អានតួអត្ថបទ
កម្ពុជា

តំណាងអយ្យ​ការ​សម្រេច​​ចោទ​​ប្រកាន់​​ប្រធាន​​ក្រុម​ហ៊ុន ​GCG Asia និង​​បន្តការ​​ស៊ើប​​អង្កេត​​

តំណាង​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី១៩ ខែ​ឧសភា​នេះ បាន​សម្រេច​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​លើ​ប្រធាន​ក្រុមហ៊ុន GCG Asia Co., LTD ពីបទ ប៉ុនប៉ង​ឆបោក បន្ទាប់​ពី​ក្រុមហ៊ុន​ខាង​លើ​នេះ​បាន​ប្រើ​ប្រាស់​រូប និង​ឈ្មោះ​លោក​នាយក​រដ្ឋ​មន្ត្រី​ដោយ​ខុស​ច្បាប់​។ GCG Asia ជា​ក្រុម​ហ៊ុន​រក​ស៊ី​ជួញ​ដូរ​រូបបិយប័ណ្ណ​អេឡិចត្រូនិច (Crypto Currency) និង​បាន​រង​ការ​ចោទ​ប្រកាន់​ថា​ជា​ក្រុមហ៊ុន​រក​ស៊ី​មិន​ត្រឹមត្រូវ​។

រូបភាពគេហទំព័ររបស់ក្រុមហ៊ុន GCG Asia Co., LTD
រូបភាពគេហទំព័ររបស់ក្រុមហ៊ុន GCG Asia Co., LTD gcg asia co
ផ្សាយពាណិជ្ជកម្ម

លោក លី សុផាណា អ្នកនាំ​ពាក្យ​ស្ថាប័ន​អយ្យការ​បាន​អះអាង​ថា ក្រោយ​ពី​បាន​ទទួល និង​ពិនិត្យ​សំណុំ​រឿង​ព្រម​ទាំង​សាក​សួរ​ចម្លើយ​លើ​ឈ្មោះ ​YAW FOO HOE ចប់​សព្វ​គ្រប់ តំណាង​អយ្យការ​បាន​សម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទ​ប្រកាន់​ពី​បទ ប៉ុនប៉ង​ឆបោក តាម​មាត្រា​៣៧៧ មាត្រា​៣៧៨ និង​មាត្រា​៣៨១ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​បញ្ជូន​ជន​ល្មើស និង​សំណុំ​រឿង​ទៅ​ចៅ​ក្រម​ស៊ើប​សួរ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី​។

ឈ្មោះ YAW FOO HOE ជា​ប្រធាន​ក្រុមហ៊ុន GCG Asia និង​ភរិយា​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​មក​សាក​សួរ​កាល​ពីថ្ងៃទី១៧ ខែ​ឧសភា​កន្លង​ទៅ​។ ប៉ុន្តែ​ភរិយា​របស់​ជនជាប់​ចោទ​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​វិញ បន្ទាប់ពី​រកមិន​ឃើញ​ពាក់ព័ន្ធ​នឹង​អំពើ​ខុសច្បាប់​។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​យប់​ថ្ងៃទី១៦ ខែ​ឧសភា តាម​រយៈទំព័រហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោកបញ្ជាក់​ថា ក្រុមហ៊ុន GCG Asia Co., LTD បាន​យក​រូប​ថត​លោក និង​ឈ្មោះ​លោក​ទៅ​បង្ហោះ​នៅ​ក្នុង​គេ​ហទំព័រ (Website) របស់​ក្រុម​ហ៊ុន និង​បាន​សរសេរ​ថា​លោក​ជា​អ្នក​គាំទ្រ និង​ចូល​រួម​សម្ពោធ​កាត់​ខ្សែបូ​ក្រុម​ហ៊ុន នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ២០ ខែ ឧសភា ២០១៩​។ លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន បាន​ប្រកាស​បដិសេធ​ព័ត៌មាន ដែល​បាន​ផ្សាយ​ក្នុង​គេហទំព័រ​របស់​ក្រុម​ហ៊ុន​ខាង​លើ​នេះ​ថា​ជា​ព័ត៌មាន​មិន​ពិត និង​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​មុខ​ជន​ខិលខូច​យក​មក​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​ជា​បន្ទាន់​។

បើតាម​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ក្រុម​ហ៊ុន​នេះ បាន​យក​ឈ្មោះ​ធនាគារជាតិ និង​ធនាគារចិន​នៅ​កម្ពុជា​ថា​ជា​ដៃគូ​ទទួល​ខុស​ត្រូវ​ក្នុង​ជំនួញ​ដូរ​លុយ​ក្នុង​រូបភាព​គ្រីបតូឃឺរិនស៊ី(Crypto Currency)។ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​អះអាង​ដោយ​សំអាង​លើ​ព័ត៌មាន​ពី​ស្ថាន​ទូត​ឥណ្ឌូនេស៊ី​នៅ​កម្ពុជា​ថា ក្រុមហ៊ុន ខាង​លើ​នេះ​ជា​ក្រុម​ហ៊ុន​រក​ស៊ី​មិន​ត្រឹម​ត្រូវ​ហើយ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​។

ចំណែក​ធនាគារជាតិ​នៃ​កម្ពុជា​កាល​ពីយប់​ថ្ងៃទី១៦ ខែ​ឧសភាព ក៏​បាន​បញ្ជាក់​ថា ធនាគារជាតិ​នៃ​កម្ពុជា​មិន​ដែល​ទទួល​ស្គាល់ ឬ​មាន​ការពាក់​ព័ន្ធ​ជា​មួយ​ក្រុម​ហ៊ុន GCG Asia នេះ​ឡើយ​។ ដូចគ្នា​នេះ​ដែរ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​បញ្ជាក់​ថា ក្រុមហ៊ុន GCG Asia CO., LTD ដែល​រក​ស៊ីជួញដូរ​រូបិយប័ណ្ណ​អេឡិចត្រូនិច​នេះ មិន​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​ឡើង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ