អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

G7​លែង​មាន​អនុភាព​គ្រប់គ្រាន់​សម្រាប់បញ្ហាសាកល

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពីជាងបួនទសវត្សរ៍មុន ពោល​គឺអំឡុង​ពេលនៃការបង្កើតវេទិកាកំពូលG7 សេដ្ឋកិច្ច​ក្រុមប្រទេសG7តំណាង​ឱ្យ​ជាង៧0ភាគរយ​នៃសេដ្ឋកិច្ចពិភពលោក​ទាំងមូល ប៉ុន្តែ​រហូត​មក​ដ​ល់​​ពេលបច្ចុប្បន្ន​​នេះ វា​តំណាង​ឱ្យ​មិនដល់៥0ភាគរយ​ផង។ កំណើនសេដ្ឋកិច្ចថមថយ ការកើន​​ឡើង​បំណុលសាធារណៈ និង​ការ​ខ្វែងគំនិតគ្នា រវាងប្រទេស​មហាអំណាច​ឧស្សាហកម្មចាស់ លើបញ្ហាពិភពលោក​នានា សុទ្ធតែបាន​រួមចំណែក​កាត់បន្ថយ​អនុភាព​របស់​ក្រុមប្រទេសG7។ ដូច្នេះ គេមិនគួរសង្ឃឹមអ្វីច្រើននោះទេ ពីវេទិកាកំពូលG7 ក្នុង​ការ​ដោះស្រាយ​បញ្ហាពិភពលោកនានា។​

ថ្នាក់​ដឹកនាំប្រទេសសេដ្ឋកិច្ច​​នាំមុខ​ទាំង​៧ កំពុង​ប្រជុំគ្នា​ នៅស្រុក​បារាំង
ថ្នាក់​ដឹកនាំប្រទេសសេដ្ឋកិច្ច​​នាំមុខ​ទាំង​៧ កំពុង​ប្រជុំគ្នា​ នៅស្រុក​បារាំង Andrew Harnik/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

វេទិកាកំពូលក្រុមប្រទេស​មហាអំណាចឧស្សាហកម្មចាស់ទាំងប្រាំពីរ “Group of Seven” ឬហៅ​កាត់​ថា ក្រុមប្រទេសG7 បានបង្កើតឡើង​ជាង​៤០ឆ្នាំ កន្លងមកហើយ។ វាជាវេទិកាកំពូល​ប្រចាំឆ្នាំ​របស់​ អ្នកដឹកនាំនយោបាយនៃប្រទេស​មហាអំណាចសេដ្ឋកិច្ចចាស់ ដើម្បី​ពិភាក្សាគ្នាអំពី បញ្ហាពិភពលោកនានា រួម​បញ្ចូល​ សេដ្ឋកិច្ចពិភពលោក សន្ដិសុខអន្តរជាតិ​ និងនយោបាយ​ថាមពល។

នៅឆ្នាំ1975 ប្រទេស​មហាអំណាចសេដ្ឋកិច្ចពិភពលោក រួមមាន បារាំង អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និង​អាល្លឺម៉ង់ខាង​ជើង បាន​បង្កើត​ក្រុមG6 ឬ “Group of Six” ដូច្នេះ បណ្តាប្រទេសមហាអំណាច​ប្រជាធិបតេយ្យ អាច​មក​ជុំគ្នាដើម្បី​ពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច​។ កាណាដា បាន​ចូលរួមក្លាយជាប្រទេស​សមាជិកទីប្រាំពីរនៅឆ្នាំបន្ទាប់ ។ ក្រោយមក​ទៀត រុស្ស៊ី​បាន​ចូលរួម​ក្នុងក្រុមនេះផងដែរ នៅឆ្នាំ1998។ ការចូលរួមរបស់រុស្ស៊ី បានសបញ្ជាក់​ឱ្យ​ឃើញ​ពី សញ្ញានៃសហប្រតិបត្តិការអន្តរជាតិ រវាងលោក​ខាង​លិច និង​លោក​ខាង​កើត ក្រោយ​ពីការដួលរលំ របស់​សហភាពសូវៀតនៅឆ្នាំ1991។ នៅពេល​នោះ គេហៅថា វេទិកាកំពូលក្រុមប្រទេស​មហាអំណាចឧស្សាហកម្មទាំងប្រាំបី ឬហៅកាត់ថា G8។

សហភាពអឺរ៉ុប​ ក៏​បានបញ្ចូល​ក្នុងការពិភាក្សានៃវេទិកាកំពូល​នេះផងដែរ បើ​ទោះបីជាសហភាពអឺរ៉ុបមិន​មាន​ក្របខ័ណ្ឌសមាជិក​អ្វីផ្លូវការ។ រុស្ស៊ី​ក្រោយមក​ត្រូវគេដកចេញ​ពី​​ក្រុមG8 នៅឆ្នាំ​2014 ក្រោយ​ពីការកើតឡើង​សំនុំរឿងគ្រីម៉េ នៃ​ប្រទេស​អ៊ុយក្រែន ដែល​កាលនោះ អ្នកដឹកនាំ​នៃប្រទេស​មហាអំណាចផ្សេងៗ​មើល​ឃើញថា វាជាការ​រំលោភបំពានទៅលើអធិបតេយ្យភាព និង​បូរណភាពទឹកដី របស់រុស្ស៊ី មក​លើ​​អ៊ុយក្រែន។

រហូតមក​ទល់​នឹង​ពេល​បច្ចុប្បន្ន បើ​ទោះបីជា​ វេទិកាកំពូល​G7 បានប្រារព្ធធ្វើឡើងជារៀងរាល់​ឆ្នាំ តួយ៉ាង ក្នុងឆ្នាំ​នេះ នៅទីក្រុងBiarritz ប្រទេស​បារាំង ក៏​គេ​មើល​ឃើញថា ក្រុមប្រទេសG7មិនមានអនុភាពធំធេងគ្រប់គ្រាន់ សម្រាប់ដោះស្រាយ​បញ្ហា​ពិភពលោកនានា ដូចនៅពីអតីតកាលនោះទេ។

កាល​ពីអតីតកាល អំឡុង​ឆ្នាំ​1970 ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំបំផុត ​ពីលេខ​មួយដល់​លេខ​ប្រាំពីរ គឺ​សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ បារាំង ចក្រភពអង់គ្លេស អ៊ីតាលី និង​កាណាដា។ ហើយ​សេដ្ឋកិច្ចរបស់​ក្រុម​ប្រទេស​នេះ តំណាង​ជាង​៧០ភាគរយ​នៃសេដ្ឋកិច្ចសាកល។ ក៏ប៉ុន្តែ សេដ្ឋកិច្ច​ប្រទេសG7តំណាង​មិនដល់​៥០ភាគរយផង រហូតមកដល់​ពេល​បច្ចុប្បន្ន។ មូលហេតុក៏ព្រោះដោយសារ​ ការកើន​ឡើង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​មហាអំណាចថ្មីថ្មោង។ គិត​​ត្រឹម​ឆ្នាំ​2019 សេដ្ឋកិច្ចប្រទេសចិន​ហក់ឡើង​មក​ចំណាត់ថ្នាក់​លេខ​ពីរ ឥណ្ឌា​លេខ​ប្រាំ ខណៈប្រេស៊ីល​ឡើងមកលេខ​ប្រាំបួននៅ​ពីលើ​កាណាដា។

កំណើនសេដ្ឋកិច្ចថមថយ បំណុលសាធារណៈកាន់តែខ្ពស់ និងការ​ខ្វែងគំនិតគ្នាលើ​បញ្ហាពិភពលោក ជាពិសេស​ក្រោម​អាណត្តិដឹកនាំ របស់​លោក ​ដូណាល់ ត្រាំ សុទ្ធតែបានរួមចំណែកកាត់បន្ថយអនុភាពរបស់G7។ អំឡុង​មួយទសវត្សរ៍ចុងក្រោយ ជាពិសេស ក្រោយពេលដែលពិភពលោកបាន​ប្រឈមជាមួយ​​វិបត្តិសេដ្ឋកិច្ច​សាកល​កាល​ពីឆ្នាំ​2008 និង​វិបត្តិប្រាក់អឺរ៉ូនៅតំបន់អឺរ៉ុប គេអង្កេតឃើញថា ប្រទេសមហាអំណាច​ឧស្សាហកម្មចាស់ ជាពិសេស​បស្ចិមលោក បានប្រឈមជាមួយ​កំណើនសេដ្ឋកិច្ចថមថយ និងការកើន​ឡើង​​បំណុលសាធារណៈរបស់​ខ្លួន​។ លើស​ពីនេះ លោក ​ដូណាល់ ត្រាំ​ តែងតែប្រឆាំងគេប្រឆាំងឯង មិន​ថាប្រទេស​សម្ព័ន្ធមិត្ត​ តួយ៉ាង ក្នុងសំណុំរឿងពាណិជ្ជកម្មអន្តរជាតិ និងបញ្ហា​ប្រែប្រួល​អាកាសធាតុ។

គេអាចមើល​ឃើញ​ផងដែរ ពីឥទ្ធិពល​របស់ក្រុមប្រទេស​G7ចំពោះ​​បញ្ហាពិភពលោក អំឡុង​​វិបត្តិសេដ្ឋកិច្ច​សាកល​ឆ្នាំ​២០០៨។ អំឡុង​ពេល​នោះ ត្រឹមតែប្រទេស​មហាអំណាច​សេដ្ឋកិច្ច​G7 ពិត​ជាមិន​អាច​រួម​គ្នាដោះស្រាយ​វិបត្តិសាកល​បាននោះ​ទេ ពោលគឺគេត្រូវចាំរហូតដល់ ជំនួបប្រជុំកំពូលនៃ​ក្រុមប្រទេស G20តែម្ដង។ កាល​នោះ អ្នក​ដឹកនាំកំពូល​របស់​G20បាន​ជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន នៅឆ្នាំ2008 ក្រោយពីការដួលរលំរបស់ធនាគារLehman Brothers។ មាន​អ្នក​ជំនាញខ្លះបាន​បង្ហាញថា G7លេងមាន​ឥទ្ធិពល​ដូចដែល​ខ្លួន​ធ្លាប់​មាន​កន្លងមកហើយ។ អវត្តមាន​របស់​ប្រទេសចិន និង​មហាអំណាច​សេដ្ឋកិច្ច​ថ្មីថ្មោងបានធ្វើឱ្យ​ក្រុម​នេះ​មិន​សូវមាន​សារៈសំខាន់។

ដោយការមើល​រំលងG7 គេអាច​នឹកឃើញដល់ការ​លើកឡើងរបស់ លោក​ បារ៉ាក់ ​អូបាម៉ា ដែល​បាន​ថ្លែងកាលពីឆ្នាំ​2011ថា G20ជាវេទិកាសំខាន់ជាងគេសម្រាប់​ការសម្រុះសម្រួល​សេដ្ឋកិច្ចសាកល។

ខណៈG7 និងG20 មាន​ឈ្មោះនិង​តួនាទីស្រដៀងគ្នា G20ជាក្រុម​ធំជាង​ដែល​ផ្តោត​លើបញ្ហា​សេដ្ឋកិច្ចសាកល ខណៈG7ផ្តោតជាចម្បង​លើ​បញ្ហានយោបាយ។ G20បាន​បង្កើតឡើងនៅឆ្នាំ1999 ដោយ​រួមបញ្ចូល​ប្រទេស​មហាអំណាច​សេដ្ឋកិច្ចធំបំផុត​ទាំង19 បូកនឹង​សហភាពអឺរ៉ុប។ សហភាពអឺរ៉ុប​តំណាងដោយ​ គណកម្មាធិការសហភាពអឺរ៉ុប និង​ ធនាគារកណ្តាល​សហភាពអឺរ៉ុប។ បើគិតជាសរុប សេដ្ឋកិច្ច​នៃក្រុមប្រទេសG20 តំណាងឱ្យប្រមាណជាង៩០ភាគរយនៃសេដ្ឋកិច្ចពិភពលោក ឬស្មើនឹង៨០ភាគរយនៃ​ពាណិជ្ជកម្មពិភពលោក ឬស្មើនឹងពីរភាគបី​នៃ​ប្រជាជន​ពិភពលោកសរុប និង​តំណាងប្រហែលជាពាក់កណ្តាល​នៃ​ផ្ទៃផែនដីទាំងមូល។

សរុបជារួម ទោះជាវេទិកាកំពូលG7 ត្រូវ​គេប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយមាន​ប្រធាន​ផ្លាស់វេនពីប្រទសសមាជិក ក៏គេមិនគួរសង្ឃឹមអ្វីច្រើននោះទេពីកិច្ចប្រជុំនេះ ក្នុងការដោះស្រាយបញ្ហាពិភពលោកនានា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ