អានតួអត្ថបទ
បារាំង

បារាំង​​ កំពុង​គិតគូរ​​កំណត់​ចំនួន​កូតា «ជន​អន្តោប្រវេសន៍​សេដ្ឋកិច្ច»​

បារាំង​​ កំពុង​គិតគូរ​កំណត់​​កូតាចំនួន«ជន​អន្តោប្រវេសន៍​សេដ្ឋកិច្ច»​។ អស់​ជាង​មួយ​ខែមកហើយ ដែល​រដ្ឋាភិបាល​បារាំង​បាន​ជជែក​ដេញដោល និង​បាន​ពិភាក្សា​វែក​ញែក​នៅ​ក្នុង​រដ្ឋសភា​បារាំង ពីរឿង​កំណត់​ចំនួន​កូតា​នៃ​«ជន​អន្តោប្រវេសន៍​សេដ្ឋកិច្ច»។ ពោលយ៉ាង​សាមញ្ញ​​គឺជា​ជន​ចំណាកស្រុក​ដើម្បីស្វែង​ការងារ​ធ្វើ​។ គោលនយោបាយ​ថ្មីចំពោះការកំណត់​ចំនួន​ជន​បរទេសនៅក្នុងវិស័យ​ការងារ​បារាំង​នេះ គឺ​មិន​ផ្អែក​ទៅលើ​ជនជាតិ​ឬ​សញ្ជាតិ​អ្វីទេ តែ​ផ្តោត​សំខាន់​ទៅលើ​ប្រភេទ​នៃ​ការងារ​។

នាយករដ្ឋមន្ត្រីបារាំង Édouard Philippe នៅក្នុង​សភា
នាយករដ្ឋមន្ត្រីបារាំង Édouard Philippe នៅក្នុង​សភា REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

រឿង​នេះ​ជារឿង​ក្តៅ​និង​រសើបខ្លាំង​​ ចំពោះ​រដ្ឋាភិបាល​បារាំងដែលត្រូវ​សម្រេច​ចិត្ត និងត្រូវ​​ថ្លឹងថ្លែង ពីព្រោះថា​ នៅ​ម្ខាង​​គឺផ្នែក​មនុស្ស​ធម៌​ដែល​ត្រូវគិត​គូរ​ជួយ​ជន​អន្តោប្រវេសន៍ ហើយ​នៅម្ខាងទៀត គឺ​ត្រូវ​ប្រឈម​មុខ​នឹងការ​រិះគន់​ចំពោះការ​បើកភ្នែក​មើលការ​ហូរ​ចូល​នៃជន​ចំណាកស្រុក។ អស់​ពេល​ជាច្រើន​ខែមកហើយដែល​រដ្ឋាភិបាល​​បារាំងរក​មធ្យោបាយ​វិធានការ​ដោះស្រាយ​រឿងនេះ។ នៅទីបំផុត​ នាយករដ្ឋមន្ត្រីបារាំង​ Edouard Philippe​ ក្នុង​សប្តាហ៍នេះ ​បញ្ជាក់​នៅចំពោះ​មុខ​អង្គសភា ថាការកម្រិត​ចំនួន​កូតា​​«ជនអន្តោប្រវេសន៍សេដ្ឋកិច្ច» គឺ​នឹង​ត្រូវ​ផ្អែក​ទៅលើ​ប្រភេទ​ការងារ​។ អាជ្ញាធរ​បារាំងនៅក្នុងវិស័យ​ពលកម្ម​ ដូចជា​ក្រសួង​ការងារ និងស្ថាប័ន​គ្រប់​គ្រង​អ្នក​អត់​ការងារ​ធ្វើ​ (Pôle d’emplois) ​ នឹង​ត្រូវ​ជួប​ជជែក​ពិភាក្សា​ជាមួយ​ថៅកែ​​ក្រុមហ៊ុន​សហគ្រាស​តាម​តំបន់​នីមួយៗ ពិគ្រោះ​ជាមួយ​និយោជក និង​សហជីព ដើម្បីឱ្យ​​គ្រប់​ភាគី​ទាំងអស់​សម្រេច​យល់​ព្រម​គ្នា ដាក់​កម្រិត​​កំណត់ចំនួន​ជនបរទេស​ស្វែង​រក​ការងារ​ នៅ​ក្នុង​ផ្នែក​សេវាកម្ម, ផ្នែក​អាហារ​ដ្ឋាន​​ និង​ផ្នែក​សំណង់អគារ​ជាដើម។ ចំនួន​កូតា​ច្បាស់​លាស់ នឹងត្រូវ​​ចេញ​ផ្សាយ​ជាក់​​​ច្បាស់​ នៅ​រដូវ​ក្តៅ​ឆ្នាំក្រោយ។

ដោយឡែក ចំពោះ​ករណី​ជន​បរទេស​ដែល​ចង់​មក​រួម​រស់​ជួប​ជុំ​គ្រួសារ​​នៅស្រុក​បារាំង អាជ្ញាធរ​បារាំង​ថា​នឹង​ពិនិត្យ​តឹង​រឹង។ តឹងរឹងដូច​គ្នា​នឹងនីតិវិធី​​ផ្តល់​សញ្ជាតិ​ដែរ​។ អ្នក​នយោបាយ​បារាំង​ ​លើកឡើង​ទៀតថា​ ការ​ផ្តល់​ថ្នាំសង្កូវ​ដែល​មិន​ចាំបា​ច់ទៅដល់​ជន​អន្តោប្រវេសន៍ គឺត្រូវ​កាត់បន្ថយ​​ ហើយ​ពី​អំណឺះ​តទៅ គឺ​ស្ថាប័ន​គ្រប់​គ្រង​ខាង​ប្រព័ន្ធ​សន្តិសុខ​សង្គម Sécurité Sociale នឹង​ត្រួត​មើល​រឿងឱ្យ​មត់ចត់។​ ហើយ​វិធានការ​ផ្សេងៗទៀត ជុំវិញ​រឿង​ជន​អន្តោប្រវេសន៍ នឹងត្រូវជជែក​ដេញដោល​ជាបន្ត​នៅថ្ងៃព្រហស្បតិ៍​ ទី​៧វិច្ឆិកា នៅ​ក្នុង​រដ្ឋ​សភា​បារាំង​។​

​រដ្ឋាភិបាល​យក​រឿង​ទាំង​នេះ មក​ជជែក​ពិភាក្សា​និង​ចាត់​វិធានការ​នៅពេលនេះ គឺ​ជា​កិច្ច​នយោបាយ​សុទ្ធសាធ​។ ទី១ ព្រោះតែ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​និង​រដ្ឋធានី កាន់តែ​ខិត​ជិត​ចូល​មក​ដល់ សល់​តែ​៦ខែ​ទៀត​តែប៉ុណ្ណោះ។ ទី២ គណបក្ស​កាន់​រដ្ឋាភិបាល​ République en Marche របស់​លោក ម៉ាក្រុង គឺ​ចង់​ដណ្តើម​ទីតាំង​របស់​បក្ស​សាធារណរដ្ឋ​ ជំហរ​ស្តាំនិយម ដែល​ជំរុញ​ជាច្រើន​ឆ្នាំមកហើយ ឱ្យ​កំណត់​ចំនួន​កូតា​ជន​អន្តោប្រវេសន៍និងកម្រិត​ចំនួន​ជន​ភៀសខ្លួន។ អ្នក​តំណាង​រាស្ត្រ​របស់​បក្ស​កាន់អំណាច​ ក៏ទទួល​ស្គាល់ដែរ​ថា «ការ​កំណត់​កូតា​ជន​អន្តោប្រវេសន៍ លែង​ជាគំនិត​ដាច់​មុខ​របស់​ពួក​ស្តាំ​និយម​ទៀតហើយ»។ ដូច្នេះ​ បើ​ពិនិត្យ​ទៅលើ​វិធានការ​ខាងលើនេះ គេ​កំពុងតែ​មើលឃើញថា បក្ស​ដឹកនាំ​រដ្ឋ​បារាំងសព្វថ្ងៃ​ កំពុង​តែ​អនុវត្ត​គោល​នយោបាយ​របស់​ក្រុម​ស្តាំនិយម ដែល​កន្លងមក លោក អេម៉ាណុយ​អែល​ ម៉ាក្រុង ធ្លាប់តែ​អះអាងថា គណ​បក្ស​របស់​លោក គ្មាន​ឆ្វេងគ្មាន​ស្តាំ​អ្វីឡើយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ