្វែងរក​. “ផ្សះផ្សាជាតិ”​។
 
គួរគូស​បញ្ជាក់ថា​ ​ ថ្ងៃទី៧​កក្កដា​ឆ្នាំ១៩៦២​មកទល់​ថ្ងៃសៅរ៍​ទី៧​កក្កដា​ឆ្នាំ២០១២នេះ​ ​ គឺមាន​រយៈកាល​ហាសិប​ឆ្នាំគត់​ដែល​ក្រុមនិស្សិត​ភូមា​បាន​នាំគ្នា​ងើបបះបោរ​ប្រឆាំង​នឹង​ការឡើងមក​កាន់កាប់​អំណាច​របស់​ឧត្តមសេនីយ​ ណេ វិន​ ​ដោយធ្វើ​រដ្ឋប្រហារ។​ ឧត្តមសេនីយ​ ណេ វិន​បាន​ក្តោបក្តាប់​អំណាច​ផ្តាច់ការ​គ្រប់គ្រង​ប្រទេស​ភូមា​រហូត​ដល់ឆ្នាំ​១៩៨៨។
 
សម្រាប់​ក្រុម​និស្សិត​ភូមា​ ការចាប់​ឃុំខ្លួន​និស្សិត​ដោយ​អាជ្ញាធរ​ភូមា​បែបនេះ​ ​ គឺ​ពិតជា​បង្កើត​ឲ្យ​មាន​ឧបសគ្គ​នៅលើ​មាគ៌ា​ដើម្បី​ឈាន​ទៅរក​ធ្វើការ​ផ្សះផ្សាជាតិ​និង​ឈានទៅរក​លទ្ធិ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ភូមា។​ ហេតុ​ដូច្នេះហើយ​បានជា​ក្រុមនិស្សិត​ភូមា​និង​អង្គការ​ជំនាន់​ឆ្នាំ៨៨​បាន​នាំគ្នា​ស្រែក​ទាមទារ​ ឲ្យ​រដ្ឋាភិបាល​ភូមា​ដោះលែង​ជាបន្ទាន់​ ​ ក្រុម​និស្សិត​ជាមិត្ត​របស់​ពួកគេ​ដែលបាន​ត្រូវ​ចាប់ឃុំខ្លួន​កាលពី​ម្សិលមិញ។​ ក្រុមនិស្សិត​និង​សកម្មជន​ដែល​គ្រោង​រៀបចំ​គោរព​វិញ្ញាណក្ខណ្ធ​និស្សិត​និង​សកម្មជន​ដែល​បាន​ស្លាប់​ដោយ​ការ​វាយ​បង្ក្រាប​របស់​យោធា​ភូមា​នៅ​ពេល​ងើបប្រឆាំង​នៅ​ថ្ងៃទី​៧កក្កដា​ឆ្នាំ១៩៦២។
 
គួរកត់​សម្គាល់ថា​ ​ ការចាប់ឃុំ​ខ្លួន​មេដឹកនាំ​និស្សិត​ប្រមាណ​២០នាក់​ដោយ​អាជ្ញាធរ​ភូមា​ ​កាលពី​ថ្ងៃសុក្រ​ទី៦​កក្កដា​ឆ្នាំ២០១២​ម្សិលមិញ​នេះ​ ពិតជា​ហេតុការណ៍​មួយ​ដ៏​ចម្លែក​ ​ ដោយ​ហេតុថា​ ​ នៅថ្ងៃអង្គារ​កន្លងទៅ​ថ្មីៗ​នេះសោះ​ ​ របប​គ្រប់គ្រង​ភូមា​ទើបនឹង​បាន​ដោះលែង​អ្នកទោស​នយោបាយ​ប្រមាណ​ម្ភៃ​ប្លាយនាក់​ ​ ក្រោយពី​បាន​ធ្វើការ​ដោះលែង​ប្រមាណ​៥០០នាក់​កាលពី​ខែតុលា​និង​ខែមករា​កន្លងទៅ​ ​ ដែលក្នុងនោះ​មាន​ប្រមុខ​ដឹកនាំ​ចលនា​១៩៨៨​ជាច្រើននាក់​ផងទៀត។
 
រដ្ឋាភិបាល​​ភូមា​ចាប់​ឃុំខ្លួន​និស្សិត​ នៅ​ថ្ងៃសុក្រ​ទី៦​កក្កដា​ឆ្នាំ២០១២​ម្សិលមិញ​យ៉ាងដូច្នេះ​ ​ មកពី​រដ្ឋអំណាច​ភូមា​បារម្ភ​ខ្លាង​ក្រែង​ពិធី​បុណ្យខួប​ទី៥០ឆ្នាំ​រំលឹក​ដល់​ថ្ងៃ​ងើបបះបោរ​នៅ​ថ្ងៃទី​៧​កក្កដា​ឆ្នាំ១៩៦២​ អាច​នាំឲ្យ​កើតមាន​ការបាត់បង់​សណ្តាប់ធ្នាប់​នៅក្នុង​ទីក្រុង​ ​ ហើយ​ជាពិសេស​អាច​បណ្តាល​ឲ្យ​កើតមាន​ចលនា​បះបោរ។
បើយោងតាម​អ្នកទទួល​ខុសត្រូវ​រដ្ឋាភិបាល​ភូមា​ម្នាក់​បានឲ្យ​ដឹងថា​ ​ “​មេដឹកនាំ​និស្សិត​ជាប់​ឃុំឃាំង​ទាំងនោះ​ ​ នឹងត្រូវ​គេ​ដោះលែង​នៅ​ពេល​ដ៏ខ្លី​ខាងមុខនេះ”។
 
សម្រាប់​ប្រមុខដឹកនាំ​និស្សិត​ភូមាវិញ​ ​ ការចាប់​ឃុំខ្លួន​និស្សិត​បែបនេះ​គឺ​ពិតជា​ជំហាន​ដើរ​ថយក្រោយ​របស់​រដ្ឋាភិបាល​ដែល​នារយៈ​ពេល​ចុង​ក្រោយនេះ​ ​ បាន​ធ្វើ​កំណែ​ទម្រង់​សំខាន់ៗ​ជាច្រើន​ ​ ក្រោយពីបាន​រំលាយ​របប​គ្រប់គ្រង​ផ្តាច់ការ​យោធា​នៅ​ខែមីនា​ឆ្នាំ២០១១។​ ប៉ុន្តែ​និស្សិត​ភូមា​ខ្លះ​យល់ថា​ ​ “វាគ្រាន់តែ​ជា​ឧប្បត្តិហេតុ​ចៃដន្យ​មួយ​តែ​ប៉ុណ្ណោះ”។
 

គួរ​បញ្ជាក់ថា​ ​ លោក​ប្រធានាធិបតី​ភូមា​ ថេន​ សេន​ ដែល​បាន​ធ្វើ​កំណែ​ទម្រង់​សំខាន់ៗ​ជាច្រើន​ និង​ទទួល​បាន​ជោគជ័យ​ក្នុងការ​ចាប់ផ្តើម​សម្រាល​ទណ្ឌកម្ម​ពី​សំណាក់​ប្រទេស​លោក​ខាងលិច​ ​ ប្រាកដជា​គ្មាន​មូលហេតុ​អ្វី​ងាកមក​បំផ្លិច​បំផ្លាញ​សមិទ្ធិកម្ម​របស់​ខ្លួន​ឡើយ៕